ដើមបូព៌ា៖កំហឹងរបស់ពលរដ្ឋប៉ាឡេស្ទីនប្រឆាំងអ៊ីស្រាអែលកំពុងបន្តមានយ៉ាងខ្លាំងក្លា
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:២២
នៅតំបន់ហ្កាហ្សាក្នុងដែនដីប៉ាឡេស្ទីន ការប្រឈមមុខដាក់គ្នាយ៉ាងហិង្សារវាងហ្វូងបាតុករប៉ាឡេស្ទីន និងកម្លាំងទាហានអ៊ីស្រាអែលនាថ្ងៃចន្ទ ទី១៤ ឧសភាបានបណ្តាលឲ្យស្លាប់ពលរដ្ឋប៉ាឡេស្ទីនជិត ៦០នាក់ និងរបួសធ្ងន់ស្រាលយ៉ាងតិច ២ ៤០០នាក់ផ្សេងទៀត។ ថ្ងៃអង្គារ ទី១៦ ឧសភាជាថ្ងៃតានតឹងថ្មី ព្រោះជាថ្ងៃដែលពលរដ្ឋប៉ាឡេស្ទីនរស់ក្នុងតំបន់ហ្កាហ្សា និងតំបន់ស៊ីហ្សកដានីប្រារព្ធថ្ងៃ « ណាក្បា » ឬប្រែថា « មហន្តរាយ »។ មួយថ្ងៃ ក្រោយអំពើហិង្សាសម្លាប់ពលរដ្ឋប៉ាឡេស្ទីនពីកម្លាំងទ័ពអ៊ីស្រាអែល ប្រតិកម្ម និងវិធានការពីបរទេសកំពុងបន្តមានជាបន្តបន្ទាប់។ ក្រុមប្រឹក្សាសន្តិសុខគ្រោងនឹងកោះប្រជុំបន្ទាន់មួយតាមសំណើរបស់ប្រទេសកូវ៉ែតនៅថ្ងៃអង្គារ ទី១៥ ឧសភា។
កិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខគ្រាន់តែជាកិច្ចប្រជុំមួយធ្វើឲ្យល្អមើលប៉ុណ្ណោះ ដោយគេមិនបានទន្ទឹងរង់ចាំលទ្ធផល ឬសេចក្តីសម្រេចអ្វីធំដុំទេ។ នេះក៏ដោយសារតែគ្រប់គ្នាបានដឹងមុនថា អាមេរិកដែលជាសមាជិកមួយក្នុងចំណោមសមាជិកទាំង ១៥ប្រទេសនឹងប្រើសិទ្ធិវ៉េតូ។ កុំថាឡើយសេចក្តីសម្រេចថ្កោលទោសអ៊ីស្រាអែលក្នុងបទបាញ់សម្លាប់ពលរដ្ឋប៉ាឡេស្ទីនដែលមានតែដំបង និងដុំថ្ម និងទាមទារឲ្យបើកការស៊ើបអង្កេតឯករាជ្យមួយ សូម្បីតែសេចក្តីសម្រេចសម្តែងក្តីបារម្ភ និងចូលរួមសោកស្តាយក្នុងរឿងដ៏សោកសៅមួយនេះក៏អាមេរិកបានបោះឆ្នោតប្រឆាំងដែរ។
សូមជម្រាបជូនថានៅថ្ងៃចន្ទ ទី១៤ ឧសភា សមាជិកចំនួន ២ភាគ៣ នៃសមាជិកទាំង ១៥ ប្រទេសនៃក្រុមប្រឹក្សាសន្តិសុខបានសម្តែងក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះការមិនអនុវត្តន៍តាមសេចក្តីសម្រេចចិត្តលេខ ២០១៦ ដែលតម្រូវឲ្យអ៊ីស្រាអែលបិទបញ្ចប់ការធ្វើអាណានិគមលើដែនដីដែលប៉ាឡេស្ទីនកំពុងទាមទារបង្កើតអនាគតរដ្ឋរបស់ខ្លួន។ សេចក្តីសម្រេចចិត្តនេះត្រូវបានអាមេរិកក្នុងជំនាន់លោកបារ៉ាក់ អូបាម៉ាបោះឆ្នោតអនុប្បវាទ តែទទួលបានការគាំទ្រពីសមាជិក ១៤ប្រទេសផ្សេងទៀត។
នៅក្នុងលិខិតមួយសរសេរទៅកាន់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres ក្នុងថ្ងៃចន្ទ ទី១៤ ឧសភាដដែល សមាជិក ១០ប្រទេស មានបូលីវី ចិន កូឌីវ័រ ហ្គីណេអេក្វាទ័រ បារាំង កាហ្សាស្ថាន កូវ៉ែត ហូឡង់ ប៉េរូ និងស៊ុយអែតបានជំរុញក្រុមប្រឹក្សាសន្តិសុខឲ្យគាំទ្រលើគ្រប់សេចក្តីសម្រេចទាំងអស់ដែលបានអនុម័តកន្លងមក បើពុំនោះសោតទេ វានឹងធ្វើឱ្យខូចដល់ជំនឿទុកចិត្តរបស់ប្រព័ន្ធអន្តរជាតិ។
គឺដោយអវត្តមានសេចក្តីសម្រេចចិត្តថ្កោលទោសលើអំពើហិង្សាពីសំណាក់ក្រុមប្រឹក្សាសន្តិសុខនាថ្ងៃចន្ទ ទី១៤ ឧសភាទើបក្រុមប្រឹក្សាសន្តិសុខបានកោះប្រជុំបន្ទាន់នៅថ្ងៃអង្គារ ទី១៥ ឧសភាតាមសំណើរបស់ប្រទេសកូវ៉ែត។ ពិតណាស់ គេមិនបានរង់ចាំអ្វីធំដុំទេ តែនេះជាកាតព្វកិច្វ ហើយការដែលអាមេរិកតែម្នាក់ឯងចេះតែបន្តប្រើវ៉េតូដើម្បីការពារអ៊ីស្រាអែលគ្រប់ពេល ទោះអ៊ីស្រាអែលខុសក៏ការពារ ត្រូវក៏ការពារជាសក្ខីកម្មមួយដែលបញ្ជាក់ពីភាពកាន់តែឯកោរបស់អាមេរិកខ្លួនឯង រួមទាំងសម្ព័ន្ធមិត្តអ៊ីស្រាអែលនៅលើឆាកអន្តរជាតិ។
តួកគី និងអាហ្រ្វិកខាងត្បូងសម្រេចដកអគ្គរដ្ឋទូតរបស់ខ្លួនចេញពីអ៊ីស្រាអែល
លោកប្រមុខរដ្ឋអំណាចប៉ាឡេស្ទីនម៉ាមូត អាបាស់បានហ៊ានប្រើពាក្យ « សម្លាប់រង្គាល »។ សម្លាប់រង្គាលព្រោះថ្ងៃចន្ទ ទី១៤ ឧសភាជាថ្ងៃដែលមានមនុស្សស្លាប់យ៉ាងសម្បើមនៃជម្លោះអ៊ីស្រាអែល ប៉ាឡេស្ទីនគិតតាំងពីក្រោយសង្រ្គាមនារដូវក្តៅឆ្នាំ ២០១៤ ក្នុងតំបន់ហ្កាហ្សាដែលគ្រប់គ្រងដោយចលនាប៉ាឡេស្ទីនហាម៉ាស់។ តែសម្រាប់លោកប្រមុខរដ្ឋាភិបាលអ៊ីស្រាអែលនេតាន់យ៉ាហ៊ូ ក៏ដូចជារដ្ឋបាលអាមេរិករបស់លោកត្រាំបានចាត់ទង្វើរបស់ទាហានអ៊ីស្រាអែលថា ជាវិធានការការពារខ្លួនប្រឆាំងនឹងពួកភេរវជននៃចលនាហាម៉ាស់។ គួររម្លឹកជូនថា ចលនាប៉ាឡេស្ទីនមួយនេះដែលអ៊ីស្រាអែល និងអាមេរិកចាត់ទុកជាចលនាភេរវនិយមធ្លាប់បានធ្វើសង្រ្គាមទល់នឹងអ៊ីស្រាអែលចំនួន ៣ដងគិតតាំងពីឆ្នាំ ២០០៨។
បន្ទាប់ពីប៉ាឡេស្ទីន ប្រតិកម្មថ្កោលទោសអ៊ីស្រាអែលខ្លាំងៗក៏មានពីប្រទេសតួកគី និងអាហ្រ្វិកខាងត្បូងដែលបានសម្រេចចិត្តកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំអ៊ីស្រាអែលឲ្យត្រឡប់ចូលស្រុកវិញ។ ថ្លែងពីទីក្រុងឡុងដ៏ដែលលោកកំពុងបំពេញទស្សនកិច្ច ប្រធានាធិបតីតួកគីអ៊ែរដូហ្កានបានចោទអ៊ីស្រាអែលជារដ្ឋភេរវនិយម។ « អ្វីដែលអ៊ីស្រាអែលបានធ្វើជាអំពើប្រល័យពូជសាសន៍។ ខ្ញុំថ្កោលទោសលើសោកនាដកម្មមនុស្សធម៌នេះ និងលើអំពើប្រល័យពូជសាសន៍នេះ ទោះបីវាធ្វើឡើងដោយអ៊ីស្រាអែល ឬអាមេរិក » នេះជាការថ្លែងរបស់លោកអ៊ែរដូហ្កាន។
ប្រតិកម្មថ្កោលទោសលើទាហានអ៊ីស្រាអែលបាញ់លើបាតុករប៉ាឡេស្ទីនក៏មានពីលោកប្រធានាធិបតីបារាំងម៉ាក្រុងនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោកប្រធានរដ្ឋអំណាចប៉ាឡេស្ទីនអាបាស់។ លោកម៉ាក្រុងបានបញ្ជាក់ជាថ្មីពីការខកចិត្តរបស់បារាំងចំពោះសេចក្តីសម្រេចចិត្តរបស់អាមេរិកដែលបានរើស្ថានទូតរបស់ខ្លួនទៅដាក់ក្នុងទីក្រុងហ្សេរ៉ុយសាឡិម។ តាមលោកម៉ាក្រុង លក្ខន្តិករបស់ទីក្រុងហ្សេរ៉ុយសាឡិមនឹងត្រូវកំណត់ដោយភាគីអ៊ីស្រាអែល និងប៉ាឡេស្ទីនតាមរយៈកិច្ចចរចាក្រោមការរៀបចំរបស់អង្គការសហប្រជាជាតិ។
ពលរដ្ឋប៉ាឡេស្ទីនរៀបចំបាតុកម្មដើម្បីរម្លឹកថ្ងៃ « ណាក្បា » ឬ « មហន្តរាយ »
ថ្ងៃអង្គារ ទី១៥ ឧសភានេះ ភាពតានតឹងរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែលកំពុងមានកម្រិតខ្ពស់ ព្រោះជាថ្ងៃរម្លឹកថ្ងៃ « ណាក្បា » ឬប្រែថា « មហន្តរាយ »។ អ្វីទៅដែលគ្រប់គ្នាកំពុងរង់ចាំក្នុងថ្ងៃនេះ គឺគ្មានអ្វីក្រៅពីការប្រឈមមុខដាក់គ្នាយ៉ាងហិង្សាដូចនៅថ្ងៃចន្ទ ទី១៤ ឧសភា។ ថ្ងៃអង្គារ ទី១៥ ឧសភានេះ ពលរដ្ឋប៉ាឡេស្ទីនរស់ក្នុងតំបន់ហ្កាហ្សាដែលបិទខ្ទប់ដោយអ៊ីស្រាអែល និងតំបន់ស៊ីហ្សកដានីដែលត្រួតត្រាដោយអ៊ីស្រាអែលរៀបចំមហាបាតុកម្មដើម្បីរម្លឹកថ្ងៃ « ណាក្បា » ដែលជាថ្ងៃបង្កើតរដ្ឋអ៊ីស្រាអែលក្នុងឆ្នាំ ១៩៤៨ និងជាថ្ងៃដែលប្រជាជនប៉ាឡេស្ទីនរាប់សិបពាន់នាក់បានភៀសខ្លួនទាំងហ្វូងចេញពីដីកំណើតរបស់ខ្លួនកាលពី ៧០ឆ្នាំមុន។
អ្វីដែលអ៊ីស្រាអែលរង់ចាំ គឺអំពើហិង្សាគប់ដុំថ្ម និងដំបងពីសំណាក់បាតុករប៉ាឡេស្ទីន ហើយអ្វីដែលប៉ាឡេស្ទីនរង់ចាំវិញ គឺគ្រាប់កាំភ្លើងរបស់ទាហានអ៊ីស្រាអែល។ ដើម្បីប្រឈមនឹងអំពើហិង្សាជាថ្មី អ៊ីស្រាអែលបានបន្ថែមកម្លាំងនៅតាមព្រំដែនជាមួយតំបន់ហ្កាហ្សា ហើយនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោកនេតាន់យ៉ាហ៊ូបានព្រមានជាថ្មីពីសិទ្ធិការពារអធិបតេយ្យរបស់អ៊ីស្រាអែល។ ចំណែកប្រភពយោធាអ៊ីស្រាអែលបានព្រមានត្រង់ៗថា បើមានការប៉ះទង្គិចជាថ្មីនៅតំបន់ហ្កាហ្សា ទាហានអ៊ីស្រាអែលអាចនឹងចាត់វិធានការផ្ទាល់លើថ្នាក់ដឹកនាំចលនាហាម៉ាស់។
គួររម្លឹកជូនឡើងវិញថា តាំងពីថ្ងៃសៅរ៍ ទី៣១ មីនាមកម្ល៉េះដែលបាតុករប៉ាឡេស្ទីនរស់ក្នុងតំបន់ហ្កាហ្សាបាននាំគ្នាទៅបោះទីតាំងនៅតាមខ្សែបន្ទាត់ព្រំដែនខណ្ឌចែកតំបន់ហ្កាហ្សា និងទឹកដីអ៊ីស្រាអែល។ កម្មវត្ថុរបស់ពួកគេ គឺរៀបចំចលនាទាមទារសិទ្ធិនៃការវិលត្រឡប់របស់ជនភៀសខ្លួនប៉ាឡេស្ទីនដែលបានបង្ខំចិត្តភៀសខ្លួនចេញពីដីកំណើតរបស់ខ្លួនកាលពី ៧០ឆ្នាំមុន។ តាមគម្រោង ចលនាទាមទារនេះមានរយៈពេល ៦សប្តាហ៍ និងដែលត្រូវបិទបញ្ចប់នៅថ្ងៃទី១៥ ឧសភានេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ