ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/09 12h00 GMT
មជ្ឈិមបូព៌ា

សហជីព៖ តួកគី​ចាប់ឃុំខ្លួន​កម្មករ​៥០០​នាក់ដែល​ធ្វើបាតុកម្ម​តវ៉ា​ពី​លក្ខខ័ណ្ឌ​ការងារ

media ប៉ូលិស​អាវុធ​ហត្ថតួកគី​ឡោមព័ទ្ធ កម្មករ​ព្រលាន​យន្តហោះ​ដែល​ធ្វើបាតុកម្ម​នៅថ្ងៃទី ១៤ កញ្ញា ២០១៨ ©Akin Celiktas/Demiroren News Agency via REUTERS

អាជ្ញាធរ​តួកគី បាន​ចាប់ឃុំ​ខ្លួន​កម្មករ​នៅ​ការដ្ឋាន​ព្រលាន​យន្តហោះ ​រាប់រយ​នាក់ ​នៅ​ចុងសប្តាហ៍នេះ។ តាម​សារ Twitter​ របស់​សហព័ន្ធ​សហជីព​បដិវត្តន៍​តួកគី ចុះផ្សាយ កាលពី​ថ្ងៃ​សៅរ៍ កម្មករ​សំណង់ត្រូវ​បាន​ចាប់ខ្លួន នៅក្នុង​ពេល​ពួកគេ​​​ធ្វើ​បាតុកម្ម ទាមទារ​ឲ្យ​មាន​ការគោរព​លក្ខខ័ណ្ឌ​ការងារ ​នៅ​ក្នុង​ការដ្ឋាន​សាងសង់​ព្រលាន​យន្តហោះ ក្នុងទីក្រុង​អ៊ីស្តង់ប៊ូល។ លោកប្រធានាធិបតី​តួកគី រេស៊ីប អ៊ែរដូហ្កានដែល​ចង់​ឲ្យ ព្រលាន​យន្តហោះ​ថ្មី​នៅ​​ក្រុង​អ៊ីស្តង់ប៊ូល ក្លាយ​ជាព្រលាន​យន្តហោះ​ដ៏ធំជាងគេ នៅក្នុង​ពិភពលោក ​បាន​វិនិយោគ​ទឹកប្រាក់​រាប់​លាន​ដុល្លារ សម្រាប់​​​សាងសង់​ព្រលាន​យន្តហោះ ដែល​តួកគី​រំពឹង​នឹង​ទទួល​អ្នកដំណើរ ៩០លាន​នាក់ ក្នុង​មួយឆ្នាំៗ។

​  

នៅ​ការដ្ឋាន ព្រលាន​យន្តហោះ​ថ្មី នៅទីក្រុង​អ៊ីស្តង់ប៊ូល ដែល​រដ្ឋាភិបាល​តួកគី ប៉ង​ចង់​ឲ្យ​ជា​ព្រលាន​យន្តហោះ​ធំជាងគេ​នៅលើលោក មាន​មនុស្ស​បម្រើការ​ជាង ៣៥០០០នាក់ ដែលនៅក្នុង​នោះ ៣ពាន់​នាក់​ជាវិស្វករ​ហើយ​និង​មន្រ្តី​រដ្ឋបាល។ ប៉ុន្តែ នៅថ្ងៃ សុក្រ នៅ​ក្រោយ​គ្រោះថ្នាក់​រថយន្ត ដែល​ធ្វើ​ឲ្យ​គ្នីគ្នា​របស់​ពួកគេ របួស ជាង២០នាក់ កម្មករ​​រាប់ពាន់នាក់​របស់​ការដ្ឋាន​មួយនេះ បាន​ប្រមូលផ្តុំ​គ្នាឡើង ​ធ្វើ​បាតុកម្ម ដើម្បី​តវ៉ា​ពី​លក្ខខ័ណ្ឌ​ការងារ​ដ៏លំបាក ហើយ​និង​គ្រោះថ្នាក់​នៅ​ការដ្ឋាន​សាងសង់​ព្រលាន​យន្តហោះ។

រដ្ឋមន្រ្តី​ក្រសួង​ដឹកជញ្ជូន​តួកគីធ្លាប់បាន​និយាយ​ប្រាប់​អ្នកកាសែត​ថា តាំង​ពី​បើកការដ្ឋាន​សំណង់​មក មាន​កម្មករ​២៧នាក់ ស្លាប់ ដែលក្នុង​នោះ ១៣​នាក់​បាន​ស្លាប់​ដោយសារ​គ្រោះថ្នាក់​កាងារ។ ប៉ុន្តែ ក្រុម​សហជីពវិញ វាយតម្លៃថា តួលេខ​ផ្តល់​ដោយ​រដ្ឋមន្រ្តី​ដឹកជញ្ជូន​គឺ​តិចណាស់ បើប្រៀបធៀប​នឹង​ការពិតជាក់ស្តែង។ នៅថ្ងៃ​សុក្រ កម្មករ​​ភាគច្រើន​បាន​ត្អូញត្អែរផងដែរ ពី​កង្វះ​អាហារ ការខ្វះ​អនាម័យ ហើយ​និង​ការបើកប្រាក់ខែ​មិនទាន់​ពេលវេលា​របស់​ក្រុមហ៊ុន ដែល​វិនិយោគ​លើ​ការសាងសង់​ព្រលាន​យន្តហោះ។​

កម្មករ​នៅ​ការដ្ឋាន​សាងសង់​ព្រលាន​យន្តហោះ​ធ្លាប់​បាន​តវ៉ា​ពីលក្ខខ័ណ្ឌ ការងារ ហើយ​និង​សុវត្ថិភាព​នៅ​ព្រលានយន្តហោះ​តាំង​ពី​យូរហើយ ប៉ុន្តែ ពួកគេ​គ្មាន​សិទ្ធិ​ធ្វើ​បាតុកម្ម​តវ៉ា ដោយសារ​តែការហាម​របស់​ច្បាប់​ ដាក់ប្រទេស​ក្នុង​ស្ថានភាព​ប្រកាស​អាសន្ន ដែល​លោកប្រធានាធិបតី​អ៊ែរដូហ្កាន បាន​អនុវត្ត​តាំង​ពី​ឆ្នាំ ២០១៦ នៅក្រោយ​រដ្ឋប្រហារ​មិនបាន​សម្រេច​​​របស់​​ពួកយោធា។

នៅ​យប់​ថ្ងៃ​សុក្រ ចូលដល់​ថ្ងៃសៅរ៍ កងកម្លាំង​អាវុធ​ហត្ថ​ បាន​ចូល​ទៅបំបែក​ក្រុមកម្មករធ្វើ​បាតុកម្ម និង​បាន​ចាប់ឃុំខ្លួន បាតុករ​ប្រមាណ៥០០នាក់។ នេះ​បើតាម​ប្រធាន​ក្រុម​សហជីព​តួកគី ដែល​បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​តួកគី ដោះលែង​ជា​បន្ទាន់​កម្មករ បើសិន មិន​ចង់​ឲ្យ​ការងារ​សាងសង់​ព្រលាន​យន្តហោះ​នៅ​អ៊ីស្តង់ប៊ូល ត្រូវ​យឺតយ៉ាវ​នោះទេ។ គម្រោង​សាងសង់​ព្រលាន​យន្តហោះ ដែល​ប្រធានាធិបតី​តួកគី ចាត់ទុក​ជា​គម្រោង​វិនិយោគ អាទិភាព និង​ជា​មុខមាត់​ថ្មី​សម្រាប់​​ប្រទេស​តួកគី។​

តាម​គម្រោង ការ​សាងសង់​ព្រលាន​យន្តហោះ​ថ្មី​នៅ​ទីក្រុង​អ៊ីស្តង់ប៊ូល នៅ​បញ្ចប់ និង​អាច​បើកសម្ពោធ​ឲ្យ​ប្រើប្រាស់ នៅ​ខែ​តុលាខាងមុខ។ ប៉ុន្តែ សហជីព​ជាច្រើន​បានវាយតម្លៃថា គេ​ត្រូវ​ការ​ពេល​យ៉ាងហោច ២ខែ​ទៀត ដើម្បី​បញ្ចប់​ការងារសំណង់​ទាំងមូល​របស់​ព្រលាន​យន្តហោះ។

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ