អានតួអត្ថបទ
លីប៊ី

ទីស្នាក់ការ​​របស់​​ក្រុមហ៊ុន​ប្រេង​ជាតិ​​លីប៊ី (NOC) ​​នៅ​​​​ទ្រីប៉ូលី (Tripoli ) ​ត្រូវ​​​បាន​​​​​រង​​ការ​​វាយប្រហារ​​របស់​​​​​អង្គការ​​រដ្ឋ​អ៊ីស្លាម​​​

នៅ​ប្រទេស​លីប៊ី ទីស្នាក់ការ​របស់​ក្រុមហ៊ុន​ប្រេង​ជាតិ​លីប៊ី​( NOC) ដ៏​សំខាន់​បំផុត​នៅ​ក្នុង​រដ្ឋធានី​ទ្រីប៉ូលី ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ​ត្រូវ​បាន​ទទួល​រង​​នូវ​ការ​វាយប្រហារ​ដ៏​សែន​សាហាវ​​របស់​ពួក​ជីហាត​អ៊ីស្លាម​ជ្រុលនិយម​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ។ យោងតាម​តួលេខ​លើកតំបូង​របស់​ក្រសួង​សុខាភិបាល​លីប៊ី យ៉ាង​ហោច​ មាន​មនុស្ស​ស្លាប់​​២​នាក់​និង​អ្នក​រង​របួស​ជាង​១០​នាក់​ផ្សេង​ទៀត។

ក្រុម​ពន្លត់​អគ្គីភ័យ​និង​បុគ្គលិក​សន្ដិសុខ​ មានវត្តមាន​នៅ​ឯ​ទីស្នាក់ការ​កណ្តាល​នៃ​ក្រុមហ៊ុន​​ប្រេង​ជាតិ​លីប៊ី ​National ​Oil ​Corporation ​(NOC) ​បន្ទាប់ពី​មនុស្ស​បិទមុខ ៣​ នាក់​បាន​វាយប្រហារ​​នៅ​​ក្រុង​ទ្រីប៉ូលី​ប្រទេស​លីប៊ី។​
ក្រុម​ពន្លត់​អគ្គីភ័យ​និង​បុគ្គលិក​សន្ដិសុខ​ មានវត្តមាន​នៅ​ឯ​ទីស្នាក់ការ​កណ្តាល​នៃ​ក្រុមហ៊ុន​​ប្រេង​ជាតិ​លីប៊ី ​National ​Oil ​Corporation ​(NOC) ​បន្ទាប់ពី​មនុស្ស​បិទមុខ ៣​ នាក់​បាន​វាយប្រហារ​​នៅ​​ក្រុង​ទ្រីប៉ូលី​ប្រទេស​លីប៊ី។​ REUTERS/Ismail Zitouny
ផ្សាយពាណិជ្ជកម្ម

ការ​វាយប្រហារ​ប្រឆាំង​ទីស្នាក់ការ​​ក្រុមហ៊ុន​ប្រេង​ជាតិ​របស់​ប្រទេស​លីប៊ី​កាលពី​ម្សិល​មិញ​​ នៅ​តែ​​ពុំទាន់​មាន​​​ចលនា​ណា​មួយ ប្រកាស​ថា​ជា​ស្នាដៃ​របស់​ខ្លួន​នៅ​ឡើយ​ទេ។ ក៏ប៉ុន្តែ ​បេសកកម្ម​របស់​អង្គការ​សហប្រជាជាតិ​(អ.ស.ប.) នៅ​លីប៊ី​និង​សេវា​គ្រប់គ្រង​ខាង​ផ្នែក​​សន្តិសុខ​​ជាតិ​វិញ​ បាន​វាយ​តម្លៃ​ថា​”ជា​ការវាយប្រហារ​ភេរវនិយម​​ដោយហេតុ​ក្រុម​អត្តឃាតជន បាន​ធ្វើការ​បំផ្ទុះ​គ្រាប់បែក​នៅ​ក្នុង​ខ្លួនរបស់​ពួកគេ​។​

ម្យ៉ាងទៀត ពួក​ភេរវជន​​ បាន​សំដៅ​​ផ្ទាំង​ស៊ីប​ដ៏​សំខាន់​របស់​ជាតិ​លីប៊ី​នៅ​ក្នុង​​​ផ្នែក​យុទ្ធសាស្ត្រ​ដែល​​ក៏​ជា​អាយុ​ជីវិត​របស់​ប្រទេស​ជាតិ​​លីប៊ី​ដែរ​ដោយ​ហេតុថា ក្រុមហ៊ុន​ជាតិ​មួយ​នេះ បាន​ផ្គត់ផ្គង់​​ប្រាក់​ចំណូល​របស់​ខ្លួន​ប្រមាណ​ជាង ៩៥​%​សម្រាប់ប្រទេសជាតិ។  ​ក្រុមហ៊ុន បាន​ចាប់​មាន​ដំណើរការណ៍ ៤​ខែ​ក្រោយពី​អំពើ​ភេរវកម្ម​របស់​​អង្គការ​រដ្ឋ​អ៊ីស្លាម​ជីហាត ប្រឆាំង​ទៅ​លើ​គណៈកម្មាការ​បោះឆ្នោត​ជាន់​ខ្ពស់​លីប៊ី ដែល​បាន​បណ្តាល​ឲ្យ​ស្លាប់​​មនុស្ស​ចំនួន​១៤​នាក់​នៅ​ទ្រីប៉ូលី។​

បើ​យោង​តាម​មន្ត្រី​ម្នាក់​របស់​ក្រុមហ៊ុន​ប្រេង​ជាតិ​លីប៊ី (NOC) ពួក​ភេរវជន​ប្រដាប់​អាវុធ​ ដែល​បិទ​មុខជិត បាន​សម្រុក​ចូល​វាយប្រហារ​ប្រឆាំង​ទីស្នាក់ការ​នៃ​ក្រុមហ៊ុន​ប្រេងលីប៊ី  បន្ទាប់ពី​បាន​បាញ់​តដៃ​ជាមួយ​ឆ្មាំ​យាម​ល្បាត​របស់​ក្រុមហ៊ុន​នេះ​រួច​មក។​

ចំណែក​កង​កម្លាំង​ពិសេស​​លីប៊ី​នៅ​ទីក្រុង​ទ្រីប៉ូលី​វិញ  បាន​អះអាង​ថា​គេ​បាន​រក​ឃើញ​​សំណល់​សាកសព​​ភេរវជន​នៅ​ក្នុង​ទី​អគារ​មួយ។ អ្នកនាំពាក្យ​របស់​កង​កម្លាំង​ពិសេស​លីប៊ី​នេះ បាន​គូស​បញ្ជាក់​ទៀត​ថា អត្តឃាតជន​ចំនួន​២​នាក់​ បាន​ធ្វើការ​បំផ្ទុះ​គ្រាប់បែក​នៅ​ជាន់​ទី​២​និង​​ជាន់​ទី​៣​​នៃ​អគា ជាហេតុបណ្តាល​អោយ​​​ឆ្មាំ​យាមល្បាត​របស់​ក្រុមហ៊ុន ២ រូប​បាន​បាត់​បង់​ជីវិត និងអ្នករងរបួស​ចាង​១០​នាក់​ផ្សេងទៀត។​

ទន្ទឹមគ្នានេះដែរ បេសសកម្ម​របស់​ អសប នៅ​លីប៊ី ហៅកាត់ជាភាសាបារាំងថា  (Manul) បាន​ធ្វើការ​ផ្តន្ទាទោស​យ៉ាង​ម៉ឺង​ម៉ាត់​ទៅ​លើ​អំពើ​ភេរវកម្ម​ដ៏​សែន​សាហាវ​នេះ ដោយ​បាន​ចាត់​ទុក​ថា ជា​សកម្មភាព​ដ៏កំសាក​ជា​ទីបំផុត​។ ទន្ទឹមនេះ  (Manul) ​ក៏​បាន​អំពាវនាវ​ដល់​ប្រជាជន​លីប៊ី​ទាំង​អស់​ឲ្យ​បោះបង់ចោល​នូវរឿង​ជម្លោះ​កំប៉ិកកំប៉ិក​ឥតប្រយោជន៏​ហើយ​ត្រូវ​រួបរួម​កម្លាំង​គ្នា​វិញ ដោយ​ចាប់សហការណ៍​ធ្វើ​ជា​ដៃ​គូ​ជាមួយ​សហគមន៍​អន្តរជាតិ​​​ដើម្បី​​កំចាត់​និង​លុប​បំបាត់​អំពើ​ភេរវនិយម​អោយ​អស់​ពី​ទឹកដី​​​លីប៊ី ​ដែល​អំពើនេះ គឺ​ជា​អម្រែក​​មួយ​សែន​ធ្ងន់​សម្រាប់​ប្រទេស​លីប៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ