អានតួអត្ថបទ
អ៊ីស្រាអែល-ហេស្បូឡា

អ៊ីស្រាអែល​បាន​ប្រកាស​ពី​ការ​រក​ឃើញ​រូងក្រោមដី​ទាំងអស់​ដែល​ជីក​ដោយ​ពួក​ហេស្បូឡា

ប្រទេស​អ៊ីស្រាអែល​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​អាទិត្យ ទី១៣ មករា​ពី​ការ​រក​ឃើញ​រូង​ក្រោម​ដី​ទាំង​អស់​ដែល​ពួក​ហេស្បូឡា​បាន​ជីក​តាំង​ពី​ទឹកដី​លីបង់។ បើ​យោង​តាម​រដ្ឋាភិបាល​អ៊ីស្រាអែល ពួក​ហេស្បូឡា​បាន​ប្រើ​រូង​ក្រោម​ដី​ទាំង​អស់​នេះ​ដើម្បី​លួច​ឆ្លង​ទៅ​វាយប្រហារ​ក្នុង​ទឹកដី​អ៊ីស្រាអែល។ គួរ​រម្លឹក​ថា ប្រតិបត្តិការ​ស្វែង​រក​រូងក្រោម​ដី​ជីក​ដោយ​ពួក​ហេស្បូឡា​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ប្រទេស​អ៊ីរ៉ង់​មួយ​នេះ​ត្រូវ​បាន​ទាហាន​អ៊ីស្រាអែល​ចាប់​ផ្តើម​តាំង​ពី​ដើម​ខែ​ធ្នូ ឆ្នាំ ២០១៨។

ទ័ព​អ៊ីស្រាអែល​បាន​ប្រកាស​ពី​ការ​រក​ឃើញ​រូងក្រោមដី​ទាំងអស់​ដែល​ជីក​ដោយ​ពួក​ហេស្បូឡា
ទ័ព​អ៊ីស្រាអែល​បាន​ប្រកាស​ពី​ការ​រក​ឃើញ​រូងក្រោមដី​ទាំងអស់​ដែល​ជីក​ដោយ​ពួក​ហេស្បូឡា REUTERS/ Ronen Zvulun/File Photo
ផ្សាយពាណិជ្ជកម្ម

ព័ត៌មាន​ស្តីពី​ការ​រក​ឃើញ​រូងក្រោមដី​ទាំង​អស់​ដែល​ជីក​ដោយ​ពួក​ហេស្បូឡា​ត្រូវ​បាន​ប្រកាស​ដោយ​លោក Jonathan Conricus អ្នក​នាំពាក្យ​កងទ័ព​អ៊ីស្រាអែល។ តាម​លោក Jonathan រូងក្រោមដី​ទាំង​អស់​ដែល​បាន​រក​ឃើញ​ត្រូវ​បាន​កម្ទេច​ចោល និង​កំពុង​បន្ត​កម្ទេច​ចោល រួច​បន្ថែម​ថា លែង​មាន​សល់​រូងក្រោម​ដី​ដែល​ឆ្លង​ពី​ទឹកដី​លីបង់​ចូល​ក្នុង​ទឹកដី​អ៊ីស្រាអែល​ទៀត​ឡើយ។ តែ​ស្រប​ពេល​គ្នា​នេះ អ្នកនាំពាក្យ​កងទ័ព​អ៊ីស្រាអែល​រូប​នេះ​ដដែល​បាន​ទទួល​ស្គាល់​ថា ពួក​ហេស្បូឡា​កំពុង​បន្ត​មាន​រូង​ក្រោមដី​ជា​ច្រើន​ទៀត​នៅ​ក្នុង​ទឹកដី​លីបង់។

យោង​តាម​ក្រសួង​ស៊ើបការណ៍សម្ងាត់​អ៊ីស្រាអែល រូងក្រោមដី​ទាំង​អស់​នេះ​ត្រូវ​បាន​ពួក​ហេស្បូឡា​លួច​ជីក​យ៉ាង​សម្ងាត់​ដោយ​ប្រើ​ពេល​អស់​ជា​ច្រើន​ឆ្នាំ និង​ថា ជាមួយ​នឹង​រូងក្រោម​ដី​ទាំង​អស់​នេះ ចលនា​ហេស្បូឡា​អាច​បញ្ជូន​កម្លាំង​ប្រដាប់អាវុធ​ខ្លួន​ដល់​ទៅ ១ ៥០០នាក់​ដើម្បី​វាយប្រហារ​លើ​ទីតាំង និង​មូលដ្ឋាន​យោធា​អ៊ីស្រាអែល​នៅ​ប៉ែក​ខាងជើង។ លោក Jonathan បាន​ប្រាប់​ឲ្យ​ដឹង​ថា ទាហាន​អ៊ីស្រាអែល​បាន​រក​ឃើញ​រូងក្រោមដី​ទាំង​អស់​ចំនួន ៦ ហើយ​រូង​ក្រោមដី​ទី៦ ចុង​ក្រោយ​ទើប​បាន​រក​ឃើញ​ក្នុង​ថ្ងៃ​សៅរ៍ ទី១២ មករា​ដែល​មាន​ជម្រៅ ៥៥ម៉ែត្រ និង​ដែល​ច្រកចូល​របស់​វា​មាន​ចម្ងាយ​ប្រមាណ​ជា ៨០០ម៉ែត្រ​ពី​ទឹកដី​លីបង់។

តាម​លោក Jonathan រូងក្រោមដី​ចុង​ក្រោយ​មួយ​នេះ​ជា​រូងក្រោមដី​ដែល​មាន​ជម្រៅ​ជ្រៅ​ជាង​គេ វែង​ជាង​គេ និង​ធំ​ជាង​គេ។ គួរ​រម្លឹក​ថា កងទ័ព​អ៊ីស្រាអែល​បាន​ប្រកាស​ឲ្យ​ដឹង​ជា​សាធារណៈ​នា​ដើម​ខែ​ធ្នូ ឆ្នាំ ២០១៨ ពី​ការ​បើក​ប្រតិបត្តិការ​ស្វែង​រក​រូងក្រោមដី​ទាំង​អស់​ដែល​ជីក​ដោយ​ពួក​ហេស្បូឡា​នៅ​តាម​ព្រំដែន​រវាង​អ៊ីស្រាអែល និង​លីបង់។ ការ​ប្រកាស​កាល​ណោះ​បាន​បំផុស​ឲ្យ​មាន​ក្តី​បារម្ភ​ពី​ការ​ផ្តើម​មាន​ភាព​តានតឹង​ជា​ថ្មី​រវាង​អ៊ីស្រាអែល និង​ចលនា​ហេស្បូឡា​ដែល​ធ្លាប់​ផ្ទុះ​សង្រ្គាម​នឹង​គ្នា​ក្នុង​ឆ្នាំ ២០០៦ ហើយ​ដែល​សង្រ្គាម​មួយ​នេះ​​បាន​បិទបញ្ចប់​តាម​រយៈ​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​លេខ ១៧០១៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ