អានតួអត្ថបទ

យេម៉ែន បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​​ធំ​​​រំដោះ​កំពង់ផែ​​ពី​ដៃ​ពួកឧទ្ទាម​គាំទ្រ​​ដោយ​​អ៊ីរ៉ង់

ដោយ​មាន​ការ​គាំទ្រ​ពី​ ​សម្ព័ន្ធ​អារ៉ាប​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអូឌីត កងកម្លាំងយោធា​របស់​​​​ប្រធានាធិបតីយេម៉ែននិរទេស បាន​ប្រកាស​ នៅ​ថ្ងៃពុធ​ទី ១៣​មិថុនា​នេះ បើក​ប្រតិបត្តិការ​រំដោះ​​​កំពង់ផែ Hodeïdah។ Hodeïdah ជា​កំពង់​ផែ​យេម៉ែន​ដ៏​សំខាន់​ជាង​គេ​​នៅក្នុង​ប្រទេស និង​ជា​ក្រុង​យុទ្ធសាស្ត្រ​ ដែល​ស្ថិត​ក្នុង​​កណ្តាប់​ដៃ​ពួក​ឧទ្ទាម​ហ៊ូទី​ និកាយ​ឈីអ៊ីត គាំទ្រ​ដោយ​អ៊ីរ៉ង់។

កាំភ្លើង​ធំ​របស់​អាប៊ីសាអូឌីត បាញ់​តម្រង់​លើ​ទីតាំង​របស់​ពួក​ឧទ្ទាម​គាំទ្រ​ដោយ​អ៊ីរ៉ង់​
កាំភ្លើង​ធំ​របស់​អាប៊ីសាអូឌីត បាញ់​តម្រង់​លើ​ទីតាំង​របស់​ពួក​ឧទ្ទាម​គាំទ្រ​ដោយ​អ៊ីរ៉ង់​ Reuters
ផ្សាយពាណិជ្ជកម្ម

អេមីរ៉ាតអារ៉ាប់រួម ដែល​ជា​អំណាច​សំខាន់​ពីរ​ដំបូង​របស់​សម្ព័ន្ធអារ៉ាប់ បាន​អំពាវនាវរួច​ហើយ​​ឱ្យ​ពួក​ហ៊ូទី កាន់​និកាយ​ឈីអ៊ីត ​គាំទ្រ​ដោយ​អ៊ីរ៉ង់ ​ដែល​កំពុង​​ត្រួត​ត្រា​ប្រទេស​ភាគ​ខាង​ជើង រួម​ទាំ​ងរដ្ឋធានី​ផង ដក​ទ័ព​ចេញ​ពី​កំពង់​ផែ​ យ៉ាង​យូរ​ត្រឹម​ថ្ងៃអង្គារ​ម្សិលមិញ។

​នៅ​ថ្ងៃនេះ យន្តហោះ​ទម្លាក់​គ្រាប់​បែក នាវា​ចម្បាំង​របស់​កង​សម្ព័ន្ធ​អារ៉ាប់ និកាយ​ស៊ុននីត បាន​ចាប់​​ផ្តើម​ផ្លោង​​គ្រាប់សង្គ្រប់​លើ​កំពែង​ការពារ​កំពង់​ផែ​របស់​ពួក​ហ៊ូទី ដើម្បី​ជា​ជំនួយ​ និងជា​ការ​​បើក​ផ្លូវ​ឱ្យ​កងទ័ព​ថ្មើរ​ជើងយេម៉ែន​ ផ្តុំ​កម្លាំង​គ្នា​ស្រេច​នៅភាគ​ខាង​ត្បូង​ក្រុង អាច​សម្រុករុល​​ចូល​ទៅ​កម្ចាត់​ក្រុម​ឧទ្ទាម​បាន។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍លម្អិត​​របស់​​រដ្ឋាភិបាល​និរទេស​យេម៉ែន ដឹកនាំ​ដោយ​ប្រធានាធិបតី លោក អាប រ៉ាប៊ូ ម៉ង់សួរ ហាឌី Abd-Rabbou Mansour Hadi ដែល​បាន​និរទេស​ខ្លួន​ចេញ​ពី​ប្រទេស​តាំង​ពី​ឆ្នាំ​២០១៥ ទៅ​ជ្រកកោន និង​បាន​ទទួល​ការ​គាំទ្រ​ពី​អារ៉ាប៊ីសាអូឌីត។

នា​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ កង​កម្លាំង​ទ័ព​យេម៉ែនរបស់​រដ្ឋាភិបាល​និរទេស និង​កង​ទ័ព​​​​អេមីរ៉ាត់អារ៉ាប់រួម បាន​រំកិល​ទៅ​មុខ​​​តាម​បណ្តោយ​ឆ្នេរ​ប៉ែក​និរតី រហូត​មក​កៀក​នឹង​ក្រុង​កំពង់​ផែ​ ដោយ​ចង់​ប្រើ​យុទ្ធសាស្ត្រ​​ផ្តាច់​ផ្លូវ​ផ្គត់ផ្គង់​ស្បៀង និង​​បិទ​ខ្ទប់​ពួក​ហូទីឱ្យ​នៅ​ថប់​កម្លាំង​នៅ​តែរដ្ឋធានី​សាណា។

នេះ​ជា​លើក​ទី​មួយ​ហើយ​គិត​ចាប់​តាំង​ពី​ ​​​ឆ្នាំ​២០១៥​ ឆ្នាំ​ដែល​​កងទ័ព​បរទេស​ចូល​លូក​ដៃ​ក្នុង​សង្គ្រាម​​នៅ​យេម៉ែនដើម្បី​នាំ​ប្រធានាធិបតី​​និរទេស​ឱ្យ​ត្រលប់ទៅ​​អំណាចមក ដែលកង​កម្លាំង​សម្ព័ន្ធ​មិត្ត​អារ៉ាប់សាក​ល្បង​វាយ​យក​ក្រុង​​ធំ​ពី​កណ្តាប់​ដៃ​ពួក​ឧទ្ទាម​ហ៊ូទី​ យ៉ាង​ដូច្នេះ។ ​​ការ​វាយ​លុក ​បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ ​យក​ក្រុង​កំពង់ផែ ដែល​មាន​កម្មវត្ថុ​​ជំរុញ​ឱ្យ​ពួក​ឧទ្ទាម​ហ៊ូទី​ព្រមចូល​ចរចា។

ប៉ុន្តែ​សម្រាប់​អង្គការ​សហប្រជាជាតិ ក្តី​ព្រួយ​បារម្ភ​កំពុង​រីក​ធំធាត់​ខ្លាំង​ ខ្លាច​មាន​ការបាត់​បង់​ជីវិត​មនុស្ស​ច្រើន​ នៅ​​ប្រយុទ្ធ​គ្នា ព្រោះ​បើ​តាម​ការ​ប៉ាន់​ស្មាន មាន​ប្រជាជនស៊ីវិល​យេម៉ែន​ប្រមាណ​ជាង​៦០​ម៉ឺន​នាក់​រស់​នៅ​ផ្តុំ​គ្នា​ក្នុង​ក្រុង​កំពង់ផែ​ Hodeïdahនេះ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ