អានតួអត្ថបទ
អ៊ីស្រាអែល-អារ៉ាប៊ីសាអូឌីត

អ៊ីស្រាអែល​បរិហារ​ឃាតកម្ម​សម្លាប់​លោក​ខាស្ហូហ្ស៊ី តែ​ចង់រួមដៃ​​ជាមួយ​អារ៉ាប៊ីសាអូឌីត​ដើម្បី​ប្រឆាំង​អ៊ីរ៉ង់

នៅ​ថ្ងៃ​សុក្រ ទី២ វិច្ឆិកា លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​នេតាន់យ៉ាហ៊ូ​បាន​ថ្កោលទោស​លើ​ឃាតកម្ម​សម្លាប់​អ្នកកាសែត​អារ៉ាប៊ីសាអូឌីត​លោក​ហ្សាម៉ាល់ ខាស្ហូហ្ស៊ី​នៅ​ក្នុង​ស្ថានកុងស៊ុល​អារ៉ាប៊ីសាអូឌីត​ប្រចាំ​ទីក្រុង​អ៊ីស្តង់ប៊ូល ប្រទេស​តួកគី​កាល​ពី​ថ្ងៃទី២ តុលា។ តែ​ទន្ទឹម​គ្នា​នេះ លោក​នេតាន់យ៉ាហ៊ូ​ហាក់​បាន​ផ្តល់​អាទិភាព និង​ឲ្យ​តម្លៃ​ខ្លាំង​លើ​កិច្ចសហប្រតិបត្តិការ​រវាង​អ៊ីស្រាអែល និង​អារ៉ាប៊ីសាអូឌីត​ក្នុង​ការ​ប្រឆាំង​នឹង​ប្រទេស​អ៊ីរ៉ង់។

កិច្ចប្រជុំរវាងថ្នាក់ដឹកនាំនៃប្រទេសប៊ុលហ្ការី ក្រិក រ៉ូម៉ានី ស៊ែរប៊ី និង​អ៊ីស្រាអែល​ក្នុង​ទីក្រុង​វ៉ារណា ប្រទេសប៊ុលហ្ការី ថ្ងៃទី២ វិច្ឆិកា ២០១៨
កិច្ចប្រជុំរវាងថ្នាក់ដឹកនាំនៃប្រទេសប៊ុលហ្ការី ក្រិក រ៉ូម៉ានី ស៊ែរប៊ី និង​អ៊ីស្រាអែល​ក្នុង​ទីក្រុង​វ៉ារណា ប្រទេសប៊ុលហ្ការី ថ្ងៃទី២ វិច្ឆិកា ២០១៨ Reuters
ផ្សាយពាណិជ្ជកម្ម

« ឃាតកម្ម​សម្លាប់​លោក​ហ្សាម៉ាល់ ខាស្ហូហ្ស៊ី​ជា​រឿង​អាក្រក់ និង​ត្រូវ​ស្វែង​រក​ការ​ពិត » នេះ​ជា​ប្រតិកម្ម​លើកទី១ និង​ជា​សាធារណៈ​របស់​លោក​ប្រមុខ​រដ្ឋាភិបាល​អ៊ីស្រាអែល​នេតាន់យ៉ាហ៊ូ។ លោក​នេតាន់យ៉ាហ៊ូ​បាន​ថ្លែង​យ៉ាង​ដូច​នេះ​ទៅ​កាន់​ហ្វូង​អ្នកកាសែត បន្ទាប់​ពី​កិច្ចប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ប៊ុលហ្ការី ក្រិក រ៉ូម៉ានី និង​ស៊ែរប៊ី​ក្នុង​ទីក្រុង​វ៉ារណា ប្រទេស​ប៊ុលហ្ការី។ គួរ​រម្លឹក​ថា លោក​ខាស្ហូហ្ស៊ី​ដែល​ជា​អ្នកកាសែត និង​ជា​អ្នកប្រឆាំង​អារ៉ាប៊ីសាអូឌីត​ត្រូវ​បាន​គេ​សម្លាប់​នៅ​ក្នុង​ស្ថានកុងស៊ុល​អារ៉ាប៊ីសាអូឌីត​ប្រចាំ​ទីក្រុង​អ៊ីស្តង់ប៊ូល ប្រទេស​តួកគី​ក្នុង​ថ្ងៃទី២ តុលា បន្ទាប់​ពី​រូប​គាត់​បាន​ចូល​ទៅ​ធ្វើ​ក្រដាសស្នាម​រៀបការ។ តែ​ទន្ទឹម​នឹង​ការ​ថ្កោលទោស​ជា​ចំហ លោក​នេតាន់យ៉ាហ៊ូ​មិន​ភ្លេច​ឲ្យ​តម្លៃ​ខ្លាំង​លើ​កិច្ចសហប្រតិបត្តិការ​រវាង​អ៊ីស្រាអែល និង​អារ៉ាប៊ីសាអូឌីត​ក្នុង​ការ​ប្រឆាំង​នឹង​ប្រទេស​អ៊ីរ៉ង់​ទេ។

« ដើម្បី​ស្ថិរភាព​នៅ​ក្នុង​ពិភពលោក និង​នៅ​ក្នុង​តំបន់ វា​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​ដែល​អារ៉ាប៊ីសាអូឌីត​ត្រូវ​តែ​មាន​ស្ថិរភាព » នេះ​ជា​ការ​បន្ថែម​របស់​លោក​នេតាន់យ៉ាហ៊ូ។ ប្រតិកម្ម​ស្រដៀង​គ្នា​នេះ​ក៏​មាន​ពី​រដ្ឋមន្រ្តី​ថាមពល​អ៊ីស្រាអែល​ដែល​ថា ក្រុម​ប្រទេស​អារ៉ាប់​ទាំង​អស់ រួម​ទាំង​អារ៉ាប៊ីសាអូឌីត​ផង​សុទ្ធសឹង​ជា​សម្ព័ន្ធមិត្ត​របស់​អ៊ីស្រាអែល​ក្នុង​ការ​ប្រឆាំង​ទប់​នឹង​ឥទ្ធិពល និង​ការ​គំរាមកំហែង​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ តាំង​ពី​ឆ្នាំ ២០១៤ មក លោក​នេតាន់យ៉ាហ៊ូ​តែង​ចាត់ទុក​ទំនាក់ទំនង​រវាង​ទីក្រុង​តេឡាវី និង​ទីក្រុង​រីយ៉ាដ​ជា​ទំនាក់ទំនង​ពាក់កណ្តាល​ផ្លូវការ។

តែ​បញ្ហា​នៅ​ត្រង់​ថា ភាគី​អារ៉ាប៊ីសាអូឌីត​មិន​ដែល​បាន​បញ្ជាក់​លើ​ការ​អះអាង​របស់​អ៊ីស្រាអែល​របៀប​នេះ​ម្តង​ណា​ឡើយ ហើយ​ពេល​ខ្លះ​ថែម​ទាំង​បាន​បដិសេធ​ទៀត​ផង។ សូម​ជម្រាប​ថា​រហូត​មក​ដល់​ពេល​នេះ មាន​ប្រទេស​អារ៉ាប់​តែ​ពីរ​គត់ គឺ​អេហ្ស៊ីប និង​ហ្សកដានី​ដែល​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​អ៊ីស្រាអែល។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា អ៊ីស្រាអែល​បាន​និង​កំពុង​ព្យាយាម​ងាក​ទៅ​ប្រទេស​អារ៉ាប់​ផ្សេង​ទៀត។ ថ្មីៗ​នេះ លោក​នេតាន់យ៉ាហ៊ូ​បាន​ទៅ​ទស្សនកិច្ច​ភ្ញាក់ផ្អើល​មួយ​នៅ​ក្នុង​ប្រទេស​អូម៉ង់ ហើយ​ក្នុង​សប្តាហ៍​នេះ គណៈប្រតិភូ​អ៊ីស្រាអែល​ក៏​បាន​ទៅ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​អេមីរ៉ាអារ៉ាប់រួម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ