អានតួអត្ថបទ
អ៊ីស្រាអែល ប៉ាឡេស្ទីន

អ៊ីស្រាអែល​ពង្រឹង​ការ​បិទខ្ទប់​លើ​តំបន់​ហ្កាហ្សា​ក្នុង​បរិបទ​នៃ​កំណើន​ភាព​តានតឹង​ខ្លាំង

ទឹកដី​ប៉ាឡេស្ទីន​នៅ​តំបន់​ហ្កាហ្សា​កំពុង​បន្ត​ឯកោ​កាន់​ខ្លាំង​លើ​ឆាកអន្តរជាតិ។ បន្ទាប់​ពី​ត្រូវ​បាន​ប្រទេស​អេហ្ស៊ីប​បិទព្រំដែន​នា​ថ្ងៃ​ចន្ទ ទី១៦ កក្កដា​មក អ៊ីស្រាអែល​ក៏​បាន​សម្រេចចិត្ត​ពង្រឹង​ការ​បិទខ្ទប់​លើ​តំបន់​គ្រប់គ្រង​ដោយ​ចលនា​ប៉ាឡេស្ទីន​ហាម៉ាស់​មួយ​នេះ​ក្នុង​ថ្ងៃ​អង្គារ ទី១៧ កក្កដា។ កាល​ពី​សប្តាហ៍​កន្លង​ទៅ នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​បាន​ប្រកាស​បិទ​ស្ពាន​ដឹក​ទំនិញ​ដែល​ត ភ្ជាប់​រវាង​តំបន់​ហ្កាហ្សា និង​ទឹកដី​អ៊ីស្រាអែល។ តាំង​ពី​យប់​ថ្ងៃ​ចន្ទ ទី១៦ កក្កដា​មក ការ​ដឹកជញ្ជូន​គ្រឿងឧបភោគ បរិភោគ រួម​ទាំង​ផលិតផល​ប្រើប្រាស់​ចាំ​បាច់​មួយ​ចំនួន​ទៅ​ឲ្យ​ពលរដ្ឋ​ប៉ាឡេស្ទីន​ក្នុង​តំបន់​ហ្កាហ្សា​ត្រូវ​បាន​អ៊ីស្រាអែល​ដាក់​កម្រិត។

អ៊ីស្រាអែល​ពង្រឹង​ការ​បិទខ្ទប់​លើ​តំបន់​ហ្កាហ្សា​ក្នុង​បរិបទ​នៃ​កំណើន​ភាព​តានតឹង​ខ្លាំង
អ៊ីស្រាអែល​ពង្រឹង​ការ​បិទខ្ទប់​លើ​តំបន់​ហ្កាហ្សា​ក្នុង​បរិបទ​នៃ​កំណើន​ភាព​តានតឹង​ខ្លាំង SAID KHATIB / AFP
ផ្សាយពាណិជ្ជកម្ម

ពី​ពេល​នេះ​ដល់​ថ្ងៃ​អាទិត្យ ទី២២ កក្កដា ប្រេងសាំង និង​ឧស្ម័នហ្កាស់​មិន​ត្រូវ​បាន​អ៊ីស្រាអែល​អនុញ្ញាត​ឲ្យ​ដឹក​ចូល​តំបន់​ហ្កាហ្សា​ទៀត​ឡើយ។ ចំណែក​ការ​បញ្ជូន​គ្រឿងឧបភោគ បរិភោគ រួម​ទាំង​ផលិតផល​ប្រើប្រាស់​ចាំ​បាច់​មួយ​ចំនួន ដូច​យ៉ាង​ថ្នាំពេទ្យ​ក៏​ត្រូវ​មាន​កម្រិត និង​មាន​ការ​សិក្សា​ត្រួតពិនិត្យ​ច្បាស់លាស់ នេះ​ជា​ការ​បញ្ជាក់​របស់​ក្រសួង​ការពារជាតិ​អ៊ីស្រាអែល។ ចំណាត់ការ​ចាស់ដៃ​របស់​អ៊ីស្រាអែល​ពេល​នេះ គឺ​ដើម្បី​ប្រឆាំង​ទប់​នឹង​ការ​ដែល​សកម្មជន​ប៉ាឡេស្ទីន​នៅ​តំបន់​ហ្កាហ្សា​បន្ត​បញ្ជូន​ដបសាំង​ចង​ភ្ជាប់​នឹង​ក្លែង និង​គោមហោះ​ទៅ​ទម្លាក់​ឆាបឆេះ​លើ​ដែនដី​អ៊ីស្រាអែល​ជាង ២ ៦០០ហិចតា​តាំង​ពី​ជាង ១សប្តាហ៍​កន្លង​មក។

គួរ​រម្លឹក​ជូន​ថា​បន្ទាប់​ពី​ដុំ​ថ្ម ការ​ប្រើ​ដបសាំង​ចង​ភ្ជាប់​នឹង​ក្លែង និង​គោមហោះ​បាន​ក្លាយ​ជា​និមិត្តរូប​នៃ​ការ​ប្រឆាំង​របស់​ពលរដ្ឋ​ប៉ាឡេស្ទីន​លើ​អ៊ីស្រាអែល ហើយ​ដែល​ទង្វើ​ថ្មី​មួយ​នេះ​កំពុង​ធ្វើ​ឲ្យ​រដ្ឋអំណាច​អ៊ីស្រាអែល​ពិបាក​ទប់ស្កាត់​ខ្លាំង​ណាស់។ វិធានការ​ដែល​អ៊ីស្រាអែល​បាន​ប្រើ​ក្នុង​តប​វិញ គឺ​បិទខ្ទប់​ច្រក​សេដ្ឋកិច្ច​ដើម្បី​ដាក់​គំនាប​លើ​ថ្នាក់ដឹកនាំ​ចលនា​ហាម៉ាស់​ដែល​កំពុង​គ្រប់គ្រង​តំបន់​ហ្កាហ្សា​សព្វថ្ងៃ។ សម្រាប់​អ៊ីស្រាអែល មាន​តែ​ពួក​ហាម៉ាស់​ទេ​ដែល​អាច​រារាំង​ការ​បង្ហោះ​ក្លែង និង​គោមហោះ​ដែល​ចង​ភ្ជាប់​ដោយ​ដបសាំង​ចូល​ក្នុង​ទឹកដី​អ៊ីស្រាអែល​បាន។

ធនាគារពិភពលោក​បាន​យល់​ឃើញ​ថា វិធានការ​ពង្រឹង​ការ​បិទខ្ទប់​លើ​តំបន់​ហ្កាហ្សា​របស់​អ៊ីស្រាអែល​ពេល​នេះ​នឹង​ធ្វើ​ឲ្យ​ស្ថានការណ៍​មនុស្សធម៌​នៅ​ទីនោះ​ដែល​កំពុង​ដុនដាប​ស្រាប់​រឹតតែ​ធ្លាក់​ដុនដាប​ថែម​ទៀត ពិសេស​ចំ​ពេល​ដែល​មាន​ពលរដ្ឋ​ប៉ាឡេស្ទីន​រស់ក្នុង​តំបន់​ហ្កាហ្សា​ចំនួន ៨០% ក្នុង​ចំណោម ២លាននាក់​កំពុង​រស់នៅ​ដោយ​ពឹង​លើ​ជំនួយ​មនុស្សធម៌។ ប្រឈម​មុខ​នឹង​វិធានការ​រឹតបន្តឹង​របស់​អ៊ីស្រាអែល​ពេល​នេះ រដ្ឋអំណាច​តំបន់​ហ្កាហ្សា​បាន​ចាត់វិធានការ​ចាំ​បាច់​មួយ​ចំនួន ដូច​យ៉ាង​ផ្តល់​អាទិភាព​ឲ្យ​ហាង​ធ្វើ​នំបុ័ង​ជា​ទទួល​បាន​ប្រេង និង​ឧស្ម័នហ្កាស់​មុន​គេ​ដើម្បី​បន្ត​ផលិត​នំបុ័ង។ ចំណែក​ពលរដ្ឋ​បាន​នាំ​គ្នា​សម្រុក​ទិញប្រេង​ស្តុកទុក រួម​ទាំង​ផលិផល​ចាំបាច់​ប្រចាំថ្ងៃ​មួយ​ចំនួន​ផង។

ទន្ទឹម​គ្នា​នេះ អ្នកនាំពាក្យ​ចលនា​ហាម៉ាស់​ក៏​បាន​ព្រមាន​ពី​ផលវិបាក​ដ៏​គ្រោះថ្នាក់​ដែល​អាច​កើត​មាន​ពី​ការ​សម្រេច​របស់​អ៊ីស្រាអែល​ពេល​នេះ។ សូម​ជម្រាប​ជូន​ថា តំបន់​ហ្កាហ្សា​ដែល​ស្ថិត​ចន្លោះ​ទឹកដី​អ៊ីស្រាអែល អេហ្ស៊ីប និង​សមុទ្រ​មេឌីទែររ៉ាណេ​បាន​ត្រូវ​អ៊ីស្រាអែល​បិទខ្ទប់​ផ្លូវគោក ផ្លូវទឹក និង​ផ្លូវអាកាស​តាំង​ពី ១០ឆ្នាំ​មក​ហើយ។ ចំណែក​ព្រំដែន​ជាមួយ​ប្រទេស​អេហ្ស៊ីប​ក៏​ត្រូវ​បាន​រដ្ឋអំណាច​អេហ្ស៊ីប​បិទ បើក​ស្រេច​តែ​ចិត្ត​ដោយ​មិន​បាន​បញ្ជាក់​ហេតុផល​ច្បាស់លាស់​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ