អានតួអត្ថបទ
យេម៉ែន

អង្គការ​សហប្រជាជាតិ៖ ការវាយប្រហារ​មួយចំនួន​នៅ​យេម៉ែន​មាន​ចរិត​ជា​ឧក្រិដ្ឋកម្ម​សង្រ្គាម

នៅក្នុង​របាយការណ៍​មួយ ចេញផ្សាយ កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ អ្នកស៊ើបអង្កេត​របស់​អង្គការ​សហប្រជាជាតិ​បាន​វាយតម្លៃ​ថា ប្រតិបត្តិការ​កងទ័ព​របស់​សម្ព័ន្ធអារ៉ាប់​ដឹកនាំ​ដោយ​អារ៉ាប៊ី សាអូឌីត នៅ​ប្រទេស​យេម៉ែន មាន​លក្ខណៈ​ជា​ឧក្រិដ្ឋកម្ម​សង្រ្គាម។ ក្រុមឧទ្ទាម​ហ៊ូទី ដែល​ជា​ផ្ទាំងស៊ីប​វាយប្រហារ​របស់​កងទ័ព​សម្ព័ន្ធអារ៉ាប់ ជាប់​មាន​ឈ្មោះ​ផង​ដែរ នៅ​ក្នុង​បញ្ជី​ខ្មៅ របស់​អ្នកស៊ើបអង្កេត​របស់​អង្គការ​សហប្រជាជាតិ ក្នុង​នាម​ជា​អ្នក​ធ្វើ​ទារុណកម្ម​លើ​ទាហាន​យេម៉ែន​ដែល​ជា​គូសត្រូវ។ 

រណ្តៅ​កប់សព​ដែល​ភាគច្រើន​ជាកុមារយេម៉ែន នៅទីក្រុង​សាណា
រណ្តៅ​កប់សព​ដែល​ភាគច្រើន​ជាកុមារយេម៉ែន នៅទីក្រុង​សាណា ©REUTERS/Naif Rahma
ផ្សាយពាណិជ្ជកម្ម

នៅ​រយៈពេល​៣​ឆ្នាំមកនេះ នៅក្នុង​ប្រតិបត្តិការ​របស់ខ្លួន នៅប្រទេស​យេម៉ែន កម្លាំងទ័ព​អាកាស​របស់​សម្ព័ន្ធ​អារ៉ាប់​បង្ក​ឲ្យ​មាន​ការបាត់បង់​យ៉ាង​ធ្ងន់ធ្ងរ ខាង​អាយុ​ជីវិត​មនុស្ស ដោយ​បាន​សំដៅ វាយប្រហារ​ទៅលើ​តំបន់ ទីតាំង ដែល​សំបូរ​រស់នៅ​របស់​ប្រជាជន​ស៊ីវិល ដូចជា ផ្សារ រោងការ ​ពិធីបុណ្យសព មន្ទីរពេទ្យ ឬ​មន្ទីរឃុំឃាំង។ តាម​ការវាយតម្លៃ​របស់​មន្រ្តី​ស៊ើបអង្កេត​របស់​អង្គកាសហប្រជាជាតិ ការវាយប្រហារ​មួយចំនួន​របស់​កងទ័ព​សម្ព័ន្ធ​អារ៉ាប់ មាន​លក្ខណៈ​ដូចជា​ការប្រព្រឹត្តិ​ឧក្រិដ្ឋកម្ម​សង្រ្គាម។

ចាប់តាំង​ពី​ឆ្នាំ ២០១៥ កងកម្លាំង​របស់​សម្ព័ន្ធ​អារ៉ាប់ ដឹកនាំ​ដោយ​អារ៉ាប៊ី សាអូឌីត បាន​ធ្វើ​អន្តរាគមន៍ យោធា ជួយ​កងទ័ព​រដ្ឋាភិបាល​យេម៉ែន ដើម្បី​ប្រយុទ្ធតទល់​នឹង​ពួកឧទ្ទាមហ៊ូទី គាំទ្រ​ដោយ​កងទ័ព​អ៊ីរ៉ង់ នៅ​យេម៉ែន។ ទៅតាម​ការសម្រេច​របស់​អារ៉ាប៊ីសាអូឌីត កងកម្លាំង​របស់​សម្ព័ន្ធ​អារ៉ាប់ ក្រៅតែ​ពីវាយប្រហារ​ទៅលើ​ទីតាំង របស់ពួកឧទ្ទាម​ហ៊ូទី បាន​បិទ​ផងដែរ ច្រកដឹកជញ្ជូន​សំខាន់ របស់យេម៉ែន ដូចជា​កំពង់ផែ និង​ព្រលាន​យន្តហោះ​នៅរដ្ឋធានី សាណា​ជាដើម។

នៅក្នុង​របាយការណ៍​កម្រាស​៤១​ទំព័រ ក្រុមស៊ើបអង្កេត​របស់​អង្គការ​សហប្រជាជាតិ​រកឃើញ​ផងដែរ សកម្មភាព​ធ្វើ​ទារុណកម្ម​របស់​ពួក​ឧទ្ទាមហ៊ូទី ដែល​គេ​អាច​ចាត់ទុក​ផងដែរ ជា​ឧក្រិដ្ឋកម្ម​សង្រ្គាម។ សម្រាប់​អ្នកសរសេរ​របាយការណ៍ ភាគី​ជម្លោះ​ទាំងពីរ​នៅ​យេម៉ែន គឺទាំង​ពួកឧទ្ទាមហ៊ូទី ហើយ​និង​កងទ័ព​រដ្ឋាភិបាល​យេម៉ែន បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្រ្គាម ​ក្នុងរឿងដែល​បាន​ចាប់បង្ខំ​បញ្ជូន​កុមារ អាយុ ពី​១១​ទៅ ១៧​ឆ្នាំ ទៅជួរមុខ ក្នុង​សមរភូមិ។

សម្រាប់​អ្នកនាំពាក្យ​របស់​កងទ័ព​សម្ព័ន្ធអារ៉ាប់ ក្រុមអ្នកច្បាប់​នឹង​ពិនិត្យ សិក្សា​លើ​របាយការណ៍​ស៊ើបអង្កេត ដែល​ត្រូវ​បាន​បញ្ជូន​រួចហើយទៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស។

អេមីរ៉ា អារ៉ាប់រួម ដែល​បាន​ចូលរួម​ជាមួយ​អារ៉ាប៊ី សាអូឌីត បើក​ប្រតិបត្តិការ​យោធា នៅ​យេម៉ែន អះអាង​ថា នឹង​ឆ្លើយតប​ឲ្យ​បាន​ឆាប់​ទៅរបាយការណ៍​របស់​អ្នកជំនាញ។ ប៉ុន្តែ ប្រមុខការបរទេស​របស់​ប្រទេស​នេះ​បញ្ជាក់​សាជាថ្មី​ពី​តួនាទី​សម្ព័ន្ធ​អារ៉ាប់ ក្នុង​ការជួយ​គាំទ្រ​រដ្ឋាភិបាល​យេម៉ែន និង​ជួយ​ស្តារ​កសាង​អនាគត​របស់​យេម៉ែន​មួយ ដែល​គ្មាន​ការលូកដៃ​របស់​អ៊ីរ៉ង់ ដែល​ជា​សត្រូវ​ប្រជែង​របស់​សម្ព័ន្ធអារ៉ាប់។

របាយការណ៍​របស់​អ្នកជំនាញ ចេញផ្សាយ​នៅតែប៉ុន្មាន​ថ្ងៃ​មុន ការបើក​ចរចា​សន្តិភាព រវាង រដ្ឋាភិបាលយេម៉ែន និង​ពួកឧទ្ទាម​ហ៊ូទី នៅ​ទីក្រុង​ហ្សឺណែវ នៅថ្ងៃ ទី ៦​ខែ​កញ្ញា​ក្រោយ។ របាយការណ៍​របស់​ជំនាញ បាន​សិក្សា​ទៅលើ​ទីតាំងចំនួន​១១​កន្លែង ដែល​រង​ការវាយប្រហារ​ពី​កងទ័ព​សម្ព័ន្ធអារ៉ាប់ ប៉ុន្តែ អ្នកជំនាញ​មិន​បាន​យោង​ដល់​សម្ព័ន្ធ​អន្តរជាតិ ប្រទេស​លោកខាងលិច ឬ​អ៊ីរ៉ង់ ដែលតាមពិត ជាអ្នកបាន​ផ្តល់ លក់ អាវុធ និង​ព័ត៌មាន​សម្ងាត់ ដល់​ក្រុមជម្លោះ​ប្រដាប់អាវុធ នៅ​ក្នុង​សង្រ្គមស៊ីវិល​នៅយេម៉ែននោះទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ