ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 13/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 13/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 13/12 12h00 GMT

អ៊ីស្រាអែល៖​លោកនេតាន់យ៉ាហ៊ូ​កំពុង​ប្រឈម​នឹង​ធ្លាក់​ពី​អំណាច​ដោយ​រឿងអាស្រូវ​ពុករលួយ?

អ៊ីស្រាអែល៖​លោកនេតាន់យ៉ាហ៊ូ​កំពុង​ប្រឈម​នឹង​ធ្លាក់​ពី​អំណាច​ដោយ​រឿងអាស្រូវ​ពុករលួយ?
 
លោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែល បិនយ៉ាមីន នេតាន់យ៉ាហ៊ូ ©REUTERS/Dan Balilty

នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល លោក​នាយករដ្ឋមន្រ្តី​បិនយ៉ាមីន នេតាន់យ៉ាហ៊ូ រួម​ទាំង​ភរិយា​របស់​លោក​បាន និង​កំពុង​តាម​យាយី​ដោយ​រឿងអាស្រូវ​ពុករលួយ។ រហូត​មក​ដល់​ពេល​នេះ គ្រួសារ​លោក​នេតាន់យ៉ាហ៊ូ​បាន​ជាប់ចោទ​ក្នុង​សំណុំរឿង​ពុករលួយ​ចំនួន ៣ ដែល​គេ​ឲ្យ​ឈ្មោះ​ថា « សំណុំរឿង ១០០០ » « សំណុំរឿង ២០០០ » និង « សំណុំរឿង ៤០០០ »។ ក៏​ដូច​ជា​សំណុំរឿង​ពុករលួយ​ទី១ និង​ទី២ ដែរ សំណុំរឿង​ពុករលួយ​ទី៣ ឬ​ហៅ​« សំណុំរឿង ៤០០០ » ត្រូវ​បាន​ប៉ូលិស​ស្នើ​ឲ្យ​ចោទ​ប្រកាន់​លោក​នេតាន់យ៉ាហ៊ូ។

តែ​បាល់​កំពុង​ឋិត​ក្នុង​ជើង​រដ្ឋអាជ្ញា​លោក​អាវីឆៃ មែនដែលលីដ​ដែល​ត្រូវ​ចោទ ឬ​មិន​ចោទ​លោក​នេតាន់យ៉ាហ៊ូ។ តើ​មាន​រឿងអាស្រូវ​ពុករលួយ​អ្វី​ខ្លះ​ដែល​កំពុង​តាម​លង​លោក​នេតាន់យ៉ាហ៊ូ និង​ថា តើ​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​រូប​នេះ​អាច​នឹង​ខ្ទាត​ពី​តំណែង ឬ​ទេ?។

« សំណុំរឿង ៤០០០ » ឬ​ហៅ​ថា « Bezeq-Walla » គឺ​ជា​សំណុំរឿង​ពុករលួយ​ទី៣ ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​លោក​នេតាន់យ៉ាហ៊ូ រួម​ទាំង​ប្រពន្ធ​របស់​លោក។ រឿងអាស្រូវ​ពុករលួយ​មួយ​នេះ​បាន​កើត​មាន​ឡើង​នៅ​ចន្លោះ​ឆ្នាំ ២០១៤ និង​ឆ្នាំ ២០១៧ ពោល​ជា​រយៈពេល​ដែល​លោក​នេតាន់យ៉ាហ៊ូ​ក៏​កំពុង​មាន​តំណែង​ជា​រដ្ឋមន្រ្តី​ក្រសួង​ទូរគមនាគមន៍​ដែរ។ Bezeq ជា​ឈ្មោះ​ក្រុមហ៊ុន​ទូរគមនាគមន៍​មួយ​ដែល​កាន់កាប់​ដោយ​មនុស្ស​ជំនិត​របស់​លោក​នេតាន់យ៉ាហ៊ូ ហើយ Walla ជា​ឈ្មោះ​គេហទំព័រ​ព័ត៌មាន​មួយ។ តាម​ក្រុម​អ្នកស៊ើបអង្កេត លោក​នេតាន់យ៉ាហ៊ូ​បាន​ជួយ​សម្រួល និង​អនុគ្រោះ​ដល់​ក្រុមហ៊ុន Bezeq ហើយ​ជា​ថ្នូរ​ត្រឡប់​វិញ ក្រុមហ៊ុន Bezeq បាន​អន្តរាគមន៍​ឲ្យ​គេហទំព័រ​ព័ត៌មាន Walla រៀបចំ​ចុះ​ផ្សាយ​ព័ត៌មាន​ល្អៗ និង​វិជ្ជមាន​ស្តីពី​លោក​នេតាន់យ៉ាហ៊ូ និង​លោកស្រី​សារ៉ា​ជា​ភរិយា ពោល​គ្មាន​ទេ​ព័ត៌មាន​អវិជ្ជមាន និង​អត្ថបទ​រិះគន់ វាយប្រហារ។

នៅ​ក្នុង​របាយការណ៍​ចេញ​ផ្សាយ​នា​ថ្ងៃ​អាទិត្យ ទី២ ធ្នូ ប៉ូលិស​អ៊ីស្រាអែល​បាន​បញ្ជាក់​ពី​ការ​មាន​ភស្តុតាង និង​សាក្សី​គ្រប់គ្រាន់​ដើម្បី​អាច​ចោទ​ប្រកាន់​លោក​នេតាន់យ៉ាហ៊ូ និង​ភរិយា។ សាក្សី​ដែល​មាន​ទម្ងន់​ជាង​គេ​សម្រាប់​ក្រុម​អ្នក​ស៊ើបអង្កេត គឺ​លោក​ស្ហូម៉ូ ហ្វីលបឺ​ដែល​លោក​នេតាន់យ៉ាហ៊ូ​បាន​ស្គាល់​ជិតដិត​តាំង​ពី​ពាក់កណ្តាល​ទសវត្ស​ឆ្នាំ ៩០ មក​ម្ល៉េះ។ គឺ​លោក​ហ្វីលបឺ​រូប​នេះ​ឯង​ដែល​លោក​នេតាន់យ៉ាហ៊ូ​បាន​តែងតាំង​ជា​នាយក​យុទ្ធនាការ​ឃោសនាបោះឆ្នោត​របស់​លោក​ក្នុង​សម័យ​បោះឆ្នោត​ឆ្នាំ ២០១៥។ ក្រោយ​ការ​ជាប់ឆ្នោត​របស់​លោក​នេតាន់យ៉ាហ៊ូ​ក្នុង​ខែ​មីនា ឆ្នាំ ២០១៥ លោក​នេតាន់យ៉ាហ៊ូ​ក៏​បាន​តែងតាំង​លោក​ហ្វីលបឺ​ជា​នាយក​នៅ​ក្នុង​ក្រសួង​ទូរគមនាគមន៍។

តែ​នៅ​ដើម​ឆ្នាំ ២០១៨ មនុស្សជំនិត​របស់​លោក​នេតាន់យ៉ាហ៊ូ​រូប​នេះ​បែរ​ជា​បាន​យល់ព្រម​សហការណ៍​ជាមួយ​ក្រុម​អ្នកស៊ើបអង្កេត​ទៅ​វិញ។ ចម្លើយ​របស់​លោក​ហ្វីលបឺ​បាន​ជំរុញ​ប៉ូលិស​ឲ្យ​ចេញ​អនុសាសន៍​ចោទ​ប្រកាន់​លោក​នេតាន់យ៉ាហ៊ូ។ ក៏​ប៉ុន្តែ អ្នក​ដែល​មាន​ទឹកមាត់​ប្រៃ​ចុង​ក្រោយ​សម្រេច​ចោទ ឬ​មិន​ចោទ​លោក​នេតាន់យ៉ាហ៊ូ គឺ​រដ្ឋអាជ្ញា​លោក​អាវីឆៃ មែនដែលលីដ។ រដ្ឋអាជ្ញា​រូប​នេះ​ក៏​មិនមែន​ជា​មនុស្ស​ថ្មី​ដែរ តែ​ជា​អតីត​នាយកខុទ្ទកាល័យ​របស់​លោក​នេតាន់យ៉ាហ៊ូ។ លោក​អាវីឆៃ​បាន​អើពើ​តិចតួច​លើ​រឿងរ៉ាវ​មួយ​នេះ ទោះ​បី​ជា​ក្រុមប្រឆាំង និង​បណ្តាញ​សារព័ត៌មាន​បាន​ស្តីពី​បន្ទោស​លោក​ពី​បទ​បាន​អូសបន្លាយ​ការ​ស៊ើបអង្កេត​ក៏​ដោយ។ លោក​អាវីឆៃ​បាន​បញ្ជាក់​ថា លោក​មិន​បាន​ភ្ជាប់​កាលវិភាគ​របស់​តុលាការ​ទៅ​នឹង​កាលវិភាគ​នៃ​ការ​រៀបចំ​បោះឆ្នោត​ទេ។

គួរ​រម្លឹក​ថា ការ​បោះឆ្នោត​សភា​គ្រោង​រៀបចំ​នៅ​ខែ​វិច្ឆិកា ឆ្នាំ ២០១៩ ខាង​មុខ និង​ដែល​លោក​នេតាន់យ៉ាហ៊ូ​កំពុង​ត្រៀមខ្លួន​ឈរ​ឈ្មោះ​មួយ​អាណត្តិ​ថ្មី​ទៀត។ យ៉ាង​ណា​ក៏​ដោយ លោក​នេតាន់យ៉ាហ៊ូ​បាន​ចេញ​មុខ​រិះគន់​លើ​លទ្ធផល​ស៊ើបអង្កេត​របស់​ប៉ូលិស​ដោយ​យល់​ឃើញ​ថា វា​ពិត​ជា​មិន​ត្រឹមត្រូវ​ដែល​នៅ​ក្នុង​របប​ប្រជាធិបតេយ្យ ប៉ូលិស​បាន​បើក​ការ​ស៊ើបអង្កេត​លើ​ទំនាក់ទំនង​រវាង​ថ្នាក់ដឹកនាំ​នយោបាយ និង​សារព័ត៌មាន។ ចំណែក​ក្រុម​មនុស្ស​ជំនិត​របស់​លោក​នេតាន់យ៉ាហ៊ូ​បាន​ចេញ​មុខ​អះអាង​អស់​ជា​ច្រើន​ខែ​ថា រឿងរ៉ាវ​មួយ​នេះ​មាន​លក្ខណៈ​នយោបាយ​សុទ្ធសាធ​ក្នុង​បំណង​ទម្លាក់​លោក​នេតាន់យ៉ាហ៊ូ។

ពិត​ណាស់ បើ​លោក​នេតាន់យ៉ាហ៊ូ​មិន​ត្រូវ​បាន​កាត់ទោស​ទេ ច្បាប់​មិន​បាន​បង្ខំ​ឲ្យ​លោក​លា​ចុះ​ពី​តំណែង​នាយករដ្ឋមន្រ្តី​ឡើយ ទោះ​បី​ជា​មាន​ការ​ចោទ​ប្រកាន់​លើ​លោក​ក្តី ពោល​ផ្ទុយ​នឹង​តំណែង​រដ្ឋមន្រ្តី។ យ៉ាង​ណា​ក៏​ដោយ សម្លេង​អំពាវនាវ​ឲ្យ​លោក​នេតាន់យ៉ាហ៊ូ​ចុះ​ពី​កៅអី​នាយករដ្ឋមន្រ្តី​មាន​ពី​គ្រប់​បក្សប្រឆាំង​ទាំង​អស់។ គួរ​រម្លឹក​ថា​ក្នុង​ខែ​កុម្ភៈ​កន្លង​ទៅ ប៉ូលិស​ក៏​ធ្លាប់​បាន​ស្នើ​ឲ្យ​ចោទ​ប្រកាន់​លោក​នេតាន់យ៉ាហ៊ូ​ក្នុង​រឿងអាស្រូវ​ចំនួន​ពីរ​ផ្សេង​ទៀត​ដែល​គេ​ឲ្យ​ឈ្មោះ​ថា « សំណុំរឿង ១០០០ » និង« សំណុំរឿង ២០០០ »។ សំណុំរឿង​ពុករលួយ​ទាំង​ពីរ​នេះ​មាន​ជាប់​ពាកព័ន្ធ​នឹង​លោក​នេតាន់យ៉ាហ៊ូ ភរិយា និង​កូនប្រុស។ តែ​រហូត​មក​ដល់​ពេល​នេះ កៅអី​នាយករដ្ឋមន្រ្តី​ដែល​លោក​នេតាន់យ៉ាហ៊ូ​បាន​អង្គុយ​តាំង​ពី ១២ឆ្នាំ​កន្លង​ទៅ​ហាក់​មិន​ទាន់​រង្គើ​ទេ។

សំណួរ តើ​អា​កៅអី​ដែល​មិន​ទាន់​រង្គើ​ហ្នឹង​នឹង​ត្រូវ​បាក់​រលំ​ភ្លាម​នៅ​ពេល​ណា ព្រោះ​ថា​ចង់​ឬ​មិន​ចង់ សម្លេង​ភាគច្រើន​នៃ​រដ្ឋាភិបាល​ចម្រុះ​ដែល​ដឹក​នាំ​ដោយ​លោក​នេតាន់យ៉ាហ៊ូ​សព្វថ្ងៃ​ហាក់​រួញ​កាន់​តែ​តិច​ទៅ។ ក្រោយ​ការ​លា​ឈប់​ពី​តំណែង​រដ្ឋមន្រ្តី​ការពារជាតិ​របស់​លោក​អាវីដ័រ លីប៊ែរម៉ាន់ គណបក្ស​របស់​លោក​នេតាន់យ៉ាហ៊ូ រួម​ជាមួយ​បក្សដៃគូ​ផ្សេង​ទៀត​មាន​សម្លេង​លើស​គេ​តែ​១សម្លេង​គត់​នៅ​ក្នុង​សភា ពោលមាន ៦១សម្លេងលើ​សម្លេង​សរុប ១២០សម្លេង។ ដូច្នេះ​គេ​អាច​និយាយ​បាន​ថា លោក​នេតាន់យ៉ាហ៊ូ​ដែល​កំពុង​តាម​យាយី​ដោយ​រឿងអាស្រូវ​ពុករលួយ​ចា​ច្រើន​កំពុង​ដឹកនាំ​រដ្ឋាភិបាល​ដ៏​ផុយស្រួយ​ដែល​ងាយ​ដួលរលំ​នៅ​ថ្ងៃ​ណា​មួយ​ដោយ​ចៀស​មិន​រួច​ឡើយ៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • អ៊ីស្រាអែល

    ប៉ូលិស​ស្នើ​ឲ្យ​ចោទប្រកាន់​នាយករដ្ឋមន្រ្តី អ៊ីស្រាអែល​ និង​ភិរយា ក្នុង​បទ​ប្រព្រឹត្ត​អំពើពុករលួយ

    ស្វែងយល់បន្ថែម

  • ភរិយា​របស់​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល រង​ការចោទ​ប្រកាន់​ពី​បទ​លួចបន្លំ

    ស្វែងយល់បន្ថែម

  • អ៊ីស្រាអែល​

    ​ជីវិត​​​នយោបាយ​​​របស់​​លោក​ នេតានយ៉ាហ៊ូ​​​កំពុង​​​​​​រង​​​​សម្ពាធ​​​​ខ្លាំង​​​​ថែម​​​ទៀត​​​​​​​នៅ​ចំពោះមុខ​​​​​​តុលាការ​​​

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    ប៉ូលិស​​អ៊ីស្រាអែល​​ផ្តល់​អនុសាសន៍​​​​​អោយ​ចោទប្រកាន់​នាយករដ្ឋមន្ត្រី​​​​ពីបទ​​​​ពុករលួយ​​​​​​​​​​

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ