៤០ឆ្នាំក្រោយបដិវត្តអ៊ីស្លាម អ៊ីរ៉ង់បន្តស្ថិតជាប្រទេសមហាអំណាចឈីអ៊ីតនៅមជ្ឈិមបូព៌ា
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:៤២
ថ្ងៃទី១ កុម្ភៈ ឆ្នាំ ២០១៩ ប្រទេសអ៊ីរ៉ង់បានប្រារព្ធខួបគម្រប់ ៤០ឆ្នាំនៃបដិវត្តអ៊ីស្លាមថ្ងៃទី១ កុម្ភៈ ឆ្នាំ ១៩៧៩។ ពិធីមួយនេះត្រូវបានរដ្ឋអំណាចរៀបចំធ្វើនៅមតចេតីយនៃប្រមុខសាសនាអ៊ីស្លាមអ៊ីរ៉ង់លោករូអូឡា ខូមេនីក្នុងទីក្រុងតេហេរ៉ង់។ ក្រៅពីវត្តមានថ្នាក់ដឹកនាំ និងឥស្សរជននយោបាយ ក៏មានការចូលរួមពីពលរដ្ឋជាច្រើនពាន់នាក់ដោយមានកាន់ទង់ជាតិពណ៌បែតង ស និងក្រហមក្នុងដែដែរ។ នៅក្នុងសុន្ទកថាថ្លែងនាឱកាសខួបគម្រប់ ៤០ឆ្នាំនៃបដិវត្តអ៊ីស្លាមឆ្នាំ ២០១៩ នេះក៏ដូចជារៀងរាល់ ១ឆ្នាំម្តងចំថ្ងៃខួបកំណើត គឺជាសុន្ទរកថាវាយប្រហារសហរដ្ឋអាមេរិក។ តើបដិវត្តអ៊ីស្លាមនៅអ៊ីរ៉ង់មានដំណើរដើមទងយ៉ាងដូចម្តេចខ្លះ?
គឺបដិវត្តអ៊ីស្លាមអ៊ីរ៉ង់កាលពី ៤០ឆ្នាំមុនដែលបានប្រសូត្រចេញនូវសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់មកដល់សព្វថ្ងៃ។ តែមុននឹងមានថ្ងៃនេះ ពោលមុននឹងក្លាយជាសាធារណរដ្ឋអ៊ីស្លាមនិកាយឈីអ៊ីតមួយដ៏មានឥទ្ធិពលនៅមជ្ឈិមបូព៌ា អ៊ីរ៉ង់បានស្ថិតក្រោមការដឹកនាំរបស់រាជវង្សប៉ាឡាវីអស់រយៈពេលជាង ៥០ឆ្នាំ។ បន្ទាប់ពីបានឡើងសោយរាជ្យក្នុងឆ្នាំ ១៩២៥ មហាក្សត្ររីហ្សា ខាន់ប៉ាឡាវីបានបង្ខំចិត្តដាក់រាជ្យក្នុងឆ្នាំ ១៩៤៤ ដើម្បីឲ្យបុត្រាម៉ូហាម៉ាដ រីហ្សាឡើងសោយរាជ្យជំនួស។ នាយករដ្ឋមន្រ្តីជំនាន់នោះ គឺលោកម៉ូហាម៉ាដ ម៉ូសាដេដែលជាអ្នកជាតិនិយម និងជាអ្នកដែលបានធ្វើជាតូបនីយកម្មប្រេងកាតអ៊ីរ៉ង់ស្ថិតក្រោមការគ្រប់គ្រងរបស់អង់គ្លេស។ តែក្នុងឆ្នាំ ១៩៥៣ នាយករដ្ឋមន្រ្តីជាតិនិយមរូបនេះក៏ត្រូវបានក្រុមយោធាអ៊ីរ៉ង់ដោយមានការជួយជ្រោមជ្រែងពីអាមេរិក និងអង់គ្លេសធ្វើរដ្ឋប្រហារទម្លាក់ពីអំណាច។
នេះអាចជាចំណុចចាប់ផ្តើមនៃភាពរង្គោះរង្គើរបស់របបរាជានិយម ព្រោះក្នុងឆ្នាំ ១៩៦៣ ប្រមុខសាសនាអ៊ីស្លាមរូអូឡា ខូមេនីបានចេញមុខដឹកនាំការបះបោរមួយដើម្បីប្រឆាំងនឹងកំណែទម្រង់ទំនើបកម្មរបស់មហាក្សត្រម៉ូហាម៉ាដ រីហ្សា។ តែស្តេចអ៊ីរ៉ង់អង្គនេះមិនបានទុកឲ្យមេប្រឆាំងរូបនេះបន្តក្អេងក្អាងយូរឯណាដោយបានចាប់ឃុំចំនួនពីរដងក្នុងឆ្នាំ ១៩៦៣ និងឆ្នាំ ១៩៦៤ ហើយទីបំផុត ក៏បានសុខចិត្តព្រលែងលោកខូមេនីឲ្យភៀសខ្លួនទៅរស់នៅបរទេសអស់រយៈពេល ១៤ឆ្នាំដោយដំបូងជ្រកកោនក្នុងទឹកដីតួកគី និងបន្ទាប់មកក្នុងទឹកដីអ៊ីរ៉ាក់។ តាមពិតទៅ ជម្រើសមិនបន្តឃុំខ្លួនលោកខូមេនី និងយល់ព្រមឲ្យភៀសខ្លួនចេញក្រៅក៏ដោយសារតែគំនាបក្នុងស្រុក ព្រោះចូរកុំភ្លេចថា ប្រមុខសាសនាអ៊ីស្លាមជាឥស្សរជនម្នាក់ដ៏មានឥទ្ធិពលខ្លាំងណាស់នៅក្នុងសង្គមអ៊ីរ៉ង់។
អវត្តមាននៅក្នុងស្រុកមែន តែប្រមុខសាសនាអ៊ីស្លាមអ៊ីរ៉ង់ភៀសខ្លួនរូបនេះបន្តទំនាក់ទំនងជាប់ជាប្រចាំជាមួយថ្នាក់ដឹកនាំអ៊ីស្លាមនៅអ៊ីរ៉ង់ និងអំពាវនាវឲ្យមានបាតុកម្មទម្លាក់របបរាជានិយម។ ចាប់ពីខែមករា ឆ្នាំ ១៩៧៨ បាតុកម្មប្រឆាំងនឹងរដ្ឋាភិបាល និងរបបរាជានិយមបានចាប់ផ្តើម និងរីករាលដាលកាន់តែធំទៅៗនៅទូទាំងប្រទេសអ៊ីរ៉ង់។ ប្រឈមនឹងភាពបះបោរមួយនេះ រដ្ឋាភិបាល និងព្រះមហាក្សត្របានព្យាយាមធ្វើសម្បទានគ្រប់រូបភាព និងវិធានក្តៅមួយចំនួនដូចជាប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ប្រើច្បាប់អាជ្ញាសឹក រួមទាំងវាយបង្រ្កាបលើបាតុករក្នុងថ្លុកឈាម។ តែនៅមិនអាចទប់នឹងកម្លាំងបះបោររបស់មហាជនបាន ហើយសឹងតែរាល់ថ្ងៃ មានមនុស្សស្លាប់ និងរបួសជាច្រើននាក់។ ក្នុងថ្ងៃទី៦ តុលា ឆ្នាំ ១៩៧៨ និងតាមសំណើរបស់មហាក្សត្រម៉ូហាម៉ាដ រីហ្សា ប្រទេសអ៊ីរ៉ាក់បានបណ្តេញលោកខូមេនីឲ្យរស់នៅក្នុងប្រទេសបារាំង។
បន្តិចម្តងៗ រូបភាពនៃការបះបោរប្រឆាំងរបបរាជានិយមបានឆ្លងរាលដាលនៅក្នុងប្រទេសជាច្រើនដែលមានប្រជាជនអ៊ីរ៉ង់រស់នៅ ពិសេសក្នុងប្រទេសបារាំងដែលលោកខូមេនីជ្រកកោនចុងក្រោយ។ នៅទីបំផុត និងដោយមិនអាចគ្រប់គ្រងស្ថានការណ៍បាន មហាក្សត្រម៉ូហាម៉ាដ រីហ្សាគ្មានជម្រើសអ្វីក្រៅពីរត់ភៀសខ្លួនទៅបរទេសដោយខ្លួនឯងក្នុងថ្ងៃទី១៦ មករា ឆ្នាំ ១៩៧៩។ គឺជាដង្ហើមចុងក្រោយនៃរបបរាជានិយមនៅអ៊ីរ៉ង់ ព្រោះនៅ ២សប្តាហ៍ក្រោយការចាកចេញរបស់មហាក្សត្រម៉ូហាម៉ាដ រីហ្សា ពោលក្នុងថ្ងៃទី១ កុម្ភៈ ឆ្នាំ ១៩៧៩ ដដែលនោះ ប្រមុខសាសនាអ៊ីស្លាមអ៊ីរ៉ង់លោករូអូឡា ខូមេនីដែលត្រូវបានគ្រប់គ្នាចាត់ទុកជាបិតាបដិវត្តបានវិលត្រឡប់ចូលស្រុកវិញ បន្ទាប់ពីបានភៀសខ្លួនរស់នៅបរទេសអស់រយៈពេល ១៤ឆ្នាំ។
នៅ ២ខែក្រោយមក ពោលក្នុងថ្ងៃទី១ មេសាឆ្នាំ ១៩៧៩ ដដែល គឺការប្រសូត្រចេញជាផ្លូវការនូវសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់។ ៤០ឆ្នាំក្រោយបដិវត្តដ៏បង្ហូរឈាមនេះមក សាធារណរដ្ឋមួយនេះមិនត្រឹមបានកំពុងបន្តរស់រានមានជីវិតមកដល់សព្វថ្ងៃប៉ុណ្ណោះទេ តែបានក្លាយជាប្រទេសមហាអំណាចឈីអ៊ីតប្រឈមនឹងអារ៉ាប៊ីសាអូឌីតដែលជាប្រទេសមហាអំណាចស៊ុយនីត និងជាសត្រូវស៊ូពូជរបស់ខ្លួននៅមជ្ឈិមបូព៌ា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ