អេហ្ស៊ីប៖ការបោះឆ្នោតប្រធានាធិបតីដែលគេអាចទាយលទ្ធផលដឹងមុន
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:០៨
នៅក្នុងប្រទេសអេហ្ស៊ីប ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីត្រូវរៀបចំរយៈពេល ៣ថ្ងៃដោយចាប់ផ្តើមពីថ្ងៃចន្ទ ទី២៦ មីនា។ ក្នុងចំណោមពលរដ្ឋអេហ្ស៊ីបជិត ១០០លាននាក់ មានអ្នកចុះឈ្មោះបោះឆ្នោតប្រមាណជា ៦០លាននាក់។ មានបេក្ខជនតែពីរនាក់គត់ដែលបានឈរឈ្មោះបោះឆ្នោត គឺលោកប្រធានាធិបតីផុតអាណត្តិអាល់ស៊ីស៊ីមានអាយុ ៦៣ឆ្នាំ និងលោកមូស្តាហ្វា មូសាមានអាយុ ៦៥ឆ្នាំ។ លទ្ធផលស្ទង់មតិចុងក្រោយឲ្យដឹងថា លោកអាល់ស៊ីស៊ីទទួលបានសម្លេងដាច់ឆ្ងាយពីលោកមូស្តាហ្វា មូសា។ តែអ្វីដែលគ្រប់គ្នាចង់ដឹង គឺអត្រាអ្នកចូលរួមបោះឆ្នោត។
បើគិតតាំងពីក្រោយបដិវត្តន៍អារ៉ាប់ផ្តួលរំលំរបបដឹកនាំផ្តាច់ការយោធារបស់លោកហូស្ន៊ី មូបារ៉ាក់ក្នុងខែមិថុនា ឆ្នាំ ២០១២ មក នេះជាលើកទី៣ ហើយដែលពលរដ្ឋអេហ្ស៊ីបបានចូលរួមបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី។ តែអ្វីជាការកត់សម្គាល់ ប្រធានាធិបតីជាប់ឆ្នោតលើកទី១ គឺលោកម័រស៊ីចេញមកពីគណបក្សភាតរអ៊ីស្លាមត្រូវបានអ្នកបោះឆ្នោតឲ្យលោកធ្វើបាតុកម្មទម្លាក់ពីអំណាចវិញ បន្ទាប់ពីលោកកាន់តំណែងបាន ១ឆ្នាំ។ កាលណោះ មេទ័ពអាប់ដែល ហ្វាតា អាល់ស៊ីស៊ីបានចូលខ្លួនអន្តរាគមន៍បញ្ចប់តំណែងលោកម័រស៊ីជាផ្លូវការក្នុងខែមិថុនា ឆ្នាំ ២០១៣។ បន្ទាប់មក គឺមេរដ្ឋប្រហារយោធារូបនេះឯងដែលបានឡើងកាច់ចង្កូតប្រទេសរហូតក្លាយជាប្រធានាធិបតីផ្លូវការនាការបោះឆ្នោតក្នុងឆ្នាំ ២០១៤។
៤ឆ្នាំក្រោយមក លោកអាល់ស៊ីស៊ីបានឈរឈ្មោះជាថ្មីសម្រាប់អាណត្តិទី២ ហើយនៅលើសៃវៀននៃការបោះឆ្នោតលើកនេះ ពលរដ្ឋអេហ្ស៊ីបមានជម្រើសរវាងបេក្ខជនតែ ២នាក់គត់ គឺលោកអាល់ស៊ីស៊ី និងលោកមូស្តាហ្វា មូសា។ ទោះជាយ៉ាងនេះក្តី និងបើគ្មានអ្វីប្រែប្រួលទេ លោកប្រធានាធិបតីផុតអាណត្តិអាល់ស៊ីស៊ីនឹងកាន់តំណែង ៥ឆ្នាំបន្ថែមទៀត។ ការហ៊ានអះអាងយ៉ាងដូចនេះដោយគេសំអាងថា លោកមូស្តាហ្វា មូសាគ្រាន់ជាបេក្ខជននិមិត្តរូបធ្វើឲ្យល្អមើលប៉ុណ្ណោះ ព្រោះរូបលោកក៏ជាសកម្មជនគាំទ្រលោកអាល់ស៊ីស៊ី ហើយមុននឹងឈរឈ្មោះជាផ្លូវការ លោកមូស្តាហ្វា មូសាក៏ធ្លាប់បានអំពាវនាវដល់ពលរដ្ឋអេហ្ស៊ីបឲ្យបោះឆ្នោតជូនលោកអាល់ស៊ីស៊ីដែរ។
តាមពិតទៅ មានឥស្សរជននយោបាយជាច្រើននាក់ ពិសេសមកពីក្រុមប្រឆាំងដែលចង់ឈរឈ្មោះ ឬបានឈរឈ្មោះរួចហើយ តែត្រូវបានលោកអាល់ស៊ីស៊ីកំចាត់ចោលគ្មានសល់ដោយធ្វើការសម្លុតគំរាមកំហែង ឬមួយចាប់ញាត់គុកតែម្តង។ ជាក់ស្តែង ការចាប់ដាក់គុកលោកសាម៊ី អាណាន់ដែលជាអតីតមេបញ្ជាការកងទ័ព និងជាគូប្រជែងស្លាប់រស់នឹងលោកអាល់ស៊ីស៊ី។ នៅក្នុងបញ្ហានេះ លោកអាល់ស៊ីស៊ីហាក់មិនបានបញ្ចេញប្រតិកម្មអ្វីទេ តែបែរជាបាននិយាយនាឳកាសផ្តល់បទសម្ភាសន៍ឲ្យទូរទស្សន៍នាពេលថ្មីៗនេះថា លោកមានការសោកស្តាយដែលការបោះឆ្នោតលើកនេះបែរជាមិនសូវមានអ្នកឈរឈ្មោះ និងថា លោកចង់ឲ្យមានបេក្ខជនល្អឈរឈ្មោះចំនួន ១នាក់ ២នាក់ ៣នាក់ ឬ ១០នាក់។
គួររម្លឹកជូនថានៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០១៤ ក៏មានបេក្ខជនតែម្នាក់គត់ដែលបានប្រកួតប្រជែងទល់នឹងលោកអាល់ស៊ីស៊ី និងដែលកាលណោះ អតីតមេរដ្ឋប្រហារយោធារូបនេះទទួលបានសម្លេងគាំទ្រដល់ទៅ ៩៦,៩%។ នៅក្នុងការបោះឆ្នោតលើកនេះទៀត ទោះបីជាលទ្ធផលផ្លូវការនឹងត្រូវគេប្រកាសឲ្យដឹងនៅថ្ងៃទី២ មេសាក៏ដោយ ក៏គេដឹងជាមុនរួចជាស្រេចថា ប្រធានាធិបតីថ្មីរបស់អេហ្ស៊ីបសម្រាប់ ៥ឆ្នាំខាងមុខនៅតែមានឈ្មោះអាប់ដែល ហ្វាតា អាល់ស៊ីស៊ីដដែល។ តែអ្វីដែលគ្រប់គ្នាកំពុងរង់ចាំមើលពេលនេះ គឺអត្រាអ្នកចូលរួមបោះឆ្នោត។ ការបោះឆ្នោតក្នុងឆ្នាំ ២០១៤ អត្រាអ្នកចូលរួមបោះឆ្នោតរយៈពេល ២ថ្ងៃមាន ៣៧% តែបានឡើងដល់ ៤៧,៥% នាថ្ងៃទី៣ដែលជាថ្ងៃបោះឆ្នោតចុងក្រោយ។
គ្រប់គ្នាសង្ឃឹមថាលើកនេះ អត្រាអ្នកចូលរួមបោះឆ្នោតនឹងអាចមានច្រើនជាងនេះ ឬយ៉ាងហោចណាស់ក៏ប្រហាក់ប្រហែលនឹងការបោះឆ្នោតលើកមុនដែរ។ មែនទែនទៅគេអាចនិយាយបានថា ជម្រើសរបស់ពលរដ្ឋអេហ្ស៊ីបឲ្យលោកអាល់ស៊ីស៊ីបន្តកាន់តំណែងប្រធានាធិបតីអាណត្តិថ្មីជាជម្រើសដោយបង្ខំក៏ថាបាន ឬជាជម្រើសចាំបាច់ក៏ថាបានដែរ។ ជាជម្រើសដោយបង្ខំ ព្រោះពួកគេគ្មានជម្រើសអ្វីផ្សេង ហើយជាជម្រើសចាំបាច់ ព្រោះក្នុងរយៈពេល ៧ឆ្នាំនៃការកាន់អំណាចកណ្តាប់ដៃដែក លោកអាល់ស៊ីស៊ីបាននាំប្រទេសឲ្យស្គាល់ស្ថិរភាពនយោបាយ សេដ្ឋកិច្ច និងសន្តិសុខ។
ពិតណាស់ថា ក្រោយបដិវត្តន៍អារ៉ាប់ដែលបានឈានទៅផ្តួលរំលំរបបផ្តាច់ការយោធារបស់លោកហូស្ន៊ី មូបារ៉ាក់ក្នុងឆ្នាំ ២០១២ ពលរដ្ឋអេហ្ស៊ីបទូទៅសង្ឃឹមទទួលបានសេរីភាព និងលទ្ធិប្រជាធិបតេយ្យជាមួយនឹងលោកម័រស៊ីដែលជាប្រធានាធិបតីជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យដំបូងគេក្នុងឆ្នាំ ២០១៣។ តែក្តីសង្ឃឹមត្រូវបានរលាយជាមួយនឹងការធ្លាក់ពីអំណាចរបស់លោកម័រស៊ី និងការឡើងកាន់តំណែងរបស់មេទ័ពអាល់ស៊ីស៊ីតាមរយៈរដ្ឋប្រហារយោធា មុននឹងជាប់ឆ្នោតជាផ្លូវការក្នុងឆ្នាំ ២០១៤។ បើមើលមួយភ្លែតទៅ នេះពិតជារឿងមួយអភ័ព្ធខ្លាំងណាស់ចំពោះពលរដ្ឋអេហ្ស៊ីប តែបើមើលឲ្យឆ្ងាយបន្តិចទៅទើបដឹងថា វាជាវាសនារបស់ប្រទេស និងពលរដ្ឋអេហ្ស៊ីប។
ជាវាសនាព្រោះតាំងពីក្រោយការផ្តួលរំលំរបបរាជានិយមក្នុងឆ្នាំ ១៩៥២ មក អេហ្ស៊ីបបានស្គាល់តែរបបដឹកនាំដោយយោធា ហើយរូបលោកអាប់ដែល ហ្វាតា អាល់ស៊ីស៊ីជាប្រធានាធិបតីទី៥ ដែលមានប្រភពចេញពីយោធា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ