ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/09 12h00 GMT
មជ្ឈិមបូព៌ា

​កម្លាំង​​សន្តិសុខ​អាហ្វហ្កានីស្ថាន​​​យ៉ាង​​តិ​ច​​​ ១០០​​​នាក់​ ​​​ស្លាប់​​​​នៅ​​ក្នុង​​​ការ​​​វាយប្រយុទ្ធគ្នា​​​ជាមួយ​​​នឺង​​ពួក​​​តាលីបង់​​​

media  
រដ្ឋមន្ត្រី​ក្រសួងការពារជាតិអាហ្វហ្កានីស្ថាន​លោក​ Tariq Shah Bahrami ថ្លែងនៅ​ក្នុង​សន្និសីទ​​សាព័ត៌មានមួយ​នៅ​ទី​ក្រុង​កាប៊ូល​អាហ្វហ្កានីស្ថាន​​​​ថ្ងៃទី​១៣​សីហា​២០១៨​​ REUTERS/Omar Sobhani

នៅ​អាហ្វហ្កានីស្ថាន ​កង​កម្លាំង​សន្តិសុខ​​យ៉ាង​តិច​ចំនួន ១០០​នាក់ ត្រូវ​បាន​ស្លាប់​នៅ​ក្នុង​ការ​វាយប្រយុទ្ធ​ត​ទល់​គ្នា​ជាមួយ​ពួក​អ៊ីស្លាម​ជ្រុលនិយម​តាលីបង់​ចាប់តាំងពី​យប់​​ថ្ងៃ​ព្រហស្បតិ៍​មុន​ ​ដើម្បី​ដណ្តើម​កាន់​កាប់​ក្រុង​Ghazni ​ភាគ​ខាង ​កើត​ប្រទេស-នេះ​ជា​ការ​ថ្លែង​របស់​រដ្ឋមន្ត្រី​ក្រសួងការពារ​ជាតិ​ លោក Tariq Shah Bahrami ​នៅ​ថ្ងៃ​ចន្ទម្សិលមិញ។

រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​អាហ្វហ្កានីស្ថាន​នៅ​ឱកាស​សន្និសីទ​សាព័ត៌មាន​មួយ​នៅ​ទីក្រុង​កាប៊ូល​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ បានថ្លែង​ឲ្យ​ដឹង​ថា កង​កម្លំាង​សន្តិសុខ​​ប្រមាណ​​១០០​នាក់ បាន​បាត់​ជីវិត​នា​ពេល​ប្រយុទ្ធ​តទល់​នឹង​ពួក​តាលីបង់​ ហើយ​​ប្រជាជន​ស៊ីវីល​វិញ ក៏​មាន​ស្លាប់​ដែរ​រវាង​ពី​២០​នាក់​ទៅ​៣០​នាក់។​

ពួក​តាលីបង់​វិញ មាន​​ស្លាប់​រហូត​ដល់ ១៩៤​នាក់​ដែល​ក្នុង​ចំណោម​នោះ ១២​នាក់​ជា​មេ​បញ្ជាការ​​សំខាន់ៗរបស់​តាលីបង់​និង​អ្នក​រង​របួស​ប្រមាណ​ជា​១៤៧​នាក់។​

គ្រាន់តែ​ថ្ងៃ​ចន្ទ​ម្សិលមិញ​ប៉ុណ្ណោះ​ ការ​វាយប្រហារ​តាម​ជើង​អាកាស បាន​ប្រព្រឹត្ត​ទៅ​ចំនួន ៩​លើក​និង​បាន​សម្លាប់​ពួក​តាលីបង់​ប្រមាណ​ ៩៥​នាក់-នេះ​ជា​ការ​បញ្ជាក់​បន្ថែម​របស់​រដ្ឋមន្ត្រី​ការពារជាតិ​អាហ្វហ្កានីស្ថានដដែល​។

ប្រធានាធិបតី​​អាហ្វហ្កានីស្ថាន លោក Ashraf Ghani វិញ បាន​សម្រេចចិត្ត​ធ្វើការ​បញ្ជូន​ជាបន្ទាន់ នូវ​ជំនួយ​កងទ័ព​បន្ថែម​​ទៀត​ទៅ​កាន់​ក្រុង  Ghazni -ក្រុង​ដែល​ត្រូវ​បាន​ពួក​តាលីបង់​ចាប់​ផ្តើម​វាយលុក​ចាប់តាំងពី​យប់​ថ្ងៃ​ព្រហស្បតិ៍​មុន។

កង​ជំនួយ​អាហ្វហ្កានីស្ថាន កំពុង​ស្ថិត​នៅ​លើ​ផ្លូវ​ដ៏​សំខាន់​មួយ ​Kaboul-Kandahar ដែល ​ត​ភ្ជាប់​ពី​រដ្ឋធានី​កាប៊ូល​ទៅ​ខេត្ត​នានា​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​។ រដ្ឋាភិបាល ក៏​បាន​អះអាង​ដែរ​ថា ខ្លួន​ បាន​កាន់កាប់​​ទី​អគារ​រដ្ឋ​សំខាន់ៗ​នៅ​ក្រុង​Ghazni​ដែល​ស្ថិត​នៅ​ចម្ងាយ​​តែ ២​ម៉ោង​ប៉ុណ្ណោះ​ពី​កាប៊ូល។

រីឯ​ប្រជាជន​ស៊ីវីល​វិញ បាន​ពិព័ណ៌នា​ទាំង​ភិតភ័យ​​ថា ពួក​តាលីបង់ ដើរ​ពាសពេញ​ក្នុង​ដង​ផ្លូវ​នានាក្នុងក្រុង​ Ghazni ​កាលពី​យប់​ថ្ងៃ​អាទិត្យ​មុន​និង​បាន​បញ្ជា​អោយ​ប្រជាជន ផ្គត់ផ្គង់​សម្ភារៈ​នានា​ដល់​ពួក​គេ ជាអាទិ៍​ទឹក​ផឹក តែ​សម្រាប់​ឆុង​ឬ​ក៏​រទេះ​អូស​សម្រាប់​ដឹក​ជញ្ជូន​អ្នក​រង​របួស។ រីឯ​អ្នក​កាសែត​របស់ AFP ​នៅ​ក្នុង​ក្រុង​នោះ ក៏​បាន​អះអាង​ដែរ​ថា ប្រជាជន​អាហ្វហ្កានីស្ថាន ខិត​ខំ​រិះរក​​មធ្បោយបាយ​​ដើម្បី​​រត់​គេច​ចេញ​​ពី​ក្រុង ​Ghazni​ តែ​មួយ​ភាគ​ធំ​នៅ​តែសម្ងំលាក់​​ខ្លួន​នៅ​ក្នុង​បន្ទប់​ក្រោម​ដី​នៅ​ឡើយ ​នា​ខណៈ​ដែល​ការ​ប្រយុទ្ធ​គ្នា​នៅ​តែ​បន្ត​ទៀត​ពី​ផ្លូវ​មួយ​ទៅ​ផ្លូវ​មួយ។ ប្រជាជន​ខ្លះៗ បានត្អូញត្អែរថា​ ក្រុង​នេះ​ត្រូវ​ងងឹតឈឹង​​ដោយ​ការ​ដាច់​ចរន្តអគ្គីសនី រីឯ​ចំណី​អាហារវិញ​ក៏​មិន​សំបូរទេ ​ជាហេតុ​ជំរុញ​ឲ្យ​​តម្លៃ​​ឡើង​ថ្លៃ​កប់​ពពក។

នៅ​លើដង​ផ្លូវ​វិញ គេ​មើល​ឃើញ​សាកសព​ពួក​តាលីបង់​និង​ទាហាន​អាហ្វហ្កានីស្ថាន​នៅរដូករដែល​ រីឯ​អគារ​រដ្ឋនានា​វិញ ត្រូវ​ឆាបឆេះ​ដោយ​ហេតុ​ពួក​តាលីបង់​បាន​នាំ​គ្នា​ដុត​បំផ្លាញចោល។ ទន្ទឹមនេះ អសប  បាន​សម្តែង​ក្តី​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​​ការ​ធ្លាក់​ចុះ​ដុន​ដាប​នៃ​ស្ថានភាព​រស់​នៅ​របស់​ប្រជាជន​អាហ្វហ្កានីស្ថាន៕​​

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ