អានតួអត្ថបទ
អ៊ីរ៉ង់​

លោក​រ៉ូហានី​អំពាវនាវ​​​អោយ​​ប្រជាជន​​រួបរួម​​​គ្នា​​​ ប្រឈម​​​​ស្ថានភាព​​លំបាក​​នៃ​​សេដ្ឋកិច្ច​​ជាតិ​​​

ថ្ងៃអង្គារ​នេះ ប្រធានាធិបតី​អ៊ីរ៉ង់ លោក​ហាសសាន រ៉ូហានី បាន​អំពាវនាវ​អោយប្រជាជន​គ្រប់ស្រទាប់​រួបរួម​គ្នា ដើម្បី​អោយ​គ្រប់គ្នា​នៅតែ​មាន​ក្តីសង្ឃឹម​ និង​ទំនុកទុកចិត្ត ក្នុងពេល​ដែល​សេដ្ឋកិច្ច​អ៊ីរ៉ង់​កំពុង​ជួប​បញ្ហា។ ​ដោយសារ​លុយ​ក្នុងស្រុក​ធ្លាក់ថ្លៃ កាលពីថ្ងៃចន្ទ​ ក្រុមអ្នកលក់​​​​អ៊ីរ៉ង់​​បានធ្វើការតវ៉ា​យ៉ាង​សម្បើម។​

ប្រធានាធិបតី​អ៊ីរ៉ង់​ លោក Hassan Rohani
ប្រធានាធិបតី​អ៊ីរ៉ង់​ លោក Hassan Rohani Capture d'écran / CBSNews
ផ្សាយពាណិជ្ជកម្ម

សេដ្ឋកិច្ច​អ៊ីរ៉ង់​កំពុង​ប្រឈម​នឹង​បញ្ហា​ធ្លាក់ថ្លៃ​លុយ​ Rial ដែលជា​រូបិយបណ្ណ​ជាតិ។ ត្រឹមតែ​៩ខែ​ប៉ុណ្ណោះ លុយ​ជាតិ​អ៊ីរ៉ង់​បាន​ធ្លាក់​ដល់​ជិត​ពាក់កណ្តាល​នៃ​តម្លៃ​ដើម​ ប្រឈម​នឹង​​ដុល្លារ​អាមេរិក។ ស្ថានភាព​នេះ​ បង្កឡើង​ដោយសារ​តែ​លោកដូណាល់ ត្រាំ បាន​ប្រកាស​​ដក​សហរដ្ឋ​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរអ៊ីរ៉ង់​ និង​ថែមទាំង​គំរាម​រៀបចំ​ទណ្ឌកម្ម​ឡើងវិញប្រឆាំង​អ៊ីរ៉ង់​ទៀតផង។

ដោយសារ​សេដ្ឋកិច្ច​ជាតិ​ជួបភាព​លំបាកបែបនេះ អាជ្ញាធរ​បាន​អំពាវនាវ​អោយ​ប្រជាជន​រួបរួមគ្នា​ច្រើនដងហើយ។ ហើយ​ថ្ងៃអង្គារ​នេះ ដល់វេន​ប្រធានាធិបតី​ហាសាន រ៉ូហានី ចេញមុខ​ផ្ទាល់​​​អំពាវនាវ​​​អោយ​ជនរួមជាតិ មាន​សារព័ត៌មាន បញ្ញវន្ត ​ក្រុមនិកាយ​ស្ហ៊ីអ៊ីត សភា តុលាការជាដើម រួបរួមគ្នា។ លោក​រ៉ូហានី​បាន​ចោទ​ថា គឺ​សារព័ត៌មានរបស់​​ពួក​​សត្រូវ​ ​ដែល​បាន​បង្ក​អោយ​មាន​ការព្រួយបារម្ភ​ក្នុងស្រុក​អ៊ីរ៉ង់។ ​

ដោយសារការធ្លាក់ថ្លៃ​រូបិយបណ្ណ​ជាតិ​អ៊ីរ៉ង់ ​ប៉ុន្មាន​សប្តាហ៍​មកនេះ ​ក្រុមអភិរក្ស​និយមជ្រុល​បាន​វាយប្រហារ​រដ្ឋាភិបាល​លោក​រ៉ូហានី​ជាខ្លាំង។ ​ថ្ងៃចន្ទ​កន្លងទៅ ក្រុម​អ្នកលក់​អ៊ីរ៉ង់​ នៅ​ទីក្រុង​តេហេរ៉ង់​ក៏បាន​​នាំគ្នា​តវ៉ា​ប្រឆាំង​នឹង​ការ​ធ្លាក់ថ្លៃ​លុយ​ជាតិ​នេះដែរ។ ​ពួកគេ​​​ត្អូញត្អែរ​ថា ទំនិញ​ឡើងថ្លៃ​ ​ប្រជាជន​គ្មានលុយ​​​ទិញ​ទំនិញ​ទេ។​ ក្រុមអភិរក្ស​និយមជ្រុល​វិញ បាន​ចោទ​រដ្ឋអំណាច​លោក​រ៉ូហានី​ថា ​មិនគិតគូរ​ប្រជាជន​​មានចំណូល​ទាប ដែល​រងគ្រោះ​ដោយសារ​ការធ្លាក់ចុះ​នៃ​លុយជាតិ​។ ​ពួកគេ​លើកឡើង​ថា​៖ “រដ្ឋាភិ​បាល​​មិនបាន​​គោរព​ពាក្យសន្យា​ទាក់ទង​នឹង​បញ្ហា​​អតិផរណា​។​ ផ្ទុយទៅវិញ បែរ​ជា​គិតតែ​ពី​កំណែទម្រង់​មិនសូវ​សំខាន់​ ដូ​ចជា​​ការ​បញ្ចូល​នារីៗ ក្នុងពហុកីឡាដ្ឋាន​បាល់ទាត់​​ជាមួយ​​​បុរស​ៗ​ទៅវិញ”៕ ​​​ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ