ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/08 12h00 GMT
មជ្ឈិមបូព៌ា

ប្រេសិត​អង្គការ​សហប្រជាជាតិ​សុំ​ខ្លួន​ទៅចរចា​​រំដោះ​ប្រជាជន​ស៊ីរីចេញ​ពី​តំបន់​​ដែលមាន​ពួក​​អាល់កៃដា

media ជញ្ជាំង​ខ័ណ្ឌ ព្រំដែន​តួកគី ជាមួយ​ខេត្ត​អ៊ីដឡិប​ដែល​សំបូរ​ដោយ​ជំរំជនភៀសខ្លួន​ក្នុងទឹកដី​ស៊ីរី នៅថ្ងៃទី១០ ខែតុលា ២០១៧ ©REUTERS/Osman Orsal/File Photo

បេសកជន​ពិសេស​របស់​អង្គការ​សហប្រជាជាតិ លោក​Staffan Mistura នៅថ្ងៃ ព្រហស្បតិ៍ម្សិលមិញ បាន​ស្នើខ្លួន​សុំ​ទៅ​ចរចា​ដើម្បី ជម្លៀស​ប្រជាជន​ស៊ីរី ចេញពី​តំបន់​អ៊ីដឡិប ដែល​ស្ថិតនៅ​ភាគខាងជើង ស៊ីរី ជាប់ព្រំដែន​ជាមួយ​ប្រទេស​តួកគី។ អ៊ីដឡិប ​​ជា​តំបន់​ចុងក្រោយ​របស់​ពួក​ឧទ្ទាម​ស៊ីរី និង​ដែល​មាន​លាយឡូកឡំ​ដោយ​ពួកទាហាន​អាល់នូស្រា ដែលជា​ បណ្តាញ​​របស់​ក្រុម​អាល់កៃដា។ នៅ​ប៉ុន្មានថ្ងៃ​នេះ កងទ័ព​រដ្ឋាភិបាល​ស៊ីរី គាំទ្រ​ដោយ​រុស្ស៊ី បាន​គំរាម​បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ ដើម្បី​វាយបណ្តេញ​ពួក​ភេរវជន​ចេញ​ឲ្យ​អស់​ពី​​តំបន់​អ៊ីអ៊ីដឡិប ។

នៅក្នុង​សន្និសីទ​កាសែត តាំងទីក្រុង​ហ្សឺណែវ ប្រេសិត​របស់​អង្គការ​សហប្រជាជាតិ បាននិយាយ​ថា លោក​បាន​ត្រៀមខ្លួន​រួចហើយ ដើម្បី​ចូល​ខ្លួន​​ទៅ​ជួយ​បង្កើត​ច្រក​ជម្លៀសយក​ប្រជាជន​ស៊ីវិល​ស៊ីរី ចេញពី​ខេត្ត​អ៊ីដឡិប។ ដោយសារ អ៊ីដឡិប​ជា​តំបន់​​យុទ្ធសាស្រ្ត​​​ចុងក្រោយ​​របស់​ពួក​ឧទ្ទាម​ស៊ីរី ​ក្រុមគ្រួសារ​របស់​ពួកប្រឆាំង​ស៊ីរី ប្រមាណ​១លាន ៤សែននាក់ (​ដែលត្រូវ​​គេ​បាន​ជម្លៀសចេញ​ពី​តំបន់​ផ្សេងៗទៀត​ដែល​​ពួកឧទ្ទាម​ បាត់បង់​ទៅ​ក្នុង​ដៃ​របស់​កងទ័ព​រដ្ឋាភិបាល​ស៊ីរី) ត្រូវ​បាន​បញ្ជូន​មក​នៅ​កកផ្តុំ ក្នុង​ខេត្ត​អ៊ីដឡិប។

តាម​ការវាយតម្លៃ​របស់​លោក Staffan Mistura ប្រេសិត​អង្គការ​សហប្រជាជាតិ ក្នុង​ចំណោមមនុស្ស​ជាង ២លាន ៩សែននាក់ នៅ​ខេត្ត​អ៊ីដឡិប មាន​ជាង ១ម៉ឺននាក់ ជា​ទាហាន​ប្រយុទ្ធ​របស់​ក្រុមអាល់នូស្រា និង​ក្រុមអាល់កៃដា បូកបន្ថែម​​នឹង​សមាជិក​គ្រួសារ​របស់​ពួកគេ។ តាម​បេសកជន​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ប្រាកដ​ណាស់​ថា គេ​ត្រូវ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមភេរវជន​ទាំងនោះ ប៉ុន្តែទោះជា​យ៉ាងនេះក្តី គេ​មិន​ត្រូវ​យកលេស​ប្រើអាវុធ​ធុនធ្ងន់ ដើម្បី បង្កគ្រោះថ្នាក់​ដល់​ជីវិត​ប្រជាជន​ស៊ីវិល ដែលរស់នៅ​ជ្រកកោន ក្នុង​ខេត្ត​អ៊ីដឡិបនេះទេ។ សម្រាប់​លោក​ Staffan Mistura គេ​នៅ​តែ​មាន​មធ្យោបាយចុងក្រោយ ដើម្បី​ជម្លៀស​ប្រជាជន​ស៊ីវិល ចេញ​ពី​តំបន់​ប្រយុទ្ធគ្នា នៅមុន​ពេល​ដែល​ពួកគេ ត្រូវ​បាន​ភាគី​ជម្លោះ​យកធ្វើ​ជាខែលមនុស្ស​ ដូច​ក្នុងករណី​​ប្រយុទ្ធគ្នា នៅ​ខេត្ត​អាឡិប។

ប្រេសិត​អង្គការ​សហប្រជាជាតិ​នៅ​បាន​រំលឹក​ពី​សោកនាដកម្ម​ ស្លាប់បាត់បង់​ជីវិត​មនុស្ស នៅពេល​កងទ័ព​ស៊ីរី ដែល​អម​ជួយ​ដោយ​យន្តហោះ​រុស្ស៊ី​បាន​​​វាយដណ្តើមយក​ទីក្រុង​អាឡិប កាលពី​ឆ្នាំ ២០១៦។ លោក​Mistura បាន​និយាយ​ថា កាលណោះ លោក​ធ្លាប់​បាន​ស្នើសុំ​ឲ្យ​មាន​ការជម្លៀស​មនុស្ស​ចេញ​ពីតំបន់អាឡិប មុន​ការវាយប្រហារ​របស់​កងទ័ព​រដ្ឋាភិបាលស៊ីរី ប៉ុន្តែ ក្រុមភេរវជន អាល់នូស្រា​បាន​បដិសេធ មិន​សហការ​ជាមួយ។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ នៅថ្ងៃ​ពុធ បាន​ព្រមាន​ពី​គ្រោះមហន្តរាយ​មនុស្សជាតិ បើសិន​កងទ័ព​ស៊ីរី បើកការវាយប្រហារពិតមែន ដើម្បី​វាយ​ដណ្តើម​យក​ទីតាំង​អ៊ីដឡិប​ពី​ដៃ​ពួកឧទ្ទាម។ ​ប្រេសិត​របស់​អង្គការ​សហប្រជាជាតិ​បាន​និយាយ​រួចហើយថា  ទាំងរបបស៊ីរី និង​ក្រុមទាហាន​អាល់នូស្រា ដែល​ជា​បណ្តាញ​របស់​អាល់កៃដា គឺ​មាន​សមត្ថភាព​ផលិត​អាវុធ​គីមី សម្លាប់មនុស្ស។ ​បេសកជន​របស់​អង្គការ​សហប្រជាជាតិ​បាន​ស្នើ​ឲ្យ​មាន​ការរំដោះ​មនុស្ស​ចេញពី​តំបន់​អ៊ីដឡិប ប៉ុន្តែ លោក​នៅមិនទាន់​បាន​ចរចា ពិភាក្សា​យ៉ាងណា​ជាមួយ រដ្ឋាភិបាល​របស់​លោក​បាស្ហា អាល់អាសាដ​នៅឡើយទេ។

ការជម្លៀស​ប្រជាជន​ចេញ​ពី​តំបន់​អ៊ីដឡិប ជា​រឿង​ស្មុគស្មាញ។ ដោយសារតែ​អ៊ីដឡិប​ជា​ទីតាំង​ប្រយុទ្ធការពារ​ចុងក្រោយ​របស់​ក្រុមប្រឆាំង​ស៊ីរី គេ​មិនដឹងថា តើ​បន្ទាប់​ពី​អ៊ីឡិបនេះ ទៅគេ​នឹង​អាច​បញ្ជូន ក្រុមគ្រួសារ​របស់​ពួកទាហាន​ប្រឆាំង​ស៊ីរី យក​ទៅ​ដាក់​នៅ​កន្លែងណានោះទេ។ រដ្ឋាភិបាល​ស៊ីរីវិញ ប្រាកដ​ជាមិន​ស្វាគម​ផ្តល់​ទឹកដី​សម្រាប់​ក្រុមគ្រួសារ​របស់​ទាហាន​ប្រឆាំង​នឹង​ខ្លួន​ឡើយ។ ប្រតិបត្តិការ​វាយប្រហារ​យក​ទឹកដី​អ៊ីដឡិប​លើកនេះ នឹង​បង្ក​ឲ្យ​មាន​សោកនាដកម្ម​សម្លាប់មនុស្ស​ផង និង​វិបត្តិ​ជនភៀសខ្លួន​ស៊ីរី ដ័ធំធេង ដែល​មិនធា្លប់​មាន​កន្លងមក៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ