ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/06 12h00 GMT

ប្រទេស​អារ៉ាប់​លែង​មាន​ជំហរ​ដូចគ្នា ដើម្បី​ការពារ​​ប៉ាឡេស្ទីន

ប្រទេស​អារ៉ាប់​លែង​មាន​ជំហរ​ដូចគ្នា ដើម្បី​ការពារ​​ប៉ាឡេស្ទីន
 
បាតុករ​ប៉ាឡេស្ទីន​រងគ្រាប់ផ្សែង​ទឹកភ្នែក​របស់​ទាហាន​អ៊ីស្រាអែលនៅថ្ងៃទី១៥ ឧសភា ២០១៨ ©REUTERS/Ibraheem Abu Mustafa

អង្គការ​សហប្រតិបត្តិការ​អ៊ីស្លាម​បាន​បើក​កិច្ចប្រជុំ​នៅថ្ងៃ​សុក្រទី​១៨ ឧសភា នៅ​ប្រទេស​តួកគី នៅ​មួយ​ថ្ងៃ​ក្រោយ កិច្ចប្រជុំ​បន្ទាន់​របស់​ប្រទេស​បក្ស​សម្ព័ន្ធ​អារ៉ាប់ ដើម្បី ជជែក​ពី​អំពើ​ហិង្សា​របស់​អ៊ីស្រាអែល ទៅលើ​ប្រជាជន​ប៉ាឡេស្ទីន នៅ​តំបន់​ហ្កាហ្សា។ នៅ​ក្នុង​កិច្ចប្រជុំ​នៅទីក្រុង​គែ របស់​អេហ្ស៊ីប នៅថ្ងៃ​ម្សិលមិញ សម្ព័ន្ធអារ៉ាប់​បានទាមទារ​ឲ្យ​មាន​ការស៊ើបអង្កេត​អន្តរជាតិ និង​ឯករាជ្យ​មួយ​ទៅលើ​បទឧក្រិដ្ឋ​​ប្រព្រឹត្ត​ដោយ​ទាហាន​អ៊ីស្រាអែល ទៅលើ​ប្រជាជន​ប៉ាឡេស្ទីន។ ប្រជាជន​ប៉ាឡេស្ទីន​ដែល​បាន​ងើប​បះបោរ ប្រឆាំង​នឹង​អ៊ីស្រាអែល កាលពី​ថ្ងៃ​ចន្ទ នៅពេល​ដែល​អាមេរិក​​សម្ពោធ ស្ថានទូត​​របស់​អាមេរិក នៅ​ទីក្រុង​ជេរូសាឡឹម។

 

 

៥​ថ្ងៃ​ក្រោយ ដែល​​ប្រជាជន​ប៉ាឡេស្ទីន​​៦០​នាក់​ស្លាប់ ​ដោយសារ​គ្រាប់កាំភ្លើង​របស់​ទាហាន​អ៊ីស្រាអែលនៅ​តំបន់​ហ្កាហ្សា អង្គការ​សហប្រតិបត្តិការប្រទេស​អ៊ីស្លាម​ ដែល​ប្រមូលផ្តុំ​ប្រទេស​អ៊ីស្លាម ចំនួន ៥៩ នៅលើ​លោក បាន​បើក​កិច្ចប្រជុំ​​​នៅ​ប្រទេស​តួកគី នៅក្រោម​អធិបតីភាព​របស់​ប្រធានាធិបតី​តួកគី លោក​រេស៊ីប អ៊ែរដូហ្កាន។ នៅថ្ងៃ​ព្រហស្បតិ៍ នៅក្នុង​សេចក្តីថ្លែងការណ៍​ របស់ខ្លួន សម្ព័ន្ធអារ៉ាប់​បាន​​ទាមទារ​ឲ្យមាន​ការស៊ើបអង្កេត​អន្តរជាតិ ទៅលើ​ឧក្រិដ្ឋកម្ម​ប្រព្រឹត្ត​ដោយ​ទាហាន​អ៊ីស្រាអែល។

តួកគី​ ដែល​មិន​បាន​ចូលរួម​ នៅក្នុង​កិច្ចប្រជុំបន្ទាន់ ​របស់​បក្ស​សម្ព័ន្ធ អារ៉ាប់ ដែល​រៀបចំ​នៅទីក្រុង​គែរ ប្រទេស​អេហ្ស៊ីប កាលពី​ថ្ងៃ​ម្សិលមិញ បាន​រៀបចំ​បើកកិច្ចប្រជុំ របស់​អង្គការ​សហប្រតិបត្តិការ​អ៊ីស្លាមនៅថ្ងៃសុក្រ​នេះ។ នៅក្នុង​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្រ្តីការបរទេស​របស់​​សម្ព័ន្ធ​អារ៉ាប់ គឺ​មានការចូលរួម​តែពី​​ប្រទេស​សមាជិក​ដែល​មាន​ចំនួន ២២តែប៉ុណ្ណោះ។ ចំណែក នៅក្នុង​កិច្ចប្រជុំ​របស់​អង្គការ​សហប្រតិបត្តិការ​អ៊ីស្លាម​ មាន​ការចូលរួម​របស់​ប្រទេស​ដល់​ទៅ ៥៩ មិន​ថា ​អ៊ីរ៉ង់ កាតា ដែល​តាមពិត​ជា​គូ​សត្រូវ គូប្រជែង​របស់​ប្រទេស​អារ៉ាប់ ដឹកនាំ​មុខ​ដោយ​អារ៉ាប៊ី សាអូឌីត។

នៅ​ថ្ងៃ​បិទ​កិច្ចប្រជុំ​នៅ​អេហ្ស៊ីប កាលពីថ្ងៃ​ម្សិលមិញ សម្ព័ន្ធ​អារ៉ាប់ បាន​ទាមទារ​ឲ្យ ក្រុមប្រឹក្សា​សន្តិសុខ​​របស់​អង្គការ​សហប្រជាជាតិ បើក​ការស៊ើបអង្កេត​ទៅលើ​ឧក្រិដ្ឋកម្ម​របស់​ទាហាន​អ៊ីស្រាអែល ប្រព្រឹត្ត​ទៅលើ​ប្រជាជន​ប៉ាឡេស្ទីន។ ជា​ការទាមទារ​ដែល​នឹង​គ្មានន័យ ព្រោះថា តាំង​តែ​ពីថ្ងៃ​ចន្ទ ថ្ងៃ​ដែល​អាមេរិក​បើកសម្ពោធ​ស្ថានទូត​នៅ ជេរូសាឡឹម ដែល​បាន​បង្ក​ឲ្យ​មាន​រលក​ប្រឆាំង​តវ៉ា​របស់​ប្រជាជន​ប៉ាឡេស្ទីន និង​ការប្រឈមមុខ ដ៏ហិង្សា​នៅព្រំដែន​អ៊ីស្រាអែល ហ្កាហ្សា អាមេរិក​បាន​លើកដៃ វេតូ មិន​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ អាច​ចេញ​សេចក្តីប្រកាស សម្រេច​​ឲ្យ​​បើក​ការស៊ើបអង្កេត​ឯករាជ្យ ទៅលើ​ការប្រព្រឹត្ត​អំពើហិង្សា​ទៅលើ​ប្រជាជន​ប៉ាឡេស្ទីននោះទេ។

​​ប្រទេស​អ៊ីស្លាម​បែកបាក់​គ្នា នៅចំពោះមុខ​ការប្រព្រឹត្ត​អំពើហិង្សា​ទៅលើ​ប្រជាជន​ប៉ាឡេស្ទីន

លោក​ប្រធានាធិបតី​តួកគី រេស៊ីប អ៊ែរដូហ្កាន​សង្ឃឹម​ថា តាមរយៈ ​កិច្ចប្រជុំ​របស់​អង្គការ​សហប្រតិបត្តិការ​អ៊ីស្លាម ដែល​ប្រមូល​ផ្តុំ​ដោយ​ប្រទេស​អ៊ីស្លាម ចំនួន ៥៩ នៅក្នុង​លោក នឹង​អាច​ចេញសារ ថ្កោលទោស​ធ្ងន់ធ្ងរណាមួយ​ប្រឆាំង​នឹង​អ៊ីស្រាអែល។ ប៉ុន្តែ នៅ​លើ​ទីតាំង​ជាក់ស្តែង ការរំពឹងទុក​របស់​ប្រធានាធិបតី​តួកគី នឹង​អាច​រលាយ​បាត់ទៅវិញ ព្រោះថា នៅក្នុង​អំពើហិង្សា​ទៅលើ​ប្រជាជន​ប៉ាឡេស្ទីន​លើកនេះ ប្រទេស​អ៊ីស្លាម ដែល​ធ្លាប់​តែ​គាំទ្រ បុព្វហេតុ​ប៉ាឡេស្ទីន ប្រឈម​នឹង​រដ្ឋ​ជ្វីហ្វ​ អ៊ីស្រាអែល គឺ​មាន​ការបែកបាក់គ្នា​ខ្លាំង ដោយសារ​តែ​ជម្លោះ​ផលប្រយោជន៍ សេដ្ឋកិច្ច និង​សាសនា។ អាច​និយាយ​បាន​ថា បុព្វហេតុ​របស់​ប្រជាជន​ប៉ាឡេស្ទីន​សឹងតែ​លែង​មានន័យ​តទៅទៀត ដោយសារ​តែ​ការប្រឈម​មុខដាក់​គ្នា​រវាង​អ្នកកាន់​សាសនា​អ៊ីស្លាម ដូចគ្នា ប៉ុន្តែ និកាយ​ពីរខុសគ្នា​​នេះឯង។ អារ៉ាប៊ីសាអូឌីត និង​ប្រទេស​អារ៉ាប់​មួយចំនួន​ កាន់និកាយ​ស៊ុននីត បាន​ប្រជែង ឈ្លោះ​ជាមួយ អ៊ីរ៉ង់ ដែល​កាន់និកាយ​ស្ហ៊ីអ៊ីត។ អារ៉ាប៊ី សាអូឌីត ដែល​ធ្លាប់​គាំទ្រ​ការពារ​ប្រជាជន​ប៉ាឡេស្ទីន និងថ្កោលទោស​ការរំលោភឈ្លានពាន​ទឹកដី​របស់​អ៊ីស្រាអែល ទៅលើ​ប្រជាជន​ប៉ាឡេស្ទីន បាន​ប្តូរ​ខ្សែបន្ទាត់​នយោបាយ​របស់​ខ្លួនមក​វិញ ដោយ​បាន​ងាក​ទៅ​ចង់​ចង​សម្ព័ន្ធភាព​ជាមួយ អ៊ីស្រាអែល ព្រោះថា អ៊ីស្រាអែល មាន​សត្រូវរួមតែមួយ ​ជាមួយ អារ៉ាប៊ី សាអូឌីត នោះ​គឺ​ អ៊ីរ៉ង់។

មួយវិញទៀត ក្រៅតែ​ពី​បញ្ហា​សាសនា ក្រុមប្រទេស​របស់​អង្គការ​សហប្រតិបត្តិការ​អ៊ីស្លាម នៅ​ខ្វែងគំនិត និង​គ្មាន​ជំហរ​ដូចគ្នា ដើម្បី​ការពារ​បុព្វហេតុ​របស់​ប្រជាជន​ប៉ាឡេស្ទីននោះទេ ដោយសារ​តែ​ប្រយោជន៍​សេដ្ឋកិច្ច។ អេហ្ស៊ីប ហ្សកដានី ដែល​ទទួល​ប្រាក់​ជំនួយ ម្នាក់ៗ ជាង ១ពាន់​លាន​ដុល្លារ ក្នុង​មួយឆ្នាំៗ ពី​អាមេរិក មិន​អាចចេញមុខ ​ថ្កោលទោស​​អាមេរិក ក្នុង​រឿង​លើក​ស្ថានទូត​ទៅ​ដាក់​នៅ​ទីក្រុង​ជេរូសាឡឹម នោះ​បើ​ទោះបី​​ជា​ដឹងថា ទង្វើ​របស់​អាមេរិក​ជា​ប្រភព​នៃ​ការប្រឈមមុខ​ដ៏​ហិង្សា នៅ​តំបន់​ហ្កាហ្សា នៅ​សប្តាហ៍​នេះក្តី។

ចុងក្រោយ គេ​មិន​សង្ឃឹមថា អង្គការ​សហប្រតិបត្តិការ​អ៊ីស្លាម​នឹង​អាច​ផ្ញើសារ សំខាន់ ណាមួយនោះទេ ព្រោះ​ថា នៅក្នុង​រឿង ការពារ​គាំទ្រ​ប្រជាជន​ប៉ាឡេស្ទីន ប្រទេស​សមាជិក​របស់​អង្គការ​សហប្រតិបត្តិការ​អ៊ីស្លាម គ្មានជំហរ​ដូចគ្នានោះទេ។ តួកគី អ៊ីរ៉ង់ និង​កាតារ​ជាដើម ដែល​កំពុង​ឈ្លោះ​ការទូត​ជាមួយ​ប្រទេស​ជិតខាងខ្លួន មានទំនាក់ទំនង និង​គាំទ្រ ក្រុមហាម៉ាស ប៉ាឡេស្ទីន ដែល​អាមេរិក និង​សហភាព​អឺរ៉ុប​ចាត់ចូល​ក្នុង​បញ្ជី​ក្រុមភេរវនិយម។ ដោយសារ​តែ​គាំទ្រ ក្រុមប្រដាប់អាវុធ ហាម៉ាស ដែល​ចូលគ្រប់គ្រង​តំបន់​ហ្កាហ្សា ១២​ឆ្នាំមកហើយនេះ ​អេហ្ស៊ីប អារ៉ាប៊ីសាអូឌីត ជាដើម គឺ​មិនអាច​ចូលរួម​ជាមួយ​តួកគី ដើម្បី​ថ្កោលទោស​អ៊ីស្រាអែល​ ឬ​អាមេរិក របស់​លោកដូណាល់ ត្រាំ តាមការចង់បាន​របស់​តួកគី​នោះទេ។

នៅក្នុង​រឿង​ស៊ើបអង្កេត​ទៅលើ​ឧក្រិដ្ឋកម្ម​របស់​ទាហាន​អ៊ីស្រាអែល​លើកនេះ បើទោះបី​ជា​ក្រុមប្រឹក្សា​សន្តិសុខ មិនអាច​ចេញសេចក្តី​ថ្លែងការណ៍​ណាមួយ ដោយសារ​តែ​ការលើកដៃ​វេតូ​របស់​អាមេរិក សម្ព័ន្ធមិត្ត​របស់អ៊ីស្រាអែល អង្គការការពារ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ នៅទីក្រុង​ហ្សឺណែវ នៅថ្ងៃនេះ ក៏​បាន​បើក​កិច្ចប្រជុំ​បន្ទាន់​មួយដែរ ដើម្បី​រិះរក​មធ្យោបាយ បញ្ជូន​ក្រុមអ្នកជំនាញ​​អន្តរជាតិ ទៅ​ស៊ើបអង្កេត​នៅ​ទីតាំង​ជាក់ស្តែង នៅក្រោយ ប្រជាជន​ប៉ាឡេស្ទីនស្លាប់​ដោយសារ​គ្រាប់កាំភ្លើង​របស់​ទាហាន​អ៊ីស្រាអែល កាលពីថ្ងៃ​ចន្ទ។

 

បុព្វហេតុ​របស់ប៉ាឡេស្ទីន​កា្លយ​ជា​ឈ្នាន់​ផលប្រយោជន៍​របស់​តួកគី?

តួកគី ជា​ប្រទេស​អ៊ីស្លាម​មុនគេ ដែល​ចេញមុខ​រិះគន់​ថ្កោលទោស​អ៊ីស្រាអែល នៅក្រោយប្រជាជន​ប៉ាឡេស្ទីន​រង​ស្លាប់​ដោយសារ​គា្រប់​កាំភ្លើង​របស់​ទាហាន​អ៊ីស្រាអែល នៅ​តំបន់​ហ្កាហ្សា។ តួកគី នៅ​បាន​សម្រេច​បណ្តេញ​ឯកអគ្គរដ្ឋទូត​អ៊ីស្រាអែល ចេញពីទឹកដី​ខ្លួន​ទៀតផង ដើម្បី​សំដែង​ការមិនពេញចិត្ត​ទៅ​នឹង​ការបាញ់​បង្រ្កាប​របស់​ទាហាន​អ៊ីស្រាអែល​លើ​ប្រជាជន​ប៉ាឡេស្ទីន។

ដោយ​ចាត់វិធានការ​ទាំងនេះ រដ្ឋាភិបាល​តួកគី​របស់​លោកប្រធានាធិបតី​អ៊ែរដូហ្កាន ចង់​បង្ហាញ​ថា តួកគី​នៅ​ខាង​ប្រជាជន​ប៉ាឡេស្ទីន ជានិច្ច។ ប្រជាជន​ប៉ាឡេស្ទីន​ដែល​ចុះ​តាមផ្លូវ​លើក​បដា​គាំទ្រ​នយោបាយ​បង្រ្កាប​របស់​លោក​អ៊ែរដូហ្កាន នៅក្រោយ​រដ្ឋប្រហារ​មិន​បាន​សម្រេច​នៅ​តួកគី កាលពី​ឆ្នាំ ២០១៦។ ស្តាប់​​មួយភ្លែត គេដឹងថា តួកគី​ប្រឹងប្រែង​ខ្លាំងណាស់ ដើម្បី​ជួយ​យក​អាសារ​ប្រជាជន​ប៉ាឡេស្ទីន។ ប៉ុន្តែ ការពិត​ជាក់ស្តែង​វិញ ប្រធានាធិបតី តួកគី​ធ្វើរឿង​ទាំង​អស់​នេះឡើង ក៏​ព្រោះ​តែ​ផលប្រយោជន៍​នយោបាយ​ផ្ទាល់​ខ្លូន​​តែប៉ុណ្ណោះ។ នៅតែ​ប៉ុន្មានសប្តាហ៍​ទៀត នឹង​មានការបោះឆ្នោត​មុន​អាណត្តិ​នៅ​តួកគី។ ដោយ​សំដែង​សមានចិត្ត ជួយ​ប្រជាជន​ប៉ាឡេស្ទីន កាន់សាសនា​អ៊ីស្លាម លោក​ប្រធានាធិបតី​អ៊ែរដូហ្កាន មក​ពី ចលនា​អ៊ីស្លាម​អភិរក្ស​និយម ចង់​ទាក់ទាញ​ម្ចាស់​សំឡេងឆ្នោត អ៊ីស្លាម ដែល​មាន​ចំនួន​ច្រើន​នៅ​តួកគី តែ​ប៉ុណ្ណោះ។ ​គេនៅ​​ចាំបានថា កាលពី​៥​ខែមុន នៅពេល​លោកអ៊ែរដូហ្កាន ​ចេញមុខ​រិះគន់​អាមេរិក នៅពេល​អាមេរិក​របស់លោកដូណាល់​ ត្រាំ ប្រកាស​ទទួល​ស្គាល់​ជេរូសាឡឹមថា ​ជា​ទីក្រុង​របស់​អ៊ីស្រាអែល និង​គម្រោង​លើកស្ថានទូត​ទៅ​នៅ​ជេរូសាឡឹម លោក​អ៊ែរដូហ្កាន​បាន​ទទួល​ការគាំទ្រ ច្រើនណាស់​ពី​ប្រជាជន​អ៊ីស្លាម​នៅ​តួកគី៕

 

 


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    ដើមបូព៌ា៖​កំហឹង​របស់​ពលរដ្ឋ​ប៉ាឡេស្ទីន​ប្រឆាំង​អ៊ីស្រាអែល​កំពុង​បន្ត​មាន​យ៉ាង​ខ្លាំងក្លា

    ស្វែងយល់បន្ថែម

  • ពលរដ្ឋ​ប៉ាឡេស្ទីន សម្រុក​ទៅ​ព្រំដែន​ប្រថុយ​ស្លាប់ ដើម្បី​ធ្វើ​បាតុកម្ម​ប្រឆាំង​អាមេរិក

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    អាមេរិក​សម្ពោធ​ស្ថានទូត​នៅ​ហ្ស៊េរុយសាឡិម ក្រោម​សន្ធឹក​នៃ​បាតុកម្ម​ប៉ាឡេស្ទីន

    ស្វែងយល់បន្ថែម

  • វ៉ាស៊ីនតោន​គាំទ្រ “សិទ្ធិត​ដៃ​ដើម្បី​ការពារខ្លួន” របស់​អ៊ីស្រាអែល

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ