ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 15/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 15/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 15/10 12h00 GMT
មជ្ឈិមបូព៌ា

តួកគី​ឧបត្ថម្ភ​ជួយ​ពួក​ឧទ្ទាមស៊ីរី ឲ្យ​បង្កើត​កងទ័ព​ជាតិ

media ក្រុមប្រយុទ្ធ​របស់​កងទ័ព​ជាតិដែល​តួកគី​បាន​ផ្ចុងផ្តើម​ជួយ​ឧបត្ថម្ភ​បង្កើត នៅភាគខាងជើង​ស៊ីរីនៅថ្ងៃ​ទទួល​សញ្ញាប័ត្រ​ថ្ងៃទី ៥​សីហា ២០១៨ ©REUTERS/Khalil Ashawi

ពួកឧទ្ទាម​ស៊ីរី នៅ​ភាគពាយ័ព្យ​ប្រទេស​កំពុង​បង្កើត​កងទ័ព​ជាតិ​មួយ នៅក្រោម​ជំនួយ​ឧបត្ថម្ភ ពី​រដ្ឋាភិបាល​តួកគី។ តាម​វរសេនីយ៍ Haitham Afisi ប្រធាន​កងទ័ព​ជាតិ ដែល​បាន​និយាយ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​អង់គ្លេស Reuters នៅថ្ងៃ​អាទិត្យ​ទី ១២​សីហា កងទ័ពជាតិ​ស៊ីរី មាន​សត្រូវ​បី គឺ​ប្រធានាធិបតី​ស៊ីរី ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម ហើយ​និងគ្នីគ្នា​របស់​ក្រុមគួដឌីស្ថាន តួកគី ដែលជា​គូសត្រូវ​របស់​រដ្ឋាភិបាល​តួកគី។

 

កងទ័ពជាតិ​ស៊ីរី ដែល​ប្រទេស​តួកគី កំពុង​ជួយ​ជ្រោមជ្រែង​បង្កើត​ចេញ​ជា​រូបរាង​ឡើង នឹង​ក្លាយ​ជា​ឆ្អឹង​ទទឹងក របស់​រដ្ឋាភិបាល​ស៊ីរី ដែល​បាន​សច្ចា​វាយដណ្តើម​យក​មក​គ្រប់គ្រង​វិញទាំងអស់ ទឹកដី​ស៊ីរី។

ចាប់តាំង​ពីមួយ​ឆ្នាំមកហើយ ក្រុមឧទ្ទាម​ស៊ីរី នៅ​ភាគពាយ័ព្យ​ប្រទេស​ត្រូវ​បាន​តួកគី ជួយ​គាំទ្រ ឧបត្ថម្ភ ឲ្យ​បង្កើត​កងទ័ពជាតិ​ស៊ីរី​មួយ ដែល​ប្រមូលផ្តុំ ទៅដោយ ក្រុម​ប្រឆាំង​ប្រដាប់​អាវុធ ក្នុង​ទឹកដី​ស៊ីរី។ តាម​ប្រធាន​កងទ័ព​ជាតិ លោក​វរសេនីយ៍ Haitham Afisi តាំង​ពី​មួយឆ្នាំមកនេះ កងទ័ព​ជាតិ​បាន​កើន​ចំនួន ដល់​៣៥ ០០០​នាក់។ នៅក្នុង​បទសម្ភាសន៍​ទៅ​ទីភ្នាក់ងារ​ព័ត៌មាន​Reuters ប្រធាន​កងទ័ព​ស៊ីរី ទទួល​ស្គាល់​ថា វា​មាន​ការលំបាក​ក្នុង​ការប្រមែរប្រមូល បញ្ចុះបញ្ចូល​ទាហាន​របស់​ក្រុមប្រឆាំង ឲ្យ​ចូលរួម​គ្នា តែមួយ នៅក្នុង​កងទ័ពជាតិ។

ថ្មីៗនេះ លោក​បាន​បញ្ជា​ឲ្យ​ក្រុមប្រដាប់អាវុធ ត្រូវ​ពាក់ឯកសណ្ឋាន យោធា ​ឈប់​បាញ់បោះ​ដោយ​សេរី និង​គ្មាន​សិទ្ធិ​មាន​ពន្ធនាគារ ឬ​កាត់ទោស ប្រហារជីវិត​មនុស្ស​ដោយ​គ្មាន​ការជំនុំជម្រះ ដូចមុន។ កងទ័ព​ជាតិ​របស់​ពួកឧទ្ទាម​ស៊ីរី បានអំពាវនាវ​ផងដែរ ឲ្យ​សមាជិក​របស់ខ្លួន ឈប់​ប្រយុទ្ធ បង្ករឿង ជាមួយ​ក្រុមឧទ្ទាម​ប្រឆាំង​ផ្សេងទៀត និង​ត្រូវ​សហការ​ជាមួយ​ប៉ូលិស​អាវុធ​ហត្ថ ដែល​ជា​អ្នកតំណាង​ឲ្យ​ច្បាប់ និង​តុលាការ នៅក្នុង​ តំបន់​គ្រប់គ្រង​របស់​ក្រុមប្រឆាំងស៊ីរី។

កន្លងមក ពួកឧទ្ទាម​បាន​ព្យាយាម​ប្រមូល រួបរួមគ្នា ក្នុង​ចលនា​ប្រឆាំង​តែមួយ ដើម្បី​វាយប្រយុទ្ធ​ទប់ទល់​នឹង​សត្រូវ​តែមួយ គឺ​កងទ័ព​របស់​រដ្ឋាភិបាល បាស្ហាអាល់ អាសាដ។ ប៉ុន្តែ ការប៉ុនប៉ង​ទាំងឡាយ ត្រូវ​បរាជ័យ។ ក្រុមប្រឆាំង​ស៊ីរី បាន​បែកបាក់ គ្នា​ជា​ច្រើន​ក្រុម ដោយសារ​តែ​មាន​និន្នាការ​ខុសៗគ្នា និង​មាន​ជំនួយ​គាំទ្រ ហិរញ្ញវត្ថុ​ពី​ប្រទេស​ផ្សេងៗ គ្នា។តាម​ប្រធាន​កងទ័ព​ជាតិ​ស៊ីរី តួកគី ជួយ​ឧបត្ថម្ភ ផ្នែកថវិកា ដូចជា​ប្រាក់ខែ​របស់​កងទ័ព បណ្តុះបណ្តាល កងទ័ព ផ្តល់​ព័ត៌មាន​សម្ងាត់ ឬ​បើចាំបាច់​តួកគី នឹង​អាច​ផ្តល់​សព្វាវុធ​ទៀតផង។

គេ​វាយតម្លៃ​ថា  លើកនេះ កងទ័ព​ជាតិ​របស់​ពួកឧទ្ទាម​ស៊ីរី នៅភាគខាងជើង​ស៊ីរី អាច​រឹងមាំ និង​ស្ថិតស្ថេរ​យូរអង្វែង ​ដោយសារ​តែ​មាន​តួកគី ប្រទេស​គាំទ្រ​សំខាន់​របស់​ចលនានេះ មាន​ទីតាំង​យោធា​របស់ខ្លួន ជាច្រើន​កន្លែង ក្នុង​ទឹកដី​ស៊ីរី។ រដ្ឋាភិបាល​ស៊ីរី​របស់​លោក​បាស្ហាអាល់ អាសាដ​បាន​ចោទប្រកាន់​ក្រុង​អង់ការ៉ា​ថា បាន​រំលោភ​ឈ្លានពាន​ទឹកដី​ស៊ីរី។ ក្រុង​អង់ការ៉ា​វិញ​បាន​យកលេស កិច្ចព្រមព្រៀង​ជាមួយ រុស្ស៊ី និង​អ៊ីរ៉ង់ ដែល​កំពុង​ធ្វើ​អន្តរាគមន៍​យោធា​ក្នុង​ប្រទេស​ស៊ីរី ដើម្បី បើក​ប្រតិបត្តិការ​យោធា សំខាន់​ពីរ ក្នុង​ទឹកដី​ស៊ីរី ក្បែរ​ព្រំដែន​តួកគី។ ចាប់តាំង​ពី​ចុងឆ្នាំមុន កងទ័ព​តួកគី​បាន​ចូល​ទៅ​ប្រយុទ្ធបណ្តេញ ក្រុម​គួកឌីស្ថាន​ស៊ីរី ដែល​តួកគី​ចោទថា ជា​សម្ព័ន្ធ​មិត្ត​របស់​ក្រុមគួកឌីស្ថាន តួកគី (សត្រូវ​របស់​របស់​រដ្ឋាភិបាល​តួកគី)។ គោលដៅ​ចំបង​របស់តួកគី បោសសម្អាត​រាល់​ក្រុមប្រឆាំង​ស៊ីរី ដែល​ស្និទ្ធ​នឹង​ក្រុមគួកឌីស្ថាន និង​លើកបន្តុប ​ដាក់វិញ ក្រុមឧទ្ទាមស៊ីរី ណា ដែល​ស្មោះស្ម័គ្រ​ជួយ​ប្រយុទ្ធ​ប្រឆាំង​មិន​ឲ្យ​មាន​ពួកគួកឌីស្ថាន​សត្រូវ​របស់​រដ្ឋាភិបាល​ក្រុង​អង់ការ៉ា មាន​វត្តមាន​នៅ​ក្បែរ​ព្រំដែន​តួកគី៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ