ជំនួបកំពូលសម្ព័ន្ធអារ៉ាប់ មួយថ្ងៃក្រោយប្រតិបត្តិការបាញ់មីស៊ីល របស់សម្ព័ន្ធមិត្តលោកខាងលិច
ចុះផ្សាយនៅថ្ងៃ៖
នៅថ្ងៃអាទិត្យ ទី១៥មេសានេះ ក្រុមប្រទេសសម្ព័ន្ធអារ៉ាប់ កំពុងបើកកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ខ្លួន នៅទីក្រុងដារ៉ាន់ ប្រទេសអារ៉ាប៊ីសាអូឌីត។ ជំនួបកំពូលនៃក្រុមប្រទេសអ៊ីស្លាមអារ៉ាប់នេះ ធ្វើឡើងក្នុងបរិយាកាសមួយ ដ៏តឹងតែងបំផុត ដោយសារតែតំបន់នេះ កំពុងតែស្ថិតក្នុងភាពក្តៅគគុក ញ៉ាំញីដោយភ្លើងសង្រ្គាម និងជម្លោះរ៉ាំរ៉ៃ។ ជាក់ស្តែងសង្រ្គាម នៅស៊ីរី សង្រ្គាមនៅយេម៉ែន និងជម្លោះរវាងអ៊ីស្រាអែលនិងបាឡេស្ទីន។ ការប្រជែងគ្នា កាន់តែបើកចំហរ រវាងអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ ក៏គឺជាបញ្ហាធំចំបងមួយទៀត ដែលសម្ព័ន្ធអារ៉ាប់នេះ ត្រូវរកយុទ្ធសាស្ត្រដោះស្រាយ។ ជាងនេះទៅទៀត ជំនួបកំពូលនៅថ្ងៃនេះ គឺធ្វើឡើង ក្រោយតែមួយថ្ងៃ នៃការបើកប្រតិបត្តិការបាញ់មីស៊ីល របស់កងទ័ពអាមេរិក បារាំង និងអង់គ្លេស ទៅលើមូលដ្ឋានកងទ័ពរដ្ឋាភិបាលស៊ីរី។
ស៊ីរី គ្មានវត្តមាន
ស៊ីរី គឺជាសមាជិកនៃក្រុមប្រទេសសម្ព័ន្ធអារ៉ាប់នេះ តាំងតែពីដំបូងមកម្លេះ ពោលមិនមែនសមាជិកធម្មតាទេ គឺជាសមាជិកស្ថាបនិក ជាមួយប្រទេស៦ផ្សេងទៀត ដែលបានផ្តួចផ្តើមគំនិត បង្កើតសម្ព័ន្ធអារ៉ាប់នេះឡើង នៅឆ្នាំ១៩៤៥។ ក៏ប៉ុន្តែ កិច្ចប្រជុំនៅថ្ងៃនេះ ពុំមានតំណាងប្រទេសស៊ីរី ចូលរួមទេ ដោយសារ ស៊ីរី ត្រូវបានវេទិការកំពូលសម្ព័ន្ធអារ៉ាប់នេះ សម្រេចព្យួរសិទ្ធិ តាំងតែពីឆ្នាំ២០១១ម្លេះ ដោយសារតែមានផ្ទុះសង្រ្គាមតវ៉ា នៅស៊ីរី។ សម្ព័ន្ធអារ៉ាប់នេះ បានធ្វើពហិការ ឈប់ទទួលរដ្ឋាភិបាលលោកបាឆា អាល់អាសាដ តទៅទៀត ដោយសារតែរដ្ឋាភិបាលនេះ បានធ្វើសង្រ្គាមជាមួយនឹងប្រជាជនខ្លួនឯង។ យោងតាមអ្នកយកព័ត៌មាន AFP គឺក្នុងចំណោមទង់ជាតិទាំង២១ ដែលបក់រវិច នៅកន្លែងប្រជុំ នៅថ្ងៃនេះ គឺពុំមានទង់ជាតិស៊ីរីទេ។
កាតាមកចូលរួម ទាំងទើសទាល់
ដោយឡែកប្រទេសកាតា ដែលមានបញ្ហាល្អក់កករ ជាមួយនឹងអារ៉ាប៊ីសាអូឌីត ជិតមួយឆ្នាំកន្លងមកនេះ បានសម្រេចចិត្តបញ្ជូនអ្នកតំណាងជាន់ទាបមួយរូប មកចូលរួមប្រជុំ ដែលនេះបានបង្ហាញ ដែលនេះបង្ហាញថា វិបត្តិរវាងកាតា និងអារ៉ាប៊ីសាអូឌីត នៅក្តៅគគុកនៅឡើយ។ បើតាមប្រភពពីរដ្ឋមន្រ្តីក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត បញ្ហាកាតានេះ គេនឹងមិនលើកមកនិយាយក្នុងជំនួបកំពូលនេះទេ។
ដូចយើងដឹងហើយ សម្ព័ន្ធអារ៉ាប់នេះមានមេធំជាងគេ ដែលចេញមុខចាត់ចែងសឹងគ្រប់រឿង នោះ គឺអារ៉ាប៊ីសាអូឌីត ព្រោះតាមពិតទៅ សម្ព័ន្ធអារ៉ាប់នេះ មានលក្ខណៈជាអង្គការសម្ព័ន្ធនៃបណ្តាប្រទេសអ៊ីស្លាមស៊ុនីតច្រើនជាង ហើយនិកាយអ៊ីស្លាមស៊ុនីតនេះ គឺមានតែអារ៉ាប៊ីសាអូឌីត តែមួយប៉ុណ្ណោះ ដែលតាំងខ្លួនជាមេ ជាមគុទេសន៍ ជះឥទ្ធិពល និងដឹកនាំប្រទេសអ៊ីស្លាមស៊ុនីតដ៏ទៃទៀត។
គាំទ្រការបាញ់មីស៊ីល របស់កងទ័ពសម្ព័ន្ធមិត្តលោកខាងលិច
បើយើងក្រឡេកទៅមើល លើគោលជំហររបស់ប្រទេសធំៗ មានដូចជាអារ៉ាប់ប៊ីសាអូឌីតជាដើម គឺគេបានប្រកាស ជាលក្ខណៈឯកជន ថាគាំទ្រ ចំពោះការដែលកងទ័ពសម្ព័ន្ធមិត្តលោកខាងលិច បានបាញ់មីស៊ីលទៅកំទេចមូលដ្ឋានទ័ពរបស់បាឆា អាល់អាសាដ។ អារ៉ាប៊ីសាអូឌីត បានចាត់ទុកថា ការបាញ់មីស៊ីលនេះ គឺជាចំលើយឆ្លើយតបយ៉ាងសក្តិសម ចំពោះទង្វើឧក្រិដ្ឋ ដែលកងទ័ពបាឆា បានធ្វើទៅលើប្រជាជនស្លូតត្រង់ស៊ីរី។
ដូចគ្នាដែរ លោកអេមៀរ របស់កាតា ក៏បានប្រកាសគាំទ្រប្រតិបត្តិការបាញ់មីស៊ីល របស់បារាំង អាមេរិក និងអង់គ្លេសដែរ។ កាតា លើកឡើងថា វាជារឿងត្រឹមត្រូវ ដែលសម្ព័ន្ធមិត្តលោកខាងលិច ដាក់ពិន័យទៅលើកងទ័ពបាឆា អាល់អាសាដ ដែលបានប្រើគ្រាប់បែកផ្ទុកសារធាតុគីមី ម្តងហើយម្តងទៀត។
ជានិច្ចជាកាល ដូចយើងដឹងហើយ សម្ព័ន្ធអារ៉ាប់នេះ មានទំនោរ ខិតទៅរកលោកខាងលិចច្រើន។ ដូច្នេះ បើតាមខ្យល់នេះ គេជឿថា សម្ព័ន្ធអារ៉ាប់ និងប្រកាសគាំទ្រ ចំពោះការដែលកងទ័ពសម្ព័ន្ធមិត្តលោកខាងលិច បានបាញ់មីស៊ីល ទៅលើកងទ័ពស៊ីរី។
យ៉ាងណាមិញ តាំងតែពីផ្ទុះសង្រ្គាមនៅស៊ីរីមក សម្ព័ន្ធមិត្តអារ៉ាប់ ដែលមានអារ៉ាប៊ីសាអូឌីត ដឹកមុខនេះ មានទំនោរគាំទ្រក្រុមឧទ្ទាមសេរីរំដោះស៊ីរី ដែលប្រឆាំងនឹងរដ្ឋាភិបាលបាឆា អាល់អាសាដ។ ព្រោះហេតុអ្វី? គឺព្រោះហេតុផលឥទ្ធិពលតំបន់ និងសាសនា។ អារ៉ាប៊ីសាអូឌីត មិនពេញចិត្តបាឆា អាល់អាសាដទេ ព្រោះបាឆាស្ថិតក្នុងអំបូរគ្រូសារ អាឡាវីត ដែលជាមែកធាងមួយនៃនិកាយអ៊ីស្លាមឈីអ៊ីត ដែលមានអ៊ីរ៉ង់ជាមេដឹកនាំធំ។ ដូច្នេះ ចង់កំចាយឥទ្ធិពលអ៊ីរ៉ង់ នៅស៊ីរី គឺត្រូវកំចាយរដ្ឋាភិបាលបាឆា អាល់អាសាដ។
សមរភូមិយេម៉ែន គឺជាសង្រ្គាមដោយប្រយោល រវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត
មកដល់បញ្ហាប្រជែងឥទ្ធិពលគ្នា រវាងអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់នេះ វាធ្លាក់ទៅដល់សង្រ្គាមនៅយេម៉ែន ដែលត្រូវបានគេសម្លឹងឃើញថា គឺជាសង្រ្គាមដោយប្រយោល រវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត។ តែយ៉ាងណា គេមិនរំពឹងថា សម្ព័ន្ធអារ៉ាប់នេះ នឹងសម្រេចធ្វើអ្វីមួយ ដើម្បីជួយយេម៉ែននោះទេ។ តាំងតែពីដំបូងមក វេទិការកំពូលនៃសម្ព័ន្ធអារ៉ាប់នេះ កម្របានសម្រេចអ្វី ឬដាក់ចុះនូវផែនការអ្វីមួយ ឲ្យជាក់លាក់ណាស់។ ដូច្នេះ បើសិនជាភាគី ទាំងសងខាងខ្លួនឯង មានអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត មិនបង្កើតនូវយន្តការដោះស្រាយទេនោះ កុំសង្ឃឹមថាសម្ព័ន្ធអារ៉ាប់នេះ អាចធ្វើអ្វីបានឲ្យសោះ។
ផ្ទុយទៅវិញ មួយរយៈចុងក្រោយនេះ យើងឃើញថា ក្រុមឧទ្ទាមហ៊ូទី ដែលអារ៉ាប៊ីសាអូឌីត ចោទថាបានទទួលជំនួយថវិកា និងអាវុធពីអ៊ីរ៉ង់នោះ បានបង្កើនការវាយប្រហារទៅលើអារ៉ាប៊ីសាអូឌីត ដោយត្រង់ៗតែម្តង តាមរយៈការបាញ់មីស៊ីល ជាច្រើនគ្រាប់។ ហើយការវាយប្រហារដោយចំពោះ ទៅលើអារ៉ាប៊ីសាអូឌីតនេះ វាគឺជាការឆ្លើយតប ដែលអារ៉ប៊ីសាអូឌីត បានបញ្ជូនទ័ព ទៅទំលាក់គ្រាប់បែកនៅយេម៉ែន លើតំបន់ដែលគ្រប់គ្រងដោយក្រុមហ៊ូទី។ គ្មានភាគីណាមួយស្អាតស្អំ ទាំងស្រុងទេ ក្នុងរឿងនេះ។
បើតាមការស្មាន អារ៉ាប៊ីសាអូឌីត នឹងយកវេទិកាកំពូលនៃសម្ព័ន្ធអារ៉ាប់នេះ ទៅឃោសនាអូសទាញ ឲ្យប្រទេសសមាជិកផ្សេងទៀត នៅពីក្រោយខ្លួន ដើម្បីសហការគ្នា រកវិធី ធ្វើគ្រប់យ៉ាង បំបាក់ឥទ្ធិពលរបស់អ៊ីរ៉ង់ ព្រមទាំងសាសនាអ៊ីស្លាមឈីអ៊ីត នៅក្នុងតំបន់ឈូងសមុទ្រពែក្សនេះ។
សត្រូវរបស់សត្រូវខ្ញុំ គឺជាមិត្តខ្ញុំ
ទាក់ទិនបញ្ហាប៉ាឡេស្ទីនវិញ វាគឺចំណុចដែលសម្ព័ន្ធអារ៉ាប់ នឹងលើកយកមកពិភាក្សា ជាពិសេស ពេលនេះ សហរដ្ឋអាមេរិក កំពុងតែរៀបចំ លើកស្ថានទូតខ្លួនប្រចាំអ៊ីស្រាអែល ទៅកាន់ហ្សេរុយសាឡឹមទៀត។ ការទទួលស្គាល់ ហ្សេរុយសាឡឹមជារដ្ឋធានីរបស់អ៊ីស្រាអែល ជាឯកត្តោភាគី ពីសំណាក់រដ្ឋាភិបាលលោកដូណាល់ ត្រាំ នេះ បានធ្វើឲ្យប្រទេសអារ៉ាប់នានា ក្តៅក្រហាយមិនស្ទើទេ។ ជាប្រពៃណី ក្រុមប្រទេសអារ៉ាប់ នៅខាងប៉ាឡេស្ទីន ហើយប្រកែកមិនទទួលស្គាល់ រដ្ឋអ៊ីស្រាអែលទេ។ ព្រះចៅបេនសាល់ម៉ាន់ របស់អារ៉ាប៊ីសាអូឌីត តែងតែប្រកាសថា ប៉ាឡេស្ទីន ត្រូវតែមានសិទ្ធិ មានប្រទេសឯករាជ្យមួយ ហើយដោយមានក្រុងហ្សេរុយសាឡឹម ជារដ្ឋធានី។
ក៏ប៉ុន្តែ អ្វីដែលយើងកំពុងសង្កេតឃើញនាពេលនេះ គឺអារ៉ាប៊ីសាអូឌីត កំពុងតែផ្លាស់ប្តូរទិសដៅ។ មិនមែនជាការផ្លាស់ប្តូរទាំងស្រុងទេ តែជាការប្តូរ ពីការគាំទ្រតែម្ខាងហើយបដិសេធច្រានចោលម្ខាង មកជាការគាំទ្រ ទាំងសងខាង។ ប៉ុន្មាសប្តាហ៍មុននេះ ព្រះអង្គម្ចាស់ រាជទាយាទ ម៉ូហាម៉េដ បេនសាល់ម៉ាន់ បានប្រកាសថា អ៊ីស្រាអែលក៏មានសិទ្ធិជាប្រទេសឯករាជ្យមួយដែរ។ មានន័យថា អារ៉ាប៊ីសាអូឌីត គាំទ្រឲ្យប៉ាឡេស្ទីន ឲ្យបានឯករាជ្យ តែក៏មិនបដិសេធរដ្ឋអ៊ីស្រាអែលដែរ។
ការនេះ គឺវាឆ្លើយតបទៅនឹងការសង្កេតឃើញ របស់អ្នកវិភាគមួយចំនួន ដែលយល់ថា ព្រះអង្គម្ចាស់រាជទាហាទម៉ូហាម៉េដ បេនសាល់ម៉ាន់ កំពុងតែខិតទៅចាប់ដៃជាមួយអ៊ីស្រាអែល។ មូលហេតុគឺមានតែមួយគត់ គឺដើម្បីរួមកំលាំងគ្នា កំចាយអ៊ីរ៉ង់ ព្រោះអ៊ីស្រាអែល ក៏គឺជាសត្រូវរបស់អ៊ីរ៉ង់ ដ៏សំខាន់ម្នាក់ដែរ។ ពាក្យមួយឃ្លាថា សត្រូវ របស់សត្រូវខ្ញុំ គឺជាមិត្តខ្ញុំ នោះ គឺត្រូវ មិនខុសទេ។ អារ៉ាប៊ីសាអូឌីត កំពុងតែកសាងចំណងយុទ្ធសាស្ត្រ ជាមួយអ៊ីស្រាអែល ដែលងប់ស្អប់អ៊ីរ៉ង់ដូចគ្នា បើទោះបីជាប្រទេសពីរនេះ ធ្លាប់មិនត្រូវគ្នាក៏ដោយ។ ដូច្នេះ វេទិការកំពូលនេះ អារ៉ាប៊ីសាអូឌីត នឹងឆក់ឱកាស បញ្ចុះបញ្ចូលប្រទេសសមាជិកផ្សេងទៀត ឲ្យបន្ថយ កុំប្រឆាំងអ៊ីស្រាអែលខ្លាំងពេក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ