អានតួអត្ថបទ
អារ៉ាប៊ីសាអូឌីត

បាត់ខ្លួនលោកហ្សាម៉ាល់ ខាស្ហូហ្ស៊ី៖​អារ៉ាប៊ីសាអូឌីត​បញ្ចេញ​ប្រតិកម្ម​ដោយ​ដំឡើង​សម្លេង​ដាក់​វិញ

ជិត ២សប្តាហ៍​ដែល​អ្នកកាសែត​ជនជាតិ​អារ៉ាប៊ីសាអូឌីត​លោក​ហ្សាម៉ាល់ ខាស្ហូហ្ស៊ី​បាន​បាត់​ខ្លួន បន្ទាប់​ពី​លោក​ស្ហូហ្ស៊ី​បាន​ចូល​ក្នុង​ស្ថានកុងស៊ុល​អារ៉ាប៊ីសាអូឌីត​ប្រចាំ​ទីក្រុង​អ៊ីស្តង់ប៊ូល ប្រទេស​តួកគី។ រឿងរ៉ាវ​មួយ​នេះ​បាន​បង្ក​ចេញ​នូវ​ភាព​តានតឹង​កាន់​តែ​ខ្លាំង​រវាង​អារ៉ាប៊ីសាអូឌីត​ជាមួយ​ក្រុម​ប្រទេស​សម្ព័ន្ធមិត្ត ពិសេស​ជាមួយ​តួកគី និង​អាមេរិក។ ក្រោយ​ការ​ព្រមាន​ខ្លាំងៗ​ពី​លោក​ប្រធានាធិបតី​តួកគី​អ៊ែរដូហ្កាន និង​សមភាគី​អាមេរិក​លោក​ដូណាល់ ត្រាំ​មក រដ្ឋាភិបាល​អារ៉ាប៊ីសាអូឌីត​បាន​បញ្ចេញ​ប្រតិកម្ម​ដោយ​ព្រមាន​នឹង​ចាត់​វិធានការ​ចាស់ដៃ​តប​វិញ។

រាជទាយាទអារ៉ាប៊ីសាអូឌីត​ Mohammed Ben Salmane
រាជទាយាទអារ៉ាប៊ីសាអូឌីត​ Mohammed Ben Salmane ©BANDAR AL-JALOUD/Saudi Royal Palace/AFP
ផ្សាយពាណិជ្ជកម្ម

គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​មាន​ទណ្ឌកម្ម​អ្វី​ខ្លះ​ដែល​ទីក្រុង​រីយ៉ាដ​ត្រៀម​សងសឹក​វិញ បើ​អាមេរិក និង​ប្រទេស​ផ្សេង​ផ្តើម​ដាក់​ទណ្ឌកម្ម​មុន​គេ​នោះ។ អ្វី​ដែល​គេ​ដឹង អ្នក​ទទួល​ខុសត្រូវ​ជាន់ខ្ពស់​អារ៉ាប៊ីសាអូឌីត​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​បាន​ព្រមាន​ទុក​ជាមុន​ថា សេដ្ឋកិច្ច​អារ៉ាប៊ីសាអូឌីត​បាន​ដើរ​តួនាទី​សំខាន់ និង​មាន​ឥទ្ធិពល​លើ​សេដ្ឋកិច្ច​ពិភពលោក។ តាម​អ្នក​ទទួល​ខុសត្រូវ​ជាន់ខ្ពស់​អារ៉ាប៊ីសាអូឌីត​មិន​បញ្ចេញ​ឈ្មោះ​រូប​នេះ​ដដែល ទីក្រុង​រីយ៉ាដ​មិន​អាច​ទទួល​ការ​គំរាម ឬ​ការ​ប៉ុនប៉ង​ព្យាយាម​ដាក់​គំនាប​ណា​ឡើយ ទោះ​បី​ជា​ក្រោម​រូបភាព​ទណ្ឌកម្ម​សេដ្ឋកិច្ច ឬ​គំនាប​នយោបាយ​ក្តី។

ចំណែក​ឯកអគ្គរាជទូត​អារ៉ាប៊ីសាអូឌីត​ប្រចាំ​ទីក្រុង​វ៉ាស៊ីនតោន​បាន​ផ្សព្វផ្សាយ​សេចក្តីប្រកាសព័ត៌មាន​មួយ​ដោយ​គូសបញ្ជាក់​ថា អារ៉ាប៊ីសាអូឌីត​សូម​កោតសរសើរ​ចំពោះ​ប្រទេស​ដែល​មិន​ទាញ​សេចក្តីសន្និដ្នាន​ផ្តេសផ្តាស់​ក្នុង​ខណៈ​ដែល​ការ​ស៊ើបអង្កេត​កំពុង​បន្ត​ធ្វើ។ ការ​ដំឡើង​សម្លេង​ខ្លាំងៗ​របស់​ទីក្រុង​រីយ៉ាដ​ពេល​នេះ​បាន​កើត​មាន​ឡើង ក្រោយ​ពី​មាន​ការ​ព្រមាន​ខ្លាំងៗ​ពី​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​ដែល​ថា លោក​នឹង​ដាក់​ពិន័យ​ចាស់ដៃ បើ​រក​ឃើញ​ថា អារ៉ាប៊ីសាអូឌីត​ពិត​ជា​អ្នក​នៅ​ពី​ក្រោយ​ការ​បាត់ខ្លួន​អ្នកកាសែត​អារ៉ាប៊ីសាអូឌីត​លោក​ហ្សាម៉ាល់ ខាស្ហូហ្ស៊ី​មែន​នោះ។

យ៉ាង​ណា​ក៏​ដោយ និង​ទោះ​បី​មិន​ទាន់​មាន​វិធានការ​ទណ្ឌកម្ម​ជាក់ស្តែង​ក៏​ដោយ ក៏​រឿងរ៉ាវ​មួយ​នេះ​បាន និង​កំពុង​ជះឥទ្ធិពល​អវិជ្ជមាន​បណ្តើរ​លើ​អារ៉ាប៊ីសាអូឌីត។ ក្រុមអ្នកវិនិយោគ​អារ៉ាប៊ីសាអូឌីត​ហាក់​មិន​បាន​មើលស្រាល​លើ​ការ​ព្រមាន​របស់​លោក​ដូណាល់ ត្រាំ​ទេ។ ភាព​រំជើបរំជួល​នៅ​ផ្សាយភាគហ៊ុន​ក្នុង​ទីក្រុង​រីយ៉ាដ​បាន​ធ្វើ​ឲ្យ​បាត់បង់​តម្លៃ​សរុប ៥០ ០០០លានដុល្លារ​គិត​ពី​ថ្ងៃ​ពុធ ទី១០ តុលា​រហូត​ដល់​ថ្ងៃ​អាទិត្យ ទី១៥ តុលា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ