អានតួអត្ថបទ

ស៊ីរី ៖ ពួកឧទ្ទាម​នៅ​ហ្គូតា​លើក​ទង់​ជ័យ​ស ជា​បន្តបន្ទាប់

រដ្ឋាភិបាល​ស៊ីរី ដណ្តើម​គ្រប់គ្រង​តំបន់​ហ្គូតាខាងកើត​ ដែលជា​​​ជង្រុក​ពួក​ឧទ្ទាម​ជាប់​រដ្ឋធានី​ចុងក្រោយ​​បង្អស់​ ស្ទើរ​តែ​ទាំង​ស្រុង​ហើយ នៅ​ថ្ងៃ​សៅរ៍​នេះ បន្ទាប់​ពី​បាន​បើក​ប្រតិបត្តិការ​វាយប្រហារ​យ៉ាង​សន្ធាប់ រយៈ​ពេល​ជាង​មួយ​ខែ។ ហើយ​សរុប​មាន​ជន​ស៊ីវិល​ប្រមាណ​ជាង​១០៥០០០​នាក់ ក៏​បាន​ជម្លៀស​ចេញ​ពី​សមរភូមិ​ហ្គូតា តាម​ច្រក​មនុស្សធម៌​ដែល​រៀប​ចំ​ឡើង​ដោយ​រុស្ស៊ី។

ការ​ជម្លៀស​ក្រុម​ឧទ្ទាម​ប្រដាប់​អាវុធ​ចេញ​ពី​តំបន់​ហ្គូតា​ខាង​កើត
ការ​ជម្លៀស​ក្រុម​ឧទ្ទាម​ប្រដាប់​អាវុធ​ចេញ​ពី​តំបន់​ហ្គូតា​ខាង​កើត REUTERS/ Omar Sanadiki
ផ្សាយពាណិជ្ជកម្ម

ក្រោម​សន្ធឹក​នៃ​ការ​វាយប្រហារផ្លូវ​អាកាស​​យ៉ាង​សន្ធាប់ និង​ការ​សម្រុក​វាយប្រហារ​របស់​ទ័ព​ថ្មើរ​ជើង ពួក​ឧទ្ទាម​និង​ក្រុម​ប្រដាប់​អាវុធ​កាន់​កាប់​តំបន់​ហ្គូតា តាំង​ពី​ឆ្នាំ​២០១៣​មក បាន​នាំ​គ្នា​លើក​ទង់​ជ័យ​ចុះ​ចាញ់​មួយ​ម្តងៗ តាំង​ពី​ពីរ​បី​ថ្ងៃមក​ និង​ក្រុម​ឧទ្ទាម​ចុងក្រោយ​គេ​បំផុត ទើប​បាន​ចុះ​ហត្ថលេខា​​ព្រមព្រៀង​ដោយ​បង្ខំ​ជាមួយ​រុស្ស៊ី ជម្លៀស​ខ្លួន​ចេញ ពោល​គឺ​ព្រម​ចុះ​ចាញ់។

​ក្នុង​តែ​មួយ​ថ្ងៃ​សៅរ៍​ទី ២៤​មីនា មាន​ជន​ស៊ីវិល​ប្រមាណ​៧០០​នាក់ អាច​គេច​ចេញ​ពី​ជង្រុក​ចុងក្រោយ​កាន់កាប់​ដោយ​ពួក​ឧទ្ទាម​។ ជន​ភៀស​ខ្លួន​ទាំងនេះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​តំបន់​ដែល​គ្រប់​គ្រង​ដោយ​រដ្ឋាភិបាល​ តាម​រយៈ​គន្លង​មនុស្សធម៌​រៀប​ចំ​ឡើង​ដោយ​អាជ្ញាធរ​ស៊ីរី។ នេះ​បើតាម​ប្រភព​ទូរទស្សន៍​ជាតិ​ស៊ីរី។ ចំណែក​ពួក​ឧទ្ទាម​ប្រដាប់​អាវុធ ត្រូវ​ប្រគល់​អាវុធ​ធុន​ធ្ងន់ ផែនទី​នៃ​ផ្លូវ​រូង​ក្រោម​ដី​ និង​ផែនទីចំការ​មីន ទៅ​ឱ្យ​ទាហាន​រដ្ឋាភិបាល​ស៊ីរី។ នេះ​បើ​តាម​ប្រភព​ព័ត៌មាន​ហេស្បូឡា​លីបង់។ យុទ្ធជន​១៥០០​នាក់ ព្រមទាំង​ក្រុមគ្រួសារ ៥៥០០​នាក់ ត្រូវ​ជម្លៀស​បញ្ជូន​ទៅ​ខេត្ត​អ៊ីប៊ីល ភាគ​ពាយ័ព្យ​ប្រទេស​ ជាមួយ​ក្រុម​បះបោរ​ផ្សេង​ទៀត។

ការ​ដណ្តើម​បាន​ក្រុង​ហ្គូតា​ខាង​កើត​ ដែល​ធ្លាប់​ជាឧទ្យានធម្មជាតិ​​​ដ៏​ស្រស់​បំព្រង​​របស់​រដ្ឋធានី​​​នៃ​ប្រទេស​​ស៊ីរី គឺ​ជា​តំណាង​ជោគជ័យយោធា​​ដ៏​ត្រចះ​ត្រចង់​របស់​រដ្ឋាភិបាល​លោក បាស្ហារអាល់អាសាទ គិត​ចាប់​តាំង​ការ​យក​ឈ្នះ​ក្រុង​អាឡិប​នៅ​ចុង​ឆ្នាំ​២០១៦​មក។

តំបន់​នេះ មាន​ប្រជាជនរស់​នៅ​ប្រមាណ​ ៤០០០០០​នាក់ គិត​មុនថ្ងៃ​បើក​​ប្រតិបត្តិការ​យោធា ថ្ងៃទី ១៨​កុម្ភៈ ដែល​បាន​សម្លាប់​ជីវិត​ជនស៊ីវិល​អស់​ជាង ១៦០០​នាក់ ទាហាន​របស់​រដ្ឋាភិបាល ៤៨៥​នាក់ និង​ពួក​ឧទ្ទាម​៣១០​នាក់។ នេះ​បើ​តួលេខ​របស់​អង្គការ​អ្នក​សង្កេត​ការណ៍សិទ្ធិមនុស្ស​ស៊ីរី។

ហ្គូតា ហាក់​បាន​ស្គាល់​ភាព​ធូរ​ស្រាល តែ​នៅ​អាហ្វីន​វិញ កង​កម្លាំង​យោធា​​តួកគី​នៅ​តែ​បន្ត​​ទម្លាក់គ្រាប់​បែក​ខ្លាំង​ដដែល។ ប្រធានាធិបតី​បារាំង​បានសម្តែង​ក្តី​ព្រួយ​បារម្ភ​និង​​​អំពាវនាវ​ឱ្យ​ប្រធានាធិបតី​តួកគី​ បើក​ផ្លូវ​មនុស្សធម៌​ដើម្បី​ជួយ​ជនស៊ីវិល​ស៊ីរី​និង​​ផ្តល់​អាទិភាព​ដល់​ការ​ប្រយុទ្ធ​ប្រឆាំង​​ពួក​ជីហាត​ភេរវនិយម​រដ្ឋអ៊ីស្លាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ