អានតួអត្ថបទ
អ៊ីស្រាអែល-ស៊ីរី

អ៊ីស្រាអែល​បាន​វាយប្រហារ​លើ​ទីតាំង​យោធាស៊ីរី និង​អ៊ីរ៉ង់​ក្នុង​ទឹកដី​ស៊ីរី

នៅ​ក្នុង​ប្រទេស​ស៊ីរី បន្ទាប់​ពី​បាន​រងគ្រោះ​ដោយ​អំពើភេរវកម្ម​ផ្ទួនៗ​គ្នា​មក ស៊ីរី​ក៏​បាន​រង​ការ​វាយប្រហារ​ដោយ​គ្រាប់មីស៊ីល​ពី​អ៊ីស្រាអែល​នៅ​ព្រលឹម​ស្រាងៗ​នា​ថ្ងៃ​ចន្ទ ទី២១ មករា។ ប្រតិកម្ម​យោធា​របស់​អ៊ីស្រាអែល​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​តំបន់ខ្ពង់រាប​ហ្គោឡាន​ខាង​អ៊ីស្រាអែល​បាន​រង​ការ​បាញ់​គ្រាប់មីស៊ីល​ចេញ​ពី​ទឹកដី​ស៊ីរី​ក្នុង​ថ្ងៃ​អាទិត្យ ទី២០ មករា។ ការ​បាញ់​គ្រាប់មីស៊ីល​នោះ​ត្រូវ​បាន​ទ័ព​អ៊ីស្រាអែល​ចង្អុល​មុខ​ទ័ព​អ៊ីរ៉ង់​ប្រចាំ​ក្នុង​ទឹកដី​ស៊ីរី។ យោង​តាម​តួលេខ​ផ្តល់​ដោយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ ការ​វាយប្រហារ​របស់​ទ័ពអ៊ីស្រាអែល​បាន​សម្លាប់​យុទ្ធជន​ចំនួន ១១នាក់ ក្នុង​នោះ​មាន​ជនជាតិ​ស៊ីរី​យ៉ាង​តិច ២នាក់។ ជា​ការ​កត់សម្គាល់ ការ​ឆ្លង​វាយប្រហារ​លើ​ទឹកដី​ស៊ីរី​ពី​សំណាក់​ទ័ព​អ៊ីស្រាអែល​ពេល​នេះ​បាន​ធ្វើ​ឡើង ក្នុង​ពេល​ដែល​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​បាន​ប្រកាស​ពី​គម្រោង​ដកទ័ព​អាមេរិក​ចេញ​ពី​ទឹកដី​ស៊ីរី។ លោក​ដាវីដ រីហ៊្គូឡេរ៉ូ សាស្រ្តាចារ្យ និង​ជា​អ្នកស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​បារាំង​ផ្នែក​វិភាគ​យុទ្ធសាស្រ្ត​បាន​យល់​ឃើញ​ថា នេះ​មិនមែន​ជា​លើកទី១ ហើយ​ក៏​មិនមែន​ជា​លើក​ចុង​ក្រោយ​ដែល​អ៊ីស្រាអែល​បាន​វាយប្រហារ​លើ​ស៊ីរី ពិសេស​សំដៅ​លើ​ទីតាំង​របស់​អ៊ីរ៉ង់​នៅ​ទីនោះ។

អ៊ីស្រាអែល​បាន​វាយប្រហារ​លើ​ទីតាំង​យោធាស៊ីរី និង​អ៊ីរ៉ង់​ក្នុង​ទឹកដី​ស៊ីរី
អ៊ីស្រាអែល​បាន​វាយប្រហារ​លើ​ទីតាំង​យោធាស៊ីរី និង​អ៊ីរ៉ង់​ក្នុង​ទឹកដី​ស៊ីរី Reuters
ផ្សាយពាណិជ្ជកម្ម

« ទោះ​បី​ជា​មាន ឬ​គ្មាន​ការ​ដក​ទ័ពអាមេរិក​ទាំង ២ ០០០នាក់​ចេញ​ពី​ទឹកដី​ស៊ីរី​ក៏​ដោយ ក៏​គ្មាន​អ្វី​អាច​រារាំង​អ៊ីស្រាអែល​មិន​ឲ្យ​វាយប្រហារ​លើ​ស៊ីរី​ឡើយ ព្រោះ​នេះ​មិនមែន​ជា​លើកទី១ ទេ​ដែល​អ៊ីស្រាអែល​បាន​បើក​ការ​វាយប្រហារ​លើ​ស៊ីរី គឺ​មាន​ច្រើន​ណាស់​នា​ពេល​កន្លង​មក។ តែ​ពិត​ណាស់ ការ​វាយប្រហារ​លើក​នេះ​បាន​សំដៅ​លើ​ឃ្លាំងស្តុកអាវុធ​របស់​ចលនា​ហេស្បូឡា ទីតាំង​យុទ្ធជន​អ៊ីរ៉ង់ និង​ទីតាំង​យោធា​របស់​របប​ទីក្រុង​ដាម៉ាស់។

ទន្ទឹម​គ្នា​នេះ គេ​ក៏​អាច​និយាយ​បាន​ថា ការ​វាយប្រហារ​របស់​ទ័ពអ៊ីស្រាអែល​ពេល​នេះ​ក៏​ជា​ការ​សំពង​លើ​អ៊ីរ៉ង់​ដោយ​ប្រយោល​ដែរ ពិសេស​ចង់​បន្ត​ដាក់​គំនាប​លើ​អ៊ីរ៉ង់​ដែល​ជា​សត្រូវ​ស៊ូពូជ​ឲ្យ​ដក​ខ្លួន​ចេញ​ពី​ស៊ីរី។ ពិត​ណាស់ កងទ័ព​អ៊ីស្រាអែល​មិន​បាន​បញ្ជាក់​លើ​ព័ត៌មាន​មួយ​នេះ​ទេ តែ​លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​នេតាន់យ៉ាហ៊ូ​ធ្លាប់​បាន​អះអាង​ច្បាស់ៗ​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​រួច​ហើយ។

លោក​នេតាន់យ៉ាហ៊ូ​បាន​រម្លឹក​ជា​ថ្មី​ថា អ៊ីស្រាអែល​នឹង​បន្ត​អនុវត្ត​នយោបាយ​មិន​ប្រែប្រួល​ប្រឆាំង​អ៊ីរ៉ង់ ពិសេស​ប្រឆាំង​នឹង​ការ​ព្យាយាម​របស់​អ៊ីរ៉ង់​ក្នុង​ការ​បោះ​ទីតាំង​នៅ​ក្នុង​ទឹកដី​ស៊ីរី និង​ប្រឆាំង​រាល់​ការ​ប៉ុនប៉ង​វាយប្រហារ​លើ​ទឹកដី​អ៊ីស្រាអែល។ មួយ​វិញ​ទៀត អ៊ីស្រាអែល​ក៏​ចង់​បង្ហាញ​តាម​រយៈ​ការ​វាយប្រហារ​ពេល​នេះ​ថា គម្រោង​ដក​ទ័ពអាមេរិក​ចេញ​ពី​ទឹកដី​ស៊ីរី​មិន​បាន​ធ្វើ​ឲ្យ​សន្តិសុខ​អ៊ីស្រាអែល​ចុះ​ខ្សោយ​ឡើយ។

ដោយឡែក ការ​វាយប្រហារ​លើ​ស៊ីរី​ពេល​នេះ​ជា​ការ​សម្រេចចិត្ត​លើកទី១ របស់​លោក​អាវី កូឆាវី​ដែល​ទើប​ឡើង​កាន់​ជា​មេបញ្ជាការ​កងទ័ព​អ៊ីស្រាអែល​ក្នុង​ថ្ងៃទី១៥ មករា។ នៅ​ក្នុង​ពិធី​ចូល​កាន់​តំណែង​របស់​លោក​អាវី កូឆាវី លោក​នេតាន់យ៉ាហ៊ូ​បាន​ជំរុញ​អ៊ីរ៉ង់​ឲ្យ​ដក​ខ្លួន​ចេញ​ពី​ស៊ីរី​ឲ្យ​បាន​ឆាប់ និង​ព្រមាន​ច្បាស់ៗ​ថា​បើ​មិន​ដូច្នោះ​ទេ អ៊ីស្រាអែល​នឹង​បន្ត​ការ​វាយប្រហារ។ ឃើញ​ថា នេះ​ជា​ការ​ព្រមាន​ដែល​មាន​ចែង​នៅ​ក្នុង​យុទ្ធសាស្រ្ត​ខ្ជាប់ខ្ជួន​របស់​អ៊ីស្រាអែល »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ