អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហិង្សា​​ហ្កាហ្សា៖​អ៊ីស្រាអែល​​ទាត់ចោល​​ការទាមទារ​​ស៊ើប​អង្កេត​​ការស្លាប់​​​ជនជាតិ​​ប៉ាឡេស្ទីន​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ស្ថានភាពតានតឹង​នៅ​ហ្កាហ្សា​នៅតែ​បន្ត។ ​ថ្ងៃអាទិត្យ​នេះ ​ប្រជាជន​ប៉ាឡេស្ទីន​តំបន់​​ហ្កាហ្សា និង​ទាហាន​អ៊ីស្រាអែល​​ត្រៀម​ប្រឈមគ្នា​ជាថ្មី​ទៀត។ បន្ទាប់ពី​​អង្គការ​សហប្រជាជាតិ​ - ​សហភាព​អឺរ៉ុប​បាន​ទាមទារ​អោយ​មាន​ការស៊ើបអង្កេត​​​ឯករាជ្យ និង​តម្លាភាព ​ចំពោះ​ការ​ស្លាប់​របស់​ជនជាតិ​ប៉ាឡេស្ទីន ១៦នាក់ កាលពីថ្ងៃសុក្រ ​ក្នុង​ការប្រឈម​រវាង​បាតុករ​ប៉ាឡេស្ទីន និង​ទាហាន​អ៊ីស្រាអែល​​។ អ៊ីស្រាអែល​​មិនចង់​អោយ​មានការស៊ើបអង្កេត​ទេ។ ​​សហរដ្ឋអាមេរិក​វិញ ក៏​មិនគាំទ្រ​សេចក្តីសម្រេច​របស់​អង្គការ​សហប្រជាជាតិ​ ក្នុង​ការទាមទារ​អោយ​មាន​ការស៊ើបអង្កេត​​ដែរ។ ​

ជនជាតិ​ប៉ាឡេស្ទីន​ម្នាក់​ត្រូវបាន​គេជម្លៀសចេញ ក្នុង​ពេល​មាន​ការប៉ះទង្គិច​រវាង​បាតុករ​ប៉ាឡេស្ទីន និង​ទាហាន​អ៊ីស្រាអែល​នៅ​ហ្កាហ្សា ថ្ងៃ​៣១មីនា ២០១៨។
ជនជាតិ​ប៉ាឡេស្ទីន​ម្នាក់​ត្រូវបាន​គេជម្លៀសចេញ ក្នុង​ពេល​មាន​ការប៉ះទង្គិច​រវាង​បាតុករ​ប៉ាឡេស្ទីន និង​ទាហាន​អ៊ីស្រាអែល​នៅ​ហ្កាហ្សា ថ្ងៃ​៣១មីនា ២០១៨។ REUTERS/Ibraheem Abu Mustafa
ផ្សាយពាណិជ្ជកម្ម

ក្រសួងការពារ​ជាតិ​​អ៊ីស្រាអែល​ទាត់ចោល​ការទាមទារ​ស៊ើប​អង្កេត​របស់​អង្គការ​សហ​ប្រជាជាតិ

រដ្ឋមន្ត្រី​ការពារជាតិ​អ៊ីស្រាអែល​ លោក​អាវិចដរ លីប៊ែរម៉ាន់​ Avigdor Lieberman ​បាន​ចេញមុខ​ការពារ​ទង្វើ​​ទាហាន​ខ្លួន ក្នុង​ករណីប៉ះទង្គិច​​​រវាង​ទាហាន​អ៊ីស្រាអែល និង​បាតុករ​ប៉ាឡេស្ទីន ​ នៅ​តំបន់​ហ្កាហ្សា ក្បែរ​ព្រំដែន​អ៊ីស្រាអែល កាលពី​ថ្ងៃសុក្រ។ សូមរំលឹក​ថា ថ្ងៃសុក្រ​កន្លងទៅ ប្រជាជន​ប៉ាឡេស្ទីន​ជាងមួយម៉ឺននាក់​​ពិសេស​ស្រ្តី​និង​កុមារ​ ​នាំគ្នា​​រំលឹកខួប​​​ ​ជនជាតិ​អារ៉ាប់​អ៊ីស្រាអែល​៦នាក់ ដែល​ត្រូវគេ​សម្លាប់ ចុងខែ​មិនា ​ឆ្នាំ​១៩៧៦ ​​ដោយសារ​ពួកគេ​​​តវ៉ា​ប្រឆាំង ការទន្ទ្រាន​ទឹកដី​ពី​សំណាក់អ៊ីស្រាអែល។ ជនជាតិអារ៉ាប់​អ៊ីស្រាអែលបច្ចុប្បន្ន ការ​​ពិតទៅ ​​ជា​កូនចៅ​​​​ជំនាន់ក្រោយ​របស់​ជនជាតិ​ប៉ាឡេស្ទីន​ដែល​​​បន្ត​រស់នៅ​ក្នុង​ទឹកដី​អ៊ីស្រាអែល ពេល​មានការ​បង្កើត​​​អ៊ីស្រាអែលឡើង ឆ្នាំ​១៩៤៨។

ថ្ងៃសុក្រ​កន្លងទៅ​ ដែល​​ជាថ្ងៃ​​រំលឹកខួប​មរណភាព​អ្នកតស៊ូ​ទាំងនេះ បាតុករ​ប៉ាឡេស្ទីន​និង​ទាហាន​អ៊ីស្រាអែល​បានប៉ះទង្គិច​គ្នា ធ្វើអោយ​​ខាង​ប៉ាឡេស្ទីន​ស្លាប់​​១៦នាក់ និង​របួស​សន្ធឹកសន្ធាប់​​១៤០០នាក់ ក្នុង​នោះ ​​មាន​ជាង​៧៥០នាក់ បានរងគ្រាប់​កាំភ្លើង​ពិតៗ។ អ៊ីស្រាអែលទាត់ចោល​ការទាមទារ​ការស៊ើបអង្កេតរបស់​អង្គការ​សហប្រជាជាតិ​ចំពោះហិង្សា​នេះ​។ អ៊ីស្រាអែល​​​បកស្រាយ​ថា ខាង​ប៉ាឡេស្ទីន​ដែលស្លាប់​ទាំង​១៦នាក់​នោះ គឺសុទ្ធតែ​​ជា​អតីត​ភេរវជន​ទាំងអស់ ក្នុង​នោះ​មាន​៨នាក់​មកពី​ក្រុមហាម៉ាស និង​នៅសេសសល់​មកពី​ក្រុម​ប្រដាប់អាវុធ​ផ្សេងៗទៀត។ ​​តែ​ហាម៉ាសវិញ​​ប្រាប់ថា សមាជិក​ខ្លួន ​​មាន​តែ​៥នាក់​ប៉ុណ្ណោះ ដែល​ស្លាប់។ ​អ៊ីស្រាអែល​​​ការពារ​ទាហាន​ខ្លួន ដោយ​​ចោទថា ខាង​ប៉ាឡេស្ទីន​ជាដើមហេតុ ព្រោះ​ពួកគេ​​​គប់ដុំថ្ម ដបប្រេង​និង​ភ្លើង​ទៅលើ​ទាហាន​អ៊ីស្រាអែល។ ទាហាន​អ៊ីស្រាអែល​ធ្វើអ្វីដែលចាំបាច់​ប៉ុណ្ណោះ។ ​​សូមបញ្ជាក់​ដែរថា ពេល​ធ្វើ​បាតុកមុ្ម​រំលឹក​ខួប​អ្នកតស៊ូ​អារ៉ាប់​នេះ បាតុករ​តំបន់​ហ្កាហ្សា​​រាប់រយ​នាក់​មិនបាន​ដឹងថា អ៊ីស្រាអែល​ហាមប្រាមពួកគេ​មិនអោយ​ចូល​ទៅក្បែរ​ព្រំដែន​​​​​នោះទេ។

បញ្ហា​គឺថា អ៊ីស្រាអែល​មិនចង់​ឃើញ​មាន​ការស៊ើបអង្កេត​លើ​ហិង្សា​ថ្ងៃសុក្រ​ទេ តែ​អាមេរិ​ក​​វិញ​ក៏​​​ដូចជា​កាន់ជើង​អ៊ីស្រាអែលដែរ​ ព្រោះ​អាមេរិក​មិនគាំទ្រ​ការទាមទារ​អោយ​មាន​ការ​ស៊ើប​អង្កេត​បែបឯករាជ្យ​និង​តម្លាភាព​​របស់​អង្គការ​សហប្រជាជាតិ​ទេ។ ​មិនពិបាក​ឆ្ងល់ទេ តាំងពី​ណាពីណី​មក អាមេរិក​មាន​ទំនោរ​កាន់ជើង​អ៊ីស្រាអែល​ស្រាប់ហើយ​។ ​​រដ្ឋបាល​លោក​ដូណាល់ ត្រាំ ពេលេនះ ​ក៏មិនត្រូវគ្នា​ជាមួយ​ប៉ាឡេស្ទីន​ដែរ។ ​​រឿង​អ៊ីស្រាអែល​ចោទថា ជនជាតិ​ប៉ាឡេស្ទីន​ដែល​ស្លាប់​នោះ ​ជា​អតីត​​​ភេរវជន​រឺ​ក្រុមប្រដាប់អាវុធ​នោះ មិនដឺងថា ពិតរឺ​មិនពិត​ទេ។ ​អាច​ថា​ជា​លេស​​អ៊ីស្រាអែល​ដើម្បី​មិន​ទទួល​ខុសត្រូវ​ចំពោះ​ករណី​ស្លាប់ និង​របួស​ជនជាតិ​ប៉ាឡេស្ទីន​​​ក៏ថាបាន។ ព្រោះថា ដបប្រេង រឺ​ដុំថ្មដែលគប់​​ទៅ​លើ​​ទាហាន​អ៊ីស្រាអែល​វា​​មិនមែនជា​អាវុធ​​គ្រោះថ្នាក់​រហូត​​សម្លាប់​ខាង​អ៊ីស្រាអែលទេ ​​ខាងអ៊ីស្រាអែល​​មាន​កាំភ្លើង​និ​ងខែល​ការពារ​រឹងមាំ​ណាស់។ ​ទាហាន​អ៊ីស្រាអែល​មិនបាន​​របួស​និង​ស្លាប់ទេ តែ​​​ខាង​ប៉ាឡេស្ទីនវិញ​​មាន​របួស​និង​​​ស្លាប់ គឺស្លាប់​ដោយគ្រាប់កាំភ្លើង​ពិតៗ កាលពីថ្ងៃសុក្រ។ ​

ម្សិលមិញ ប្រជាជន​ហ្កាហ្សា​រាប់ពាន់នាក់​​​ចូលរួម​បុណ្យសព​ជនជាតិ​ប៉ាឡេស្ទីនដែលស្លាប់​កាលពី​ថ្ងៃសុក្រ។ ​​ស្ថានភាព​នៅតែតានតឹង​ ប្រជាជន​ហ្កាហ្សា​​​​​​បន្ត​ធ្វើ​បាតុកម្ម​រំលឹក​ខួប​អ្នកតស៊ូ​កាលពី​ឆ្នាំ​១៩៧៦។ បាតុកម្ម​​ធ្វើ​​រហូត​ដល់​ថ្ងៃ​១៥ឧសភា ដូច្នេះ ការប្រឈម​​រវាង​បាតុករ​ និង​ទាហាន​អ៊ីស្រាអែល​នៅតែ​មាន។ ម្សិលមិញ ខាង​ប៉ាឡេស្ទីន​នៅតែ​ចោល​ដុំថ្ម ហើយ​បើ​តាម​​​ប៉ាឡេស្ទីនប្រាប់​វិញ​ ​ទាហាន​អ៊ីស្រាអែល​​បាន​ប្រើ​គ្រាប់​កាំភ្លើង​ពិត​ ធ្វើអោយ​របួស​ខាង​ប៉ាឡេស្ទីន​៧០នាក់ដែរ។ រឿងបាតុកម្ម​នេះ អ៊ីស្រាអែល​ចោទ​ក្រុម​ហាម៉ាស​ដែល​កាន់កាប់​ហ្កាហ្សា​តែម្តង ថា​ក្រុមហាម៉ាស​​ប្រើប្រាស់​បាតុកម្ម​នេះ ដើម្បីបំភ្លេច​បញ្ហា​សេដ្ឋកិច្ច​នៅ​​​​ហ្កាហ្សា។ ​បើ​ខាង​ហាម៉ាស​វិញ ​​ប្រាប់ថា ពេល​មាន​បាតុកម្ម​ថ្ងៃសុក្រ​​នោះ ហាម៉ាស​ព្យាយាម​ឃាត់​ក្រុមបាតុករ​មិនអោយ​ចូលទៅ​កៀកក្បែរ​ព្រំដែន​អ៊ីស្រាអែល​ពេក​ដែរ ដើម្បី​ចៀសវៀង​ការប៉ះទង្គិច។ 

ក្រុមជំនាញ៖ហិង្សា​ហ្កាហ្សា​ថ្ងៃសុក្រ​ អាច​យកទៅដោះស្រាយ​នៅតុលាការ​ព្រហ្មទណ្​ឌអន្តរជាតិ​​ក្រុងឡាអេ​

​​ប៉ាឡេស្ទី​ន​ចូលជា​សមាជិក​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ ក្រុងឡាអេ ​៣ឆ្នាំ​មកហើយ​ ដូច្នេះ​ហិង្សា​ហ្កាហ្សាអាច​លើក​យកទៅ​ដោះស្រាយ​នៅតុលាការ​អន្តរជាតិ​ឡាអេ​បាន។​ សូមបញ្ជាក់​ដែរថា អ៊ីស្រាអែល​មិនចង់​អោយ​ស៊ើបអង្កេតករណី​ហិង្សា​ថ្ងៃសុក្រ​ ក៏​ប្រហែល​​​​​ដោយសារ​ថា​រឿង​ស៊ើបអង្កេត​​អាច​រាលដាល​ទៅ​ជា​ករណី​បទឧក្រិដ្ឋ​សង្គ្រាម។ ​​​យោងតាម​ក្រុមអ្នកជំនាញ​ ​ហិង្សា​ថ្ងៃសុក្រ​នៅ​ហ្កាហ្សា អាច​ស្ថិត​ក្នុង​ករណី​ចោទប្រកាន់ថា ជា​បទឧក្រិដ្ឋ​សង្គ្រាម​បាន។ ​

ហិង្សា​​ហ្កាហ្សា​​ជា​ករណីពិសេស ​​អាច​អោយ​អ៊ីស្រាអែល​ជាប់ចោទ​ពីបទ​ឧក្រិដ្ឋសង្គ្រាម។ ហ្កាហ្សា​នៅ​ជាប់ព្រំដែន​អ៊ីស្រាអែល។ ​គេចាត់ទុកថា ហ្កាហ្សា​នៅ​តែ​រងអាណានិគម​អ៊ីស្រាអែល។ នៅ​ខាង​អ៊ីស្រាអែល​ក្បែរនោះ ​ទាហាន​អ៊ីស្រាអែល​​​បាន​បោះ​​ទីតាំង​លើ​ដែនដី​​មួយ នៅ​ជុំវិញ​នោះ ​ដែល​​​គេហៅថា មិនមែន​​ដែនដី​របស់ខាងណាទាំងអស់។ អង់គ្លេស​ហៅថា No Man’s Land។ ​តែ​ហិង្សា​វា​មិនបាន​កើតឡើង នៅតំបន់No Man’s Land ​ឯណា ​គឺ​ផ្ទុះ​នៅខាងក្នុង​​​ហ្កាហ្សា​​​តែម្តង ដូច្នេះអ៊ីស្រាអែល​មិនអាច​ចោទ​ថា ប៉ាឡេស្ទីន​លុកលុយ​​ចូល​​​​ដែនដី​អ៊ីស្រាអែល​ក្បែរនោះ​​ទេ។ ​តែ​ហេតុអ្វី​ក៏​ទាហាន​អ៊ីស្រាអែល​​ប្រើ​កាំភ្លើង​បាញ់​ចូល​​ក្នុង​ដែនដី​ហ្កាហ្សា​ទៅវិញ បើ​គ្មានអ្នកពី​ហ្កាហ្សា​ឯណា​​ចូលមក​ដែនដី​អ៊ីស្រាអែល​ផងនោះ? ប្រហែល​អញ្ចឹងហើយ ទើប​អ៊ីស្រាអែល​​ញញើត​ករណី​មាន​ការស៊ើបអង្កេត​លើ​ហិង្សា​ស្លាប់ជនជាតិ​ប៉ាឡេស្ទីននៅហ្កាហ្សា​​កាលពីថ្ងៃសុក្រ។ ម្យ៉ាងទៀត បើ​ហិង្សា​​ថ្ងៃសុក្រ អាច​ក្លាយជា​ករណី​បទឧក្រិដ្ឋសង្គ្រាម ប៉ាឡេស្ទីន​ក៏អាច​ប្តឹង​អោយ​តុលាការ​កាត់ទោស​​មេដឺកនាំ​អ៊ីស្រាអែល រឺ​ទាហាន​​អ៊ីស្រាអែលដែល​ជា​មេខ្លោង​​បទឧក្រិដ្ឋសង្គ្រាម​នេះដែរ៕ ​​​ ​ ​​ ​ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ