អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វី​បាន​ជា​ប្រជាជន​ប៉ាឡេស្ទីន​បារម្ភ​​ខ្លាំង​ពី​ស្ថានភាព​សុខភាព​របស់​លោក​ម៉ាមូដ អាបាស់?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ដែនដី​ប៉ាឡេស្ទីន ក្តី​បារម្ភ​កំពុង​កើត​មាន​ខ្លាំង​នៅ​ជុំវិញ​ស្ថានភាព​សុខភាព​របស់​លោក​ប្រធាន​រដ្ឋអំណាច​ម៉ាមូដ អាបាស់។ តាំង​ពី​ថ្ងៃ​អាទិត្យ ទី២០ ឧសភា លោក​អាបាស់​ត្រូវ​បាន​គេ​ដឹក​ចូល​ពេទ្យ​ជា​ថ្មី​ដើម្បី​សម្រាក​ព្យាបាល​ជម្ងឺ។ ទោះ​បី​ជា​ប្រភព​ផ្លូវការ​បាន​ធានា​ពី​ស្ថានភាព​សុខភាព​មិន​ធ្ងន់ធ្ងរ​របស់​លោក​អាបាស់​ក៏​ដោយ ក៏​ពលរដ្ឋ​ប៉ាឡេស្ទីន​ទូទៅ​កំពុង​ខ្វាយខ្វាល់​យ៉ាង​ខ្លាំង។ អ្វី​ដែល​ពួក​គេ​បារម្ភ​ខ្លាំង គឺ​ស្ថានការណ៍​ច្របូកច្របល់​នៅ​ដែនដី​ប៉ាឡេស្ទីន បើ​អត់​ពី​លោក​អាបាស់។ ហេតុអ្វី​បាន​ជា​លោក​អាបាស់​ជា​បុគ្គលសំខាន់​សម្រាប់​ពលរដ្ឋ​ប៉ាឡេស្ទីន?

លោក​ប្រមុខ​រដ្ឋអំណាច​ប៉ាឡេស្ទីន Mahmoud Abbas
លោក​ប្រមុខ​រដ្ឋអំណាច​ប៉ាឡេស្ទីន Mahmoud Abbas REUTERS/Mohamad Torokman
ផ្សាយពាណិជ្ជកម្ម

វា​ពិត​ជា​មិន​ធម្មតា​ដែល​ក្នុង​មួយ​សប្តាហ៍ លោក​ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន​ម៉ាមូដ អាបាស់​បាន​ចូល​សម្រាក​ព្យាបាល​ជម្ងឺ​ក្នុង​មន្ទីរពេទ្យ​ដល់​ទៅ ៣ដង។ នៅ​ពីរ​លើក​ដំបូង ជា​ការ​វះ​កាត់​ត្រចៀក ហើយ​នៅ​លើក​នេះ ជា​ការ​ព្យាបាល​ជម្ងឺ​ផ្តាសាយ និង​មាន​ការ​ចុកចាប់​នៅ​ដើមទ្រូង។ អ្វី​ដែល​ប្រភព​ផ្លូវការ​ចង់​បញ្ជាក់​នោះ​គឺ​ថា លោក​អាបាស់​គ្មាន​ជម្ងឺ​អ្វី​ធ្ងន់ធ្ងរ​ដែល​គួរ​ឲ្យ​បារម្ភ​ទេ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី ស្ថានភាព​សុខភាព​របស់​លោក​អាបាស់​បាន​និង​កំពុង​ធ្វើ​ឲ្យ​ពលរដ្ឋ​ប៉ាឡេស្ទីន​ទូទៅ​ព្រួយបារម្ភ​យ៉ាង​ក្រែលែង។ ពាក្យ​ចចាមអារ៉ាម​ដែល​គេ​បាន​ឮ​ចេញ​ពី​បបូរមាត់​ប៉ាឡេស្ទីន​ភាគ​ច្រើន​នោះ​គឺ​ថា បើ​មាន​រឿង​អាក្រក់​កើត​ឡើង​ដល់​ជីវិត​របស់​លោក​អាបាស់ ស្ថានការណ៍​នឹង​ច្បាស់​ជា​ច្របូលច្របល់​ខ្លាំង។

មាន​អាយុ ៨៣ឆ្នាំ និង​ក្រៅ​ពី​ជា​ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន លោក​ម៉ាមូដ អាបាស់​ក៏​ជា​ប្រធាន​ចលនា​ប៉ាឡេស្ទីន​ហ្វាតា​ដែរ។ គួរ​រម្លឹក​ជូន​ថា​សព្វថ្ងៃ​នេះ ដែនដី​ប៉ាឡេស្ទីន​កំពុង​គ្រប់គ្រង​ដោយ​ចលនា​ប៉ាឡេស្ទីន​ពីរ គឺ​ចលនា​ហ្វាតា​នៅ​តំបន់​ស៊ីហ្សកដានី និង​ចលនា​ហាម៉ាស់​នៅ​តំបន់​ហ្កាហ្សា។ គេ​អាច​ប្រដូច​ចលនា​ហាម៉ាស់ និង​ចលនា​ហ្វាតា​ទៅ​នឹង​បក្សនយោបាយ​ដែល​មាន​គោលជំហរ និង​កម្មវត្ថុ​នយោបាយ​មិន​ដូច​គ្នា​ទេ ពិសេស​នៅ​ក្នុង​កិច្ចចរចា​ស្វែង​រក​សន្តិភាព​ជាមួយ​ប្រទេស​អ៊ីស្រាអែល។ ភាព​ប្រទូស្ត្រាយ​ខ្លាំង​រវាង​ចលនា​ប៉ាឡេស្ទីន​ទាំង​ពីរ​បាន​កើត​ឡើង​ក្នុង​ឆ្នាំ ២០០៧ ក្រោយ​ពី​ពួក​ហាម៉ាស់​បាន​បណ្តេញ​ពួក​ហ្វាតា​ចេញ​ពី​តំបន់​ហ្កាហ្សា។

អ្វី​ជា​ការ​កត់សម្គាល់ ហ្វាតា​ជា​ចលនា​ប៉ាឡេស្ទីន​កណ្តាលនិយម​ទទួល​ស្គាល់​ដោយ​សហគមន៍​អន្តរជាតិ និង​ដែល​អ៊ីស្រាអែល​បាន​ចាត់​ទុក​ជា​ដៃគូ​ចរចា​តែ​មួយ​គត់​ដើម្បី​ស្វែង​រក​សន្តិភាព។ រីឯ​ហាម៉ាស់​ជា​ចលនា​ប៉ាឡេស្ទីន​និយមជ្រុល​ដែល​ប្រកាន់​ជំហរ​ដាច់​ខាត​មិន​ទទួល​ស្គាល់​ដែនដី​ស្របច្បាប់​របស់​អ៊ីស្រាអែល និង​ត្រូវ​បាន​ប្រទេស​បស្ចិមលោក​មួយ​ចំនួន ដូច​យ៉ាង​អាមេរិក​ចាត់​ទុក​ជា​ចលនា​ភេរវនិយម។ ជា​រឿយៗ ចលនា​ប៉ាឡេស្ទីន​ទំាង​ពីរ​នេះ​តែងតែ​ព្យាយាម​ចរចា​គ្នា​ដើម្បី​អាច​បង្កើត​ឲ្យ​បាន​នូវ​រដ្ឋាភិបាល​ឯកភាពជាតិ​មួយ​តំណាង​ឲ្យ​ប៉ាឡេស្ទីន​ទាំង​មូល។ សូម​ជម្រាប​ជូន​ថា លោក​ម៉ាមូដ អាបាស់​បាន​ជាប់​ឆ្នោត​ជា​ប្រធាន​រដ្ឋ​អំណាច​ប៉ាឡេស្ទីន​ដំបូង​ក្នុង​ឆ្នាំ ២០០៥ សម្រាប់​អាណត្តិ ៤ឆ្នាំ ពោល​តាំង​ពី​ការ​ចែកឋាន​របស់​លោក​យ៉ាសេ អារ៉ាហ្វាត។

តែ​ដោយ​មិន​អាច​រៀបចំ​បោះឆ្នោត​ជ្រើសរើស​ប្រធាន​ថ្មី​បាន​ដោយសារ​តែ​ភាព​ប្រេះឆា និង​ភាព​ជាប់គាំង​នយោបាយ​ផ្ទៃក្នុង តំណែង​ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន​មួយ​នេះ​ក៏​ត្រូវ​បាន​បន្ត​ស្ថិត​ក្នុង​ដៃ​របស់​លោក​អាបាស់​មក​ដល់​សព្វថ្ងៃ។ ប្រជាជន​ប៉ាឡេស្ទីន​ទូទៅ​មិន​ជំទាស់​នឹង​ការ​មាន​ប្រធាន​រដ្ឋអំណាច​ថ្មី​ចូល​ជំនួស​លោក​អាបាស់​ទេ តែ​បញ្ហា​នៅ​ត្រង់​ថា​មក​ទល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ឃើញ​មាន​បេក្ខជន​លេច​ធ្លោ​ណា​ម្នាក់​ដែល​អាច​ទទួល​យក​បាន ហើយ​រូប​លោក​អាបាស់​ខ្លួន​ឯង​ក៏​មិន​ដែល​បាន​និយាយ​ពី​ឈ្មោះ​ឥស្សរជន​ណា​ម្នាក់​ដែល​អាច​ស្នង​តំណែង​ពី​លោក​ដែរ។ នៅ​ត្រង់​ចំណុច​នេះ​មាន​ការ​លើក​ឡើង​ថា មិនមែន​គ្មាន​ឥស្សរជន​ដែល​អាច​ឡើង​ជំនួស​កន្លែង​លោក​អាបាស់​បាន​ទេ តែ​មក​ពី​រូប​លោក​អាបាស់​ខ្លួន​ឯង​ព្យាយាម​មិន​ចង់​ជ្រើសតាំង​អ្នក​ថ្មី។

ពិត​ណាស់ ការ​បន្ត​រក្សា​ទុក​មនុស្ស​ដដែល​ឲ្យ​ដឹកនាំ​អាច​គ្រាន់​បើ​ជាង​យក​មនុស្ស​ថ្មី​ទៅ​ជំនួស តែ​គេ​មិន​ប្រាកដ​ថា ការ​ដាក់​មនុស្ស​ថ្មី​ជំនួស​មនុស្ស​ចាស់​មិន​ច្បាស់​ជា​អន់​ជាង​អ្នក​កាន់តំណែង​ដុះស្លែ​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ស្ថានភាព​សុខភាព​របស់​លោក​អាបាស់​កំពុង​បន្ត​ជា​ក្តីបារម្ភ​របស់​ពលរដ្ឋ​ប៉ាឡេស្ទីន​ក៏​ដូច​ជា​សហគមន៍​អន្តរជាតិ។ សម្រាប់​ពួក​គេ ការ​បាត់បង់​លោក​អាបាស់​នៅ​ថ្ងៃ​ណា​មួយ​នឹង​ធ្វើ​ឲ្យ​ស្ថានការណ៍​ច្របូកច្របល់​ខ្លាំង។ ពិត​ណាស់​ថា​ជាមួយ​លោក​អាបាស់ ប៉ាឡេស្ទីន​នៅ​មិន​ទាន់​អាច​រក​បាន​សន្តិភាព​ជាមួយ​អ៊ីស្រាអែល និង​នៅ​មិន​ទាន់​អាច​បង្រួបបង្រួម​ចលនា​ប៉ាឡេស្ទីន​ទាំង​ពីរ​មែន តែ​យ៉ាង​ហោច​ណាស់ លោក​អាបាស់​នៅ​បន្ត​ជា​អ្នកតំណាង​ប៉ាឡេស្ទីន​ស្រប​ច្បាប់​ដែល​អ៊ីស្រាអែល​បន្ត​និយាយ​រក និង​ដែល​សហគមន៍​អន្តរជាតិ​ទទួល​ស្គាល់​ពេញ​មាត់។

តែ​អ្វី​ដែល​ពលរដ្ឋ​ប៉ាឡេស្ទីន​ចង់​បាន​ជា​អាទិភាព​នៅ​ចំពោះ​មុខ គឺ​ការ​បង្រួបបង្រួម​ចលនា​ប៉ាឡេស្ទីន​ទាំង​ពីរ​ដោយ​ខាន​ពុំ​បាន ព្រោះ​ថា បើ​រវាង​គ្នា​ឯង​នៅ​មិន​ទាន់​អាច​និយាយ​ចុះ​សម្រុង​គ្នា​ផង តើ​ធ្វើ​ដូចម្តេច​នឹង​មាន​ទឹកមាត់​ប្រៃ​អាច​ទៅ​និយាយ​ជាមួយ​អ្នក​ផ្សេង​ដើម្បី​អាច​ឲ្យ​គេ​ជឿ​ទុក​ចិត្ត​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ