អានតួអត្ថបទ

កិច្ច​ប្រជុំ​កំពូល​ក្រុម​​ប្រទេស​អ៊ីស្លាម ជំរុញ​ឱ្យ​មាន​កង​កម្លាំង​អន្តរ​ជាតិ​​ការពារ​ប្រជាជន​ប៉ាឡេស្ទីន

ក្រុម​មេ​ដឹក​នាំ​ជាន់​ខ្ពស់​​ប្រទេស​អ៊ីស្លាម​​បាន​ជួប​ពិភាក្សា​គ្នា​ នៅ​ក្នុង​ទី​ក្រុង​ អ៊ី​ស្តង់​ប៊ុល​ ប្រទេស​តួក​គី​ កាល​ពី​ថ្ងៃ​សុ​ក្រ​ម្សិល​មិញ​ ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​ការ​ពារ​ប្រជាជន​ប៉ាឡេស្ទីន​ តាម​រយៈ​ការ​បង្កើត​ឲ្យ​មាន​កង​កម្លាំង​អន្តរជាតិ​មួយ​។ កិច្ច​ប្រជុំ​កំពូល​នេះ​ ត្រូវ​បាន​ប្រារព្ឋ​ធ្វើ​ នៅ​តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​ប្រធានាធិបតី​តួកគី​ លោក​អ៊ែរដូហ្កាន​ថ្លែង​ឲ្យ​មាន​ការ​សាមគ្គី​គ្នា​ រវាង​ប្រទេស​អ៊ីស្លាម​ ក្នុង​ការ​ការ​ពារ​ប្រជាជាន​ប៉ាឡេស្ទីន​ ពី​ការ​វាយ​ប្រហារ​ដោយ​ប្រទេស​អ៊ីស្រាអែល​។

ប្រធានាធិបតីតួកគីលោក អ៊ែរដូហ្កាន ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅចុងបញ្ចប់នៃកិច្ចប្រជុំវិសាមញ្ញរបស់អង្គការសហប្រតិបត្តិការអ៊ីស្លាម (OIC) នៅថ្ងៃទី ១៩ ខែឧសភាឆ្នាំ២០១៨
ប្រធានាធិបតីតួកគីលោក អ៊ែរដូហ្កាន ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅចុងបញ្ចប់នៃកិច្ចប្រជុំវិសាមញ្ញរបស់អង្គការសហប្រតិបត្តិការអ៊ីស្លាម (OIC) នៅថ្ងៃទី ១៩ ខែឧសភាឆ្នាំ២០១៨ Kayhan Ozer/Pool via Reuters
ផ្សាយពាណិជ្ជកម្ម

អង្គការ​សហប្រតិបត្ដិការ​អ៊ីស្លាម​ ហៅ​កាត់​ថា​ OIC ​ដែល​មាន​សមាជិក​ចំនួន​ ៥៧​ ប្រទេស​ បាន​ពិភាក្សា​គ្នា​យ៉ាង​យក​ចិត្ត​ទុក​ដាក់​  ក្រោយ​ពេល​ដែល​ប្រជាជន​ប៉ាឡេស្ទីនចំ​នួន ​​៦០​នាក់​បានស្លាប់ ​ដោយសារការបាញ់កាំភ្លើងពីសំណាក់ទាហាន​អ៊ីស្រាអែលនៅ​តំបន់​ហ្កាហ្សា កាល​ពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ​។

ថ្លែង​នៅ​ឯ​ពិធី​បើក​នៃ​កិច្ច​ប្រជុំ​កំពូល​នេះ​ ប្រធានាធិបតី​តួកគី​លោក​អ៊ែរ​ ដូហ្កាន​ បាន​ប្រៀប​ប្រដូច​ទង្វើ​របស់​អ៊ីស្រាអែល​នេះ​ ទៅ​នឹង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​របស់​ពួក​ណាហ្ស៊ី​ជ្រុល​និយម​អាឡឺម្ល៉ង់​ ដែល​បាន​សម្លាប់​ពួក​ជ្វីហ្វ​ យ៉ាង​រង្គាល​កំឡុង​សង្គ្រាម​លោក​លើក​ទី​២​។

ទាក់​ទង​រឿង​នេះ​ដែរ​ នាយក​រដ្ឋ​មន្ត្រី​ប៉ា​ឡេ​ស្ទីន​លោក​ Rami Hamdallah ​បាន​និយាយ​នៅ​ក្នុង​ជំនួប​កំពូល​នេះ​ថា​ សហរដ្ឋ​អាមេរិក​ កំពុង​ព្យាយាម​បង្ក​ជម្លោះ​សាសនា​នៅ​ក្នុង​តំបន់​តាម​រយៈ​ការ​ផ្លាស់ប្តូរ​ស្ថានទូត​របស់​ខ្លួន​ ទៅ​កាន់​ក្រុង​ហ្សេរ៉ូសាឡឹម​។

ទោះ​ជា​យ៉ាងណាក្តី​ ក្រុម​ប្រទេស​សមាជិក​អង្គការ​សហប្រតិបត្ដិការ​អ៊ីស្លាម​ នៅ​មិន​ទាន់​រួបរួម​គ្នា​បាន​ល្អ​នៅ​ឡើយ​ក្នុង​ការ​ដោះស្រាយ​ទុក្ខ​វេទនា​ ដែល​ប្រជាជន​ប៉ាឡេស្ទីន​ជួប​ប្រទះ​។ ហេតុផល​នៅ​ពីក្រោយ​នេះ​ ក៏ព្រោះ​តែ​ប្រទេស​សមាជិក​អង្គការ​សហប្រតិបត្ដិការ​អ៊ីស្លាម​ ដែល​ជា​តួអង្គ​សំខាន់ៗ​ មាន​ជម្លោះ​រវាង​គ្នា​។ តួយ៉ាង​ ភាព​មិន​ចុះ​សម្រុង​គ្នា​រវាង​ក្រុម​កាន់​និកាយ ​ស្ហ៊ីអ៊ីត​អ៊ីរ៉ង់ ជាមួយ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ ដែល​កាន់​និកាយ​ស៊ុននីត​ ហើយ​បញ្ហា​នេះ​តែង​តែ​បង្ក​ឱ្យ​មាន​ភាព​ស្មុគស្មាញ​ ក្នុង​ការ​អនុម័ត​វិធានការ​ណា​មួយ​ តប​តរទៅ​កាន់​ប្រទេស​អ៊ីស្រាអែល​ នៅ​ពេល​វាយ​ប្រហារ​ប្រជាជន​ប៉ាឡេស្ទីន​ម្តងៗ​។

គួរ​បញ្ជាក់​ជូន​ថា​ នេះ​ជា​កិច្ច​ប្រជុំ​លើក​ទី ​២​ហើយ​ របស់​អង្គការ​រប្រទេសអ៊ីស្លាម​ OIC​។ ជំនួប​លើក​ទី១​ បាន​ធ្វើ​ឡើង​កាល​ពី​ចុង​ខែ​ធ្នូ​ ឆ្នាំ២០១៧ ​ដើម្បី​ថ្កោល​ទោស​ការ​សម្រេច​ចិត្ត​របស់​ប្រធានាធិបតី​អាមេរិក​ លោក ដូណាល់​ ត្រាំ​ ដែល​បាន​ទទួល​ស្គាល់​ក្រុង​ហ្ស៉េរ៉ូសាឡឹម​ ថា​ជា​រដ្ឋធានី​នៃ​ប្រទេស​អ៊ីស្រាអែល​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ