អ៊ីស្រាអែល៖លោកនេតាន់យ៉ាហ៊ូកំពុងប្រឈមនឹងធ្លាក់ពីអំណាចដោយរឿងអាស្រូវពុករលួយ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:៤៥
នៅក្នុងប្រទេសអ៊ីស្រាអែល លោកនាយករដ្ឋមន្រ្តីបិនយ៉ាមីន នេតាន់យ៉ាហ៊ូ រួមទាំងភរិយារបស់លោកបាន និងកំពុងតាមយាយីដោយរឿងអាស្រូវពុករលួយ។ រហូតមកដល់ពេលនេះ គ្រួសារលោកនេតាន់យ៉ាហ៊ូបានជាប់ចោទក្នុងសំណុំរឿងពុករលួយចំនួន ៣ ដែលគេឲ្យឈ្មោះថា « សំណុំរឿង ១០០០ » « សំណុំរឿង ២០០០ » និង « សំណុំរឿង ៤០០០ »។ ក៏ដូចជាសំណុំរឿងពុករលួយទី១ និងទី២ ដែរ សំណុំរឿងពុករលួយទី៣ ឬហៅ« សំណុំរឿង ៤០០០ » ត្រូវបានប៉ូលិសស្នើឲ្យចោទប្រកាន់លោកនេតាន់យ៉ាហ៊ូ។ តែបាល់កំពុងឋិតក្នុងជើងរដ្ឋអាជ្ញាលោកអាវីឆៃ មែនដែលលីដដែលត្រូវចោទ ឬមិនចោទលោកនេតាន់យ៉ាហ៊ូ។ តើមានរឿងអាស្រូវពុករលួយអ្វីខ្លះដែលកំពុងតាមលងលោកនេតាន់យ៉ាហ៊ូ និងថា តើនាយករដ្ឋមន្រ្តីអ៊ីស្រាអែលរូបនេះអាចនឹងខ្ទាតពីតំណែង ឬទេ?។
« សំណុំរឿង ៤០០០ » ឬហៅថា « Bezeq-Walla » គឺជាសំណុំរឿងពុករលួយទី៣ ដែលមានជាប់ពាក់ព័ន្ធនឹងលោកនេតាន់យ៉ាហ៊ូ រួមទាំងប្រពន្ធរបស់លោក។ រឿងអាស្រូវពុករលួយមួយនេះបានកើតមានឡើងនៅចន្លោះឆ្នាំ ២០១៤ និងឆ្នាំ ២០១៧ ពោលជារយៈពេលដែលលោកនេតាន់យ៉ាហ៊ូក៏កំពុងមានតំណែងជារដ្ឋមន្រ្តីក្រសួងទូរគមនាគមន៍ដែរ។ Bezeq ជាឈ្មោះក្រុមហ៊ុនទូរគមនាគមន៍មួយដែលកាន់កាប់ដោយមនុស្សជំនិតរបស់លោកនេតាន់យ៉ាហ៊ូ ហើយ Walla ជាឈ្មោះគេហទំព័រព័ត៌មានមួយ។ តាមក្រុមអ្នកស៊ើបអង្កេត លោកនេតាន់យ៉ាហ៊ូបានជួយសម្រួល និងអនុគ្រោះដល់ក្រុមហ៊ុន Bezeq ហើយជាថ្នូរត្រឡប់វិញ ក្រុមហ៊ុន Bezeq បានអន្តរាគមន៍ឲ្យគេហទំព័រព័ត៌មាន Walla រៀបចំចុះផ្សាយព័ត៌មានល្អៗ និងវិជ្ជមានស្តីពីលោកនេតាន់យ៉ាហ៊ូ និងលោកស្រីសារ៉ាជាភរិយា ពោលគ្មានទេព័ត៌មានអវិជ្ជមាន និងអត្ថបទរិះគន់ វាយប្រហារ។
នៅក្នុងរបាយការណ៍ចេញផ្សាយនាថ្ងៃអាទិត្យ ទី២ ធ្នូ ប៉ូលិសអ៊ីស្រាអែលបានបញ្ជាក់ពីការមានភស្តុតាង និងសាក្សីគ្រប់គ្រាន់ដើម្បីអាចចោទប្រកាន់លោកនេតាន់យ៉ាហ៊ូ និងភរិយា។ សាក្សីដែលមានទម្ងន់ជាងគេសម្រាប់ក្រុមអ្នកស៊ើបអង្កេត គឺលោកស្ហូម៉ូ ហ្វីលបឺដែលលោកនេតាន់យ៉ាហ៊ូបានស្គាល់ជិតដិតតាំងពីពាក់កណ្តាលទសវត្សឆ្នាំ ៩០ មកម្ល៉េះ។ គឺលោកហ្វីលបឺរូបនេះឯងដែលលោកនេតាន់យ៉ាហ៊ូបានតែងតាំងជានាយកយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកក្នុងសម័យបោះឆ្នោតឆ្នាំ ២០១៥។ ក្រោយការជាប់ឆ្នោតរបស់លោកនេតាន់យ៉ាហ៊ូក្នុងខែមីនា ឆ្នាំ ២០១៥ លោកនេតាន់យ៉ាហ៊ូក៏បានតែងតាំងលោកហ្វីលបឺជានាយកនៅក្នុងក្រសួងទូរគមនាគមន៍។
តែនៅដើមឆ្នាំ ២០១៨ មនុស្សជំនិតរបស់លោកនេតាន់យ៉ាហ៊ូរូបនេះបែរជាបានយល់ព្រមសហការណ៍ជាមួយក្រុមអ្នកស៊ើបអង្កេតទៅវិញ។ ចម្លើយរបស់លោកហ្វីលបឺបានជំរុញប៉ូលិសឲ្យចេញអនុសាសន៍ចោទប្រកាន់លោកនេតាន់យ៉ាហ៊ូ។ ក៏ប៉ុន្តែ អ្នកដែលមានទឹកមាត់ប្រៃចុងក្រោយសម្រេចចោទ ឬមិនចោទលោកនេតាន់យ៉ាហ៊ូ គឺរដ្ឋអាជ្ញាលោកអាវីឆៃ មែនដែលលីដ។ រដ្ឋអាជ្ញារូបនេះក៏មិនមែនជាមនុស្សថ្មីដែរ តែជាអតីតនាយកខុទ្ទកាល័យរបស់លោកនេតាន់យ៉ាហ៊ូ។ លោកអាវីឆៃបានអើពើតិចតួចលើរឿងរ៉ាវមួយនេះ ទោះបីជាក្រុមប្រឆាំង និងបណ្តាញសារព័ត៌មានបានស្តីពីបន្ទោសលោកពីបទបានអូសបន្លាយការស៊ើបអង្កេតក៏ដោយ។ លោកអាវីឆៃបានបញ្ជាក់ថា លោកមិនបានភ្ជាប់កាលវិភាគរបស់តុលាការទៅនឹងកាលវិភាគនៃការរៀបចំបោះឆ្នោតទេ។
គួររម្លឹកថា ការបោះឆ្នោតសភាគ្រោងរៀបចំនៅខែវិច្ឆិកា ឆ្នាំ ២០១៩ ខាងមុខ និងដែលលោកនេតាន់យ៉ាហ៊ូកំពុងត្រៀមខ្លួនឈរឈ្មោះមួយអាណត្តិថ្មីទៀត។ យ៉ាងណាក៏ដោយ លោកនេតាន់យ៉ាហ៊ូបានចេញមុខរិះគន់លើលទ្ធផលស៊ើបអង្កេតរបស់ប៉ូលិសដោយយល់ឃើញថា វាពិតជាមិនត្រឹមត្រូវដែលនៅក្នុងរបបប្រជាធិបតេយ្យ ប៉ូលិសបានបើកការស៊ើបអង្កេតលើទំនាក់ទំនងរវាងថ្នាក់ដឹកនាំនយោបាយ និងសារព័ត៌មាន។ ចំណែកក្រុមមនុស្សជំនិតរបស់លោកនេតាន់យ៉ាហ៊ូបានចេញមុខអះអាងអស់ជាច្រើនខែថា រឿងរ៉ាវមួយនេះមានលក្ខណៈនយោបាយសុទ្ធសាធក្នុងបំណងទម្លាក់លោកនេតាន់យ៉ាហ៊ូ។
ពិតណាស់ បើលោកនេតាន់យ៉ាហ៊ូមិនត្រូវបានកាត់ទោសទេ ច្បាប់មិនបានបង្ខំឲ្យលោកលាចុះពីតំណែងនាយករដ្ឋមន្រ្តីឡើយ ទោះបីជាមានការចោទប្រកាន់លើលោកក្តី ពោលផ្ទុយនឹងតំណែងរដ្ឋមន្រ្តី។ យ៉ាងណាក៏ដោយ សម្លេងអំពាវនាវឲ្យលោកនេតាន់យ៉ាហ៊ូចុះពីកៅអីនាយករដ្ឋមន្រ្តីមានពីគ្រប់បក្សប្រឆាំងទាំងអស់។ គួររម្លឹកថាក្នុងខែកុម្ភៈកន្លងទៅ ប៉ូលិសក៏ធ្លាប់បានស្នើឲ្យចោទប្រកាន់លោកនេតាន់យ៉ាហ៊ូក្នុងរឿងអាស្រូវចំនួនពីរផ្សេងទៀតដែលគេឲ្យឈ្មោះថា « សំណុំរឿង ១០០០ » និង« សំណុំរឿង ២០០០ »។ សំណុំរឿងពុករលួយទាំងពីរនេះមានជាប់ពាកព័ន្ធនឹងលោកនេតាន់យ៉ាហ៊ូ ភរិយា និងកូនប្រុស។ តែរហូតមកដល់ពេលនេះ កៅអីនាយករដ្ឋមន្រ្តីដែលលោកនេតាន់យ៉ាហ៊ូបានអង្គុយតាំងពី ១២ឆ្នាំកន្លងទៅហាក់មិនទាន់រង្គើទេ។
សំណួរ តើអាកៅអីដែលមិនទាន់រង្គើហ្នឹងនឹងត្រូវបាក់រលំភ្លាមនៅពេលណា ព្រោះថាចង់ឬមិនចង់ សម្លេងភាគច្រើននៃរដ្ឋាភិបាលចម្រុះដែលដឹកនាំដោយលោកនេតាន់យ៉ាហ៊ូសព្វថ្ងៃហាក់រួញកាន់តែតិចទៅ។ ក្រោយការលាឈប់ពីតំណែងរដ្ឋមន្រ្តីការពារជាតិរបស់លោកអាវីដ័រ លីប៊ែរម៉ាន់ គណបក្សរបស់លោកនេតាន់យ៉ាហ៊ូ រួមជាមួយបក្សដៃគូផ្សេងទៀតមានសម្លេងលើសគេតែ១សម្លេងគត់នៅក្នុងសភា ពោលមាន ៦១សម្លេងលើសម្លេងសរុប ១២០សម្លេង។ ដូច្នេះគេអាចនិយាយបានថា លោកនេតាន់យ៉ាហ៊ូដែលកំពុងតាមយាយីដោយរឿងអាស្រូវពុករលួយចាច្រើនកំពុងដឹកនាំរដ្ឋាភិបាលដ៏ផុយស្រួយដែលងាយដួលរលំនៅថ្ងៃណាមួយដោយចៀសមិនរួចឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ