ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/09 12h00 GMT
មជ្ឈិមបូព៌ា

ប្រទេស​ស៊ីរី​ រៀបចំ​​ការបោះឆ្នោត​ថ្នាក់ក្រោមជាតិ​ជាលើកដំបូង​ចាប់តាំងពី​ឆ្នាំ២០១១​

media  
ប្រជាជនស៊ីរីម្នាក់បោះសន្លឹកឆ្នោតចូលក្នុងហឹបឆ្នោត នៅថ្ងៃទី១៦ កញ្ញា ឆ្នាំ២០១៨។ LOUAI BESHARA / AFP

ថ្ងៃទី១៦​ ខែកញ្ញា​ ឆ្នាំ២០១៨​ ពលរដ្ឋស៊ីរី​បាននាំគ្នា​ចេញទៅបោះឆ្នោតថ្នាក់ក្រោមជាតិ​ ជាលើកដំបូង​រាប់ចាប់តាំងពី​ឆ្នាំ២០១១​ ជាពេល​ដែលការបះបោរ ប្រឆាំង​នឹងការគ្រប់គ្រង​របស់​លោកប្រធានាធិបតី​ អាសាដ​ បានផ្ទុះឡើង។ តែទោះជាយ៉ាងណាក្តី​ គេមើលឃើញថា​មិនមាន​ប្រជាជនស៊ីរី​ច្រើនទេ​ ទៅចូលរួមបោះឆ្នោត​ ដោយហេតុថា​ គ្មានបក្សណា​ក្រៅពី​បក្សកាន់អំណាចទេ​ដែលឈរឈ្មោះ​ក្នុងការ​បោះឆ្នោតលើកនេះ​។

យោងតាម​ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ​របស់ស៊ីរី​ មានមណ្ឌលបោះឆ្នោត​ឃុំសង្កាត់​ច្រើនជាង​៦៥៥០0 មណ្ឌល​ ត្រូវបានបើក​នៅវេលាម៉ោង​៧ ព្រឹក​ ក្នុង​ប្រទេសស៊ីរី​ នៅទូទាំងតំបន់​ ដែល​គ្រប់គ្រងដោយ​រដ្ឋាភិបាល​របស់លោកអាសាដ​។ ហើយ​ដែលភាគច្រើន​ ជាតំបន់​នៅជុំវិញ​ក្រុងដាម៉ាស​និងនៅភាគខាងត្បូង​ប្រទេសស៊ីរី​។

រហូតមកដល់ពេលនេះ​ រដ្ឋាភិបាលស៊ីរី​ នៅមិនទាន់បាន​បញ្ជាក់ប្រាប់​ ពី​ចំនួន​អ្នកទៅបោះឆ្នោត​ក្រុមប្រឹក្សា​រដ្ឋបាលមូលដ្ឋាន​នេះទេ​។ តែ​ទោះជាយ៉ាងណាក្តី​ គេមើលឃើញថា​ មានមនុស្សតិចណាស់​ដែលទៅបោះឆ្នោត​។

ទាក់ទិន​នឹងរឿងនេះ​ ប្រជាជនស៊ីរីម្នាក់​ ដែល​មិនបានចេញទៅបោះឆ្នោត​បាននិយាយថា​ លោកមិនដឹងជា​ ត្រូវទៅបោះឆ្នោត​ធ្វើអ្វីនោះទេ​ ព្រោះលោក​គិតថា​នឹង​មិនមានអ្វី​ផ្លាស់ប្តូរឡើយ​។ ប្រជាជនស៊ីរី​រូបនេះ​បន្ថែមថា​ គ្រប់គ្នា​ដឹងរួចជាស្រេច​ទៅហើយ​ពីលទ្ឋផល​នៃការបោះឆ្នោត​ ដែល​មានតែ​គណបក្សកាន់អំណាចមួយ​ចូលរួម​ប្រកួតប្រជែង។

ចំណែកឯ​ ប្រព័ន្ធផ្សព្វផ្សាយ​រដ្ឋស៊ីរីវិញ​ គ្រាន់តែ​ប្រាប់ឲ្យដឹងថា​ មាន​បេក្ខជន​ជាង ៤០ ០០០ នាក់​ ចូលរួម​ប្រកួតប្រជែង​ដណ្តើមយក​អាសនៈ​ក្រុមប្រឹក្សា​រដ្ឋបាល​មូលដ្ឋាន​ចំនួន​ ១៨.៤៧៨​។ ហើយ​បើគិតរហូតមកដល់​រសៀលថ្ងៃទី​១៦​ កញ្ញា​ ឆ្នាំ ២០១៨​ អាជ្ញាធរស៊ីរី​ ក៏នៅមិនទាន់​បានប្រកាសប្រាប់​ពីលទ្ធផល​នៃការបោះឆ្នោតដែរ​។

គួរកត់សម្គាល់ថា​ ប្រទេសស៊ីរី​បានរៀបចំការបោះឆ្នោត​ថ្នាក់ក្រោមជាតិ​ចុងក្រោយ​ នៅខែធ្នូ​ឆ្នាំ២០១១​ ជាពេល​ដែល​ប្រទេសស៊ីរី​បានធ្លាក់ចូល​ភ្លក់ភ្លើងសង្គ្រាម​។ ដោយឡែក​នៅឆ្នាំ​ ២០១៤​ ប្រទេសស៊ីរី​បានរៀបចំ​ការបោះឆ្នោត​ប្រធានាធិបតី​ ដែលជួយឲ្យ​លោកអាសាដ​ គាំទ្រដោយរុស្សី​ អាចបន្ត​តំណែង​រយៈពេលប្រាំពីរឆ្នាំ​សារជាថ្មីម្តងទៀត​។

គួរជម្រាប​ជូនផងដែរថា​ ក្នុងកំឡុង​ពេលប្រាំពីរឆ្នាំ​ ចាប់តាំងពី​ការបោះឆ្នោតចុងក្រោយ​នៅក្នុងប្រទេសស៊ីរី​នាឆ្នាំ ២០១១​ សង្គ្រាមស៊ីវិល​បានសម្លាប់មនុស្សជាង​ ៣៦ម៉ឺននាក់​ និង​បង្ខំឱ្យ​មនុស្សរាប់លាននាក់ទៀត​ រត់ភៀសខ្លួន​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ