ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 26/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 26/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 26/05 12h00 GMT

ដើមបូព៌ា៖​កំហឹង​របស់​ពលរដ្ឋ​ប៉ាឡេស្ទីន​ប្រឆាំង​អ៊ីស្រាអែល​កំពុង​បន្ត​មាន​យ៉ាង​ខ្លាំងក្លា

ដើមបូព៌ា៖​កំហឹង​របស់​ពលរដ្ឋ​ប៉ាឡេស្ទីន​ប្រឆាំង​អ៊ីស្រាអែល​កំពុង​បន្ត​មាន​យ៉ាង​ខ្លាំងក្លា
 
នៅ​ដើមបូព៌ា ​កំហឹង​របស់​ពលរដ្ឋ​ប៉ាឡេស្ទីន​ប្រឆាំង​អ៊ីស្រាអែល​កំពុង​បន្ត​មាន​យ៉ាង​ខ្លាំងក្លា REUTERS/Ibraheem Abu Mustafa

នៅ​តំបន់​ហ្កាហ្សា​ក្នុង​ដែនដី​ប៉ាឡេស្ទីន ការ​ប្រឈម​មុខ​ដាក់​គ្នា​យ៉ាង​ហិង្សា​រវាង​ហ្វូងបាតុករ​ប៉ាឡេស្ទីន និង​កម្លាំង​ទាហាន​អ៊ីស្រាអែល​នា​ថ្ងៃ​ចន្ទ ទី១៤ ឧសភា​បាន​បណ្តាល​ឲ្យ​ស្លាប់​ពលរដ្ឋ​ប៉ាឡេស្ទីន​ជិត ៦០នាក់ និង​របួស​ធ្ងន់ស្រាល​យ៉ាង​តិច ២ ៤០០នាក់​ផ្សេង​ទៀត។ ថ្ងៃ​អង្គារ ទី១៦ ឧសភា​ជា​ថ្ងៃ​តានតឹង​ថ្មី ព្រោះ​ជា​ថ្ងៃ​ដែល​ពលរដ្ឋ​ប៉ាឡេស្ទីន​រស់ក្នុង​តំបន់​ហ្កាហ្សា និង​តំបន់​ស៊ីហ្សកដានី​ប្រារព្ធ​ថ្ងៃ « ណាក្បា » ឬ​ប្រែ​ថា « មហន្តរាយ »។

មួយ​ថ្ងៃ ក្រោយ​អំពើហិង្សា​សម្លាប់​ពលរដ្ឋ​ប៉ាឡេស្ទីន​ពី​កម្លាំង​ទ័ពអ៊ីស្រាអែល ប្រតិកម្ម និង​វិធានការ​ពី​បរទេស​កំពុង​បន្ត​មាន​ជា​បន្តបន្ទាប់។ ក្រុមប្រឹក្សាសន្តិសុខ​គ្រោង​នឹង​កោះប្រជុំ​បន្ទាន់​មួយ​តាម​សំណើ​របស់​ប្រទេស​កូវ៉ែត​នៅ​ថ្ងៃ​អង្គារ ទី១៥ ឧសភា។

កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សាសន្តិសុខ​គ្រាន់​តែ​ជា​កិច្ចប្រជុំ​មួយ​ធ្វើ​ឲ្យ​ល្អ​មើល​ប៉ុណ្ណោះ ដោយ​គេ​មិន​បាន​ទន្ទឹង​រង់ចាំ​លទ្ធផល ឬ​សេចក្តី​សម្រេច​អ្វី​ធំដុំ​ទេ។ នេះ​ក៏​ដោយសារ​តែ​គ្រប់​គ្នា​បាន​ដឹង​មុន​ថា អាមេរិក​ដែល​ជា​សមាជិក​មួយ​ក្នុង​ចំណោម​សមាជិក​ទាំង ១៥ប្រទេស​នឹង​ប្រើ​សិទ្ធិ​វ៉េតូ។ កុំ​ថា​ឡើយ​សេចក្តីសម្រេច​ថ្កោលទោស​អ៊ីស្រាអែល​ក្នុង​បទ​បាញ់​សម្លាប់​ពលរដ្ឋ​ប៉ាឡេស្ទីន​ដែល​មាន​តែ​ដំបង និង​ដុំថ្ម និង​ទាមទារ​ឲ្យ​បើក​ការ​ស៊ើបអង្កេត​ឯករាជ្យ​មួយ សូម្បី​តែ​សេចក្តីសម្រេច​សម្តែង​ក្តីបារម្ភ និង​ចូលរួម​សោកស្តាយ​ក្នុង​រឿង​ដ៏​សោកសៅ​មួយ​នេះ​ក៏​អាមេរិក​បាន​បោះឆ្នោត​ប្រឆាំង​ដែរ។

សូម​ជម្រាប​ជូន​ថា​នៅ​ថ្ងៃ​ចន្ទ ទី១៤ ឧសភា សមាជិក​ចំនួន ២ភាគ៣ នៃ​សមាជិក​ទាំង ១៥ ប្រទេស​នៃ​ក្រុមប្រឹក្សាសន្តិសុខ​បាន​សម្តែង​ក្តី​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​មិន​អនុវត្តន៍​តាម​សេចក្តីសម្រេចចិត្ត​លេខ ២០១៦ ដែល​តម្រូវ​ឲ្យ​អ៊ីស្រាអែល​បិទបញ្ចប់​ការ​ធ្វើ​អាណានិគម​លើ​ដែនដី​ដែល​ប៉ាឡេស្ទីន​កំពុង​ទាមទារ​បង្កើត​អនាគត​រដ្ឋ​របស់​ខ្លួន។ សេចក្តីសម្រេចចិត្ត​នេះ​ត្រូវ​បាន​អាមេរិក​ក្នុង​ជំនាន់​លោក​បារ៉ាក់ អូបាម៉ា​បោះឆ្នោត​អនុប្បវាទ តែ​ទទួល​បាន​ការ​គាំទ្រ​ពី​សមាជិក ១៤ប្រទេស​ផ្សេង​ទៀត។

នៅ​ក្នុង​លិខិត​មួយ​សរសេរ​ទៅ​កាន់​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ Antonio Guterres ក្នុង​ថ្ងៃ​ចន្ទ ទី១៤ ឧសភា​ដដែល សមាជិក ១០ប្រទេស មាន​បូលីវី ចិន កូឌីវ័រ ហ្គីណេអេក្វាទ័រ បារាំង កាហ្សាស្ថាន កូវ៉ែត ហូឡង់ ប៉េរូ និង​ស៊ុយអែត​បាន​ជំរុញ​ក្រុមប្រឹក្សាសន្តិសុខ​ឲ្យ​គាំទ្រ​លើ​គ្រប់​សេចក្តីសម្រេច​ទាំង​អស់​ដែល​បាន​អនុម័ត​កន្លង​មក បើ​ពុំ​នោះ​សោត​ទេ វា​នឹង​ធ្វើ​ឱ្យ​ខូច​ដល់​ជំនឿ​ទុកចិត្ត​របស់​ប្រព័ន្ធអន្តរជាតិ។

គឺ​ដោយ​អវត្តមាន​សេចក្តីសម្រេចចិត្ត​ថ្កោលទោស​លើ​អំពើហិង្សា​ពី​សំណាក់​ក្រុមប្រឹក្សាសន្តិសុខ​នា​ថ្ងៃ​ចន្ទ ទី១៤ ឧសភា​ទើប​ក្រុមប្រឹក្សាសន្តិសុខ​បាន​កោះ​ប្រជុំ​បន្ទាន់​នៅ​ថ្ងៃ​អង្គារ ទី១៥ ឧសភា​តាម​សំណើ​របស់​ប្រទេស​កូវ៉ែត។ ពិត​ណាស់ គេ​មិន​បាន​រង់ចាំ​អ្វី​ធំដុំ​ទេ តែ​នេះ​ជា​កាតព្វកិច្វ ហើយ​ការ​ដែល​អាមេរិក​តែ​ម្នាក់​ឯង​ចេះ​តែ​បន្ត​ប្រើ​វ៉េតូ​ដើម្បី​ការពារ​អ៊ីស្រាអែល​គ្រប់​ពេល ទោះ​អ៊ីស្រាអែល​ខុស​ក៏​ការពារ ត្រូវ​ក៏​ការពារ​ជា​សក្ខីកម្ម​មួយ​ដែល​បញ្ជាក់​ពី​ភាព​កាន់​តែ​ឯកោ​របស់​អាមេរិក​ខ្លួន​ឯង រួម​ទាំង​សម្ព័ន្ធមិត្ត​អ៊ីស្រាអែល​នៅ​លើ​ឆាក​អន្តរជាតិ។

តួកគី និង​អាហ្រ្វិកខាងត្បូង​សម្រេច​ដក​អគ្គរដ្ឋទូត​របស់​ខ្លួន​ចេញ​ពី​អ៊ីស្រាអែល

លោក​ប្រមុខរដ្ឋ​អំណាច​ប៉ាឡេស្ទីន​ម៉ាមូត អាបាស់​បាន​ហ៊ាន​ប្រើ​ពាក្យ « សម្លាប់រង្គាល »។ សម្លាប់​រង្គាល​ព្រោះ​ថ្ងៃ​ចន្ទ ទី១៤ ឧសភា​ជា​ថ្ងៃ​ដែល​មាន​មនុស្ស​ស្លាប់​យ៉ាង​សម្បើម​នៃ​ជម្លោះ​អ៊ីស្រាអែល ប៉ាឡេស្ទីន​គិត​តាំង​ពី​ក្រោយ​សង្រ្គាម​នា​រដូវក្តៅ​ឆ្នាំ ២០១៤ ក្នុង​តំបន់​ហ្កាហ្សា​ដែល​គ្រប់គ្រង​ដោយ​ចលនា​ប៉ាឡេស្ទីន​ហាម៉ាស់។ តែ​សម្រាប់​លោក​ប្រមុខ​រដ្ឋាភិបាល​អ៊ីស្រាអែល​នេតាន់យ៉ាហ៊ូ ក៏​ដូច​ជា​រដ្ឋបាល​អាមេរិក​របស់​លោក​ត្រាំ​បាន​ចាត់​ទង្វើ​របស់​ទាហាន​អ៊ីស្រាអែល​ថា ជា​វិធានការ​ការពារ​ខ្លួន​ប្រឆាំង​នឹង​ពួក​ភេរវជន​នៃ​ចលនា​ហាម៉ាស់។ គួរ​រម្លឹក​ជូន​ថា ចលនា​ប៉ាឡេស្ទីន​មួយ​នេះ​ដែល​អ៊ីស្រាអែល និង​អាមេរិក​ចាត់​ទុក​ជា​ចលនា​ភេរវនិយម​ធ្លាប់​បាន​ធ្វើ​សង្រ្គាម​ទល់​នឹង​អ៊ីស្រាអែល​ចំនួន ៣ដង​គិត​តាំង​ពី​ឆ្នាំ ២០០៨។

បន្ទាប់​ពី​ប៉ាឡេស្ទីន ប្រតិកម្ម​ថ្កោលទោស​អ៊ីស្រាអែល​ខ្លាំងៗ​ក៏​មាន​ពី​ប្រទេស​តួកគី និង​អាហ្រ្វិកខាងត្បូង​ដែល​បាន​សម្រេចចិត្ត​កោះហៅ​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​ប្រចាំ​អ៊ីស្រាអែល​ឲ្យ​ត្រឡប់​ចូល​ស្រុក​វិញ។ ថ្លែង​ពី​ទីក្រុង​ឡុងដ៏​ដែល​លោក​កំពុង​បំពេញ​ទស្សនកិច្ច ប្រធានាធិបតី​តួកគី​អ៊ែរដូហ្កាន​បាន​ចោទ​អ៊ីស្រាអែល​ជា​រដ្ឋ​ភេរវនិយម។ « អ្វី​ដែល​អ៊ីស្រាអែល​បាន​ធ្វើ​ជា​អំពើ​ប្រល័យពូជសាសន៍។ ខ្ញុំ​ថ្កោលទោស​លើ​សោកនាដកម្ម​មនុស្សធម៌​នេះ និង​លើ​អំពើ​ប្រល័យពូជសាសន៍​នេះ ទោះ​បី​វា​ធ្វើ​ឡើង​ដោយ​អ៊ីស្រាអែល ឬ​អាមេរិក » នេះ​ជា​ការ​ថ្លែង​របស់​លោក​អ៊ែរដូហ្កាន។

ប្រតិកម្ម​ថ្កោលទោស​លើ​ទាហាន​អ៊ីស្រាអែល​បាញ់​លើ​បាតុករ​ប៉ាឡេស្ទីន​ក៏​មាន​ពី​លោក​ប្រធានាធិបតី​បារាំង​ម៉ាក្រុង​នៅ​ក្នុង​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​លោក​ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន​អាបាស់។ លោក​ម៉ាក្រុង​បាន​បញ្ជាក់​ជា​ថ្មី​ពី​ការ​ខកចិត្ត​របស់​បារាំង​ចំពោះ​សេចក្តីសម្រេចចិត្ត​របស់​អាមេរិក​ដែល​បាន​រើ​ស្ថានទូត​របស់​ខ្លួន​ទៅ​ដាក់​ក្នុង​ទីក្រុង​ហ្សេរ៉ុយសាឡិម។ តាម​លោក​ម៉ាក្រុង លក្ខន្តិក​របស់​ទីក្រុង​ហ្សេរ៉ុយសាឡិម​នឹង​ត្រូវ​កំណត់​ដោយ​ភាគី​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​តាម​រយៈកិច្ចចរចា​ក្រោម​ការ​រៀបចំ​របស់​អង្គការ​សហប្រជាជាតិ។

ពលរដ្ឋ​ប៉ាឡេស្ទីន​រៀបចំ​បាតុកម្ម​ដើម្បី​រម្លឹក​ថ្ងៃ « ណាក្បា »« មហន្តរាយ »

ថ្ងៃ​អង្គារ ទី១៥ ឧសភា​នេះ ភាព​តានតឹង​រវាង​ប៉ាឡេស្ទីន និង​អ៊ីស្រាអែល​កំពុង​មាន​កម្រិត​ខ្ពស់ ព្រោះ​ជា​ថ្ងៃ​រម្លឹក​ថ្ងៃ « ណាក្បា » ឬ​ប្រែ​ថា « មហន្តរាយ »។ អ្វី​ទៅ​ដែល​គ្រប់​គ្នា​កំពុង​រង់ចាំ​ក្នុង​ថ្ងៃ​នេះ គឺ​គ្មាន​អ្វី​ក្រៅ​ពី​ការ​ប្រឈម​មុខ​ដាក់​គ្នា​យ៉ាង​ហិង្សា​ដូច​នៅ​ថ្ងៃ​ចន្ទ ទី១៤ ឧសភា។ ថ្ងៃ​អង្គារ ទី១៥ ឧសភា​នេះ ពលរដ្ឋ​ប៉ាឡេស្ទីន​រស់ក្នុង​តំបន់​ហ្កាហ្សា​ដែល​បិទខ្ទប់​ដោយ​អ៊ីស្រាអែល និង​តំបន់​ស៊ីហ្សកដានី​ដែល​ត្រួតត្រា​ដោយ​អ៊ីស្រាអែល​រៀបចំ​មហាបាតុកម្ម​ដើម្បី​រម្លឹក​ថ្ងៃ « ណាក្បា » ដែល​ជា​ថ្ងៃ​បង្កើត​រដ្ឋអ៊ីស្រាអែល​ក្នុង​ឆ្នាំ ១៩៤៨ និង​ជា​ថ្ងៃ​ដែល​ប្រជាជន​ប៉ាឡេស្ទីន​រាប់សិបពាន់​នាក់​បាន​ភៀសខ្លួន​ទាំង​ហ្វូង​ចេញ​ពី​ដីកំណើត​របស់​ខ្លួន​កាល​ពី ៧០ឆ្នាំ​មុន។

អ្វី​ដែល​អ៊ីស្រាអែល​រង់ចាំ គឺ​អំពើ​ហិង្សា​គប់​ដុំថ្ម និង​ដំបង​ពី​សំណាក់​បាតុករ​ប៉ាឡេស្ទីន ហើយ​អ្វី​ដែល​ប៉ាឡេស្ទីន​រង់ចាំ​វិញ គឺ​គ្រាប់កាំភ្លើង​របស់​ទាហាន​អ៊ីស្រាអែល។ ដើម្បី​ប្រឈម​នឹង​អំពើហិង្សា​ជា​ថ្មី អ៊ីស្រាអែល​បាន​បន្ថែម​កម្លាំង​នៅ​តាម​ព្រំដែន​ជាមួយ​តំបន់​ហ្កាហ្សា ហើយ​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​លោក​នេតាន់យ៉ាហ៊ូ​បាន​ព្រមាន​ជា​ថ្មី​ពី​សិទ្ធិ​ការពារ​អធិបតេយ្យ​របស់​អ៊ីស្រាអែល។ ចំណែក​ប្រភព​យោធា​អ៊ីស្រាអែល​បាន​ព្រមាន​ត្រង់ៗ​ថា បើ​មាន​ការ​ប៉ះទង្គិច​ជា​ថ្មី​នៅ​តំបន់​ហ្កាហ្សា ទាហាន​អ៊ីស្រាអែល​អាច​នឹង​ចាត់វិធានការ​ផ្ទាល់​លើ​ថ្នាក់ដឹកនាំ​ចលនា​ហាម៉ាស់។

គួរ​រម្លឹក​ជូន​ឡើង​វិញ​ថា តាំង​ពី​ថ្ងៃ​សៅរ៍ ទី៣១ មីនា​មក​ម្ល៉េះ​ដែល​បាតុករ​ប៉ាឡេស្ទីន​រស់​ក្នុង​តំបន់​ហ្កាហ្សា​បាន​នាំ​គ្នា​ទៅ​បោះ​ទីតាំង​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​ខណ្ឌចែក​តំបន់​ហ្កាហ្សា និង​ទឹកដី​អ៊ីស្រាអែល។ កម្មវត្ថុ​របស់​ពួក​គេ គឺ​រៀបចំ​ចលនា​ទាមទារ​សិទ្ធិ​នៃ​ការ​វិលត្រឡប់​របស់​ជនភៀសខ្លួន​ប៉ាឡេស្ទីន​ដែល​បាន​បង្ខំ​ចិត្ត​ភៀសខ្លួន​ចេញ​ពី​ដីកំណើត​របស់​ខ្លួន​កាល​ពី ៧០ឆ្នាំ​មុន។ តាម​គម្រោង ចលនា​ទាមទារ​នេះ​មាន​រយៈពេល ៦សប្តាហ៍ និង​ដែល​ត្រូវ​បិទបញ្ចប់​នៅ​ថ្ងៃទី១៥ ឧសភា​នេះ៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ពលរដ្ឋ​ប៉ាឡេស្ទីន សម្រុក​ទៅ​ព្រំដែន​ប្រថុយ​ស្លាប់ ដើម្បី​ធ្វើ​បាតុកម្ម​ប្រឆាំង​អាមេរិក

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    អាមេរិក​សម្ពោធ​ស្ថានទូត​នៅ​ហ្ស៊េរុយសាឡិម ក្រោម​សន្ធឹក​នៃ​បាតុកម្ម​ប៉ាឡេស្ទីន

    ស្វែងយល់បន្ថែម

  • លោក​ម៉ះមូតអាបាស៉​សុំទោស​ចំពោះ​អ្វី​ដែល​លោក​និយាយ​ពី​រឿង​សម្លាប់រង្គាល​ជនជាតិជ្វីហ្វ

    ស្វែងយល់បន្ថែម

  • ដើមបូព៌ា-អ៊ីស្រាអែល

    ហិង្សា​ថ្មីៗ​​​បាន​​​ផ្ទុះ​​ឡើង​​នៅ​នា​​​​ឱកាស​​បាតុកម្ម​នានា​​​​​នៅតាម​​​ព្រំដែន​​រវាង​​​ហ្កាហ្សា​​និង​​អ៊ីស្រាអែល​​

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ