ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 24/04 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 24/04 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 24/04 12h00 GMT
មជ្ឈិមបូព៌ា

អ៊ីស្រាអែល លុប​គម្រោង​បណ្តេញ​អន្តោប្រវេសន៍​អាហ្វ្រិក

media អន្តោប្រវេសន៍​អាហ្វ្រិក​នៅ​អ៊ីស្រាអែល នាំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​​នឹង​ផែនការ​បណ្តេញ​របស់​រដ្ឋាភិបាល MENAHEM KAHANA / AFP

នៅ​ថ្ងៃចន្ទទី ២ មេសា ២០១៨ នេះ អ៊ីស្រាអែល បាន​ប្រកាស​​លុប​ចោល​គម្រោង​បណ្តេញ​ជន​អន្តោប្រវេសន៍​អាហ្វ្រិក ដ៏​ចម្រូង​ចម្រាស​វិញ បន្ទាប់​ពី​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​​ឧត្តមស្នងការ​​​អង្គការ​​សហប្រជាជាតិ ទទួល​បន្ទុក​ជន​ភៀសខ្លួន HCR ផ្ទេរ​អន្តោប្រវេសន៍​ទាំ​ងអស់​នោះ​ទៅកាន់​ប្រទេស​នៅអឺរ៉ុប ដែល​ចង់​ទទួល។

​តាម​រយៈ​​កិច្ចព្រមព្រៀង ដែល​​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀសខ្លួន HCR បាន​ចុះ​ហត្ថលេខា​ជាមួយ​​អ៊ីស្រាអែល​ ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​អាហ្រ្វិក ប្រមាណ​១៦២៥០​នាក់ នឹង​ត្រូវ​បញ្ជូន​ឱ្យ​ទៅរស់​នៅ​ក្នុង​បណ្តា​ប្រទេស​លោក​ខាង​លិច ហើយប្រមាណ​​ពាក់​កណ្តាល​ទៀតនឹង​បាន​ទទួល​ការ​​​ដោះស្រាយ​ផ្តល់​សិទ្ធិឱ្យ​ជ្រក​កោនបណ្តោះ​អាសន្ន​នៅ​អ៊ីស្រាអែល។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​ការិយាល័យ​នាយក​រដ្ឋមន្ត្រី បេនយ៉ាមីន នេតាន់យ៉ាហ៊ូ ដែល​បាន​ប្រកាស​ទៀត ថា អ៊ីស្រាអែល​បាន​រក​ឃើញ​ការព្រមព្រៀង​ជាមួយ​អង្គការ​សហប្រជាជាតិ​ ដែល​​ពុំ​ធ្លាប់​មាន​​ទេពី​មុន​មក។

អ៊ីស្រាអែល​និង​HCR នឹង​កំណត់​រួម​គ្នា​លក្ខខណ្ឌ​នៃ​ការ​ផ្ទេរ​អន្តោប្រវេសន៍​ ហើយ​កិច្ចព្រមព្រៀង​នេះ​នឹង​ចាប់​ផ្តើម​ដាក់​ឱ្យ​ដំណើរ​នៅ​រវាង​៥​ឆ្នាំ​ខាង​មុខ។ នេះ​បើ​តាម​ប្រភព​សារព័ត៌មាន​អ៊ីស្រាអែល។

​កិច្ចព្រមព្រៀងនេះ​​ ជា​ការ​លុប​ចោល​គម្រោង​បណ្តេញ​​អន្តោប្រវេសន៍​អាហ្វ្រិក ដ៏​ចម្រូង​ចម្រាស​របស់​អ៊ីស្រាអែល។ ​ រដ្ឋាភិបាល​អ៊ីស្រាអែល មាន​​គម្រោងចាប់​បណ្តេញ​អន្តោប្រវេសន៍អាហ្វ្រិក​ខុស​ច្បាប់​ទាំង​អស់ ​ចាប់​ពី​​ដើម​ខែ​មេសា ដោយ​បាន​​ព្រមាន​​ឱ្យ​ជ្រើសរើស​រវាង​ ត្រលប់​ទៅ​ស្រុក​កំណើត​វិញ ឬ​ទៅ​ប្រទេស​ទីបី និង​ទៅចូល​ពន្ធនាគារ​រហូត។ ផែនការ​បណ្តេញ​របស់អ៊ីស្រាអែល​បានទទួល​ការ​រិះគន់ និង​ថ្កោល​ទោស​​​យ៉ាង​ខ្លាំង ជាពិសេស​ពី​សំណាក់​ឧត្តម​ស្នងការ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​នេះ​ឯង។

បើ​តាម​ក្រសួង​មហាផ្ទៃ​អ៊ីស្រាអែល មាន​អន្តោប្រវេសន៍​ខុស​ច្បាប់​អាហ្វ្រិក ចំនួន ៤២០០០​នាក់ ភាគ​ច្រើន​ជាជនជាតិ​ស៊ូដង់ និង​អេរីត្រេ កំពុង​រស់​នៅក្នុង​ទឹក​ដី​អ៊ីស្រាអែល ក្នុង​នោះជិត​ពាក់កណ្តាល​ជា​ស្ត្រី​និង​កុមារ និង​មិន​រង​​ការ​គំរាម​កំហែង​ពី​សំណាក់​ផែនការ​បណ្តេញ​ទេ។

អន្តោប្រវេសន៍​អាហ្វ្រិក​ទាំង​នេះ បាន​មក​​អ៊ីស្រាអែល ភាគ​ច្រើន នៅ​ក្នុង​ឆ្នាំ​២០០៧ តាម​ច្រក​ស៊ីណៃ​អេហ្ស៊ីប ដែល​ត្រូវ​បាន​បិទ​ខ្ទប់​ជិត​តាំ​ងពី​ពេល​នោះ​មក៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ