អ៊ីរ៉ង់ប្រកាសបង្កើនសមត្ថភាពចម្រើនធាតុអ៊ុយរ៉ាញ៉ូម ដាក់សម្ពាធសហគមន៍អន្តរជាតិ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:៥៤
ថ្ងៃអង្គារនេះ អ៊ីរ៉ង់ជូនដំណឹងទៅទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិAIEA ពីការបង្កើនសមត្ថភាពចម្រើនធាតុអ៊ុយរ៉ាញ៉ូមរបស់ខ្លួន។ អ៊ីរ៉ង់ចាប់ផ្តើមដំណើរការទាក់ទងកម្មវិធីបង្កើនសមត្ថភាពចម្រើនធាតុអ៊ុយរ៉ាញ៉ូម នៅថ្ងៃអង្គារនេះហើយ។ ទន្ទឹមនេះដែរ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលកំពុងទស្សនកិច្ចនៅអឺរ៉ុប បញ្ចុះបញ្ចូលអោយអាល្លឺម៉ង់ បារាំង និងអង់គ្លេស មើលជំហរពួកគេចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ និងធ្វើយ៉ាងណាទប់ស្កាត់ឥទ្ធិពលអ៊ីរ៉ង់ក្នុងតំបន់បូព៌ា។
ការប្រកាសបង្កើនសមត្ថភាពចម្រើនធាតុអ៊ុយរ៉ាញ៉ូម ជាការព្រមានអឺរ៉ុបនិងអ៊ីស្រាអែល
ការដែលអ៊ីរ៉ង់ជូនដំណឹងទៅទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិAIEAពីការបង្កើនសមត្ថភាពចម្រើនធាតុអ៊ុយរ៉ាញ៉ូម ជាការដាក់សម្ពាធលើស្ថាប័នAIEA ក៏ដូចជាប្រទេសមហាអំណាចដែលជាប្រទេសហត្ថលេខីលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់២០១៥។ ឃើញថា អ៊ីរ៉ង់មិនខ្លាចនឹងដើរចេញពីកិច្ចព្រមព្រៀងនេះទេ ទោះបីជាត្រូវប្រថុយប្រឈមឡើងវិញនឹងទណ្ឌកម្មអន្តរជាតិក៏ដោយ។
សម្ពាធអ៊ីរ៉ង់ពេលនេះ អាចដោយសារតែអ៊ីរ៉ង់ឃើញថា អ៊ីស្រាអែលដែលជាសត្រូវរបស់អ៊ីរ៉ង់ កំពុងបញ្ចុះបញ្ចូលប្រទេសហត្ថលេខីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអោយមើលជំហរពួកគេឡើងវិញ ចំពោះកិច្ចព្រមព្រៀងនេះ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល នេតាន់យ៉ាហ៊ូ កំពុងបំពេញទស្សនកិច្ចនៅអឺរ៉ុប ក្នុងទិសដៅនេះឯង។ ដូច្នេះ បើប្រទេសអឺរ៉ុបជាហត្ថលេខីនៃកិច្ចព្រមព្រៀង លង់តាមការលួងលោមរបស់អ៊ីស្រាអែល អ៊ីរ៉ង់មិនខ្លាចនឹងដើរចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ទេ។ ម្សិលមិញ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកនេតាន់យ៉ាហ៊ូ បានប្រាប់លោកស្រីមែរគែល អោយប្រុងប្រយ័ត្នចំពោះការហូរចូលជនភៀសខ្លួនស៊ីរី ដែលអាចកើតឡើងជាថ្មីទៀត។ លោកនេតាន់យ៉ាហ៊ូលើកឡើងថា អ៊ីរ៉ង់រៀបចំពង្រាយសកម្មជនប្រយុទ្ធនិកាយស៊ីអ៊ីត នៅស៊ីរី ក្នុងទិសដៅយោធា ក៏ដូចជាដើម្បីបង្កសង្គ្រាមសាសនានៅស៊ីរីដែរ។
អ៊ីរ៉ង់មិនសប្បាយចិត្តនឹងវត្តមានលោកនេតាន់យ៉ាហ៊ូ នៅអឺរ៉ុបទេ។ ដោយឡែក សូមរំលឹកថា ពាក់កណ្តាលឆ្នាំ២០១៥ ប្រទេសមហាអំណាច៥+១ មានចិន រុស្ស៊ី សហរដ្ឋអាមេរិក បារាំង អង់គ្លេស និងអាល្លឺម៉ង់ បានសម្រេចចេញកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ តំរូវអោយអ៊ីរ៉ង់កាត់បន្ថយសមត្ថភាពចម្រើនធាតុអ៊ុយរ៉ាញ៉ូម ដើម្បីធានាថា អ៊ីរ៉ង់ពិតជាគ្មានបំណងផលិតគ្រាប់បែកបរមាណូ។ ជាថ្នូរ សហគមន៍អន្តរជាតិលើកចេញនូវទណ្ឌកម្មមួយចំនួនពីអ៊ីរ៉ង់។ ប៉ុន្តែ ខែមុននេះ លោកដូណាល់ ត្រាំ បានសម្រេចដកអាមេរិកចេញពីកិច្ចព្រមព្រៀងនេះ ដោយចោទថា កិច្ចព្រមព្រៀងនេះធូររលុង។ លោកត្រាំបានគំរាមថែមទៀត ថានឹងរៀបចំដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ឡើងវិញ។ ដោយឡែក ប្រទេសហត្ថលេខីផ្សេងទៀត មិនដើរចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ទេ ថែមទាំងព្យាយាមការពារកិច្ចព្រមព្រៀងទៀតផង។
បើខំការពារកិច្ចព្រមព្រៀងនេះ ហេតុអ្វីបានជាអ៊ីរ៉ង់មិនសប្បាយចិត្តនឹងប្រទេសហត្ថលេខីអឺរ៉ុបទៅវិញ ?នេះដោយសារតែអឺរ៉ុបបានស្នើចរចាជាមួយអ៊ីរ៉ង់លើសេចក្តីបន្ថែមផ្សេងទៀត ទាក់ទងកម្មវិធីបាលីស្ទិក និងឥទ្ធិពលអ៊ីរ៉ង់ក្នុងតំបន់បូព៌ា ដែលអ៊ីស្រាអែលយល់ថា អ៊ីរ៉ង់គំរាមផ្ទាល់សន្តិសុខអ៊ីស្រាអែល។ កន្លងមក អ៊ីស្រាអែលនិងអាមេរិកចោទថា អ៊ីរ៉ង់រៀបផែនការសំងាត់ ផលិតគ្រាប់បរមាណូ។ អ៊ីរ៉ង់បដិសេធជានិច្ចនិងប្រាប់ថា បានខំគោរពតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥។ ថ្មីៗនេះ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិក៏លើកឡើងដែរថា អ៊ីរ៉ង់បានគោរពពាក្យសន្យា ស្របតាមកិច្ចព្រមព្រៀងនេះដូចគ្នា។ បើអ៊ីរ៉ង់គោរពតាមបានល្អ ហេតុអ្វីប្រទេសហត្ថលេខីអឺរ៉ុបបែរជាក្បាច់ក្បូរចង់ដាក់លក្ខខណ្ឌបន្ថែមលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ទៅវិញ ? អឺរ៉ុបប្រហែលចង់យកចិត្តអាមេរិក និងអ៊ីស្រាអែលរឺយ៉ាងណា ? ប្រហែលអញ្ចឹងហើយ ទើបអ៊ីរ៉ង់មិនសប្បាយចិត្ត និងប្រកាសថា នឹងជូនដំណឹងទៅទីភ្នាក់ងារAIEA ថាអ៊ីរ៉ង់នឹងបង្កើនសមត្ថភាពចម្រើនធាតុអ៊ុយរ៉ាញ៉ូមរបស់ខ្លួន។
អ៊ីរ៉ង់ប្រាប់ថា ជាការបង្កើនសមត្ថភាពចម្រើនធាតុអ៊ុយរ៉ាញ៉ូម UF6 ដែលហៅថា Hexafluorure ។ អ៊ីរ៉ង់ប្រាប់ថា ដំណើរការលើកម្មវិធីមួយនេះ ចាប់ផ្តើមធ្វើថ្ងៃអង្គារនេះ ហើយទាំងអស់នេះមិនបំពានកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ទេ។ ប៉ះពាល់រឺមិនប៉ះពាល់ ការបង្កើនសមត្ថភាពចម្រើនធាតុអ៊ុយរ៉ាញ៉ូម អាចជាការព្រមានប្រទេសហត្ថលេខីនៅអឺរ៉ុប ដើម្បីកុំអោយអឺរ៉ុបស្តាប់អ៊ីស្រាអែល ហើយក្បាច់ក្បូរជាមួយអ៊ីរ៉ង់ពេក។ ទំរាំសម្រេចចេញកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ឆ្នាំ២០១៥ ភាគីចរចានិមួយៗ លំបាកលំបិន តានតឹងនឹងគ្នាមិនតិចទេ។ ឥឡូវ អឺរ៉ុបចង់ប្រែប្រួលយ៉ាងម៉េចទៀត លើលក្ខន្តិកៈនៃកិច្ចព្រមព្រៀង។ ម្សិលមិញ អ៊ីរ៉ង់ព្រមានអឺរ៉ុបថា ប្រជាជន និងរដ្ឋាភិបាលអ៊ីរ៉ង់មិនអាចត្រូវទ្រាំទ្រនឹងទណ្ឌកម្មផង នឹងត្រូវបង្ខំចិត្តកាត់បន្ថយសកម្មភាពនុយក្លេអ៊ែរខ្លួនទន្ទឹមគ្នានោះទេ។
សូមបញ្ជាក់ថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ តំរូវអោយអ៊ីរ៉ង់បន្ថយសកម្មភាពនុយក្លេអ៊ែរ ជាថ្នូរនឹងការលើកលែងទណ្ឌកម្មមួយចំនួនប៉ុណ្ណោះ មានន័យថា ទណ្ឌកម្មអន្តរជាតិផ្សេងទៀតនៅតែមានលើអ៊ីរ៉ង់ នៅតែប៉ះពាល់សេដ្ឋកិច្ចអ៊ីរ៉ង់។ គ្រាន់តែអាមេរិកប្រកាសដកខ្លួនពីកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុនផលិតរថយន្តបារាំង PSA ប្រាប់ថា ត្រៀមរៀបចំចាកចេញពីទឹកដីអ៊ីរ៉ង់ ដើម្បីសម្របខ្លួនតាមទណ្ឌកម្មអាមេរិក។ ក្រុមហ៊ុនផ្សេងទៀត ដែលរកស៊ីនៅអ៊ីរ៉ង់ ដូចជាតូតាល់ ក៏ប្រាប់ដែរថា ប្រហែលមិនបន្តវត្តមាននៅអ៊ីរ៉ង់ទៀតទេ។
ដូច្នេះ បើគ្មានចំណូលចូលសេដ្ឋកិច្ចជាតិអ៊ីរ៉ង់ អ៊ីរ៉ង់ច្បាស់ជាមិនខ្លាចដើរចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរដ៏តឹងរ៉ឹងនេះទេ។ ក្នុងន័យនេះ មេដឹកនាំកំពូល អាយ៉ាតូឡា ខាមេណី លើកឡើងម្សិលមិញតាមកញ្ចក់ទូរទស្សន៍ដែរ លើកឡើងក្នុងន័យថា អ៊ីរ៉ង់ត្រូវបង្កើននិតិវធីមួយចំនួន ដើម្បីអាចដើរឆ្ងាយជាងនេះ ករណីចាំបាច់។
ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ប្រាប់អ៊ីរ៉ង់អោយចូលរួមសកម្មថែមទៀត
ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិលើកឡើងថា ពាក្យថា សុំអោយអ៊ីរ៉ង់ចូលរួមយ៉ាងសកម្ម ដូច្នេះ គឺជាពាក្យលើកទឹកចិត្តអ៊ីរ៉ង់ទៅវិញទេ មិនមែនជាការបន្ទោសអ្វីទេ។ ទីភ្នាក់ងារ AIEA ចង់អោយអ៊ីរ៉ង់ជាជាងរង់ចាំការស្នើពី AIEA អ៊ីរ៉ង់គួរតែអញ្ជើញក្រុមសង្កេតការ AIEA វិញម្តង អោយ AIEA មកពិនិត្យទីតាំងនុយក្លេអ៊ែរក្នុងស្រុកអ៊ីរ៉ង់។ ការផ្តួចផ្តើម ផុសផុលផ្ទាល់ពីសំណាក់អ៊ីរ៉ង់ គឺជាការសម្រួលអោយកិច្ចការទីភ្នាក់ងារ AIEA ដំណើរការបានរលូន នឹងឆាប់រហ័ស៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ