ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/06 12h00 GMT
មជ្ឈិមបូព៌ា

ប៉ូលិស​ស្នើ​ឲ្យ​ចោទប្រកាន់​នាយករដ្ឋមន្រ្តី អ៊ីស្រាអែល​ និង​ភិរយា ក្នុង​បទ​ប្រព្រឹត្ត​អំពើពុករលួយ

media នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល និង​ភរិយា​របស់លោក គឺលោកស្រី សារ៉ា នេតាន់យ៉ាហ៊ូ នៅថ្ងៃទី ១៤​ឧសភា ២០១៨ ©REUTERS/Ronen Zvulun

ប៉ូលិស​អ៊ីស្រាអែល កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ បាន​ស្នើ​ឲ្យ​មានការចោទប្រកាន់​តាមផ្លូវ​តុលាការ លោក​នាយករដ្ឋមន្រ្តី បិនចាមីន នេតាន់យ៉ាហ៊ូ​ពី​បទ​ប្រព្រឹត្ត​អំពើពុករលួយ។ នៅថ្ងៃអាទិត្យ ប៉ូលិស​អ៊ីស្រាអែល អះអាង​ថា ទើប​ប្រមូល​បាន​ភស្តុតាង​គ្រប់គ្រាន់ ក្នុង​សំណុំរឿង​ពុករលួយ ទី​បី ដែលប្រព្រឹត្ត​ផ្ទាល់ ដោយ​នាយករដ្ឋមន្រ្តី អ៊ីស្រាអែល និង​ក្រុមគ្រួសារ​របស់លោក។

 

នៅក្នុង​សំណុំរឿង​ពុករលួយ ដែល​ប៉ូលិស​អ៊ីស្រាអែលកំពុង ស៊ើបអង្កេត គេសង្ស័យថា លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​បាន​ចាត់​វិធានការ អនុគ្រោះ​យោគយល់​ដល់​ក្រុមហ៊ុន​ឯកជន​មួយ ជាថ្នូរ​នឹង​ការចុះផ្សាយ​ព័ត៌មានល្អៗ​ពីរូបលោក ពោលគឺ​គ្មានទេ អត្ថបទ​រិះគន់​លោក នៅក្នុង​វិបសៃតិ៍​ព័ត៌មាន ដែល​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន ដែល​ទទួល​បាន​ផល​ប្រយោជន៍​ពី​គោល​នយោបាយ​របស់​រដ្ឋាភិបាល។

បន្ទាប់ពី​ប៉ូលិស​ស្នើ​ឲ្យ​មានការចោទប្រកាន់​លោក​នាយករដ្ឋមន្រ្តី អ៊ីស្រាអែល តាម​ផ្លូវតុលាការ គឺ​រដ្ឋអាជ្ញា ដែល​ជា​អ្នកសម្រេច​ថា តើ​នឹង​ចោទលោកនាយករដ្ឋមន្រ្តី ហើយ​និង​ភរិយា ទៅតាម​ស្នើ​របស់​ប៉ូលិស​ដែរឬទេ។ ប៉ូលិស​អ៊ីស្រាអែល​ដែល​បាន​ស្នើ​ឲ្យ​ចោទប្រកាន់​លោក​នាយករដ្ឋមន្រ្តី អ៊ីស្រាអែល​ពីបទ​ទទួលសំណូក លួចបន្លំ ហើយ​និង​រំលោភ​លើ​ការជឿទុកចិត្ត។ មួយវិញទៀត ប៉ូលិស​អ៊ីស្រាអែល​បាន​ស្នើ​ផងដែរ ឲ្យ​រដ្ឋអាជ្ញា​ចោទប្រកាន់​លោកស្រី សារ៉ា ភរិយា​របស់​លោកនាយករដ្ឋមន្រ្តី ពីបទ​ប៉ុនប៉ង រារាំង​ការស៊ើបអង្កេត​របស់​ប៉ូលិស។

សូមអាន៖ អតីតនាយករដ្ឋមន្រ្តី​អ៊ីស្រាអែល ​ជាប់គុក​១៨​ខែ​ពី​បទ​ស៊ី​សំណូក

កាលពី​ខែ​កុម្ភៈ ប៉ូលិស​អ៊ីស្រាអែល​ធ្លាប់​បាន​ស្នើ​ម្តង​ហើយ ឲ្យ​មាន​ការចោទប្រកាន់​ប្រមុខ​រដ្ឋាភិបាល​អ៊ីស្រាអែល ក្នុង​សំណុំរឿង​ប្រព្រឹត្ត​អំពើពុករលួយ​ពី​ករណី​ផ្សេងទៀត។ ប៉ុន្តែ រហូតមកដល់​ពេលនេះ អ្នកតំណាង​អាយ្យការ​អ៊ីស្រាអែល​នៅ​មិនទាន់​បាន​សម្រេច​ចោទប្រកាន់​នៅឡើយនោះទេ។

នៅក្នុង​សេចក្តីថ្លែងការណ៍ កាល​ពី​ថ្ងៃ​អាទិត្យ លោក​នាយករដ្ឋមន្រ្តី អ៊ីស្រាអែល បិនចាមីន នេតាន់យ៉ាហ៊ូ បានបដិសេធ​ទាត់ចោល ការលើកឡើង​របស់​ប៉ូលិស ដែល​លោក​ចាត់ទុកថា ធ្វើឡើង​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ និង​អាច​ជា​រឿង​ដែល​ប្រឌិតឡើង​ដោយ​គូប្រជែង នយោបាយ​របស់​លោក​តែប៉ុណ្ណោះ។ ប្រមុខរដ្ឋាភិបាល​អ៊ីស្រាអែល នៅ​បាន​និយាយ​ការពារ​ខ្លួន​យ៉ាងដូច្នេះ​ថា ដូចជា​លើកមុន សំណុំរឿង​ស៊ើបអង្កេត​របស់​ប៉ូលិស​ប្រឆាំង​នឹង​រូបលោក នឹង​គ្មាន​ផ្តល់​លទ្ធផល​អ្វីទេ ព្រោះថា វាគ្មាន​រឿងពុករលួយ​អ្វីនោះទេ។

តាម​ផ្លូវច្បាប់ លោក​បិនចាមិន នេតាន់យ៉ាហ៊ូ មិន​ចាំបាច់​លាលែង​ចេញពី​តំណែង​នាយករដ្ឋមន្រ្តី នោះទេ នោះបើទោះបី ជា​មាន​ការចោទ​ប្រកាន់​ណាមួយ ពី​រដ្ឋអាជ្ញា។ ដរាបណា លោក​នៅ​មិនទាន់​ទទួល​ការផ្តន្ទាទោស​តាម​ផ្លូវ​តុលាការ លោក​នៅតែ​អាច​រក្សា​តំណែង​ជា​នាយករដ្ឋមន្រ្តី​ដដែល។ យ៉ាងណាក៏ដោយ​គេ​វាយតម្លៃថា សំណើ​របស់​ប៉ូលិស​ឲ្យ​មានការចោទប្រកាន់​ពីរឿង​ពុករលួយ​លើកនេះ នឹង​ធ្វើ​ឲ្យ​លោក​បិនចាមីន នេតាន់យ៉ាហ៊ូ សម្រេចចិត្ត កាន់តែឆាប់ ដើម្បី​រៀបចំការបោះឆ្នោត មុនកាលកំណត់ ដែល​ត្រូវធ្វើ នៅ​ខែ​វិច្ឆិកា​ឆ្នាំក្រោយ ពោល​គឺ​ដើម្បី​កុំ​ឲ្យ​រដ្ឋអាជ្ញា​ទម្លាក់​ចោល​ការចោទប្រកាន់។

អ្នកវិភាគ​វាយតម្លៃថា ទោះរដ្ឋាភិបាល​ចម្រុះ ចុះខ្សោយ ដោយសារ​តែ​ការដើរចេញ​របស់​គណបក្ស​ដៃគូ លោក​បិនចាមីន នេតាន់យ៉ាហ៊ូ នៅតែ​មាន​កូដប្រជាប្រិយភាព​ខ្ពស់​ជាងគេ និងអាច​ឈ្នះ​ឆ្នោត​សាជាថ្មី ដោយសារ គណបក្ស​ប្រឆាំង នៅតែ​បែកបាក់ គ្មាន​កម្លាំង​រឹងមាំ។ បើសិន​បាន​ឈ្នះ នៅក្នុង​ការបោះឆ្នោត​មុនអាណត្តិ​មែន លោក​បិនចាមីន ណេតាន់យ៉ាហ៊ូ ដែល​កាន់តំណែង​​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​១២ឆ្នាំមកហើយនោះ នឹង​ក្លាយ​ជា​នាយករដ្ឋមន្រ្តីអ៊ីស្រាអែល ដំបូងគេ ដែល​កាន់តំណែង​នេះ​បាន​យូរជាងគេ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ