អានតួអត្ថបទ
អារ៉ាប៊ីសាអូឌីត

លោក​អាដែល អាល់ យូប៊ែរ​ថា មរណភាព​លោក​ហ្សាម៉ាល់ ខាស្ហូហ្ស៊ី​ជា « កំហុសឆ្គងដ៏អស្ចារ្យ »

នៅ​ថ្ងៃ​អាទិត្យ ទី២១ តុលា លោក​អាដែល អាល់ យូប៊ែរ ប្រមុខ​ការទូត​អារ៉ាប៊ីសាអូឌីត​បាន​ផ្តល់​បទសម្ភាសន៍​ឲ្យ​ទូរទស្សន៍​អាមេរិកាំង Fox News។ នៅ​ក្នុង​បទសម្ភាសន៍​នោះ លោក​យូប៊ែរ​បាន​បញ្ជាក់​ច្បាស់ៗ​ថា រដ្ឋាភិបាល​អារ៉ាប៊ីសាអូឌីត​មិន​ដឹង​ថា តើ​អ្នកកាសែត​ជនជាតិ​អារ៉ាប៊ីសាអូឌីត​លោក​ហ្សាម៉ាល់ ខាស្ហូហ្ស៊ី​ត្រូវ​បាន​សម្លាប់​យ៉ាង​ម៉េច ហើយ​ក៏​មិន​ដឹង​សាកសព​របស់​គាត់​នៅ​ឯណា​ដែរ។ ការ​អះអាង​របស់​លោក​យូប៊ែរ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ទីក្រុង​រីយ៉ាដ​បាន​ទទួល​ស្គាល់​មរណភាព​លោក​ខាស្ហូហ្ស៊ី​ក្នុង​ស្ថានកុងស៊ុល​អារ៉ាប៊ីសាអូឌីត​ប្រចាំ​ទីក្រុង​អ៊ីស្តង់ប៊ូល ប្រទេស​តួកគី​កាល​ពី​ថ្ងៃទី២ តុលា។ តែ​លោក​យូប៊ែរ​បាន​គូសបញ្ជាក់​បន្ថែម​ថា រាជទាយាទ​អារ៉ាប៊ីសាអូឌីត​បេន សាលម៉ាន​មិន​បាន​ដឹង​ពី​ប្រតិបត្តិការ​សម្លាប់​លោក​ខាស្ហូហ្ស៊ី​ទេ និង​ថា មរណភាព​លោក​ខាស្ហូហ្ស៊ី​ជា « កំហុសឆ្គង​មួយ​ដ៏​អស្ចារ្យ »។

លោកអាដែល អាល់ យូប៊ែរ ប្រមុខ​ការទូត​អារ៉ាប៊ីសាអូឌីត
លោកអាដែល អាល់ យូប៊ែរ ប្រមុខ​ការទូត​អារ៉ាប៊ីសាអូឌីត DR
ផ្សាយពាណិជ្ជកម្ម

« ជា​ដំបូង​ខ្ញុំ​ចង់​បញ្ជាក់​ថា យើង​មិនមែន​ជា​រដ្ឋាភិបាល​ផ្តាច់ការ​ទេ យើង​ជា​រាជាធិបតេយ្យ។ យើង​មាន​អំណាច និង​មាន​អ្នកប្រឆាំង។ យើង​មាន​ប្រព័ន្ធ​មួយ។ ក្រុម​មនុស្ស​ទាំង​នេះ​បាន​ប្រព្រឹត្ត​ទង្វើ​មួយ​នៅ​ក្រៅ​ក្របខណ្ឌ។ ទង្វើ​មួយ​នេះ​ជា​កំហុសឆ្គង​ដ៏​អស្ចារ្យ ពិសេស​ក្នុង​ពេល​ដែល​ពួក​គេ​បាន​ព្យាយាម​លាក់​បាំង​វា។ តាំង​ពី​ជាង ១៨ឆ្នាំ និង​តាំង​ពី​ការ​បង្កើត​រដ្ឋ​ទំនើប​មួយ អារ៉ាប៊ីសាអូឌីត​មិន​ដែល​ប្រកាន់​យក​នូវ​អកប្បកិរិយា​របៀប​ហ្នឹង ហើយ​ក៏​មិន​ដែល​បាន​ធ្វើ​អំពើ​របៀប​ហ្នឹង​ដែរ។

គឺ​ជា​ការ​ភ្ញាក់ផ្អើល​មួយ ជា​កំហុសឆ្គង​មួយ គឺ​ជា​ទង្វើ​ឧក្រិដ្ឋកម្ម ហើយ​ក្រុម​ជនដៃដល់​ត្រូវ​តែ​ទទួល​ទោស។ ក្រុម​មនុស្ស​ដែល​បាន​ចូលរួម​សម្លាប់​លោក​ហ្សាម៉ាល់ ខាស្ហូហ្ស៊ី​មិនមែន​ជា​មនុស្ស​ជំនិត​នឹង​រាជទាយាទ​បេន សាលម៉ានម​ទេ។ រូបថត​បាន​បង្ហាញ​ពី​ក្រុម​បុគ្គលិក​ដែល​អាច​ចូលរួម​នៅ​ក្នុង​ប្រតិបត្តិការ​នេះ ឬ​ប្រតិបត្តិការ​នោះ។ តែ​គ្មាន​ភស្តុតាង​ណា​មួយ​ដែល​អាច​បញ្ជាក់​ថា ក្រុម​មនុស្ស​នៅ​ក្នុង​រូបភាព​នោះ​ជា​មនុស្ស​ស្និទ្ធ​នឹង​រាជទាយាទ​បេន សាលម៉ាន​ឡើយ។

រាជទាយាទ​បេន សាលម៉ាន​បាន​បដិសេធ​លើ​ព័ត៌មាន​នេះ ហើយ​ព្រះអង្គម្ចាស់​មិន​បាន​ដឹង​ពី​ប្រតិបត្តិការ​សម្លាប់​លោក​ខាស្ហូហ្ស៊ី​ទេ។ សូម្បី​តែ​អ្នកទទួល​ខុសត្រូវ​ជាន់ខ្ពស់​នៃ​ក្រសួង​ស៊ើបការណ៍សម្ងាត់​អារ៉ាប៊ីសាអូឌីត​ក៏​មិន​បាន​ដឹង​រឿង​នេះ​ដែរ។ ប្រតិបត្តិការ​មួយ​នេះ​បាន​រៀបចំ​ដោយ​ក្រុម​មនុស្សពាល។ ពួក​គេ​បាន​ប្រព្រឹត្ត​កំហុសឆ្គង​ដោយ​បាន​សម្លាប់​លោក​ខាស្ហូហ្ស៊ី​នៅ​ក្នុង​ស្ថានកុងស៊ុល ហើយ​បាន​ព្យាយាម​លាក់បាំង​ឧក្រិដ្ឋកម្ម​របស់​ពួក​គេ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ