បេសកជនអង្គការសហប្រជាជាតិទៅយេម៉ែនដើម្បីពង្រឹងបទឈប់បាញ់នៅក្រុងហូដីដា
លោក Martin Griffiths បេសកជនរបស់អង្គការសហប្រជាជាតិបានធ្វើដំណើរទៅដល់ទីក្រុងសាណានៃប្រទេសយេម៉ែននាថ្ងៃសៅរ៍ ទី៥ មករា។ នៅក្នុងទីក្រុងសាណា លោក Martin ចូលជួបក្រុមមេឧទ្ទាមហ៊ូទីស្ស ហើយបន្ទាប់មក បេសកជនអង្គការសហប្រជាជាតិរូបនេះដដែលធ្វើដំណើរទៅកាន់ទីក្រុងរីយ៉ាដប្រទេសអារ៉ាប៊ីសាអូឌីតដើម្បីជួបប្រធានាធិបតីយេម៉ែនលោកហាឌី រួមទាំងថ្នាក់ដឹកនាំយេម៉ែនជាច្រើននាក់ទៀតដែលកំពុងជ្រកកោននៅទីនោះ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:១៣
ក្រៅពីមានជំនួបជាមួយក្រុមមេឧទ្ទាមហ៊ូទីស្សដែលកំពុងកាន់កាប់ទីក្រុងសាណា លោក Martin Griffiths ក៏បានចូលជួបលោក Patrick Cammaert ប្រធានក្រុមអ្នកសង្កេតការណ៍របស់អង្គការសហប្រជាជាតិនៅយេម៉ែន និងជាប្រធានគណៈកម្មាធិការរួមទទួលបន្ទុកអនុវត្តបទឈប់បាញ់រវាងក្រុមឧទ្ទាម និងរដ្ឋាភិបាលសម្រាប់ទីក្រុងហូដីដាដែរ។ គួររម្លឹកថា បទឈប់បាញ់សម្រាប់ទីក្រុងហូដីដាដែលជាកំពង់ផែយុទ្ធសាស្រ្តរបស់យេម៉ែន ជាលទ្ធផលបានមកពីកិច្ចចរចានៅក្នុងទីក្រុងស្តុកខុល ប្រទេសស៊ុយអែតកាលពីខែធ្នូកន្លងទៅរវាងក្រុមឧទ្ទាម និងរដ្ឋាភិបាល។
បន្ទាប់ពីទីក្រុងសាណា លោក Martin បន្តដំណើរទៅកាន់ទីក្រុងរីយ៉ាដប្រទេសអារ៉ាប៊ីសាអូឌីតដើម្បីជួបប្រធានាធិបតីយេម៉ែនស្របច្បាប់លោកហាឌី រួមទាំងថ្នាក់ដឹកនាំយេម៉ែនជាច្រើននាក់ទៀតដែលកំពុងជ្រកកោននៅទីនោះ។ គោលដៅរបស់លោក Martin គឺពង្រឹងបទឈប់បាញ់ និងតាមដានការអនុវត្តន៍លើបទឈប់បាញ់ដែលបានចូលជាធរមានតាំងពីថ្ងៃទី១៨ ធ្នូ។ អ្វីដែលអង្គការសហប្រជាជាតិសង្ឃឹម គឺកោះប្រជុំភាគីជម្លោះផ្ទៃក្នុងទាំងពីរនៅមុនដំណាច់ខែមករាដើម្បីធ្វើតុល្យការរួមនៃការអនុវត្តន៍បទឈប់បាញ់។
អង្គការសហប្រជាជាតិបានមើលឃើញជារួមថាមកទល់ពេលនេះ បទឈប់បាញ់នៅក្នុងទីក្រុងហូដីដាត្រូវបានភាគីទាំងពីរគោរព។ តែទន្ទឹមគ្នានេះ ភាគីជម្លោះផ្ទៃក្នុងទាំងពីរក៏បន្តចោទគ្នាទៅវិញ ទៅមកពីការរំលោភលើបទឈប់បាញ់។ នៅក្នុងលិខិតផ្ញើទៅឲ្យអង្គការសហប្រជាជាតិ រដ្ឋាភិបាលស្របច្បាប់យេម៉ែនបានចោទក្រុមឧទ្ទាមហ៊ូទី្សពីបទបំពានលើបទឈប់បាញ់។ ចំណែកក្រុមឧទ្ទាមបានចោទកម្លាំងអារ៉ាប់ដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីតពីបទបេសកម្មហោះហើរឃ្លាំមើលកម្ពស់ទាបលើទីក្រុងហូដីដា។
យ៉ាងណាក៏ដោយ លោក Martin Griffiths ត្រូវបញ្ជូនរបាយការណ៍ទៅឲ្យក្រុមប្រឹក្សាសន្តិសុខនៅសប្តាហ៍ក្រោយ។ គួររម្លឹកថា សង្រ្គាមស៊ីវិលយេម៉ែនបានបង្កចេញនូវវិបត្តិមនុស្សដ៏អាក្រក់ក្នុងលោកដែលមានមនុស្សដល់ទៅ ២០លាននាក់កំពុងស្ថិតក្នុងស្ថានការណ៍អសន្តិសុខស្បៀងអាហារ។ គិតតាំងពីខែមីនា ឆ្នាំ ២០១៥ មានមនុស្សស្លាប់យ៉ាងតិច ១០ ០០០នាក់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ