អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

យេម៉ែន ភាគី​​ជម្លោះ​​លើវិថី​នៃ​ការចរចា​ស្វែង​រក​សន្តិភាព

ចុះផ្សាយ​នៅ​ថ្ងៃ៖

កិច្ចចរចា​សន្តិភាព ក្រោម​ម្លប់​អង្គការ​សហប្រជាជាតិ ដើម្បី​​បិទ​បញ្ចប់​សង្គ្រាម​នៅ​យេម៉ែន ដែល​អូស​បន្លាយ​តាំង​ពី​ឆ្នាំ​២០១៤​មក នឹង​អាច​ប្រព្រឹត្ត​ទៅ​បាន​ដូចក្តី​​ប្រាថ្នា​​បាន​ហើយ​នៅ​សប្តាហ៍​​នេះ នៅ​ប្រទេស​ស៊ុយអែត។ ក្រុម​ប្រតិភូ​តំណាង​ពួក​ឧទ្ទាម បាន​មក​ដល់​​ក្រុង​ស្តុកខុម​តាំង​ពី​ល្ងាច​ថ្ងៃអង្គារ​ម្សិលមិញ។ ចំណែក​ក្រុម​​​​​ប្រតិភូរបស់​ភាគី​រដ្ឋាភិបាលយេម៉ែន​និរទេស​ខ្លួន កំពុងធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ស៊ុយអែត​ហើយ នៅព្រឹក​មិញ។ នេះ​ជា​​ជំនួប​ចរចាដ៏​សំខាន់​​ លើក​ទី​មួយ គិត​ចាប់​តាំង​ពីឆ្នាំ​២០១៦​មក និង​ទំនង​អាច​ជា​​សំណាង​ចុង​ក្រោយ ​នាំ​យេម៉ែន​ឱ្យ​ពី​សង្គ្រាមបានផង។

លោក Martin Griffiths ពេលហៀប​នឹង​ចាក​ចេញ​ពី​អាកាសយានដ្ឋាន​សាណា ជាមួយ​ប្រតិភូ​ឧទ្ទាម​ហ៊ូទី ទៅ​ស៊ុយអែត
លោក Martin Griffiths ពេលហៀប​នឹង​ចាក​ចេញ​ពី​អាកាសយានដ្ឋាន​សាណា ជាមួយ​ប្រតិភូ​ឧទ្ទាម​ហ៊ូទី ទៅ​ស៊ុយអែត © Reuters
ផ្សាយពាណិជ្ជកម្ម

កិច្ច​​ចរចា​សន្តិភាព ក្រោម​ម្លប់​អង្គការ​សហប្រជាជាតិ ដើម្បី​​បិទ​បញ្ចប់​សង្គ្រាម​នៅ​យេម៉ែន ដែល​អូស​បន្លាយ​តាំង​ពី​ឆ្នាំ​២០១៤​មក នឹង​អាច​ប្រព្រឹត្ត​ទៅ​បាន​ដូចក្តី​​ប្រាថ្នា​​បាន​ហើយ​នៅ​សប្តាហ៍​​នេះ នៅ​ប្រទេស​ស៊ុយអែត។ ​

តំណាងអង្គការសហប្រជាជាតិ​មិន​បាន​ប្រកាស​ ជា​ផ្លូវការ​អំពី​ការ​បើក​កិច្ចចរចា​យេម៉ែន​នៅ​ស៊ុយអែត​នេះ​ទេ។ ប៉ុន្តែទម្រង់​នៃ​​កិច្ច​​ចរចា មាន​​រូប​រាង​កាន់​តែ​ច្បាស់​ហើយ។ ​តំណាង​ប្រតិភូ​របស់​ពួក​ឧទ្ទាម​ បាន​មក​ដល់​ប្រទេស​ស៊ុយអែត​ហើយ កាលពី​ល្ងាច​មិញ​ តាម​ជើង​យន្តហោះ​ពិសេស​របស់​កូវែត ជាមួយ​អន្តរការី​​អង្គការ​សហប្រជាជាតិ​​ទទួល​បន្ទុក​ដោះស្រាយ​វិបត្តិយេម៉ែន លោក​ ម៉ាតាំង ហ្គ្រីហ្វីត ជនជាតិ​អង់គ្លេស​ផង។

ចំណែក​ប្រតិភូ​របស់​រដ្ឋាភិបាល​យេម៉ែន ដែល​និរទេស​ខ្លួន​នៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត មាន​តំណាង​​ដល់​ទៅ១២ រូប និង​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​។ ប៉ុន្តែ​ក្រុម​ប្រតិភូនេះ ទើប​តែ​ចាក​ចេញ​ពី​ទីក្រុង​រីយ៉ាដ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ទេ។ ភាគី​​រដ្ឋាភិបាលយេម៉ែន មិន​ចង់​ខក​ដំណើរ​ដូច​ជើង​មុន។ កាលពី​ខែ​កញ្ញា​កន្លង​ទៅ​ តំណាង​រដ្ឋាភិបាល​យេម៉ែន បាន​ទៅ​ដល់​តុ​ប្រជុំនៅ​ទីក្រុង​ហ្សឺណែវ​​ទៅ​ហើយ ស្រាប់​តែខាង​ពួក​ឧទ្ទាម​ហ៊ូទី បែរ​ជា​ប្តូរ​ចិត្តនៅ​នាទី​ចុង​ក្រោយ​ មិន​មកចូល​រួម​​ទៅ​វិញ។

​តើ​អ្វី​ទៅ​ជា​ខ្លឹម​សារ​នៃ​កិច្ចចរចា​ដែល​ភាគី​ជម្លោះ​នឹងត្រូវ​លើក​មក​ជជែក​គ្នា​ ?

កម្មវត្ថុ​សំខាន់​នៃ​កិច្ចចរចា​នៅ​ថ្ងៃ​នេះ គឺ​ធ្វើ​យ៉ាង​ណា​ រៀប​ចំ​ឱ្យ​មាន​ក្របខណ្ឌ​ទូទៅ​មួយ​សម្រាប់​បើក​កិច្ចចរចា ស្វែង​រក​ដោះស្រាយ​វិបត្តិ​​តាម​ផ្លូវ​នយោបាយ ពោល​គឺ​​ស្តារ​វិធាន​ការ​ដែល​ផ្តល់​​ទំនុក​ចិត្ត​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក និង​ការ​ដាក់​ឱ្យ​ដំណើរការ​រដ្ឋាភិបាល​អន្តរកាល។

បើ​តាម​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ស៊ុយអែត ជា​ម្ចាស់​ផ្ទះ កិច្ចចរចា​នេះ​នឹង​ត្រូវ​ជជែក​គ្នា​ជា​បឋម​អំពី​ ការ​បើក​អាកាសយានដ្ឋាន ក្រុង​សាណា អំពី​ការ​ស្តារ​ឡើងវិញនូវ​បទ​ឈប់​បាញ់​នៅ​ក្រុង​កំពង់ផែ ហូដៃដា ដែល​ជា​ច្រក​នាំ​ចូល​ជំនួយ​មនុស្សធម៌​មក​ជួយ​ប្រជាពលរដ្ឋ​យេម៉ែន និង​ស្តី​អំពី​ ការ​ដោះដូរ​អ្នក​ទោសគ្នា។

អ្នក​ទោសខាង​រដ្ឋាភិបាល ​មាន​ចំនួន​ប្រមាណ​ពី ១៥០០​នាក់​ទៅ​២០០០​នាក់។ ឯ​ខាង​ពួក​ឧទ្ទាម​មានប្រមាណ​ពី ១០០០ ទៅ​១៥០០​នាក់។ ក្រោយ​ការ​ចរចា​រួច​ភ្លាម គេ​នឹង​ចាប់​អនុវត្ត​ការ​ដោះដូរ​ភ្លាម។ តំណាង​ពួក​ឧទ្ទាម​បាន​បញ្ជាក់​ការ​ព្រមព្រៀង​នេះ​រួច​ជា​ស្រេច​ហើយ។ ចំណែក​ខាង​កាកបាទ​ក្រហម អន្តរជាតិ ក៏​បាន​ប្រកាស​ដែរ​ថា​នឹង​ចូល​រួម​ចំណែក​អនុវត្ត​កិច្ចព្រមព្រៀងដោះដូរ​អ្នក​ទោស ដែល​ជា​ស្នាដៃ​របស់​អន្តរការី​​អង្គការ​សហប្រជាជាតិ លោក ម៉ាតាំង ហ្គ្រីហ្វីត។ លោក ហ្គ្រីហ្វីត បាន​ផ្តល់​ទំនុក​ចិត្ត​ផ្សេង​ទៀត ដែល​បំពេញ​ចិត្ត​ពួក​ឧទ្ទាម​បាននោះ គឺ​ការ​ធានា​ឱ្យ​អ្នក​របួស​ជា​ពួក​ឧទ្ទាម​បាន​ធ្វើ​ដំណើរ​ទៅ​ព្យាបាល​របួស​នៅ​ប្រទេស​ជិតខាង។ កាលពី​ថ្ងៃ​ចន្ទ​ពួក​ឧទ្ទាម​រង​របួស​ជា​ច្រើន​នាក់ ត្រូវ​បាន​ជម្លៀស​ទៅ​ប្រទេស​អូម៉ង់ ដើម្បី​បាន​ទទួល​ការ​ព្យាបាល​ ទើប​ប្រតិភូ​ហ៊ូទីព្រម​មក​ចរចា​នៅ​ស៊ុយអែត។

អ៊ីរ៉ង់​ដែល​ជា​អ្នក​គាំទ្រ​នយោបាយ និង​ផ្គត់​ផ្គង់​សម្ភារៈ​បរិក្ខា​យោធា​​ដល់​ពួក​ឧទ្ទាម​ហ៊ូទី ក៏​យល់​ស្រប​នឹង​សំណើ​ចរចា​គ្នា​នេះ​ដែរ។ ចំណែក​អារ៉ាប៊ីសាអូឌីត ដែល​ការពារ​រដ្ឋាភិបាល​និរទេស​យេម៉ែន ចាត់​ទុក​កិច្ចចរចា​នៅស៊ុយអែត​នេះ​ជា​ឱកាស​មាស​ នៃ​ការ​ស្វែង​រក​ដំណោះស្រាយ​តាម​ផ្លូវ​នយោបាយ​ ដោយ​ឆ្លៀត​គូស​បញ្ជាក់​អំពី​ភាព​សំខាន់​នៃ​សេចក្តី​សម្រេច​ចិត្ត​​របស់​អង្គការ​សហប្រជាជាតិ​ អំពី​ភាពជា​ប្រធានាធិបតី​​ស្រប​ច្បាប់​របស់​លោក ហាឌី និង​អំពី​ការ​ ​​ បំបាត់​អាវុធ​ធុន​ធ្ងន់ ដក​ថយរបស់​ពួក​ឧទ្ទាម។

​អារ៉ាប៊ីសាអូឌីត ត្រៀម​ដក​ខ្លួន​ពី​យេម៉ែន?

សង្គ្រាម​នៅយេម៉ែន ជា​សង្គ្រាម​ប្រកួត​ប្រជែង​ក្នុង​តំបន់ រវាង​ម្ខាង​អារ៉ាប៊ីសាអូឌីត និង​ម្ខាង​ទៀត​អ៊ីរ៉ង់។ ដោយ​មាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សម្ព័ន្ធ​ក្រុម​ប្រទេស​អារ៉ាប ជាពិសេស​អេមៀរ៉ាតអារ៉ាបរួម អារ៉ាប៊ីអាអូឌីត បាន​លូក​ដៃ​ខ្លាំង​ណាស់​ក្នុង​សង្គ្រាម​នេះ ដោយ​បានដឹកនាំ​ធ្វើ​ប្រតិបត្តិការ​យោធា លើ​យេម៉ែន តាំង​ពី​ឆ្នាំ​២០១៥​មក។ សូម្បី​តែ​​​អាមេរិក​ និងក្រុម​បស្ចឹម​លោក​ក៏​គាំទ្រប្រតិបត្តិការ​នេះ​ដែរ។

ប៉ុន្តែ​ក្រោយ​ហេតុការណ៍​ឃាតកម្ម​លើ​រូប​អ្នក​កាសែត ​ពិភពលោក​ឱ្យ​បានឃើញ​អំពី​សកម្មភាព​ពិត​របស់​អារ៉ាប៊ីសាអូឌីត នៅ​ក្នុង​តំបន់។ អាល្លឺម៉ង់ ដាណឺម៉ាក ស៊ុយអែត បាន​ប្រកាស​ព្យួរ​ការ​នាំ​ចេញ​គ្រឿង​សព្វាវុធ​លក់​ទៅ​ឱ្យ​អារ៉ាប៊ីសាអូឌីត និង​សង្គ្រាម​នៅ​យេម៉ែន​នេះ​ឯង។ ហើយ​នៅ​ថ្ងៃ​នេះ​ទៀត នៅ​សហរដ្ឋ​អាមេរិក ភ្នាក់ងារ​ចារកិច្ច​CIA ត្រូវ​ឆ្លើយ​បំភ្លឺ​នៅ​ចំពោះ​មុខ​ព្រឹទ្ធ​សភា​ អំពី​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​របស់​ខ្លួន ដែល​ចោទ​រាជទាយាទ​ បេនសាល់ម៉ាន ជា​អ្នក​បញ្ជា​ឃាតកម្ម។ ព្រឹទ្ធសភា​អាមេរិក​អាច​នឹង​ចេញ​វិធានការ​ដាក់​ទណ្ឌកម្ម​អារ៉ាប៊ីសាអូឌីត​ផង​ក៏​ថា​បាន។

​​ក្រុម​ប្រទេស​មហាអំណាច​ ដែល​ជា​អ្នក​ផ្គត់​ផ្គង់​អាវុធ និង​ផ្តល់​ព័ត៌មាន​សម្ងាត់​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​ដាក់​សម្ពាធ​ខ្លាំង​លើ​ក្រុង​រីយ៉ាដ ឱ្យ​ធ្វើ​សម្បទាន​ខ្លះ​ ក្នុង​ជម្លោះ​នៅ​យេម៉ែននេះ។ នៅ​ក្នុង​បរិបទ​បែប​នេះ អារ៉ាប៊ីសាអូឌីត ក៏​ទំនង​​​ត្រៀម​ដើរ​​ចេញ​ពី​ជម្លោះ ​យេម៉ែ​ន​នេះ​ផង ! នេះ ​ ​បើ​តាម​អ្នក​វិភាគជា​ច្រើន។ ប៉ុន្តែគេ​នៅ​មិន​ទាន់​ដឹង​ថា​តើ​សម្ពាធ​ពី​ខាង​ក្រៅ មាន​ទម្ងន់​ប៉ុណ្ណា​ នៅពេល​ភាគី​ជម្លោះ​ផ្ទាល់ ចូល​អង្គុយ​ទល់​មុន​គ្នា​ចរចា​មែនទែន​នោះ។

ការ​​ចរចា​បាន​ត្រួសត្រាយ​ផ្លូវ​ខ្លះ​​មែន តែដំណើរការ​​នៅ​វែង​ឆ្ងាយ​ទៀត​ណាស់។ អារ៉ាប៊ីសាអូឌីត អាចធ្វើ​សម្បទាន​ ​ ដរាប​ណា​តែ​ទទួល​បាន​ផលច្រើន​តែ​ប៉ុណ្ណោះ។ ហើយ​ម្យ៉ាង​ទៀត ខាង​ពួក​ឧទ្ទាម​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់ ពិត​ជា​មិន​ងាយ​បោះបង់​មហិច្ឆតា កាន់​អំណាច​របស់​ខ្លួន​ងាយៗ​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ