អានតួអត្ថបទ
អារ៉ាប៊ី សាអូឌីត

អង្គការ​HRW៖ សកម្មជន​ដើម្បី​សិទ្ធិមនុស្ស​អារ៉ាប៊ី សាអូឌីត អាច​ប្រឈមនឹងការ​ប្រហារជីវិត

នៅ​អារ៉ាប៊ី សាអូឌីត រាជអាជ្ញា បាន​ទាមទារ​ឲ្យ​តុលាការ​សម្រេច​កាត់ទោស​ប្រហារជីវិត សកម្មជន ការពារ​សិទ្ធិ​មនុស្ស​៥​នាក់ ដែល​នៅក្នុង​នោះ មាន​១នាក់ បាន​រង​ចោទប្រកាន់​ថា បាន​ញុះញង់​ឲ្យ​មាន​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល។ នៅក្នុង​សេចក្តីថ្លែងការណ៍ របស់ខ្លួន ចេញផ្សាយ​នៅថ្ងៃ​ពុធទី ២២​សីហានេះ អង្គការ​ការពារ​សិទ្ធិមនុស្ស​Human Rights Watch ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង​ញូវយ៉ក បាន​បរិហារ​រិះគន់​រាជអាជ្ញា​អារ៉ាប៊ី សាអូឌីត។  

ស្ត្រីដើរកាត់​រូប​ព្រះចៅ​សាល់ម៉ាន​របស់​អារ៉ាប៊ី សាអូឌីតនៅទីក្រុង​រីយ៉ាដ ខែ​កុម្ភៈ ២០១៨
ស្ត្រីដើរកាត់​រូប​ព្រះចៅ​សាល់ម៉ាន​របស់​អារ៉ាប៊ី សាអូឌីតនៅទីក្រុង​រីយ៉ាដ ខែ​កុម្ភៈ ២០១៨ © REUTERS/Faisal Al Nasser/File Photo
ផ្សាយពាណិជ្ជកម្ម

“រាល់​ការប្រហារជីវិត​មនុស្ស​គឺ​ជា​រឿង​គួរ​ឲ្យ​រន្ធត់។ ប៉ុន្តែ សុំ​ឲ្យ​តុលាការ​សម្រេច​ផ្តន្ទាទោស​ប្រហារជីវិត​សកម្មជន​ការពារ​សិទ្ធិមនុស្ស ដែល​មិន​បាន​ប្រព្រឹត្ត​អំពើហិង្សា​អ្វីសោះ គឺ​ជារឿង​ដែល​សាហាវព្រៃផ្សៃ​ខ្លាំងណាស់” នេះ​ជា​ប្រសាសន៍​របស់​លោកស្រីSarah Leah Whitson ប្រធាន​អង្គការ​ការពារ​សិទ្ធិមនុស្ស ប្រចាំ​នៅ​តំបន់​ដើមបូព៌ា។

តាម​ក្រុមអារ៉ាប៊ី សាអូឌីត ដើម្បី ការពារ​សិទ្ធិមនុស្ស ដែល​មាន​ទីតាំង​នៅទីក្រុង​ឡុងដ៍ តុលាការ​អារ៉ាប៊ី សាអូឌីត​កំពុង​បើកសវនាការ ជំនុំជម្រះ លើ​ករណី​សកម្មជន​ការពារ​សិទ្ធិមនុស្ស​៥នាក់។ អង្គការ​ការពារ​សិទ្ធិមនុស្ស​ចាប់អារម្មណ៍​តាមដាន មិន​ដាច់ សវនការ​លើកនេះ ព្រោះថា នៅក្នុងចំណោម​សកម្មជន​សិទ្ធិមនុស្ស​ដែល​រាជអាជ្ញា​ទាមទារ​ឲ្យ​តុលាការ​កាត់ទោស​ប្រហារជីវិត មានម្នាក់​ជា​ស្ត្រីសកម្មជន​នាំមុខនៅ​អារ៉ាប៊ី សាអូឌីត។

លោកស្រី Israa Ghomgham សកម្មជន​អ៊ីស្លាម​និកាយ​ស្ហ៊ីអីត បាន​ក្លាយ​ជា​គោលដៅ​តាមដាន​របស់​អាជ្ញាធរ​អារ៉ាប៊ី សាអូឌីត ដោយសារ​លោកស្រី​បាន​ប្រមូល​ព័ត៌មាន​ទាំងឡាយទាក់ទង​នឹង​ការធ្វើ​បាតុកម្ម​នៅ​អារ៉ាប៊ី សាអូឌីត ចាប់តាំង​ពី​ឆ្នាំ ២០១១។ សកម្មជន​រូបនេះ ត្រូវ​បាន​ចាប់ខ្លួន ជាមួយ​ស្វាមី កាលពី​ឆ្នាំ ២០១៥ ក្នុង​បទចោទប្រកាន់​ថា ញុះញង់​ឲ្យ​មាន​បាតុកម្ម ហើយ​និង​គាំទ្រ​លើក​ទឹកចិត្ត ក្រុម​កុប្បករ។

បើសិន​តុលាការ​អារ៉ាប៊ី សាអូឌីត​សម្រេច​ទោស​តាម​ការទាមទារ​របស់​រាជអាជ្ញាមែន នោះ លោកស្រី Israa Ghomgham ជាស្រ្តី​អារ៉ាប៊ី សាអូឌីត លើកដំបូងគេ ដែល​រង​ការកាត់ទោស​ប្រហារជីវិត ក្នុង​សំណុំរឿង ទាក់ទង​នឹង​ការគោរព​សិទ្ធិ​មនុស្ស នៅ​អារ៉ាប៊ី សាអូឌីត។

នៅ​រាជាណាចក្រ អារ៉ាប៊ី សាអូឌីត ដែល​គ្រប់គ្រង​ដោយព្រះចៅ សាល់ម៉ាន់ និកាយ​ស៊ូនីត បាតុកម្ម នៅកន្លែង​សាធារណៈ និង​គណបក្ស​ប្រឆាំង​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យមាន​ដាច់ខាត។ តាម​អង្គការ​ការពារសិទ្ធិមនុស្ស Human Rights Watch ការបង្រ្កាប​ទៅលើ​ក្រុមប្រឆាំង​ បាន​កើនឡើង គួរឲ្យ​កត់សំគាល់ ចាប់តាំង​ពី​រាជបុត្រ​ស្នងរាជ្យ ចាប់ផ្តើម​នយោបាយ​កែទម្រង់​នៅ​អារ៉ាប៊ីសាអូឌីត។ ចាប់តាំង​ពីដើម​ឆ្នាំនេះ មក អ្នកទទួល​ខុសត្រូវ​សាសនា បញ្ញវន្ត ហើយ​និង​សកម្មជន​សិទ្ធិមនុស្ស​សរុប​ជាង​១០នាក់​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ