អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហេតុអ្វី​បាន​ជា​លីបង់​មិន​ធ្លាក់​ខ្លួន​ក្នុង​សង្រ្គាម ដូច​ប្រទេស​ជិតខាង?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រជាជន​លីបង់ ជិត​៤​លាន​នាក់ នៅថ្ងៃអាទិត្យ ទី ៦ឧសភា បាន​ទៅ​បោះឆ្នោត​សភា ដែល​ទើប​រៀបចំ ជា​លើក​ទី​១ ក្នុង​រយៈពេល​៩ឆ្នាំ​ចុង​ក្រោយ​នេះ។ សភា​លីបង់ ​មាន​នាទី​ជ្រើសរើស​ប្រធានាធិបតី ជាអ្នកជ្រើសតាំង​បន្ត នាយករដ្ឋមន្រ្តី ដែល​តំណាង​ឲ្យ​សំឡេង​ពីរភាគបី​នៅ​រដ្ឋសភា។ ក្រុមអេស្បូឡាលីបង់ សម្ព័ន្ធមិត្ត​របស់​អ៊ីរ៉ង់ បាន​ចូលរួម​យ៉ាង​សកម្ម នៅក្នុង​ការបោះឆ្នោត ចំណែក​នាយករដ្ឋមន្រ្តី លីបង់ លោក​សាអាដ ហារីរី ដែល​គាំទ្រ​ដោយ​អារ៉ាប៊ី សាអូឌីត សត្រូវ​របស់​អ៊ីរ៉ង់ ក៏​ខំប្រឹង​ប្រជែង​ណាស់ដែរ ដើម្បី ឈ្នះ​បាន​សំឡេងភាគច្រើន​នៅ​សភា។ ទាំង​ទីតាំង​ភូមិសាស្រ្ត និង​ជីវិត​នយោបាយ​របស់​លីបង់ ស្ថិតនៅក្នុង​ជម្លោះ​ប្រទាញប្រទង់ ឥទ្ធិពល​គ្នា​រវាង​ប្រទេស​ធំពីរ គឺ អ៊ីរ៉ង់ និង​អារ៉ាប៊ី សាអូឌីត។ 

នាយករដ្ឋមន្រ្តី​លីបង់ លោក​ហារីរី បោះឆ្នោត​នៅ​ថ្ងៃអាទិត្យ​ នៅទីក្រុង​បីរូត ថ្ងៃទី ៦​ឧសភា២០១៨
នាយករដ្ឋមន្រ្តី​លីបង់ លោក​ហារីរី បោះឆ្នោត​នៅ​ថ្ងៃអាទិត្យ​ នៅទីក្រុង​បីរូត ថ្ងៃទី ៦​ឧសភា២០១៨ ©REUTERS/Jamal Saidi
ផ្សាយពាណិជ្ជកម្ម

ប្រជាជន​លីបង់ ជិត​៤លាននាក់​បាន​ទៅ​បោះឆ្នោត ផ្លាស់ប្តូរ​មុខមាត់​សមាជិក​សភា ដែល​កាន់អាសនៈ បី​អាណត្តិ​ជាប់គ្នា ដោយ​គ្មាន​ឆ្លង​ការបោះឆ្នោត។ ចាប់តាំង​ពី​ឆ្នាំ ២០០៩ រដ្ឋសភា​លីបង់​បាន​បន្ត​អាណត្តិ​របស់​ខ្លួន ដល់ទៅ​៣​ដង​ជាប់ៗគ្នា ដោយ​គ្មាន​សុំ​យោបល់​ពី​ប្រជាជន ដែល​ជា​ម្ចាស់​សន្លឹកឆ្នោត។ ដើមហេតុ​ដំបូង គឺ​កើតចេញ​មកពី​វិបត្តិ​រដ្ឋធម្មនុញ្ញ​ដែល​បាន​ធ្វើ​ឲ្យ​ជីវិត​នយោបាយ​របស់​លីបង់ ត្រូវ​ ជាប់គាំង អស់​ជាងពីរឆ្នាំ នៅ​ឆ្នាំ ២០១៤។ សភា​លីបង់​ដែល​បាន​សម្រេច​បន្ត​អាណត្តិ​របស់ខ្លួន ក៏ព្រោះតែ​ចង់​រក្សា​ស្ថិរភាព និង​ជៀសវាង​កុំ​ឲ្យ​ប្រទេស​ធ្លាក់​ចូល​ជ្រៅ ទៅក្នុង​វិបត្តិ​នយោបាយ។ មួយវិញទៀត ការសម្រេច​របស់​សភា លីបង់ នៅពេលនោះ ធ្វើឡើង នៅ​ក្រោយ​ពេលដែល​វិបត្តិ​នយោបាយ​នៅ​ស៊ីរី បាន​រុញច្រាន​ប្រទេស​ជិតខាង របស់​លីបង់ ​ធ្លាក់​ទៅក្នុង​សង្រ្គាម​ស៊ីវិល ដ៏រ៉ាំរ៉ៃ រហូត​ដល់​សព្វថ្ងៃ។

លើកនេះ លីបង់​ដែល​សម្រេច​រៀបចំ​ការបោះឆ្នោត ក៏ដោយសារ​ហេតុផល​សំខាន់​ពីរ។ ទី១ គឺ លីបង់​ទើប​ដោះស្រាយ​បាន​វិបត្តិ​រដ្ឋធម្មនុញ្ញា តាមរយៈ​ការធ្វើ វិសោធនកម្ម​ច្បាប់​បោះឆ្នោត។ ច្បាប់​បោះឆ្នោត​ថ្មី បាន​សម្រេច​កាត់បន្ថយ​ចំនួន​អ្នកតំណាងរាស្រ្ត និង​អនុញ្ញាត​ឲ្យ​អ្នកតំណាង​សង្គមស៊ីវិល អាច​ចូល​រួម ប្រកួតប្រជែង ជាមួយ​គណបក្ស​នយោបាយ នៅក្នុង​ការបោះឆ្នោត។ ហេតុផល​ទី២ ដែល​ធ្វើ​ឲ្យ​លីបង់​ត្រូវតែ​រៀបចំ​ការបោះឆ្នោត លើកនេះ គឺ ការដាក់​សម្ពាធ ហើយនិង​ការសន្យា​ផ្តល់​ជំនួយ ប្រាក់កម្ចី​ពី​សហគមន៍​អន្តរជាតិ។ នៅ​ដើមខែ​មេសា នៅក្នុង​សន្និសីទទីក្រុង​ប៉ារីស​ប្រទេស​ផ្តល់ជំនួយ​បាន​​​ដាក់លក្ខខណ្ឌ​ទាមទារ​ឲ្យ​លីបង់​ធ្វើ​កំណែទម្រង់ ក្នុង​ប្រទេស ជាថ្នូរ​នឹង​ការវិនិយោគ និង​ប្រាក់ជំនួយ ប្រមាណ ១១​ពាន់​លាន​ដុល្លារ។

លីបង់ ត្រូវការ​ចាំបាច់ ជំនួយ​ហិរញ្ញវត្ថុ​ពី​បរទេស ដើម្បី ស្រោចស្រង់​សេដ្ឋកិច្ច​ជាតិ និង​ដោះស្រាយ​វិបត្តិ​ជនភៀសខ្លួន​ស៊ីរី ដែល​មាន​ជាង​១លាននាក់ នៅក្នុង​ទឹកដី​លីបង់។ គេ​វាយតម្លៃថា ក្រៅតែ​ពី​បញ្ហា​ជនភៀសខ្លួន ស៊ីរី អស្ថិរភាព​នយោបាយ និង​អំពើពុករលួយ ជាហេតុផល​សំខាន់ ដែល​លីបង់​ដែល​ត្រូវ​គេ​ចាត់ទុក​ជា​ប្រទេស​ស្វ៊ីស​នៅ​តំបន់​ដើមបូព៌ា ដោយសារ​តែ​វត្តមាន​ធនាគារ និង​ក្រុមហ៊ុន​ហិរញ្ញវត្ថុ នោះ ត្រូវ​ធ្លាក់ខ្លួន ក្លាយ​ជាប្រទេស​មាន​បំណុលជាតិ​ច្រើនជាងគេ ទី៣ ក្នុង​លោក។

តើ​ការបោះឆ្នោត​សភា​លើកនេះ នឹងជួយ​ធ្វើ​លីបង់​ផ្លាស់ប្តូរ​មុខមាត់​ថ្មី ដែរឬទេ?

ប្រធានាធិបតី​លីបង់ ​លោក​Michel Aoun បាន​និយាយទុក​ជាមុន​រួច​ហើយថា ការបោះឆ្នោត​សភា​លើកនេះ​នឹង​មិន​ទៅ​ផ្លាស់ប្តូរ​របបនយោបាយ នៅ​លីបង់​នោះទេ។ នៅ​លីបង់ ប្រព័ន្ធ​បែងចែក​អំណាច មាន​លក្ខណៈពិសេស​ខុសប្លែក​ពី ប្រទេស​ដទៃ។ ទោះជា​លីបង់ រៀបចំ​ការបោះឆ្នោត ដែល​មាន​ការចូលរួម​ពី ប្រជាជនក្តី ប៉ុន្តែ ការបែងចែក អំណាច រវាង​គណបក្ស​សំខាន់ៗ នៅលីបង់ ត្រូវ​បាន​គេគិតគូរ ទុក​រួចជាស្រេចទៅហើយ ពោល​ធ្វើយ៉ាងម៉េច ឲ្យ​មាន​ការចូលរួម​ស្មើភាពគ្នា ពី​គ្រប់​និន្នាការ​សាសនា នៅ​លីបង់។

ជាក់ស្តែង តំណែង​ប្រធាន​របស់​សភា​លីបង់ ត្រូវ​ដែល​បែងចែក​ទៅ​ឲ្យ​គណបក្ស​ដែល​តំណាង​ឲ្យ​អ្នកកាន់​សាសនា​អ៊ីស្លាម​និកាយ​ស៊្ហីអ៊ីត។ ចំណែក​សភា ដែល​ជា​អ្នកមាន​សិទ្ធិជ្រើសរើស ប្រធានាធិបតី​លីបង់ បាន​ជ្រើសរើស លោក​Michel Aoun ដែល​កាន់​គ្រិស្ត​សាសនា។ បន្ទាប់​មក លោក​ប្រធានាធិបតី បាន​ចរចា ជាមួយ គណបក្ស​ដែល​មាន​សំឡេង​ភាគច្រើន​នៅ​រដ្ឋសភា ដើម្បី ជ្រើសតាំង នាយករដ្ឋមន្រ្តី ដែល​ដាច់ខាត​ត្រូវ​តំណាង​ឲ្យ​ប្រជាជន​អ៊ីស្លាម និកាយ ស៊ុននីត។ ប្រព័ន្ធ​បែងចែក​អំណាច​រវាងគ្នា នឹង​អនុញ្ញាត​ឲ្យ​លោក​នាយករដ្ឋមន្រ្តី​បច្ចុប្បន្ន គឺ​លោក​សាអាដ ហារីរី នៅ​បន្តធ្វើ​ជា​នាយក​រដ្ឋមន្រ្តី​របស់​លីបង់​មួយអាណត្តិទៀត។ លោក​នាយករដ្ឋមន្រ្តី​ហារីរី តំណាង​និកាយ​ស៊ុននីត គាំទ្រ​ដោយ​ប្រទេស​អារ៉ាប៊ី សាអូឌីត។ នាយករដ្ឋមន្រ្តី​ហារីរី​មាន​គូប្រជែង ធំ គឺ​ក្រុមអេស្បូឡា និកាយ​ស៊្ហីអីត ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អ៊ីរ៉ង់ ដែល​ជា​សត្រូវ​របស់​អារ៉ាប៊ី សាអូឌីត។ ការប្រឈមមុខ​ដាក់គ្នា រវាង​ភាគី​ទាំងពីរ​សឹង​តែ​ធ្វើ​ឲ្យលីបង់ វិះតែ​នឹង​ធ្លាក់​ខ្លួន​ទៅ​ក្នុង​សង្រ្គាម​ប្រដាប់អាវុធ​ម្តងៗ​រួចទៅហើយ។

សូួមអាន៖​នាយករដ្ឋមន្ត្រី​លីបង់​ មកដល់​ប៉ារីស ​តាម​ផែនការ​អន្តរាគមន៍​​របស់​​បារាំង

ប៉ុន្តែ ដោយសារ​តែ ការបែងចែក​អំណាច​រវាង​គណបក្ស មក​ពី​គ្រប់​និកាយ​សាសនា មិន​ថា អ៊ីស្លាម ឬ​គ្រិស្តសាសនា អ្នកនយោបាយ​លីបង់​នៅទីបំផុត បាន​យល់ព្រមព្រៀង ចរចា គ្នា ដោយ​សន្តិវិធី រហូតមក ដើម្បី បញ្ជៀស ប្រទេស​កុំ​ឲ្យ​ធ្លាក់​ចូល​ទៅក្នុង​ជម្លោះ​នយោបាយ រហូត​ដល់​អាច​ផ្ទុះសង្រ្គាម រវាងគ្នា ដូច​នៅ​ប្រទេស​ដើមបូព៌ា​ដទៃទៀត ជាពិសេស គឺប្រទេស​ជិតខាង​ស៊ីរីតែម្តង។ មុខមាត់​ថ្នាក់ដឹកនាំ​លីបង់​នឹង​អាច​នៅ​ដដែល ប៉ុន្តែ ត្រូវ​ប្រឈម​ដោះស្រាយ​បញ្ហា​ជាច្រើន ដែល​លីបង់​កំពុង​ជួបប្រទះ មិនថា ផ្នែក​សេដ្ឋកិច្ច បញ្ហា​ជនភៀសខ្លួន​ស៊ីរី ឬ​បញ្ហា​ពុករលួយ ដែល​ជា​ដើមហេតុ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​បរទេស​បាត់បង់​ជំនឿ​លើ​រដ្ឋាភិបាល​លីបង់ រហូត​មកនោះ។

ក្រុមអេស្បូឡា ចង់​បង្កើន​សំឡេង​នៅ​រដ្ឋសភា​លីបង់

ការបោះឆ្នោត​សភា​លើកនេះ ជា​ឱកាស​ដែល​ក្រុមអេស្បូឡា អាច​បង្កើន​សំឡេង​របស់ខ្លួន នៅក្នុង រដ្ឋសភា។ បើសិន​ក្រុម​នេះ ដែល​បាន​ទទួល​ការគាំទ្រ​រួចហើយ ពី​គណបក្ស​របស់​ប្រធានាធិបតី លោក​Michel Aoun បាន​ទទួល​សំឡេង​ច្រើន​មុន នៅ​រដ្ឋសភា នោះ​ក្រុមអេស្បូឡា ដែល​ជាក្រុមតែមួយ មិន​ព្រមដាក់អាវុធ ចុះ​នៅក្រោយ​សង្រ្គាម​ស៊ីវិល​នៅ​លីបង់ នឹង​អាច​មានទឹកមាត់ ប្រៃជាងមុន និង​អាចជំរុញ​ឲ្យ​លីបង់ ប្រកាន់​ជំហរ​កាន់តែ​ច្បាស់​ជាងមុន មិន​ថា ជាមួយ​សម្ព័ន្ធមិត្ត​អ៊ីរ៉ង់ ឬ អ៊ីស្រាអែល និង​អារ៉ាប៊ីសាអូឌីត ដែល​ជា​សត្រូវ​របស់​ខ្លួន។

ក្រុមអេស្បូឡា ត្រូវ​អាមេរិក​ចាត់ទុក​ជា​ក្រុមភេរវនិយម និង​ផ្ទាំងស៊ីប​វាយប្រហារ​របស់​អ៊ីស្រាអែល ឬ​អារ៉ាប៊ី សាអូឌីត ព្រោះ​ក្រុមអេស្បូឡា បាន​រួមដៃ​ជាមួយ កងទ័ព​អ៊ីរ៉ង់​ដែល​អ៊ីស្រាអែល និង​អារ៉ាប៊ី សាអូឌីត​ចោទប្រកាន់​ថា កំពុង​ពង្រីក ពង្រាយ​យោធា នៅក្នុង​ប្រទេស​ស៊ីរី យេម៉ែន លីបង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ