អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កិច្ចព្រមព្រៀង​បង្កើត​តំបន់​គ្មាន​កងទ័ព នៅស៊ីរី នឹង​​ស្លាប់​ដូច​​កិច្ចព្រមព្រៀង​មុនៗ

ចុះផ្សាយ​នៅ​ថ្ងៃ៖

មកទល់​នឹង​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ពួកជីហាត​មិន​ព្រមដាក់អាវុធ ដក​កម្លាំង​ដើរ​ចេញ​ពី​តំបន់ ស្រប​តាម​ការ​កំណត់​នៃ​កិច្ចព្រមព្រៀង​រុស្ស៊ី-តួកគីទេ។ មិន​តែ​ប៉ុណ្ណោះ ពួក​គេ​បានប្រកាស​ចេតនា​ចង់​បន្ត​ការ​​ប្រយុទ្ធ​ប្រដាប់​អាវុធ​ដើម្បី​បុព្វហេតុ​ជីហាតទៀត។ សេចក្តីប្រកាស​នេះ បាន​និង​កំពុង​រុញ​ច្រាន​កិច្ចព្រមព្រៀង​​បង្កើត​តំបន់​គ្មាន​កងទ័ព​នៅខេត្តអ៊ីដឡិប Idlib ប្រទេស​ស៊ីរី​ ឱ្យ​ប្រឈម​នឹង​​បរាជ័យ​ ដូច​ជា​កិច្ចព្រមព្រៀង​មុនៗទៀត​ហើយ។

ពួក​ឧទ្ទាម​ត្រូវ​ដក​កងកម្លាំង​ចេញ​ពី​តំបន់​គ្មាន​កងទ័ព​នៅ​អ៊ីដឡិប ឱ្យអស់​នៅ​ថ្ងៃទី ១៤ តុលា ២០១៨
ពួក​ឧទ្ទាម​ត្រូវ​ដក​កងកម្លាំង​ចេញ​ពី​តំបន់​គ្មាន​កងទ័ព​នៅ​អ៊ីដឡិប ឱ្យអស់​នៅ​ថ្ងៃទី ១៤ តុលា ២០១៨ REUTERS/Ammar Abdullah
ផ្សាយពាណិជ្ជកម្ម

កិច្ចព្រមព្រៀង​បង្កើត​តំបន់​គ្មាន​កងទ័ព​នៅ​ខេត្ត​អ៊ីឡិប កំពុង​ប្រឈម​នឹង​បរាជ័យ ព្រោះ​ពួកជីហាត​នៅស៊ីរី បាន​ប្រកាស​មិន​ព្រមដកកង​​កម្លាំងចេញ​ ទៅ​តាម​អ្វី​ដែល​បាន​កំណត់​ក្នុង​កិច្ចព្រមព្រៀង​នោះ​ឡើយ។

កិច្ចព្រមព្រៀង​បង្កើត​តំបន់​គ្មានកងទ័ព

កាលពី​ថ្ងៃទី ១៧ កញ្ញា នៅ​ទីក្រុងSotchi រុស្ស៊ី​បានរក​ឃើញ​កិច្ចព្រមព្រៀង​​ជាមួយ​តួកគី ​​ដែល​អាច​ទទួល​យក​បា​នដោយ​ក្រុម​ឧទ្ទាម​ទាំង​ឡាយ​ផង និង​ពួកជីហាតផងបង្កើត​តំបន់​គ្មាន​កងទ័ព ដើម្បី​​​​បញ្ជៀស​​ការ​​​វាយប្រហារ​យោធា​ទ្រង់ទ្រាយធំ នៅ​ក្នុង​តំបន់​ភាគ​ពាយ័ព្យ​ប្រទេស​ស៊ីរី ពោល​គឺក្រុង​អ៊ីឡិប​ ដែល​ជា​ជង្រុក​ចុងក្រោយ​របស់​ពួក​អ្នកបះបោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​ដាម៉ាស របស់​លោក បាស្ហារ អាល់អាសាដ។

សមរភូមិ​ជួរ​មុខ​ដែល​ជា​ទីលាន​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​រដ្ឋាភិបាល​ស៊ីរី និង​ពួក​ឧទ្ទាមព្រមទាំង​ក្រុម​ជីហាតផ្សេងៗ នឹងក្លាយ​ទៅ​ ​តំបន់​គ្មាន​កងទ័ពចាប់​ពី​ថ្ងៃ​ទី​១៥​តុលានេះទៅ ដោយភាគី​ម្ខាងៗ​នាំ​គ្នា​ដក​​កងទ័ព​និង​អាវុធធុនធ្ងន់ ចេញ​ ទុក​ដី​ឱ្យ​ទំនេរ​​គម្លាត​គ្នា​​ ប្រវែង​ពី​១៥​ទៅ​២០​គីឡូម៉ែត្រ ឱ្យ​អស់​ត្រឹម​យប់​ថ្ងៃទី​១៤​តុលា។ នេះ​បើ​តាមកិច្ចព្រមព្រៀង ដែល​កំណត់​ទៀត​ថា​ តំបន់​គ្មានកងទ័ព​នេះ ស្ថិត​នៅ​ក្រោម​​ត្រួតពិនិត្យរបស់​រុស្ស៊ី​និង​តួកគី។ ចំណែក​ការ​គ្រប់គ្រង​ការ​គោរព​កិច្ចព្រមព្រៀង​ ជាបន្ទុក​ដ៏​ចំបង​​របស់​តួកគី។ តួកគី​ត្រូវ​ទៅ​បញ្ចុះ​បញ្ចូល​ធ្វើយ៉ាងណា​ឱ្យ​ក្រុម​ឧទ្ទាម និង​ពួក​ជីហាត តូច​ធំជា​ច្រើន​ក្រុម ព្រមយក​កិច្ចព្រមព្រៀង​រុស្ស៊ី-តួកគី។

ជាង​១០ថ្ងៃ​​ក្រោយ​ការ​ចុះ​កិច្ចព្រមព្រៀង ​​ពួកឧទ្ទាម​មួយ​ក្រុម​ធំ​ដំបូង បាន​ចាប់​ផ្តើម​ ដកទ័ព ដកអាវុធ​យុទ្ធភ័ណ្ឌ​ធុន​ធ្ងន់​​ ស្រប​តាម​កិច្ចព្រមព្រៀងមែន។ ជា​ផ្លូវការ​ក្រុមឧទ្ទាម​រណសិរ្ស​រំដោះជាតិ ដែល​ជា​ក្រុម​ឧទ្ទាម​ដ៏​ធំ​របស់​ស៊ីរី បាន​ដក​កម្លាំង​ចេញ​ពី​តំបន់​ទ្រនាប់​ហើយ។

ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា តួកគី​គ្មាន​ទំនាក់ទំនង​​​ជាមួយ​ពួក​ជីហាត ឬ​ក៏​មាន​​​ដែរ​តែក្នុង​ទម្រង់​មិន​ជាក់លាក់​​ទេ។ តួកគី​គ្មានអំណាច​អ្វី​ទៅ​សង្កត់​ ឬ​ដាក់​សម្ពាធ​លើ​ពួក​ជីហាត​អ៊ីស្លាម​ជ្រុលនិយម​ទាំង​ឡាយ​នៅ​ស៊ីរី​ទេ ! ពួក​ជីហាត​ទាំង​អស់​នៅ​គ្មាន​ស្ងាត់ គ្មាន​ផ្តល់​​ចម្លើយអ្វី​ទាក់ទង​ នឹង​ការ​បង្កើត​តំបន់​គ្មាន​កងទ័ព​នេះ​ទេ។ មានតែ​ក្រុម​ជីហាត​អ៊ីស្លាមជ្រុលនិយម​ខ្លាំង និង​តូចៗ​ ចំនួន​ពីរ​បី​ ដូច​ជា​ពួកជីហាត Houras Al-Din ស្និទ្ធ​នឹង​អាល់កៃដា ហើយ​ក្រុម​ឧទ្ទាម​មួយ​ក្រុមទៀត​សកម្ម​នៅភាគ​ខាងជើង​ខេត្ត​ហាម៉ា​ ដែល​បាន​ប្រកាស​ប្រឆាំង​ដាច់ខាត​នឹង​កិច្ចព្រមព្រៀង​រុស្ស៊ី-តួកគី។

​រំលោភ ឬ​មិន​ទទួល​យក​ ​កិច្ចព្រមព្រៀង ?

ចំណែក​ពួក​ជីហាត​Hayat Tahrir Al Cham (HTS) អង្គការជីហាតអ៊ីស្លាមជ្រុលនិយម បង្កើត​ដោយ​អតីត​សាខា​អាល់កៃដា​នៅ​ស៊ីរី និង​ជា​ក្រុមជីហាត​ប្រដាប់​អាវុធ​ដ៏​ធំ​ជាង​គេ​គ្រប់គ្រង​តំបន់​អ៊ីដឡិបដល់​ទៅ​៦០% មិន​បាន​ផ្តល់​ប្រតិកម្ម​អ្វី​ទាំង​អស់ តាំង​ពី​ថ្ងៃ​ចុះ​កិច្ចព្រមព្រៀង​នោះ​មក។ ទើប​តែ​នៅ​ថ្ងៃ​នេះ ប៉ុន្មាន​ម៉ោង​មុន​កាលកំណត់ដក​ទ័ពចេញ មានចែងក្នុង​កិច្ចព្រមព្រៀង ទើប​ពួកគេ​បានចេញ​សេចក្តី​ថ្លែងការណ៍​​ប្រកាស​ “មិនទម្លាក់​អាវុធ​ និង​បោះបង់​បេសកកម្ម​ជីហាត​ ងើបធ្វើ​បដិវត្ត​កាន់​អាវុធដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​ឧក្រិដ្ឋ (រដ្ឋាភិបាល​លោក​បាស្ហារ អាល់អាសាដ)ឡើយ”។ ​

ប៉ុន្តែ​ពួកជីហាត​HTS​នេះ​មិន​បាន​បញ្ជាក់​ឱ្យ​ចំ​ថា​ ពួកគេ​បដិសេធ​កិច្ចព្រមព្រៀង​រុស្ស៊ី-តួកគី​នេះ​ទេ។ ក្រុម​នេះ​បាន​​លើក​សរសើរ​តួកគី​ដោយ​មិន​ផ្ទាល់​ថា ពេញ​ចិត្ត​ចំពោះ​កិច្ចខិត​ខំ​ប្រឹង​ប្រែង​របស់​អ្នក​ដែល​បាន​តស៊ូ នៅ​ក្នុង​ប្រទេស​ស៊ីរី​ និង​នៅក្រៅ​ប្រទេស ដើម្បី​ការពារ​តំបន់​រំដោះ​បាន​​ពី​​រដ្ឋាភិបាល និង​ដើម្បី​ទប់​ស្កាត់​ការ​បំផ្លិចបំផ្លាញ​ និង​ការ​សម្លាប់​រង្គាល។

​សេណារីយោវាយលុក

ក្រៅ​អំពី​​ចម្លើយ​បដិសេធ​របស់​ពួក​ជីហាតHTS​ ​គេ​ឃើញ​មាន​ការ​បាញ់​ផ្លោង​គ្រាប់​បែក​ត្បាល់​ដាក់​គ្នា​ទៀត នៅ​យប់​មិញ​ ចេញ​ពី​តំបន់​ទ្រនាប់​នេះ។ នេះ​ជា​ការ​រំលោភបទ​ឈប់​បាញ់​ជា​លើក​ទី​មួយ​គិត​ចាប់​តាំង​ពី​ចុះ​កិច្ចព្រមព្រៀង​បង្កើត​តំបន់​គ្មាន​កងទ័ព​មក។ តែ​ខាង​កងទ័ព​រដ្ឋាភិបាល​ក្រុង​ដាម៉ាស​ ក៏​បាន​បាញ់​ផ្លោង​ទៅ​លើ​តំបន់​ទ្រនាប់​បែក​ខាង​លិច​ជិត​ក្រុង​ហាម៉ាដែរ។

ដូច្នេះ​ប្រសិន​បើ​កិច្ចព្រមព្រៀង​នេះ​ ត្រូវ​បរាជ័យ​ ដោយ​ហេតុ​តែ​ទង្វើ​របស់​ពួក​ជីហាត​HTS មែន នោះ​នឹង​មាន​សេណារីយោពីរ ដែល​អាច​កើត​ឡើង ៖ ទីមួយ ​តួកគី​និង​ពួក​ឧទ្ទាម​រណសិរ្សរំដោះ​ជាតិ បើក​យុទ្ធនាការ​យោធា​ប្រឆាំង​ពួក​ជីហាត HTS ឬ​ពុំ​នោះ​ទេ គឺរុស្ស៊ី​នឹង​ឆក់​ឱកាស​ដោយ​មាន​ការ​គាំទ្រ​ពី​រដ្ឋាភិបាលក្រុង​ដាម៉ាស និង​សម្ព័ន្ធមិត្ត​ សម្រុក​ចូល​តំបន់​អ៊ីដឡិប​តែ​ម្តង។

យើង​ដឹង​គ្រប់​គ្នា​ហើយ​ថា លោក បាស្ហារ អាល់អាសាទ ដែល​ធ្លាប់​ប្រាប់​​ជា​ញយ​ដង​​អំពី​ឆន្ទៈ​ចង់​ក្រសោប​យក​ស៊ីរី​ទាំងមូល​​មក​គ្រប់គ្រាន់​វិញ ចាត់​ទុក​កិច្ចព្រមព្រៀង​រុស្ស៊ី-តួកគី ជា​ដំណោះស្រាយ​បណ្តោះ​អាសន្ន​ប៉ុណ្ណោះ ហើយ​បាន​ធានា​អះអាង​ថា​ អ៊ីដឡិប និង​តំបន់​ជុំវិញ នឹង​ត្រូវ​តែ​ធ្លាក់​មក​ក្នុ​ងកណ្តាប់​ដៃ​រដ្ឋាភិបាល​វិញ​នៅ​ទី​បញ្ចប់។

តាំង​ពី​ថ្ងៃ​សុក្រ​មក ប្រជាពលរដ្ឋ​រស់​ក្នុង​តំបន់​អ៊ិដឡិប បាន​ទទួល​សារ​ព្រមាន តាម​ទូរស័ព្ទ​ដៃ​ ពី​សំណាក់​យោធា​ស៊ីរី ឱ្យ​ដក​ខ្លួន​ខិត​ចេញ​ឆ្ងាយ​ពី​ជន​ប្រដាប់អាវុធ ព្រោះ​ពួក​នេះ​គ្មាន​វាសនា​រស់​ទៀត​ទេ។ តើ​នេះ​ជា​សារ​ព្រលយ​ឱ្យ​ដឹង​អំពី​លទ្ធភាព​នៃ​ការ​បើក​យុទ្ធនាការ​វាយ​លុក​ឬ ?

សូម​បញ្ជាក់​ថា​កិច្ចព្រមព្រៀង​រុស្ស៊ី-តួកគី គ្រាន់តែ​ជា​កិច្ចព្រមព្រៀង​ចុងក្រោយ​មួយ​ក្នុង​ចំណម​កិច្ចព្រមព្រៀង​ឈប់​បាញ់​ជា​ច្រើន ​ក្នុង​សង្គ្រាម​ស៊ីរី​​៧​ឆ្នាំ ដែល​គ្មាន​ប្រសិទ្ធភាព។ ផ្ទុះ​ឡើង​នៅ​ឆ្នាំ​២០១១ ដោយ​ការ​បង្ក្រាប​ចលនា​បាតុកម្ម​ វិបត្តិស៊ីរី បាន​អូសបន្លាយនិង​បាន​សម្លាប់​ជីវិត​មនុស្ស​អស់​សរុប​ជាង​៣៦​ម៉ឺ​នាក់​និង​ជនផ្លាស់​ទី ភៀស​ខ្លួន រាប់​លាន​នាក់។ ចំនួន​អ្នក​ស្លាប់ ឬ​វិបត្តិមនុស្សធម៌​នឹង​អាច​កាន់​តែ​ធ្ងន់ធ្ងរ​ទៀត ប្រសិន​បើ​សេណារីយោ​វាយលុក​ក្លាយ​ជា​ការពិត​មែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ