អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

បណ្តាញ​ភេរវជន​ហើយ​និង​ស្មាតហ្វូន

ចុះផ្សាយ​នៅ​ថ្ងៃ៖

សភាអឺរ៉ុប​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ បាន​បោះឆ្នោត​អនុញ្ញាត​រដ្ឋាភិបាល​ប្រទេស​សមាជិក ចាប់ផ្តើម​ប្រើ​ប្រព័ន្ធ រួមមួយ​ដើម្បី ផ្ញើសារ ប្រកាស​អាសន្ន​ពី​ករណី​គំរាមកំហែង​ភេរវកម្ម​ទៅ​ប្រជាពលរដ្ឋ​របស់ខ្លួន។ អរគុណ​ដល់​ការរីកចម្រើន​នៃបច្ចេកវិទ្យា សារ​ប្រកាស​អាសន្ន​ក្នុង​ទូរស័ព្ទ​ដៃ ស្មាតហ្វូន​នេះ នឹង​ទៅ ជំនួស​ជួង ស៊ីរ៉ែន​ដែល​គេ​បានប្រើ​រហូតមក សម្រាប់​ប្រកាស​អាសន្ន ដូចជា​គ្រោះថ្នាក់​ធម្មជាតិ ឬ​ការគំរាមកំហែង​សន្តិសុខ​ថ្នាក់ជាតិ។ ទូរស័ព្ទ ស្មាតហ្វូន នឹង​ជួយ​ឲ្យ​គេ​បាន​ទទួល​សារ​ដែល​ប្រាប់​ពីកន្លែង​រង​ការវាយប្រហារ​ភេរវកម្ម ប៉ុន្តែ ទូរស័ព្ទ ស្មាតហ្វូន​ក៏​ជា​ឧបករណ៍​ដ៏​ពេញនិយម ប្រើ​ច្រើន ជាយូរណាស់​មក​ហើយ​របស់​ក្រុមភេរវជន។ ស្មាតហ្វូន ជាឧបករណ៍​ផ្តល់ប្រយោជន៍ ប៉ុន្តែ ក៏​ជា​អន្ទាក់​ជាប់ ក​របស់​ក្រុម​ភេរវជនដែរ។ ហេតុអ្វីបានជា​ដូច្នេះ?

ទូរស័ព្ទស្មាតហ្វូនដែល​មាន​កម្មវិធី​ឆ្លើយឆ្លងផ្ញើសារ Télégram នៅទីក្រុង​ម៉ូស្គូ
ទូរស័ព្ទស្មាតហ្វូនដែល​មាន​កម្មវិធី​ឆ្លើយឆ្លងផ្ញើសារ Télégram នៅទីក្រុង​ម៉ូស្គូ ©Alexander NEMENOV / AFP
ផ្សាយពាណិជ្ជកម្ម

ការវាយប្រហារ​ភេរវកម្ម​ទៅលើ​ក្រុង​ប៉ារីស កាលពី​បីឆ្នាំមុន ១៣​វិច្ឆិកា ២០១៥ គឺ​ជា​ឧទាហរណ៍​ចុងក្រោយ​មួយ ដែល​បញ្ជាក់​ពី​ការដើរ​តួនាទី​ដ៏សំខាន់​របស់​ស្មាតហ្វូន ក្នុង​ផែនការធ្វើ​ភេរវកម្ម។ ភេរវកម្ម​នឹង​មិន​អាច​ប្រព្រឹត្ត​ទៅ​បានទេ នៅ​ប៉ារីស បើសិន​គ្មានជំនួយ​ពី​ស្មាតហ្វូន។ មន្រ្តី​ប្រយុទ្ធប្រឆាំង​ភេរវកម្ម​របស់​បារាំង ដែល​សុំ​មិន​បញ្ចេញឈ្មោះ បាននិយាយ​ថា ក្រុមប្រដាប់អាវុធ ជីហាត បាន​ប្រើ​ជាប់​ជាប្រចាំ​ស្មាតហ្វូន​ ដើម្បី​​រៀបចំ សម្របសម្រួល សកម្មភាព​វាយប្រហារ​របស់​ពួកគេ ដែល​បាន​ធ្វើឡើង នៅ​៦កន្លែង​ផ្សេងៗគ្នា ក្នុង​យប់តែមួយ ក្នុង​ទីក្រុង​ប៉ារីស។

នៅ​មុន​ពេល​ចូល​ទៅ​ក្នុង​សាលតន្រ្តី​Bataclan ជាទី​ដែល​ក្រុមភេរវជន​បំផ្ទុះគ្រាប់បែក និង​បាញ់​រះសម្លាប់​មនុស្ស​៩០នាក់ គ្នីគ្នា​ម្នាក់​របស់​ភេរវជន​បាន​ផ្ញើ​សារ​ទៅ​អ្នកផ្សំគំនិត របស់ខ្លួន នៅ​ប្រទេស​បែលហ្សិក​ថា ពួកគេ​កំពុង​ដើរចូល​ទៅក្នុង​សាលតន្រ្តី ហើយ​និង​ចាប់ផ្តើម​ធ្វើ​សកម្មភាព។

ដោយពិតទៅ​ការប្រើ​ទូរស័ព្ទ​ដៃ​ដើម្បី​ផែនការ​ភេរវកម្ម មិនមែន​ជា​រឿង​ថ្មីនោះទេ។ នៅ​ប្រទេស​អ៊ីរ៉ាក់ ចាប់តាំង​ពី​ឆ្នាំ ២០០៣ ទូរស័ព្ទ​ដៃ​ដ៏សាមញ្ញ​ដែល​នៅ​មិនទាន់​ឆ្លាតវៃ ដូច​ស្មាតហ្វូន​សព្វថ្ងៃនេះ​នៅឡើយ​នោះ ត្រូវ​បានគេ​ប្រើ​សម្រាប់​បញ្ជូន​សារ ទៅ​ចុច​បំផ្ទុះ​គ្រាប់បែក​ច្នៃ ប្រឆាំង​ក្បួនរថយន្ត​ទ័ពអាមេរិកាំង។ ចាប់តាំង​ពីពេលនោះ ក្រុម​អាល់កៃដា​បាន​ចាប់យក​វិធីសាស្រ្ត​ខាងលើ​មក​ប្រើ សម្រាប់​សកម្មភាព​វាយប្រហារ​ភេរវកម្ម​របស់ខ្លួន។

សូមអាន៖ ជម្ងឺ​ប្រភេទ​ថ្មី​សម័យ​បច្ចេក​វិទ្យាស្មាតហ្វូន​

ជាមួយ​នឹង​ការវិវឌ្ឍ​ផ្នែក​បច្ចេកវិទ្យា ទូរស័ព្ទ​ដៃ​សាមញ្ញ​ដែល​អាច​ត្រឹម​តែ​ផ្ញើសារ ត្រូវ​បាន​ក្រុមភេរវជន​ជំនួស​មកវិញ ដោយ​ទូរស័ព្ទ ឆ្លាតវៃ ស្មាតហ្វូន ដែល​មានប្រសិទ្ធិភាព និង​មាន​មុខងារ​ច្រើនមុខ។ ទូរស័ព្ទ​ទំនើប​បច្ចុប្បន្ន ស្មាតហ្វូន​ដែល​ភ្ជាប់​ជានិច្ច​ទៅ​នឹង​អ៊ីនធ័រនែត គឺ​ប្រៀប​បាន​នឹង​ម៉ាស៊ីន​កុំព្យូរទ័រ​តូច​មួយ ដែលគេ​អាច​កាន់​នៅ​នឹង​ដៃ ដាក់​ជាប់​តាមខ្លួន និង​ចុចប្រើ គ្រប់ពេលវេលា គ្រប់​ទីកន្លែង។ ក្នុង​បរិបទ​នៃ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ដ៏ទំនើបនេះ ស្មាតហ្វូន មាន​សមត្ថភាព​សរសេរ​ផ្ញើសារ ថតរូប ថតសំលេង និង​ចែកចាយ​ព័ត៌មាន​ពេញ​២៤​ម៉ោង។ សម្រាប់​លោក​Laurent Heslault ប្រធាន​ផ្នែក​យុត្តិសាស្រ្ត​សន្តិសុខ ទូរស័ព្ទ លែង​ជា​ទូរស័ព្ទ​ដូចមុន​ទៀតហើយ ប៉ុន្តែ វា​ជា​កុំព្យូទ័រ ដែល​មាន​កម្លាំង​សមត្ថភាព​ខ្លាំង ជាង​កុំព្យូទ័រ​ដែល​គេ​ប្រើ កាលពី​១០​ឆ្នាំមុន។

មាន​កន្លែង​ស្តុក​ច្រើនជាងមុន និង​មានសមត្ថភាព តភ្ជាប់​យ៉ាងឆាប់រហ័ស ដោយសារ​បណ្តាញ​អ៊ីនធ័រនែត មាន​នៅគ្រប់ទីកន្លែង ស្មាតហ្វូន​បាន​ក្លាយ​ជា​ឧបករណ៍​សម្រាប់ទាក់ទង ផ្សព្វផ្សាយ​យ៉ាង​មាន​ប្រសិទ្ធិភាព​ជាងអ្វីៗ​ទាំងអស់។ គេ​រកឃើញថា ក្រុម​ភេរវជន​អ៊ីស្លាម​ជ្រុលនិយម បាន​ទាញប្រយោជន៍ ពី​កម្មវិធី ចែកចាយ​ព័ត៌មាន ផ្ញើសារ ដូចជា Télégram Wire WhatsApp​ដើម្បី​ទាក់ទង​គ្នីគ្នា ឲ្យ​រត់គេចខ្លួន​ពី​ការតាមចាប់​របស់​ប៉ូលិស។ នៅប៉ុន្មានឆ្នាំ​ចុងក្រោយ​នេះ ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​ដែល​ធ្លាប់​បាន​វាយដណ្តើម​យក​ទឹកដី​នៅ​ប្រទេស​ស៊ីរី និង​អ៊ីរ៉ាក់​បាន​បង្ហោះផ្សាយ​ឯកសារ ​បកប្រែ​ជាច្រើន​ភាសា ដើម្បី ពន្យល់​ប្រាប់​ឲ្យ​សកម្មជន​របស់ខ្លួន ចេះដោនឡូត ប្រើ​កម្មវិធី​ក្នុង​ទូរស័ព្ទ ណា​ដែល​មិនធ្វើ​ឲ្យ​ពួកគេ ត្រូវ​ចាប់សញ្ញា​បាន នៅក្នុង​តំបន់​សង្រ្គាម។ ស្មាតហ្វូន​បាន​ជួយ​សម្រួល​ផងដែរ ការរើស​បញ្ចូល​ទាហាន​ឲ្យ​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។ ជាមួយ​អេក្រង់​កាន់តែ​ធំ និង​អាច​ភ្ជាប់​អ៊ីនធ័រនែត គ្រប់ពេលវេលា ស្មាតហ្វូន​ជា​ឧបករណ៍​ជួយ​ឃោសនា​ផ្សព្វផ្សាយ​មនោគមវិជ្ជា​របស់​ពួកភេរវជន​បាន​យ៉ាង​មាន​ប្រសិទ្ធិភាព។

កាលពី​៣០​ឆ្នាំមុន ដើម្បី​មើល​រូបវីដេអូ គេ​ត្រូវ​ចុចម៉ាស៊ីន​ដូរ​កាសែត បន្ទាប់មក​គេ​ដូរ​ឌីស។ ប៉ុន្តែ ឥលូវនេះ វីដេអូ មាននៅ​អ៊ីនធ័រនែត ដែល​គេ​អាច​ចុចចូល​មើល​គ្រប់ពេលវេលា ដោយគ្រាន់​ដាក់​ចង្អុលដៃ​ពីលើ​តែប៉ុណ្ណោះ។

ស្មាតហ្វូន​ផ្តល់​ប្រយោជន៍ ប៉ុន្តែ វា​ក៏នាំ​រឿងចង្រៃ​ទៅ​ឲ្យ​ក្រុមភេរវជន​វិញដែរ។ នៅពេល​ដែល ស្មាតហ្វូន​ជួយ​ឲ្យ​ក្រុមភេរវជន​អាច​ថត ឬ​ប្រកាស​ខ្លួន​ទទួល​ខុសត្រូវ​លើ​ការវាយប្រហារ​ភេរវកម្ម​ដោយ​ផ្ទាល់​តែម្តង ស្មាតហ្វូន​ក៏ជា​អន្ទាក់​សម្រាប់​ចាប់ទាក់ ក​ឧក្រិដ្ឋជន​ទាំងនោះដែរ។ ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​បាន​បង្កើន​សមត្ថភាព​ឆ្កឹះឆ្កៀល​ប្រើ​ទូរស័ព្ទ ស្មាតហ្វូន​ដើម្បី កំណត់​អត្តសញ្ញាណ​របស់​ជនសង្ស័យ តាមដាន​ស្តាប់ រហូត​ដល់​ចាប់ខ្លួន​បាន ហើយ​ជាញឹកញយ គឺ​បាន​ប្រើ​ទិន្នន័យ​ដែល​រកឃើញ​នៅក្នុង​ទូរស័ព្ទ សម្រាប់ ធ្វើ​ជាភស្តុតាង​ដាក់បន្ទុក​នៅ​តុលាការ​ទៀតផង។

អតីតមន្រ្តី​ប្រយុទ្ធប្រឆាំង​ភេរវកម្ម​ម្នាក់​នៅ​បារាំង​បាន​លើកឡើង​ពីករណី​ នៅ​ឆ្នាំ ២០១៣ នៅពេល​ទាហាន​បារាំង​បើកប្រតិបត្តិការ​យោធា វាយប្រហារ​ទៅលើ​ក្រុម​ប្រដាប់អាវុធ អ៊ីស្លាមជ្រុលនិយម នៅ​ម៉ាលី។ យន្តហោះ​ចម្បាំង​បារាំង​សំដៅ​បាញ់ប្រហារ​តែ​ទៅលើ​គោលដៅ ដែល​មាន​សញ្ញា​ទូរស័ព្ទដៃ​របស់​ពួក​ភេរវជន​តែប៉ុណ្ណោះ។ ពីមុន​គេ​អាច​ប្តូរ​កាតស៊ីម ដើម្បី​បន្លំ​អត្តសញ្ញាណ ប៉ុន្តែ ឥលូវនេះ ទូរស័ព្ទ​ស្មាតហ្វូន​មាន​អត្តសញ្ញាណ លេខកូដ​សំគាល់​របស់មួយ​ដែល​គេ​មិនអាច​ដូរបាននោះទេ។ នៅពេល​ដែល​គេចាប់​បាន​សញ្ញា ​លេខកូដរបស់​ទូរស័ព្ទ​ហើយនោះ ទោះ​ជា​គេ​ដូរ​កាតស៊ីម រាប់រយដង​ក៏គ្មាន​ប្រយោជន៍ដែរ។

នៅពេល​ដែល​ទូរស័ព្ទ​ធ្លាក់ទៅក្នុង​ដៃ​របស់​ភ្នាក់ងារ​ស៊ើបការណ៍ ឬ​ប៉ូលិស​ស៊ើបអង្កេត​ហើយ រឿងអ្វី​ក៏អាច​លេចធ្លាយ​បានដែរ។ ម្ចាស់​ទូរស័ព្ទ ប្រហែល​មិន​ព្រម ឆ្លើយ​សារភាព ប៉ុន្តែ ស្មាតហ្វូន ដែល​ប្រៀបបាន​នឹង​ឃ្លាំង​របស់​អាលីបាបា នឹង​អាច​បញ្ចេញ​រាល់​ទិន្នន័យ ព័ត៌មាន ដែល​គេ​អាច​ប្រើ​សម្រាប់​ស្រាវចាប់ បណ្តាញ​របស់ភេរវជន​ដែល​មាន​គម្រោង​ធ្វើ​ភេរវកម្ម ឬ​សូម្បីតែ​អ្នកដែល​មាន​សមានចិត្ត​គាំទ្រ​ក្រុមភេរវនិយម។ ស្មាតហ្វូន​ធ្វើ​ឲ្យ​ភេរវជន​ក្លាយ​ជា​ទីដៅ ចាប់ខ្លួន​របស់​ប៉ូលិស។ ដោយសារ​តែ​ហេតុផល​នេះហើយ បាន​ជា​នៅក្នុង​សម័យ​អ៊ីនធ័រនែត បច្ចេកវិទ្យាទំនើប មេក្លោង​របស់ក្រុមភេរវនិយម​មួយចំនួន​ត្រលប់​ទៅ​ប្រើ​ក្បួនចាស់វិញ គឺ​ប្រើមនុស្ស​ជាអ្នកនាំសារ ដើម្បី​ជៀសវាង ការចាប់​តាមដាន​​សញ្ញា​ពីគូសត្រូវ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ