ប្រទេសអារ៉ាប់លែងមានជំហរដូចគ្នា ដើម្បីការពារប៉ាឡេស្ទីន
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:៣២
អង្គការសហប្រតិបត្តិការអ៊ីស្លាមបានបើកកិច្ចប្រជុំនៅថ្ងៃសុក្រទី១៨ ឧសភា នៅប្រទេសតួកគី នៅមួយថ្ងៃក្រោយ កិច្ចប្រជុំបន្ទាន់របស់ប្រទេសបក្សសម្ព័ន្ធអារ៉ាប់ ដើម្បី ជជែកពីអំពើហិង្សារបស់អ៊ីស្រាអែល ទៅលើប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា។ នៅក្នុងកិច្ចប្រជុំនៅទីក្រុងគែ របស់អេហ្ស៊ីប នៅថ្ងៃម្សិលមិញ សម្ព័ន្ធអារ៉ាប់បានទាមទារឲ្យមានការស៊ើបអង្កេតអន្តរជាតិ និងឯករាជ្យមួយទៅលើបទឧក្រិដ្ឋប្រព្រឹត្តដោយទាហានអ៊ីស្រាអែល ទៅលើប្រជាជនប៉ាឡេស្ទីន។ ប្រជាជនប៉ាឡេស្ទីនដែលបានងើបបះបោរ ប្រឆាំងនឹងអ៊ីស្រាអែល កាលពីថ្ងៃចន្ទ នៅពេលដែលអាមេរិកសម្ពោធ ស្ថានទូតរបស់អាមេរិក នៅទីក្រុងជេរូសាឡឹម។
៥ថ្ងៃក្រោយ ដែលប្រជាជនប៉ាឡេស្ទីន៦០នាក់ស្លាប់ ដោយសារគ្រាប់កាំភ្លើងរបស់ទាហានអ៊ីស្រាអែលនៅតំបន់ហ្កាហ្សា អង្គការសហប្រតិបត្តិការប្រទេសអ៊ីស្លាម ដែលប្រមូលផ្តុំប្រទេសអ៊ីស្លាម ចំនួន ៥៩ នៅលើលោក បានបើកកិច្ចប្រជុំនៅប្រទេសតួកគី នៅក្រោមអធិបតីភាពរបស់ប្រធានាធិបតីតួកគី លោករេស៊ីប អ៊ែរដូហ្កាន។ នៅថ្ងៃព្រហស្បតិ៍ នៅក្នុងសេចក្តីថ្លែងការណ៍ របស់ខ្លួន សម្ព័ន្ធអារ៉ាប់បានទាមទារឲ្យមានការស៊ើបអង្កេតអន្តរជាតិ ទៅលើឧក្រិដ្ឋកម្មប្រព្រឹត្តដោយទាហានអ៊ីស្រាអែល។
តួកគី ដែលមិនបានចូលរួម នៅក្នុងកិច្ចប្រជុំបន្ទាន់ របស់បក្សសម្ព័ន្ធ អារ៉ាប់ ដែលរៀបចំនៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប កាលពីថ្ងៃម្សិលមិញ បានរៀបចំបើកកិច្ចប្រជុំ របស់អង្គការសហប្រតិបត្តិការអ៊ីស្លាមនៅថ្ងៃសុក្រនេះ។ នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសរបស់សម្ព័ន្ធអារ៉ាប់ គឺមានការចូលរួមតែពីប្រទេសសមាជិកដែលមានចំនួន ២២តែប៉ុណ្ណោះ។ ចំណែក នៅក្នុងកិច្ចប្រជុំរបស់អង្គការសហប្រតិបត្តិការអ៊ីស្លាម មានការចូលរួមរបស់ប្រទេសដល់ទៅ ៥៩ មិនថា អ៊ីរ៉ង់ កាតា ដែលតាមពិតជាគូសត្រូវ គូប្រជែងរបស់ប្រទេសអារ៉ាប់ ដឹកនាំមុខដោយអារ៉ាប៊ី សាអូឌីត។
នៅថ្ងៃបិទកិច្ចប្រជុំនៅអេហ្ស៊ីប កាលពីថ្ងៃម្សិលមិញ សម្ព័ន្ធអារ៉ាប់ បានទាមទារឲ្យ ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ បើកការស៊ើបអង្កេតទៅលើឧក្រិដ្ឋកម្មរបស់ទាហានអ៊ីស្រាអែល ប្រព្រឹត្តទៅលើប្រជាជនប៉ាឡេស្ទីន។ ជាការទាមទារដែលនឹងគ្មានន័យ ព្រោះថា តាំងតែពីថ្ងៃចន្ទ ថ្ងៃដែលអាមេរិកបើកសម្ពោធស្ថានទូតនៅ ជេរូសាឡឹម ដែលបានបង្កឲ្យមានរលកប្រឆាំងតវ៉ារបស់ប្រជាជនប៉ាឡេស្ទីន និងការប្រឈមមុខ ដ៏ហិង្សានៅព្រំដែនអ៊ីស្រាអែល ហ្កាហ្សា អាមេរិកបានលើកដៃ វេតូ មិនឲ្យក្រុមប្រឹក្សាសន្តិសុខ អាចចេញសេចក្តីប្រកាស សម្រេចឲ្យបើកការស៊ើបអង្កេតឯករាជ្យ ទៅលើការប្រព្រឹត្តអំពើហិង្សាទៅលើប្រជាជនប៉ាឡេស្ទីននោះទេ។
ប្រទេសអ៊ីស្លាមបែកបាក់គ្នា នៅចំពោះមុខការប្រព្រឹត្តអំពើហិង្សាទៅលើប្រជាជនប៉ាឡេស្ទីន
លោកប្រធានាធិបតីតួកគី រេស៊ីប អ៊ែរដូហ្កានសង្ឃឹមថា តាមរយៈ កិច្ចប្រជុំរបស់អង្គការសហប្រតិបត្តិការអ៊ីស្លាម ដែលប្រមូលផ្តុំដោយប្រទេសអ៊ីស្លាម ចំនួន ៥៩ នៅក្នុងលោក នឹងអាចចេញសារ ថ្កោលទោសធ្ងន់ធ្ងរណាមួយប្រឆាំងនឹងអ៊ីស្រាអែល។ ប៉ុន្តែ នៅលើទីតាំងជាក់ស្តែង ការរំពឹងទុករបស់ប្រធានាធិបតីតួកគី នឹងអាចរលាយបាត់ទៅវិញ ព្រោះថា នៅក្នុងអំពើហិង្សាទៅលើប្រជាជនប៉ាឡេស្ទីនលើកនេះ ប្រទេសអ៊ីស្លាម ដែលធ្លាប់តែគាំទ្រ បុព្វហេតុប៉ាឡេស្ទីន ប្រឈមនឹងរដ្ឋជ្វីហ្វ អ៊ីស្រាអែល គឺមានការបែកបាក់គ្នាខ្លាំង ដោយសារតែជម្លោះផលប្រយោជន៍ សេដ្ឋកិច្ច និងសាសនា។ អាចនិយាយបានថា បុព្វហេតុរបស់ប្រជាជនប៉ាឡេស្ទីនសឹងតែលែងមានន័យតទៅទៀត ដោយសារតែការប្រឈមមុខដាក់គ្នារវាងអ្នកកាន់សាសនាអ៊ីស្លាម ដូចគ្នា ប៉ុន្តែ និកាយពីរខុសគ្នានេះឯង។ អារ៉ាប៊ីសាអូឌីត និងប្រទេសអារ៉ាប់មួយចំនួន កាន់និកាយស៊ុននីត បានប្រជែង ឈ្លោះជាមួយ អ៊ីរ៉ង់ ដែលកាន់និកាយស្ហ៊ីអ៊ីត។ អារ៉ាប៊ី សាអូឌីត ដែលធ្លាប់គាំទ្រការពារប្រជាជនប៉ាឡេស្ទីន និងថ្កោលទោសការរំលោភឈ្លានពានទឹកដីរបស់អ៊ីស្រាអែល ទៅលើប្រជាជនប៉ាឡេស្ទីន បានប្តូរខ្សែបន្ទាត់នយោបាយរបស់ខ្លួនមកវិញ ដោយបានងាកទៅចង់ចងសម្ព័ន្ធភាពជាមួយ អ៊ីស្រាអែល ព្រោះថា អ៊ីស្រាអែល មានសត្រូវរួមតែមួយ ជាមួយ អារ៉ាប៊ី សាអូឌីត នោះគឺ អ៊ីរ៉ង់។
មួយវិញទៀត ក្រៅតែពីបញ្ហាសាសនា ក្រុមប្រទេសរបស់អង្គការសហប្រតិបត្តិការអ៊ីស្លាម នៅខ្វែងគំនិត និងគ្មានជំហរដូចគ្នា ដើម្បីការពារបុព្វហេតុរបស់ប្រជាជនប៉ាឡេស្ទីននោះទេ ដោយសារតែប្រយោជន៍សេដ្ឋកិច្ច។ អេហ្ស៊ីប ហ្សកដានី ដែលទទួលប្រាក់ជំនួយ ម្នាក់ៗ ជាង ១ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ ពីអាមេរិក មិនអាចចេញមុខ ថ្កោលទោសអាមេរិក ក្នុងរឿងលើកស្ថានទូតទៅដាក់នៅទីក្រុងជេរូសាឡឹម នោះបើទោះបីជាដឹងថា ទង្វើរបស់អាមេរិកជាប្រភពនៃការប្រឈមមុខដ៏ហិង្សា នៅតំបន់ហ្កាហ្សា នៅសប្តាហ៍នេះក្តី។
ចុងក្រោយ គេមិនសង្ឃឹមថា អង្គការសហប្រតិបត្តិការអ៊ីស្លាមនឹងអាចផ្ញើសារ សំខាន់ ណាមួយនោះទេ ព្រោះថា នៅក្នុងរឿង ការពារគាំទ្រប្រជាជនប៉ាឡេស្ទីន ប្រទេសសមាជិករបស់អង្គការសហប្រតិបត្តិការអ៊ីស្លាម គ្មានជំហរដូចគ្នានោះទេ។ តួកគី អ៊ីរ៉ង់ និងកាតារជាដើម ដែលកំពុងឈ្លោះការទូតជាមួយប្រទេសជិតខាងខ្លួន មានទំនាក់ទំនង និងគាំទ្រ ក្រុមហាម៉ាស ប៉ាឡេស្ទីន ដែលអាមេរិក និងសហភាពអឺរ៉ុបចាត់ចូលក្នុងបញ្ជីក្រុមភេរវនិយម។ ដោយសារតែគាំទ្រ ក្រុមប្រដាប់អាវុធ ហាម៉ាស ដែលចូលគ្រប់គ្រងតំបន់ហ្កាហ្សា ១២ឆ្នាំមកហើយនេះ អេហ្ស៊ីប អារ៉ាប៊ីសាអូឌីត ជាដើម គឺមិនអាចចូលរួមជាមួយតួកគី ដើម្បីថ្កោលទោសអ៊ីស្រាអែល ឬអាមេរិក របស់លោកដូណាល់ ត្រាំ តាមការចង់បានរបស់តួកគីនោះទេ។
នៅក្នុងរឿងស៊ើបអង្កេតទៅលើឧក្រិដ្ឋកម្មរបស់ទាហានអ៊ីស្រាអែលលើកនេះ បើទោះបីជាក្រុមប្រឹក្សាសន្តិសុខ មិនអាចចេញសេចក្តីថ្លែងការណ៍ណាមួយ ដោយសារតែការលើកដៃវេតូរបស់អាមេរិក សម្ព័ន្ធមិត្តរបស់អ៊ីស្រាអែល អង្គការការពារសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ នៅថ្ងៃនេះ ក៏បានបើកកិច្ចប្រជុំបន្ទាន់មួយដែរ ដើម្បីរិះរកមធ្យោបាយ បញ្ជូនក្រុមអ្នកជំនាញអន្តរជាតិ ទៅស៊ើបអង្កេតនៅទីតាំងជាក់ស្តែង នៅក្រោយ ប្រជាជនប៉ាឡេស្ទីនស្លាប់ដោយសារគ្រាប់កាំភ្លើងរបស់ទាហានអ៊ីស្រាអែល កាលពីថ្ងៃចន្ទ។
បុព្វហេតុរបស់ប៉ាឡេស្ទីនកា្លយជាឈ្នាន់ផលប្រយោជន៍របស់តួកគី?
តួកគី ជាប្រទេសអ៊ីស្លាមមុនគេ ដែលចេញមុខរិះគន់ថ្កោលទោសអ៊ីស្រាអែល នៅក្រោយប្រជាជនប៉ាឡេស្ទីនរងស្លាប់ដោយសារគា្រប់កាំភ្លើងរបស់ទាហានអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា។ តួកគី នៅបានសម្រេចបណ្តេញឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ចេញពីទឹកដីខ្លួនទៀតផង ដើម្បីសំដែងការមិនពេញចិត្តទៅនឹងការបាញ់បង្រ្កាបរបស់ទាហានអ៊ីស្រាអែលលើប្រជាជនប៉ាឡេស្ទីន។
ដោយចាត់វិធានការទាំងនេះ រដ្ឋាភិបាលតួកគីរបស់លោកប្រធានាធិបតីអ៊ែរដូហ្កាន ចង់បង្ហាញថា តួកគីនៅខាងប្រជាជនប៉ាឡេស្ទីន ជានិច្ច។ ប្រជាជនប៉ាឡេស្ទីនដែលចុះតាមផ្លូវលើកបដាគាំទ្រនយោបាយបង្រ្កាបរបស់លោកអ៊ែរដូហ្កាន នៅក្រោយរដ្ឋប្រហារមិនបានសម្រេចនៅតួកគី កាលពីឆ្នាំ ២០១៦។ ស្តាប់មួយភ្លែត គេដឹងថា តួកគីប្រឹងប្រែងខ្លាំងណាស់ ដើម្បីជួយយកអាសារប្រជាជនប៉ាឡេស្ទីន។ ប៉ុន្តែ ការពិតជាក់ស្តែងវិញ ប្រធានាធិបតី តួកគីធ្វើរឿងទាំងអស់នេះឡើង ក៏ព្រោះតែផលប្រយោជន៍នយោបាយផ្ទាល់ខ្លូនតែប៉ុណ្ណោះ។ នៅតែប៉ុន្មានសប្តាហ៍ទៀត នឹងមានការបោះឆ្នោតមុនអាណត្តិនៅតួកគី។ ដោយសំដែងសមានចិត្ត ជួយប្រជាជនប៉ាឡេស្ទីន កាន់សាសនាអ៊ីស្លាម លោកប្រធានាធិបតីអ៊ែរដូហ្កាន មកពី ចលនាអ៊ីស្លាមអភិរក្សនិយម ចង់ទាក់ទាញម្ចាស់សំឡេងឆ្នោត អ៊ីស្លាម ដែលមានចំនួនច្រើននៅតួកគី តែប៉ុណ្ណោះ។ គេនៅចាំបានថា កាលពី៥ខែមុន នៅពេលលោកអ៊ែរដូហ្កាន ចេញមុខរិះគន់អាមេរិក នៅពេលអាមេរិករបស់លោកដូណាល់ ត្រាំ ប្រកាសទទួលស្គាល់ជេរូសាឡឹមថា ជាទីក្រុងរបស់អ៊ីស្រាអែល និងគម្រោងលើកស្ថានទូតទៅនៅជេរូសាឡឹម លោកអ៊ែរដូហ្កានបានទទួលការគាំទ្រ ច្រើនណាស់ពីប្រជាជនអ៊ីស្លាមនៅតួកគី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ