យេម៉ែន៖ភាគីជម្លោះផ្ទៃក្នុងឯកភាពលើបញ្ជីឈ្មោះអ្នកទោសចំនួន ១៥ ០០០នាក់ដើម្បីដោះដូរគ្នា
ថ្ងៃអង្គារ ទី១១ ធ្នូជាថ្ងៃទី៦ នៃកិច្ចចរចារវាងភាគីជម្លោះផ្ទៃក្នុងយេម៉ែនដែលរៀបចំដោយអង្គការសហប្រជាជាតិនៅក្នុងប្រទេសស៊ុយអែត។ កម្មវត្ថុនៃកិច្ចចរចា គឺដើម្បីស្វែងរកដំណោះស្រាយបិទបញ្ចប់សង្រ្គាមស៊ីវិលដែលបានអូសបន្លាយតាំងពី ៤ឆ្នាំ និងបណ្តាលឲ្យមានមនុស្សស្លាប់ប្រមាណជា ១០ ០០០នាក់។ អ្វីដែលភាគីជម្លោះទាំងពីរបានឯកភាពពេលនេះ គឺបញ្ជីឈ្មោះអ្នកទោសចំនួន ១៥ ០០០នាក់សម្រាប់ធ្វើការដោះដូរគ្នា។ គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិបានបញ្ជាក់ថា ខ្លួនជាអ្នករៀបចំឲ្យមានការដោះដូរអ្នកទោសរវាងភាគីទាំងពីរដែលគ្រោងធ្វើឡើងនៅថ្ងៃទី២០ មករាខាងមុខ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:១០
គេត្រូវរង់ចាំដល់កិច្ចចរចាថ្ងៃទី៦ ក្នុងរយៈពេលសរុប ៧ថ្ងៃទើបភាគីជម្លោះទំាងពីរបានឯកភាពគ្នាលើបញ្ហាអ្នកទោសដែលជាបញ្ហាដ៏ប្រទាញប្រទង់គ្នាខ្លាំងនៅក្នុងចំណោមបញ្ហាជាច្រើនផ្សេងទៀត។ នៅក្នុងបញ្ជីអ្នកទោសទាំង ១៥ ០០០នាក់ដែលរដ្ឋាភិបាល និងចលនាឧទ្ទាមហ៊ូទី្សត្រៀមដោះដូរគ្នានៅពេលខាងមុខ មានសឹងពាក់កណ្តាលពីភាគីម្នាក់ៗ។ ក្រៅពីការព្រមព្រៀងដោះដូរអ្នកទោសរវាងគ្នា ភាគីរដ្ឋាភិបាលក៏បានទាមទារឲ្យពួកឧទ្ទាមប្រគល់សាកសពអតីតប្រធានាធិបតីលោកអាលី អាប់ដាឡា សាឡេឲ្យរដ្ឋាភិបាលវិញដែរ។ លោកសាឡេត្រូវបានពួកឧទ្ទាមហ៊ូទី្សដែលជាសម្ព័ន្ធមិត្តខ្លួនឯងសម្លាប់ចោលក្នុងខែធ្នូ ឆ្នាំ ២០១៧ ដោយចោទពីបទក្បត់ជាតិ។ តែពួកឧទ្ទាមមិនទាន់បានឆ្លើយយ៉ាងណាចំពោះការទាមទារនេះនៅឡើយទេ។
ទាក់ទងនឹងនីតិវិធីនៃការដោះដូរអ្នកទោសដែលគ្រោងធ្វើនៅថ្ងៃទី២០ មករា ឆ្នាំ ២០១៩ ត្រូវបានភាគីទាំងពីរឯកភាពគ្នាធ្វើឡើងនៅលើអាកាសយានដ្ឋានចំនួនពីរ គឺអាកាសយានដ្ឋានសេយូនស្ថិតប៉ែកកណ្តាលដែលគ្រប់គ្រងដោយរដ្ឋាភិបាល និងអាកាសយានដ្ឋានអន្តរជាតិក្នុងទីក្រុងសាណាដែលគ្រប់គ្រងដោយពួកឧទ្ទាម។ ចំណែកដំណើរការដោះដូរអ្នកទោសនឹងត្រូវរៀបចំដោយគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ។ ក្រៅពីជជែកលើបញ្ហាអ្នកទោស ក៏នៅមានបញ្ហាជាច្រើនផ្សេងទៀតដែលភាគីជម្លោះទាំងពីរបានលើកយកទៅជជែករួមមាន រៀបចំឲ្យមានការដឹកជញ្ជូនជំនួយមនុស្សធម៌ឡើងវិញ បើកកំពង់ផែហូដៃដា និងអាកាសយានដ្ឋានទីក្រុងសាណាដែលគ្រប់គ្រងដោយពួកឧទ្ទាមឲ្យដំណើរការឡើងវិញ។
អង្គការសហប្រជាជាតិបានបញ្ជាក់ក្នុងថ្ងៃចន្ទ ទី១០ ធ្នូពីការស្វែងរកលុយចំនួន ៤ ០០០លានដុល្លារក្នុងឆ្នាំ ២០១៩ សម្រាប់ពលរដ្ឋយេម៉ែនចំនួន ២០លាននាក់ ពោល ៧០% នៃចំនួនពលរដ្ឋយេម៉ែនសរុបដែលកំពុងត្រូវការជំនួយមនុស្សធម៌។ លោក Mark Lowcock អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌បានថ្លែងថាជារៀងរាល់ឆ្នាំ អង្គការសហប្រជាជាតិត្រូវការថែម ១ ០០០លានដុល្លារ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ