អ៊ីរ៉ាក់រៀបចំបោះឆ្នោតសភាលើកទី១ ក្រោយទទួលជោគជ័យលើអង្គការរដ្ឋអ៊ីស្លាម
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:១២
នៅថ្ងៃសៅរ៍ ទី១២ ឧសភានេះ ប្រទេសអ៊ីរ៉ាក់បានរៀបចំបោះឆ្នោតសភាដែលចូលរួមបោះឆ្នោតដោយពលរដ្ឋអ៊ីរ៉ាក់ជាង ២៤លាននាក់។ រដ្ឋាភិបាលថ្មីដែលប្រសូត្រចេញពីការបោះឆ្នោតពេលនេះមានតួនាទីរៀបចំកសាងប្រទេសឡើងវិញ បន្ទាប់ពីបានតស៊ូ ប្រយុទ្ធទល់នឹងពួកជីហាតអង្គការរដ្ឋអ៊ីស្លាមអស់រយៈពេល ៣ឆ្នាំ។ ទោះបីជាអង្គការរដ្ឋអ៊ីស្លាមបានទទួលបរាជ័យយ៉ាងជូរចត់ក៏ដោយ ក៏បញ្ហាសន្តិសុខនៅបន្តជាក្តីបារម្ភរបស់រដ្ឋាភិបាលផុតអាណត្តិសម្រាប់ការបោះឆ្នោតពេលនេះ។ លោកនាយករដ្ឋមន្រ្តីផុតអាណត្តិហៃដឺ អាល់អាបាឌីដែលបានឈរឈ្មោះមួយអាណត្តិថ្មីអាចនឹងទទួលបានផលច្រើនពីជោគជ័យលើអង្គការរដ្ឋអ៊ីស្លាម។ តែលោកអាបាឌីក៏កំពុងប្រឈមនឹងគូប្រជែងផ្សេងទៀតដែរ។
ការបោះឆ្នោតសភានៅក្នុងប្រទេសអ៊ីរ៉ាក់ត្រូវបានរៀបចំឡើងរៀងរាល់ ៤ឆ្នាំម្តងដោយផ្អែកតាមច្បាប់រដ្ឋធម្មនុញ្ញថ្មីរបស់ប្រទេស គិតតាំងពីក្រោយការដួលរំលំរបបដឹកនាំរបស់លោកសាដាំ ហ៊ូសេនក្នុងឆ្នាំ ២០០៣។ សម្រាប់ការបោះឆ្នោតសភាឆ្នាំ ២០១៨នេះ មានបេក្ខជនឈរឈ្មោះជាង ៧ ០០០នាក់ក្នុងនោះមានស្រ្តី ២ ៦០០នាក់នៅក្នុងមណ្ឌលខេត្ត ក្រុងទាំង ១៨ ដែលមានក្នុងប្រទេសអ៊ីរ៉ាក់។ ពលរដ្ឋអ៊ីរ៉ាក់ជាង ២៤លាននាក់ចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តថ្មីចំនួន ៣២៩រូបនៅក្នុងរដ្ឋសភា ក្នុងនោះ មានអសនៈចំនួន ៩ ទុកឲ្យក្រុមជនជាតិភាគតិច និង ៨៣អសនៈសម្រាប់ស្រ្តីភេទ។
មានការិយាល័យបោះឆ្នោតសរុបទាំងអស់ចំនួន ៨ ១៤៨ការិយាល័យ និងដែលការិយាល័យនីមួយៗមានបំពាក់ដោយប្រព័ន្ធបោះឆ្នោតអេឡិចត្រូនិក។ ជម្រើសយកប្រព័ន្ធបោះឆ្នោតអេឡិចទ្រូនិក គឺដើម្បីចៀសវាងការលួចបន្លំសន្លឹកឆ្នោត តែទន្ទឹមគ្នានេះ ក៏មានការរៀបចំបោះឆ្នោតដោយសន្លឹកក្រដាសសម្រាប់អ្នកបោះឆ្នោតបម្លាស់ទីជាង ២៨ម៉ឺននាក់នៅតាមជំរំចំនួន ៧០កន្លែងក្នុងខេត្តចំនួន ៨។ ចំណែកពលរដ្ឋអ៊ីរ៉ាក់រស់នៅបរទេសក៏មានសិទ្ធិចូលរួមបោះឆ្នោត និងដែលពួកបានបោះឆ្នោតរួចរាល់តាំងពីថ្ងៃព្រហស្បតិ៍ ទី១០ឧសភាទន្ទឹមគ្នានឹងកម្លាំងសន្តិសុខក្នុងស្រុក។
កំណត់សម្គាល់មួយទៀត គឺការពង្រឹងសន្តិសុខកម្រិតខ្ពស់នៅក្នុងការរៀបចំបោះឆ្នោតដោយរដ្ឋអំណាចបានដាក់ពង្រាយកម្លាំងប៉ូលិស និងទាហានជិត ៩០ម៉ឺននាក់ ព្រមទាំងដាក់បំរាមគោចរក្នុងទីក្រុងបាកដាដ និងតាមទីក្រុងធំៗជាច្រើន។ ស្របពេលគ្នានេះ ក៏មានការបិទព្រំដែន ហើយចរាចរណ៍ផ្លូវអាកាសក៏ត្រូវបានផ្អាករយៈពេល ២៤ម៉ោង។ វិធានការសន្តិសុខទាំងអស់នេះ គឺដើម្បីប្រឈមទប់នឹងការគំរាមកំហែងរបស់ពួកជីហាតអង្គការរដ្ឋអ៊ីស្លាម។
បំបាត់អំពើពុករលួយ និងបំបាត់ភាពរើសអើងសាសនា
មានប្រធានបទសំខាន់ពីរដែលបានលេចធ្លោខ្លាំងនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ទី១ បំបាត់អំពើពុករលួយ និងទី២ បំបាត់ការរើសអើងនិកាយសាសនា។ ចូរកុំភ្លេចនៅក្នុងប្រទេសអ៊ីរ៉ាក់ ពលរដ្ឋភាគច្រើនជាអ្នកកាន់សាសនាអ៊ីស្លាមនិកាយឈីអ៊ីត ហើយពួកនិកាយស៊ុយនីតមានប្រមាណ ៤០% និងនៅមានសហគមន៍សាសនាភាគតិចតូចៗជាច្រើនផ្សេងទៀត។ បេក្ខជននីមួយៗ ពិសេសលោកនាយករដ្ឋមន្រ្តីផុតអាណត្តិអាបាឌីដែលជាមាននិកាយឈីអ៊ីតបានព្យាយាមមិននិយាយពីរឿងសាសនា តែបានបង្ហាញចេញនូវកម្មវិធីនយោបាយមួយដោយលោកអំពាវនាវឲ្យមានឯកភាពអ៊ីរ៉ាក់ និងការផ្សះផ្សារ រួមទាំងសន្យាកំចាត់អំពើពុករលួយ និងការធ្វើកំណែទម្រង់ប្រទេសឲ្យបានស៊ីជម្រៅនាពេលខាងមុខ។
សូមជម្រាបជូនថានាខែកុម្ភៈកន្លងទៅថ្មីៗនេះ សន្និសីទនៃក្រុមប្រទេសផ្តល់ជំនួយឲ្យអ៊ីរ៉ាក់បានសន្យាជួយក្នុងទឹកប្រាក់ចំនួន ៣០ ០០០លានដុល្លារដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសអ៊ីរ៉ាក់ឡើងវិញ។ ហេដ្ឋារចនាសម្ព័ន្ធដែលបានខ្ទេចខ្ទីរតាំងពីក្រោយអាមេរិកចូលវាយប្រហារផ្តួលរំលំរបបរបស់លោកសាដាំ ហ៊ូសេនក្នុងឆ្នាំ ២០០៣ និងការតស៊ូប្រយុទ្ធទល់នឹងពួកជីហាតអង្គការរដ្ឋអ៊ីស្លាមក្នុងរយៈពេល ៣ឆ្នាំកន្លងទៅ។ ក្តីបារម្ភរបស់ពលរដ្ឋអ៊ីរ៉ាក់ទូទៅ គឺខ្លាចតែជំនួយសន្យាដោយអន្តរជាតិនឹងត្រូវបាត់បង់ធ្លាក់ចូលក្នុងហោប៉ៅរបស់ថ្នាក់ដឹកនាំ។ ចូរកុំភ្លេចថា អ៊ីរ៉ាក់ជាប្រទេសពុករលួយខ្លាំងដែលមន្រ្តីរដ្ឋការគ្រប់ជាន់ថ្នាក់មិនបានចែកដាច់ពីគ្នារវាងប្រយោជន៍ផ្ទាល់ខ្លួន និងប្រយោជន៍ជាតិ។
កំណត់សម្គាល់មួយទៀតនៅក្នុងការបោះឆ្នោតសភាអ៊ីរ៉ាក់ពេលនេះ គឺបរិបទតានតឹងនៅក្នុងតំបន់ប្រកបដោយគ្រោះថ្នាក់ ព្រោះចង់ឬមិនចង់ អ៊ីរ៉ាក់កំពុងក្លាយជាសមរភូមិនៃការប្រឈមមុខដាក់គ្នារវាងអ៊ីរ៉ង់ និងអាមេរិក។ អ៊ីរ៉ង់ដែលជាប្រទេសនិកាយឈីអ៊ីតកំពុងប្រើឥទ្ធិពលទៅលើបក្សនយោបាយឈីអ៊ីតដែលកំពុងមានប្រៀបនយោបាយនៅអ៊ីរ៉ាក់។ ចំណែកអាមេរិកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយកំចាត់ពួកជីហាតអង្គការរដ្ឋអ៊ីស្លាមនៅអ៊ីរ៉ាក់រហូតទទួលបានជោគជ័យយ៉ាងត្រចះត្រចង់នាខែធ្នូ ឆ្នាំ ២០១៧។
លោកអាបាឌីក្លាយជានាយករដ្ឋមន្រ្តីអាណត្តិថ្មី?
លោកអាបាឌីកំពុងទទួលប្រយោជន៍ច្រើនពីជោគជ័យលើអង្គការរដ្ឋអ៊ីស្លាមដែលអាមេរិកជាអ្នកជួយ។ ក្រោមភ្នែកច្រមុះរបស់ពលរដ្ឋអ៊ីរ៉ាក់ទូទៅ ពិសេសអ្នកដែលរស់នៅក្នុងតំបន់ដែលគ្រប់គ្រងដោយពួកជីហាតអង្គការរដ្ឋអ៊ីស្លាម ជោគជ័យលើពួកជ្រុលនិយមនេះជាជោគជ័យនយោបាយការពារជាតិរបស់លោកអាប៉ាឌី។ អ៊ីចឹងវាជារឿងធម្មតាដែលលោកអាបាឌីត្រូវតែមានមោទនភាព និងទទួលបានប្រយោជន៍នយោបាយពីជោគជ័យនេះ។ ក៏ប៉ុន្តែ នេះគ្រាន់ជាកត្តាមួយក្នុងចំណោមកត្តាសំខាន់ៗជាច្រើនទៀតដែលលោកអាបាឌីត្រូវបំពេញ បើលោកជាប់ឆ្នោតអាណត្តិថ្មី។
អ្វីដែលពលរដ្ឋអ៊ីរ៉ាក់ចង់បាន គឺកំណែទម្រង់ប្រទេសដោយចាប់ផ្តើមពីការបំបាត់អំពើពុករលួយ និងការស្តារឡើងវិញនូវឯកភាពផ្ទៃក្នុង ពិសេសបិទបញ្ចប់នូវភាពហែកហួរគ្នាតាំងពី ១៥ឆ្នាំរវាងសហគមន៍សាសនាអ៊ីស្លាមនិកាយឈីអ៊ីត និងនិកាយស៊ុយនីតទាំងនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃក៏ដូចជានៅក្នុងជីវិតនយោបាយ។ កុំថាឡើយរវាងនិកាយខុសគ្នា សូម្បីតែក្នុងនិកាយដូចគ្នាក៏មានការមិនចុះសម្រុងគ្នាដែរ។ ជាក់ស្តែងនៅក្នុងការបោះឆ្នោតលើកនេះ ក្រុមនិកាយឈីអ៊ីតរបស់លោកអាបាឌីមានបេក្ខជនផ្សេងទៀត ពិសេសលោកអតីតនាយករដ្ឋមន្រ្តីម៉ាលីគីដែលហាក់មិនទាន់បាត់កំហឹងពីការដែលលោកអាបាឌីបានកំចាត់លោកចេញពីអំណាចកាលពីឆ្នាំ ២០១៤។
តែលទ្ធផលផ្លូវការយ៉ាងនោះ គេត្រូវរង់ចាំនៅថ្ងៃអង្គារ ទី១៥ ឧសភា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ