ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/11 12h00 GMT
មជ្ឈិមបូព៌ា

អ្នកកាសែត​បាត់ខ្លួន៖ ពិភពអារ៉ាប់ នៅ​ខ្វះខាត​ខ្លាំង សេរីភាព​សារព័ត៌មាន

media សកម្មជន​ការពារ​សិទ្ធិមនុស្ស​កាន់រូបថត អ្នកកាសែត​អារ៉ាប៊ី សាអូឌីត​លោក​ Jamal Khashoggi នៅមុខ​ស្ថានកុងស៊ុល​ក្នុង​ប្រទេស​តួកគី ថ្ងៃទី ៨​តុលា​២០១៨ ©REUTERS/Murad Sezer

នៅ​ខណៈពេល​ដែល​មន្រ្តី​ស៊ើបអង្កេត​តួកគី បន្ត​ឆែកឆេរ​ស្ថាន​កុងស៊ុល អារ៉ាប៊ី សាអូឌីត ដើម្បី​រក​ដាន​អ្នកកាសែត បាត់ខ្លួន លោក​Jamal Khashoggi កាសែត អាមេរិកាំង វ៉ាស៊ីនតោន ប៉ុស្ត​ឯណោះ​វិញ បាន​ចុះផ្សាយ អត្ថបទ​វិភាគ​ចុងក្រោយ​របស់​អ្នកកាសែត អារ៉ាប៊ី សាអូឌីត។ នៅក្នុង​អត្ថបទ​វិភាគ​របស់ខ្លួន លោក​Jamal Khashoggi បាន​សរសេរ​រិះគន់​ពិភពអារ៉ាប់ ដែល​រឹតត្បិត​ខ្លាំង សេរីភាព​សារព័ត៌មាន។

 

នៅ​ពីរសប្តាហ៍ ក្រោយ លោក Jamal Khashoggi អ្នកកាសែត​អារ៉ាប៊ី សាអូឌីត បាត់ខ្លួន​យ៉ាង​អាថ៌កំបាំង នៅ​ស្ថានកុងស៊ុល​អារ៉ាប៊ី សាអូឌីត ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ូល ប្រទេស​តួកគី កាសែត​អាមេរិកាំង វ៉ាស៊ីនតោន ប៉ុស្ត បាន​សម្រេច​ចុះផ្សាយ​អត្ថបទវិភាគ​ចុងក្រោយ​របស់​លោក Jamal Khashoggi ដែល​ផ្តោត​សំខាន់​ទៅលើ​សារៈសំខាន់​នៃ​សេរីភាព​សារព័ត៌មាន​នៅ​ប្រទេស​អារ៉ាប់។

សម្រាប់​អ្នកគ្រប់គ្រង​ផ្នែក​អត្ថបទ​វិភាគ​របស់​កាសែត វ៉ាស៊ីនតោន​ប៉ុស្ត គេ​បាន​ពន្យារពេល មិនទាន់​ចុះផ្សាយ ភ្លាមៗ ក្នុង​ក្តីរំពឹងថា អ្នកកាសែត អារ៉ាប៊ី សាអូឌីត លេចមុខមកវិញ។ ប៉ុន្តែ នៅពេល​នេះ គេ​គ្មាន​សង្ឃឹម​ទៀតនោះទេ។

រហូត​មក​ដល់​ថ្ងៃ​ព្រហស្បតិ៍ ប៉ូលិស និងអ្នកជំនាញ​តួកគី នៅបន្ត​ឆែកឆេរ រុករក​ដាន​អ្នកកាសែត លោក​Jamal Khashoggi ដែល​បើតាម​កាសែត​តួកគី ត្រូវ​បាន​ក្រុមចារកិច្ច​អារ៉ាប៊ី សាអូឌីត ធ្វើទារុណកម្ម និង​សម្លាប់ នៅពេល​លោក​ចូល​ទៅ​សុំ​ក្រដាសស្នាម នៅស្ថានកុងស៊ុល ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ូល កាលពី​ថ្ងៃទី ពី​២ សប្តាហ៍មុន។ ផ្អែក​ទៅលើ​ឯកសារ និង​សាសាក្សី កាសែត​គាំទ្រ​រដ្ឋាភិបាល​តួកគី និង​កាសែតអាមេរិកាំង New York Times នៅថ្ងៃ​ម្សិលមិញ បាន​សរសេរ​ចុះផ្សាយ​ពី​ជនសង្ស័យ​១៥​នាក់ ដែលនៅក្នុង​៤នាក់ ជា​អ្នកទទួល​បន្ទុក ផ្នែក​សន្តិសុខ​របស់​រាជបុត្រ​ស្នងរាជ្យ​អារ៉ាប៊ី សាអូឌីត។

មន្ទិលសង្ស័យ​លើករណី ធ្វើឃាត អ្នកកាសែត នៅ​ស្ថានកុងស៊ុល អារ៉ាប៊ី សាអូឌីត​កំពុងធ្វើ​ឲ្យ​ខូច​ប៉ះពាល់ ដល់​មុខមាត់ របស់​រាជ្យបុត្រ​ស្នងរាជ្យ មូហាម៉េដ ដែល​កំពុង​ធ្វើ​នយោបាយ​កែទម្រង់ ហើយ​និង​ផ្តាច់ការ ក្នុង​ពេល​តែមួយ។

ធ្លាប់ជា​ទីប្រឹក្សា​របស់​រាជបុត្រៗ នៅ​អារ៉ាប៊ី សាអូឌីត លោក​Jamal Khashoggi បាន​សម្រេច​និរទេសខ្លួន ទៅ​រស់​នៅ​សហរដ្ឋអាមេរិក នៅក្រោយ​រងការគំរាមកំហែង​ពី​ក្រុម​អ្នក​ដែល​លោក​បាន​សរសេរ​រិះគន់។ នៅ អារ៉ាប៊ីសាអូឌីត លោកធ្លាប់​សរសេរ​រិះគន់​នយោបាយ​ធ្វើ​សង្រ្គាម របស់​អារ៉ាប៊ី សាអូឌីត នៅ​ប្រទេស​យេម៉ែន ហើយ​និង​ជម្លោះ​ជាមួយ​ប្រទេស​កាតា ដែល​ផ្តួចផ្តើម​គំនិត ដោយ​រាជបុត្រ​ស្នងរាជ្យ អារ៉ាប៊ី សាអូឌីត។

នៅក្នុង​អត្ថបទ​វិភាគ​ចុងក្រោយ​របស់​លោក នៅក្នុង​កាសែត Washington Post នៅ​ថ្ងៃ​ពុធ លោក​ Jamal Khashoggi​នៅ​បាន​សរសេរ​កោតសរសើរ​ប្រទេស​កាតា ដែល​ជា​សត្រូវ​របស់​អារ៉ាប៊ីសាអូឌីត ថា ដែល​ផ្ទុយពី​ប្រទេស​អារ៉ាប់​ជិតខាង​ផ្សេងទៀត កាតា​បាន​ជំរុញ​សេរីភាព​សារព័ត៌មាន ដូចជា​ការបង្កើត​ទូរទស្សន៍ អាល់ហ្សាហ្សីរ៉ា​ជាដើម។ សម្រាប់​លោក Jamal Khashoggi ពិភពអារ៉ាប់​កំពុង​ប្រឈមរុំព័ទ្ធ​ដោយ​វាំងននដែក។ ការប្រកួត​ប្រជែង ដណ្តើម​អំណាច​ក្នុង​រាជវង្ស ជាដើម​ហេតុ​មួយ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​គ្រប់គ្រង ត្រួតពិនិត្យ​កាន់តែ​ខ្លាំង រាល់ខ្លឹមសារ ចុះផ្សាយ​លើ​បណ្តាញ​ព័ត៌មាន។ លោក​ Jamal Khashoggiនៅ​បាន​សរសេរ​ថា នៅពេល​មុន គេ​ធ្លាប់​សង្ឃឹមថា បច្ចេកវិទ្យា អ៊ីនធ័រនែត នឹង​ជួយធ្វើ​ឲ្យ​សេរីភាព​សារព័ត៌មាន​រីកចម្រើន ដោះខ្លួន​រួច​ពីការត្រួតពិនិត្យ ដាក់សំពាធ​ពី​រដ្ឋាភិបាល។ ប៉ុន្តែ នៅទីបំផុត គឺ​នៅ​តែ​មិនអាច​ទៅរួច ព្រោះថា រដ្ឋាភិបាល​នៅ​តែ​ប្រើ​អំណាច​ចូល​ទៅ​បិទខ្ទប់​ការចុះផ្សាយ ទោះបី​នៅលើ​បណ្តាញ​អ៊ីនធ័រនែត។ សម្រាប់​អ្នកទទួល​ខុសត្រូវ​ការចុះផ្សាយ​របស់​កាសែត​វ៉ាស៊ីនតោន ប៉ុស្ត អត្ថបទ​ចុងក្រោយ​របស់លោក​ Jamal Khashoggi បាន​បញ្ជាក់​យ៉ាងច្បាស់​ពី​ការប្តេជ្ញាចិត្ត និង ការតស៊ូ​ចង់​ឲ្យ​មាន​សេរីភាព​នៅក្នុង​ពិភពអារ៉ាប់។ សេរីភាព​ដែល​លោក​បាន​ពលីជីវិត នៅ​ពេល​លោក​ដើរ​ចូល​ទៅក្នុង​ស្ថាន​កុងស៊ុល​អារ៉ាប៊ី សាអូឌីត នៅ​ដើម​ខែ​តុលានេះ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ