អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អ៊ីរ៉ាក់​កំពុង​ក្លាយ​ជា​ប្រទេស​រងគ្រោះ​នៅ​ក្នុង​ជម្លោះ​រវាង​អាមេរិក និង​អ៊ីរ៉ង់?

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​នាយករដ្ឋមន្រ្តី​នៃ​ប្រទេស​អ៊ីរ៉ាក់​ហៃដឺ អាល់ អាបាឌី​បាន​លប់ចោល​ដំណើរ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ពុធ ទី១៥ សីហា។ ព័ត៌មាន​នេះ​ត្រូវ​បាន​ប្រកាស​ដោយ​ការិយាល័យ​សារព័ត៌មាន​របស់​លោក​អាបាឌី​នា​ថ្ងៃ​អាទិត្យ ទី១២ សីហា និង​បាន​លើក​យក​ហេតុផល​ទៅ​ពន្យល់​ថា មក​ពី​កាលវិភាគ​របស់​លោក​អាបាឌី​ចង្អៀត​ខ្លាំង​ពេក។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា ថ្ងៃ​ដែល​ការិយាល័យ​សារព័ត៌មាន​របស់​លោក​អាបាឌី​ប្រកាស​លុប​ចោល​ដំណើរ​ទស្សនកិច្ច​នៅ​អ៊ីរ៉ង់ ជា​ថ្ងៃ​ដែល​លោក​អាបាឌី​បាន​រង​ការ​រិះគន់​យ៉ាង​ដៃ​ពី​អ៊ីរ៉ង់​ទាក់ទង​នឹង​ជំហរ​របស់​លោក​អាបាឌី​លើ​ទ័ណ្ឌកម្ម​អាមេរិក​ប្រឆាំង​អ៊ីរ៉ង់។

លោក Haïdar al-Abadi នាយករដ្ឋមន្រ្តី​អ៊ីរ៉ាក់
លោក Haïdar al-Abadi នាយករដ្ឋមន្រ្តី​អ៊ីរ៉ាក់ REUTERS/via Reuters TV
ផ្សាយពាណិជ្ជកម្ម

រវាង​អាមេរិក និង​អ៊ីរ៉ង់ អ្វីៗ​ហាក់​បាន​វិល​ត្រឡប់​ចូល​ទ្រនំ​ចាស់​វិញ។ ជាមួយ​នឹង​ទណ្ឌកម្ម​ថ្មី​លើក​ទី១ របស់​អាមេរិក​ប្រឆាំង​អ៊ីរ៉ង់​ដែល​ទើប​ចូល​ជា​ធរមាន​ក្នុង​ថ្ងៃទី៧ សីហា​បាន​ជំរុញ​ឲ្យ​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​តេហេរ៉ង់​ផ្តើម​ប្រឈម​មុខ​ដាក់​គ្នា​ជា​ថ្មី។ ទាំង​អាមេរិក ក៏​ដូច​អ៊ីរ៉ង់​មិន​បាន​ចាត់​ទុក​ជា​រឿង​ថ្មី ហើយ​ក៏​មិន​បាន​ភ្ញាក់ផ្អើល​ដែរ ព្រោះ​ភាព​តានតឹង​រវាង​គ្នា​ជា​រឿង​អតីតកាល​ដែល​បាន និង​កំពុង​បន្ត​អូស​បន្លាយ​មក​ដល់​សព្វថ្ងៃ។ តែ​សម្រាប់​អ៊ីរ៉ាក់​ដែល​ជា​ប្រទេស​ជិតខាង​អ៊ីរ៉ង់ ការ​ប្រឈម​មុខ​ដាក់​គ្នា​ជា​ថ្មី​រវាង​អាមេរិក និង​អ៊ីរ៉ង់​កំពុង​ធ្វើ​ឲ្យ​ខ្លួន​ទើសទាល់​ចិត្ត​ខ្លាំង​ណាស់។ ទើសទាល់​ចិត្ត​ព្រោះ​អាមេរិក និង​អ៊ីរ៉ង់​ជា​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ដូច​គ្នា។ តើ​គួរ​កាន់​ជើង​ខាង​ណា​នៅ​ពេល​ដែល​សម្ព័ន្ធ​ទាំង​ពីរ​ឈ្មោះ​គ្នា?។

ទីបំផុត​ក្នុង​ថ្ងៃ​អង្គារ ទី៧ សីហា ពោល​ក្នុង​ថ្ងៃ​ដែល​ទណ្ឌកម្ម​ថ្មី​របស់​អាមេរិក​ប្រឆាំង​អ៊ីរ៉ង់​ចូល​ជា​ធរមាន លោក​នាយករដ្ឋមន្រ្តី​អ៊ីរ៉ាក់​ហៃដឺ អាល់ អាបាឌី​បាន​ប្រកាស​ក្តែងៗ​ដោយ​ចាត់​ទុក​ទណ្ឌកម្ម​របស់​អាមេរិក​ប្រឆាំង​អ៊ីរ៉ង់​ថា​ជា​កំហុស​យុទ្ធសាស្រ្ត និង​ថា អ៊ីរ៉ាក់​មិន​គាំទ្រ​ទណ្ឌកម្ម​នោះ​ឡើយ។ តែ​ទន្ទឹម​គ្នា​នេះ លោក​អាបាឌី​បាន​ប្រកាស​ពី​ការ​បង្ខំ​ចិត្ត​យល់​ព្រម​គោរព​តាម​វិធានការ​របស់​អាមេរិក​លើ​អ៊ីរ៉ង់។ តាម​រយៈ​ឃ្លាឃ្លោង​ទាំង​នេះ លោក​អាបាឌី​បាន​ព្យាយាម​ប្រើ​សម្តី​ការទូត ឬ​ព្យាយាម​ដើរ​ផ្លូវ​កណ្តាល​ដោយ​មិន​ចង់​ធ្វើ​ឲ្យ​ភាគី​ណា​មួយ​អាក់អន់​ចិត្ត​ចំពោះ​ខ្លួន​ឡើយ។ តែ​បញ្ហា​នៅ​ត្រង់​ថា អ៊ីរ៉ង់​មិន​ល្ងង់​រហូត​មិន​យល់​អ្វី​ដែល​លោក​អាបាឌី​ចង់​និយាយ​នោះ​ទេ។

អ៊ីចឹង​ហើយ​បាន​ជា​ក្នុង​ថ្ងៃ​អាទិត្យ ទី១២ សីហា អ្នកតំណាង​ឲ្យ​ប្រមុខ​សាសនា​អ៊ីរ៉ង់​អាលី ខាមេណី​ប្រចាំ​ទីក្រុង​បាកដាដ​បាន​ចេញ​មុខ​រិះគន់​ប្រឆាំង​លោក​អាបាឌី​ខ្លាំងៗ​ដោយ​ចោទ​នាយករដ្ឋមន្រ្តី​អ៊ីរ៉ាក់​រូប​នេះ​ពី​បទ​មាន​អាកប្បកិរិយា​មិន​ស្មោះត្រង់​ជាមួយ​អ៊ីរ៉ង់​ដែល​បាន​ធ្វើ​អំពើ​ល្អ​ជា​ច្រើន​ចំពោះ​អ៊ីរ៉ាក់។ អំពើ​ល្អ​ដែល​អ្នកតំណាង​ឲ្យ​ប្រមុខ​សាសនា​អ៊ីរ៉ង់​ចង់​និយាយ គឺ​អំពើ​មនុស្សធម៌​របស់​អ៊ីរ៉ង់​ដែល​បាន​ចំណាយ​កម្លាំង​ញើសឈាម​ជួយ​អ៊ីរ៉ាក់​នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំង​នឹង​អង្គការ​រដ្ឋអ៊ីស្លាម​ប្រកប​ដោយ​ជោគជ័យ។ គឺ​ផ្តើម​ចេញ​ពី​ការ​វាយប្រហារ​រិះគន់​ចាស់​ដៃ​របស់​អ៊ីរ៉ង់​នេះ​ហើយ​ដែល​បាន​ជំរុញ​លោក​អាបាឌី​ឲ្យ​លុប​ចោល​គម្រោង​ដំណើរ​ទស្សនកិច្ច​នៅ​អ៊ីរ៉ង់​នា​ថ្ងៃ​ពុធ ទី១៥ សីហា។ លោក​អាបាឌី​ខ្លួន​ឯង​បាន​ដឹង​ច្បាស់​ណាស់​ពី​កំហឹង​របស់​អ៊ីរ៉ង់ តែ​លោក​បាន​សារភាព​ថា គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​ពី​ចាក់​ខ្សែ​តាម​អាមេរិក​ទេ។

សំណួរ​ដែល​កំពុង​ចោទ​ពេល​នេះ​គឺ​ថា លោក​អាបាឌី​ដែល​គ្រប់​គ្នា​ស្គាល់​ជា​សកម្មជន​និយម​ដើរ​ផ្លូវ​កណ្តាល​នៅ​ចន្លោះ​គូសត្រូវ​ទាំង​ពីរ​អាមេរិក និង​អ៊ីរ៉ង់ ហេតុអ្វី​បែរ​ជា​បាន​សម្រេច​ចិត្ត​ងាក​ទៅ​ឱបជើង​អាមេរិក​យ៉ាង​ណែន​ពេល​នេះ​ទៅ​វិញ។ មាន​ចម្លើយ​ពីរ​ចំពោះ​សំណួរ​នេះ ទី១ ជា​ជម្រើស​តាក់តិក​របស់​លោក​អាបាឌី​សម្រាប់​អនាគត​នយោបាយ​របស់​ខ្លួន ព្រោះ​ថា ក្នុង​ពេល​ដែល​លោក​បាន​បាត់បង់​ការ​គាំទ្រ​ពី​អ៊ីរ៉ង់ គឺ​មាន​តែ​អាមេរិក​ទេ​ដែល​អាច​ជួយ​គាំទ្រ​លោក​ឲ្យ​ទទួល​បាន​អាណត្តិ​នាយករដ្ឋមន្ត្រី​ថ្មី​នា​ពេល​ខាង​មុខ ពិសេស​ចំ​ពេល​ដែល​គណបក្ស​របស់​លោក​ស្ថិត​លំដាប់​ទី៣ នៃ​ការ​បោះឆ្នោត​សភា​នា​ថ្ងៃទី១២ ឧសភា​កន្លង​ទៅ នេះ​ជា​ហេតុផល​ទី១។ ចំណែក​ហេតុផល​ទី២ គឺ​ផលប្រយោជន៍​សេដ្ឋកិច្ច ព្រោះ​ចង់ ឬ​មិន​ចង់ ការ​ដោះដូរ​ពាណិជ្ជកម្ម​របស់​អ៊ីរ៉ាក់​បាន​ធ្វើ​ឡើង​ជា​ប្រាក់ដុល្លារ ពិសេស​ការ​នាំ​ប្រេងឆៅ​ចេញ។

តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា ទន្ទឹម​គ្នា​នឹង​ការ​រក្សា​ប្រយោជន៍​សេដ្ឋកិច្ច​ជាមួយ​អាមេរិក អ៊ីរ៉ាក់​ត្រូវ​បាត់បង់​ប្រយោជន៍​សេដ្ឋកិច្ច​ជាមួយ​អ៊ីរ៉ង់។ វិស័យ​ដែល​ប៉ះពាល់​ខ្លាំង​ជាង​គេ គឺ​ទេសចរណ៍ និង​ថាមពល។ ទេសចរណ៍ ព្រោះ​ជា​រៀងរាល់​ឆ្នាំ មាន​អ្នក​ស្វែង​បុណ្យ​ជនជាតិ​អ៊ីរ៉ង់​និកាយ​ឈីអ៊ីត​ពី ២លានកន្លះ​ទៅ ៣លាននាក់​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ពិសិដ្ឋ​ជា​ច្រើន​ក្នុង​ទឹកដី​អ៊ីរ៉ាក់។ ថាមពល ព្រោះ​អ៊ីរ៉ង់​បាន​ផ្គត់ផ្គង់​ភ្លើងអគ្គិសនី​ឲ្យ​អ៊ីរ៉ាក់​ក្នុង​បរិមាណ ៦ ០០០មេហ្គាវ៉ាត់​លើ​តម្រូវការ ១៦ ០០០មេហ្គាវ៉ាត់​របស់​អ៊ីរ៉ាក់។ បន្ទាប់​មក ផល​ប៉ះពាល់​ក៏​អាច​ជះ​ឥទ្ធិពល​លើ​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​អ៊ីរ៉ាក់​ដែរ ព្រោះ​សព្វថ្ងៃ​នេះ របស់​របរ​ប្រើប្រាស់​ក៏​ដូច​ជា​កសិចំណីអាហារ​ត្រូវ​បាន​នាំ​ចូល​ពី​អ៊ីរ៉ង់។

បច្ចុប្បន្ន អ៊ីរ៉ាក់​បាន​ក្លាយ​ជា​ប្រទេស​ទី២ នាំ​ចូល​ទំនិញ​ពី​អ៊ីរ៉ង់​ដែល​មាន​ទឹកប្រាក់​ដល់​ទៅ ៦ ៦០០លានដុល្លារ​ក្នុង​ឆ្នាំ ២០១៧។ ដូច្នេះ​នៅ​ចំពោះ​មុខ អ៊ីរ៉ាក់​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ស្វែង​រក​ប្រភព​ថ្មី​ពី​ប្រទេស​ផ្សេង​នៅ​ក្នុង​តំបន់​ដើម្បី​បំពេញ​តម្រូវការ​របស់​ខ្លួន​ឡើយ។ ក្រៅ​ពី​ប្រភព​ស្របច្បាប់ ក្រុម​អ្នក​ជំនាញ​បាន​មើល​ឃើញ​ពី​ប្រភព​ក្រៅ​ផ្លូវច្បាប់​តាម​រយៈ​ការ​រត់​ពន្ធ​ទំនិញ​នៅ​តាម​បណ្តាយ​ព្រំដែន​រាប់ពាន់​គីឡូម៉ែត​រវាង​ប្រទេស​ជិតខាង​ទាំង​ពីរ​ដែល​រដ្ឋអំណាច​មិន​អាច​ត្រួតពិនិត្យ​គ្រប់​ច្រក​បាន​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ