អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើអ្នកណា​ដែល​បាញ់មីស៊ីល វាយប្រហារ​មូលដ្ឋានទ័ព​អាកាស​ស៊ីរី?

ចុះផ្សាយ​នៅ​ថ្ងៃ៖

មូលដ្ឋានទ័ព​អាកាស​ស៊ីរី នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ចន្ទ ទី​៩ មេសា ២០១៨ បាន​រង​ការវាយ​ប្រហារ​មីស៊ីល ដែល​បាន​សម្លាប់មនុស្ស​យ៉ាងហោច ១៤នាក់។ នេះ​បើតាម​អង្គការ​តាមដាន​សិទ្ធិមនុស្ស​ស៊ីរី ដែល​មាន​មូលដ្ឋាន​នៅទីក្រុង​ឡុងដ៍។ អាមេរិក និង​បារាំង​ដែល​បាន​សន្យា​ចាត់វិធានការ រួម ប្រឆាំង​នឹង​អ្នកទទួល​ខុសត្រូវ លើ​ការប្រើ​អាវុធ​គីមី សម្លាប់​ប្រជាជន​ស៊ីវិលស៊ីរី នៅ​ទីក្រុង​ឌូម៉ា បាន​បដិសេធ ដាច់ណាត់​ថា ខ្លួន​មិនបានបើក​ប្រតិបត្តិការ​ទ័ព​អាកាស វាយប្រហារ​ស៊ីរី​នោះទេ។ ក្រសួង​ការពារ​រុស្ស៊ី និង​រដ្ឋាភិបាល​ស៊ីរី​បាន​ចង្អុល​រួមគ្នា ចោទ​អ៊ីស្រាអែល ថា ជាអ្នកបាញ់​មីស៊ីល​វាយប្រហារ​លើ​មូលដ្ឋានទ័ពអាកាស​របស់​ស៊ីរី នៅទីក្រុង​ហូម។ 

ទាហាន​ស៊ីរី ដើរកាត់​រូបថត​លោក​ប្រធានាធិបតីពូទីន និង​លោក​ប្រធានាធិបតី​អាសាដនៅថ្ងៃទី​២៨ កុម្ភៈ ២០១៨ នៅតំបន់​ហ្គូតា ខាងកើត
ទាហាន​ស៊ីរី ដើរកាត់​រូបថត​លោក​ប្រធានាធិបតីពូទីន និង​លោក​ប្រធានាធិបតី​អាសាដនៅថ្ងៃទី​២៨ កុម្ភៈ ២០១៨ នៅតំបន់​ហ្គូតា ខាងកើត RUSSIA-FLIGHTS/ REUTERS
ផ្សាយពាណិជ្ជកម្ម

នៅក្រោយ​ការវាយប្រហារ​ភ្លាមៗ ទៅលើ​មូលដ្ឋានទ័ព​អាកាស​ស៊ីរី នៅ​ទីក្រុង​ហូម ដែល​ស្ថិតនៅ​ភាគខាងជើង​ស៊ីរី រដ្ឋាភិបាល​ស៊ីរី បាន​ទម្លាក់​ការទទួលខុសត្រូវ​លើ​ទីក្រុង​វ៉ាស៊ីនតោន នោះ​ក៏ព្រោះ​ថា ការវាយប្រហារ​ទៅលើ​មូលដ្ឋានទ័ព​ស៊ីរី កើតឡើង​នៅ​តែ​ប៉ុន្មានម៉ោង ក្រោយ ដែល​ប្រធានាធិបតី អាមេរិក និង​បារាំង បាន​ប្រកាស​រួម​គ្នា ថា នឹង​ចាត់​វិធានការ​ក្តៅ ទៅលើ​អ្នក​ដែល​បាន​ប្រើ​អាវុធ​គីមី សម្លាប់​មនុស្ស​នៅទីក្រុង​ឌូម៉ា ក្នុង​ទឹកដី​ស៊ីរី។ នៅ​ថ្ងៃ​អាទិត្យ ម្សិលមិញ នៅក្នុង​សារTwitter លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​សន្យា ចាត់​វិធានការ​ប្រឆាំង​របប​ស៊ីរី ដែល​លោក​បាន​ចោទប្រកាន់ថា ជាអ្នក​បាន​ប្រើ​អាវុធ​គីមី សម្លាប់​ប្រជាជន​ស៊ីវិល​ស៊ីរី យ៉ាងហោច ៤៨​នាក់ កាលពី​ថ្ងៃសៅរ៍ នៅ​ទីក្រុង​ឌូម៉ា ក្នុងតំបន់​ហ្គូតា។

សូមអាន៖​រុស្ស៊ី និងអាមេរិក​ចែក​បក្ស​គ្នា​កាន់តែ​ច្បាស់ ក្រោយ​ការ​បាញ់​មីស៊ីល​របស់​អាមេរិក ទៅ​លើ​មូលដ្ឋាន​ទ័ព​ស៊ីរី

នៅ​ប៉ុន្មានម៉ោង​ក្រោយ​ការវាយប្រហារ ស៊ីរី​សន្និដ្ឋាន ថា អាមេរិក ជាអ្នកវាយប្រហារ​ទៅលើ​ទីតាំង​យោធា​របស់ខ្លួន។ កាលពី​ឆ្នាំ​២០១៧ គឺ​នៅ​ខែ​មេសា​ដូចគ្នា លោក​ដូណាល់ ត្រាំ ធ្លាប់​បាន​បញ្ជា​ឲ្យ​បាញ់​មីស៊ីល​ពី​នាវាចម្បាំង អាមេរិក សំដៅ​បំផ្លាញ មូលដ្ឋាន​ទ័ព​អាកាស មួយកន្លែង​នៅក្នុង​ទឹកដី​ស៊ីរី នៅ​ពីរថ្ងៃ ក្រោយ មាន​ការវាយប្រហារ ដោយប្រើ​អាវុធ​គីមី ឧស្ម័នពុល សារ៉ាំង សម្លាប់​មនុស្ស​៨០នាក់។ កាលណោះ លោកដូណាល់ ត្រាំ ចោទ ទម្លាក់​ការទទួលខុសត្រូវ​លើ​រដ្ឋាភិបាល​ស៊ីរី។

សូមអាន៖ ហេតុ​អ្វី​សង្គ្រាមស៊ីរី មិន​ព្រម​ចប់ ?

នៅថ្ងៃ​ចន្ទ​នេះ ក្រសួងការពារ​ជាតិ​អាមេរិក បាន​ចេញ​សេចក្តី ថ្លែងការណ៍​មួយ ដែល​អះអាងថា កងទ័ព​អាកាស​អាមេរិក​មិន​បាន​ចេញ​ទៅ​ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​ទឹកដី​ស៊ីរី​នោះទេ។ មេទ័ព​បារាំង​វិញ បាន​និយាយ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AF¨P ថា បារាំង​ក៏​មិន​បាន​បញ្ជូន​យន្តហោះ​ទៅ​វាយប្រហារ​មូលដ្ឋានទ័ព​អាកាស ស៊ីរី នៅ​ថ្ងៃចន្ទ​នេះដែរ។

រុស្ស៊ី​ចោទប្រកាន់​អ៊ីស្រាអែល

នៅប៉ុន្មាន​ម៉ោង​ក្រោយ បារាំង និង​អាមេរិក ប្រកាស​បដិសេធ ថា មិនមែន​ខ្លួន​ជាអ្នកធ្វើ ក្រសួងការពារ​រុស្ស៊ី ជាអ្នកចេញ​មុខ អះអាង​ថា ការវាយប្រហារ​មីស៊ីល ទៅលើ​មូលដ្ឋានទ័ព​អាកាស​ស៊ីរី នៅទីក្រុង​ហូម តាមពិត ជាស្នាដៃ​របស់​អ៊ីស្រាអែល។ ស៊ីរី ក៏ស្រាប់​តែ​ប្តូរ ជំហរ មក​យល់ស្រប ​ជាមួយ​រុស្ស៊ី ដែល​ចោទ​ប្រកាន់​អ៊ីស្រាអែល ថា ជាអ្នកបញ្ជូន​យន្តហោះ​ទៅ​វាយប្រហារ​មូលដ្ឋានទ័ពអាកាស​ស៊ីរី នៅព្រឹកព្រលឹម​ថ្ងៃ​ចន្ទនេះ។

រុស្ស៊ី​មិន​បាន​បង្ហាញ​ភស្តុតាង ដែល​បញ្ជាក់​ថា អ៊ីស្រាអែល​ជា​អ្នកបាញ់​មីស៊ីលនោះទេ។ ប៉ុន្តែ តាម​ក្រសួង​ការពារជាតិ​រុស្ស៊ី យន្តហោះ អ៊ីស្រាអែល ធុន F15 បាន​បាញ់​មីស៊ីល ៨ដើម ទៅ​បំផ្លាញ​មូលដ្ឋាន​ទ័ពអាកាស​ស៊ីរី នៅទីក្រុង​ហូម ដែល​ស្ថិតនៅ​មិនឆ្ងាយ​ប៉ុន្មាន​ពី​ព្រំដែន​ស៊ីរី លីបង់។ តាមរុស្ស៊ី យន្តហោះ​ចម្បាំង​អ៊ីស្រាអែល បាន​បាញ់​មីស៊ីល តាំង​ពី​តំបន់​ដែនអាកាស​របស់​លីបង់ ពោល​គឺ​មិន​បាន​ហោះ ចូល​ទៅក្នុង​ដែន​អាកាស​របស់​ស៊ីរី ដែល​ធានា ការពារ​ដោយ​រុស្ស៊ី និង​អ៊ីរ៉ង់ ដែល​ជា​សម្ព័ន្ធមិត្ត​របស់​របបស៊ីរី នោះទេ។

អ៊ីស្រាអែល ដែល​ធ្លាប់​បញ្ជូន​យន្តហោះ​ចម្បាំង ទៅ​ធ្វើ​វាយប្រហារ​លើ​ទីតាំង យោធា ក្នុងទឹកដី​ស៊ីរី​កន្លងមក នៅ​មិនទាន់​ប្រតិកម្ម ធ្វើ​អត្ថាធិប្បាយ​អ្វីទេ ពី​រឿងនេះ។ អ៊ីស្រាអែល មិន​ស្រដីអ្វី ប៉ុន្តែ យ៉ាងណាក៏ដោយ ការចោទប្រកាន់​របស់​រុស្ស៊ី ទៅលើ​អ៊ីស្រាអែល​លើកនេះ អាច​សមហេតុផល​ម្យ៉ាងដែរ ព្រោះថា ព្រលានយន្តហោះ​យោធា ស៊ីរី ឈ្មោះ Tiyas ដែល​រងការវាយប្រហារមីស៊ីល​នៅថ្ងៃនេះ តាមពិត ធ្លាប់​ជា​ផ្ទាំងស៊ីប​ម្តងហើយ របស់​យន្តហោះ​អ៊ីស្រាអែល កាលពី​ខែ​កុម្ភៈ ពោល​គឺ នៅបន្ទាប់​ពី​អ៊ីស្រាអែល​បាន​រក​ឃើញថា យន្តហោះ​ដ្រូន គ្មានមនុស្ស​បើក​របស់​អ៊ីរ៉ង់ បាន​ហោះចេញ​ពី​មូលដ្នានទ័ព​អាកាស Tiyas ដើម្បី​ចូល​ទៅ​ស៊ើបការណ៍​ក្នុង​ទឹកដី​អ៊ីស្រាអែល។

អ៊ីស្រាអែល​ធ្លាប់​ព្រមាន​មិន​ឲ្យ​អ៊ីរ៉ង់​ពង្រឹងកម្លាំង​យោធា នៅក្នុង​ទឹកដី​ស៊ីរី ក្បែរខាងអ៊ីស្រាអែល

ដោយ​មិនដែល​បាន​ចុះ​សន្ធិសញ្ញា​សន្តិភាព​ជាមួយ គ្នា អ៊ីស្រាអែល និង​ស៊ីរី ស្ថិតនៅក្នុង​ស្ថានភាព អាច​ផ្ទុះសង្រ្គាម​ដាក់​គ្នា​គ្រប់ពេលវេលា។ ភាពតានតឹង​អ៊ីស្រាអែល និង​ស៊ីរី​កាន់តែ​កើនឡើង​ដល់​កម្រិតកំពូល នៅក្នុង​កាលៈទេសៈ ដែល​សត្រូវ​ទាំងបី​របស់​អ៊ីស្រាអែល គឺ​អ៊ីរ៉ង់ ទាហាន​អេស្បូឡា​លីបង់ ហើយ​និង​របបស៊ីរី ផ្ទាល់​កំពុង​រួមកម្លាំង​គ្នា ធ្វើ​ប្រតិបត្តិការយោធា ក្នុង​សង្រ្គាម​ស៊ីរី។ រហូតមក អ៊ីស្រាអែល បាន​ដាក់ខ្លួន ឆ្ងាយ មិន​លូកដៃ ក្នុង​សង្រ្គាមស៊ីវិល ដែល​ផ្ទុះឡើង​នៅ​ស៊ីរី តាំង​ពី​ឆ្នាំ ២០១១។ ប៉ុន្តែ ម្តងម្កាល អ៊ីស្រាអែល​បញ្ជូន​យន្តហោះ ទៅ​វាយប្រហារ​ទីតាំង យោធា ក្នុង​ទឹកដី​ស៊ីរី។ តាម​អ៊ីស្រាអែល យន្តហោះ​ចម្បាំង​របស់ខ្លួន​បាន​ចូល​ទៅ​បាញ់​បំផ្លាញ​ទីតាំង​យោធា ក្នុង​ទឹកដី​ស៊ីរី ដែល​អ៊ីស្រាអែល​ចោទប្រកាន់​ថា បង្កើតឡើង​ដោយ​អ៊ីរ៉ង់ ដើម្បី​ផលិត​មីស៊ីល ឬ​កន្លែង​សាកល្បង​ផលិត​អាវុធ​នុយក្លេអ៊ែរ​សម្រាប់​វាយប្រហារ​អ៊ីស្រាអែល។ អ៊ីស្រាអែល​ធ្លាប់​បាន​ព្រមាន​រួចហើយ មិន​ឲ្យ​អ៊ីរ៉ង់ និង​ទាហាន​អេស្បូឡា​លីបង់ ដែល​ចូល​ទៅ​ប្រយុទ្ធ​ជួយ​របបស៊ីរី យក​លេស ប្រើប្រាស់​ទឹកដី​ស៊ីរី ដើម្បី​វាយប្រហារ​អ៊ីស្រាអែល​នោះទេ។ អ៊ីស្រាអែល​បាន​ព្រមាន​ពី​ផលវិបាក បើសិន​អ៊ីរ៉ង់ និង​សម្ព័ន្ធមិត្ត​គំរាមកំហែង​សន្តិសុខ​អ៊ីស្រាអែល។

នៅ​មូលដ្ឋាន​ទ័ពអាកាស​ដែល​រងការវាយប្រហារ នៅ​ថ្ងៃ​ចន្ទនេះ នៅក្នុង​ចំណោម​ទាហាន​រងរបួស ១៤នាក់ មាន​ជាច្រើន​នាក់ ជាទាហាន​អ៊ីរ៉ង់។ នៅពេល​ដែល​អ៊ីស្រាអែល​ធ្លាប់​អះអាង​ថា មូលដ្ឋាន​ទ័ព​អាកាស​Tiyas ជា​ទីតាំង​យោធា​សំខាន់​របស់​ឆ្មាំបដិវត្ត​អ៊ីរ៉ង់ នៅ​ស៊ីរី យ៉ាងដូច្នេះ គេ​ពិបាក​នឹង​ជឿថា អ៊ីស្រាអែល មិនមែន ជា​អ្នកបាញ់​មីស៊ីល ទៅលើ​មូលដ្ឋានទ័ព​ស៊ីរី ណាស់ នោះបើទោះបី​ជា​អ៊ីស្រាអែល​នៅមិនទាន់​ចេញមុខ​ទទួល​ខុសត្រូវ​ក្តី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ