ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/07 12h00 GMT

៤០ឆ្នាំ​ក្រោយ​បដិវត្ត​អ៊ីស្លាម អ៊ីរ៉ង់​បន្ត​ស្ថិ​ត​ជា​ប្រទេស​មហាអំណាច​ឈីអ៊ីត​នៅ​មជ្ឈិមបូព៌ា

៤០ឆ្នាំ​ក្រោយ​បដិវត្ត​អ៊ីស្លាម អ៊ីរ៉ង់​បន្ត​ស្ថិ​ត​ជា​ប្រទេស​មហាអំណាច​ឈីអ៊ីត​នៅ​មជ្ឈិមបូព៌ា
 
លោក​​ប្រធានាធិបតី​​អ៊ីរ៉ង់ រ៉ូហានី Reuters

ថ្ងៃទី១ កុម្ភៈ ឆ្នាំ ២០១៩ ប្រទេស​អ៊ីរ៉ង់​បាន​ប្រារព្ធ​ខួប​គម្រប់ ៤០ឆ្នាំ​នៃ​បដិវត្ត​អ៊ីស្លាម​ថ្ងៃទី១ កុម្ភៈ ឆ្នាំ ១៩៧៩។ ពិធី​មួយ​នេះ​ត្រូវ​បាន​រដ្ឋអំណាច​រៀបចំ​ធ្វើ​នៅ​មតចេតីយ​នៃ​ប្រមុខ​សាសនាអ៊ីស្លាម​អ៊ីរ៉ង់​លោក​រូអូឡា ខូមេនី​ក្នុង​ទីក្រុង​តេហេរ៉ង់។ ក្រៅ​ពី​វត្តមាន​ថ្នាក់ដឹកនាំ និង​ឥស្សរជន​នយោបាយ ក៏​មាន​ការ​ចូលរួម​ពី​​ពលរដ្ឋ​ជា​ច្រើន​ពាន់​នាក់​ដោយ​មាន​កាន់​ទង់ជាតិ​ពណ៌បែតង ស និង​ក្រហម​ក្នុង​ដែ​ដែរ។

នៅ​ក្នុង​សុន្ទកថា​ថ្លែង​នា​ឱកាស​ខួប​គម្រប់ ៤០ឆ្នាំ​នៃ​បដិវត្ត​អ៊ីស្លាម​ឆ្នាំ ២០១៩ នេះ​ក៏​ដូច​ជា​រៀងរាល់ ១ឆ្នាំ​ម្តង​ចំ​ថ្ងៃ​ខួបកំណើត គឺ​ជា​សុន្ទរកថា​វាយប្រហារ​សហរដ្ឋអាមេរិក។ តើ​បដិវត្តអ៊ីស្លាម​នៅ​អ៊ីរ៉ង់​មាន​ដំណើរ​ដើមទង​យ៉ាង​ដូចម្តេច​ខ្លះ?

គឺ​បដិវត្ត​អ៊ីស្លាម​អ៊ីរ៉ង់​កាល​ពី ៤០ឆ្នាំ​មុន​ដែល​បាន​ប្រសូត្រ​ចេញ​នូវ​សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់​មក​ដល់​សព្វថ្ងៃ។ តែ​មុន​នឹង​មាន​ថ្ងៃ​នេះ ពោល​មុន​នឹង​ក្លាយ​ជា​សាធារណរដ្ឋ​អ៊ីស្លាម​និកាយឈីអ៊ីត​មួយ​ដ៏​មាន​ឥទ្ធិពល​នៅ​មជ្ឈិមបូព៌ា អ៊ីរ៉ង់​បាន​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​រាជវង្ស​ប៉ាឡាវី​អស់​រយៈពេល​ជាង ៥០ឆ្នាំ។ បន្ទាប់​ពី​បាន​ឡើង​សោយរាជ្យ​ក្នុង​ឆ្នាំ ១៩២៥ មហាក្សត្រ​រីហ្សា ខាន់ប៉ាឡាវី​បាន​បង្ខំ​ចិត្ត​ដាក់​រាជ្យ​ក្នុង​ឆ្នាំ ១៩៤៤ ដើម្បី​ឲ្យ​បុត្រា​ម៉ូហាម៉ាដ រីហ្សា​ឡើង​សោយរាជ្យ​ជំនួស។ នាយករដ្ឋមន្រ្តី​ជំនាន់​នោះ គឺ​លោក​ម៉ូហាម៉ាដ ម៉ូសាដេ​ដែល​ជា​អ្នកជាតិនិយម និង​ជា​អ្នក​ដែល​បាន​ធ្វើ​ជាតូបនីយកម្ម​ប្រេងកាត​អ៊ីរ៉ង់​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​អង់គ្លេស។ តែ​ក្នុង​ឆ្នាំ ១៩៥៣ នាយករដ្ឋមន្រ្តី​ជាតិនិយម​រូប​នេះ​ក៏​ត្រូវ​បាន​ក្រុម​យោធា​អ៊ីរ៉ង់​ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​អាមេរិក និង​អង់គ្លេស​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ពី​អំណាច។

នេះ​អាច​ជា​ចំណុច​ចាប់​ផ្តើម​នៃ​ភាព​រង្គោះរង្គើ​របស់​របប​រាជានិយម ព្រោះ​ក្នុង​ឆ្នាំ ១៩៦៣ ប្រមុខ​សាសនាអ៊ីស្លាម​រូអូឡា ខូមេនី​បាន​ចេញ​មុខ​ដឹក​នាំ​ការ​បះបោរ​មួយ​ដើម្បី​ប្រឆាំង​នឹង​កំណែទម្រង់​ទំនើបកម្ម​របស់​មហាក្សត្រ​ម៉ូហាម៉ាដ រីហ្សា។ តែ​ស្តេច​អ៊ីរ៉ង់​អង្គ​នេះ​មិន​បាន​ទុក​ឲ្យ​មេប្រឆាំង​រូប​នេះ​បន្ត​ក្អេងក្អាង​យូរ​ឯណា​ដោយ​បាន​ចាប់​ឃុំ​ចំនួន​ពីរ​ដង​ក្នុង​ឆ្នាំ ១៩៦៣ និង​ឆ្នាំ ១៩៦៤ ហើយ​ទីបំផុត ក៏​បាន​សុខចិត្ត​ព្រលែង​លោក​ខូមេនី​ឲ្យ​ភៀសខ្លួន​ទៅ​រស់នៅ​បរទេស​អស់​រយៈពេល ១៤ឆ្នាំ​ដោយ​ដំបូង​ជ្រកកោន​ក្នុង​ទឹកដី​តួកគី និង​បន្ទាប់​មក​ក្នុង​ទឹកដី​អ៊ីរ៉ាក់។ តាម​ពិត​ទៅ ជម្រើស​មិន​បន្ត​ឃុំ​ខ្លួន​លោក​ខូមេនី និង​យល់​ព្រម​ឲ្យ​ភៀសខ្លួន​ចេញ​ក្រៅ​ក៏​ដោយសារ​តែ​គំនាប​ក្នុង​ស្រុក ព្រោះ​ចូរ​កុំ​ភ្លេច​ថា ប្រមុខ​សាសនា​អ៊ីស្លាម​ជា​ឥស្សរជន​ម្នាក់​ដ៏​មាន​ឥទ្ធិពល​ខ្លាំង​ណាស់​នៅ​ក្នុង​សង្គម​អ៊ីរ៉ង់។

អវត្តមាន​នៅ​ក្នុង​ស្រុក​មែន តែ​ប្រមុខ​សាសនា​អ៊ីស្លាម​អ៊ីរ៉ង់​ភៀសខ្លួន​រូប​នេះ​បន្ត​ទំនាក់ទំនង​ជាប់​ជា​ប្រចាំ​ជាមួយ​ថ្នាក់ដឹកនាំ​អ៊ីស្លាម​នៅ​អ៊ីរ៉ង់ និង​អំពាវនាវ​ឲ្យ​មាន​បាតុកម្ម​ទម្លាក់​របបរាជានិយម។ ចាប់​ពី​ខែ​មករា ឆ្នាំ ១៩៧៨ បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល និង​របប​រាជានិយម​បាន​ចាប់​ផ្តើម និង​រីករាលដាល​កាន់​តែ​ធំ​ទៅៗ​នៅ​ទូទាំង​ប្រទេស​អ៊ីរ៉ង់។ ប្រឈម​នឹង​ភាព​បះបោរ​មួយ​នេះ រដ្ឋាភិបាល និង​ព្រះមហាក្សត្រ​បាន​ព្យាយាម​ធ្វើ​សម្បទាន​គ្រប់​រូបភាព និង​វិធានក្តៅ​មួយ​ចំនួន​ដូច​ជា​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន ប្រើ​ច្បាប់​អាជ្ញាសឹក រួម​ទាំង​វាយបង្រ្កាប​លើ​បាតុករ​ក្នុង​ថ្លុក​ឈាម។ តែ​នៅ​មិន​អាច​ទប់​នឹង​កម្លាំង​បះបោរ​របស់​មហាជន​បាន ហើយ​សឹង​តែ​រាល់​ថ្ងៃ មាន​មនុស្ស​ស្លាប់ និង​របួស​ជា​ច្រើន​នាក់។ ក្នុង​ថ្ងៃទី៦ តុលា ឆ្នាំ ១៩៧៨ និង​តាម​សំណើ​របស់​មហាក្សត្រ​ម៉ូហាម៉ាដ រីហ្សា ប្រទេស​អ៊ីរ៉ាក់​បាន​បណ្តេញ​លោក​ខូមេនី​ឲ្យ​រស់នៅ​ក្នុង​ប្រទេស​បារាំង។

បន្តិច​ម្តងៗ រូបភាព​នៃ​ការ​បះបោរ​ប្រឆាំង​របប​រាជា​និយម​បាន​ឆ្លង​រាលដាល​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​ដែល​មាន​ប្រជាជន​អ៊ីរ៉ង់​រស់នៅ ពិសេស​ក្នុង​ប្រទេស​បារាំង​ដែល​លោក​ខូមេនី​ជ្រកកោន​ចុងក្រោយ។ នៅ​ទីបំផុត និង​ដោយ​មិន​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន មហាក្សត្រ​ម៉ូហាម៉ាដ រីហ្សា​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​រត់ភៀសខ្លួន​ទៅ​បរទេស​ដោយ​ខ្លួន​ឯង​ក្នុង​ថ្ងៃទី១៦ មករា ឆ្នាំ ១៩៧៩។ គឺ​ជា​ដង្ហើម​ចុង​ក្រោយ​នៃ​របប​រាជានិយម​នៅ​អ៊ីរ៉ង់ ព្រោះ​នៅ ២សប្តាហ៍​ក្រោយ​ការ​ចាក​ចេញ​របស់​មហាក្សត្រ​ម៉ូហាម៉ាដ រីហ្សា ពោល​ក្នុង​ថ្ងៃទី១ កុម្ភៈ ឆ្នាំ ១៩៧៩ ដដែល​នោះ ប្រមុខ​សាសនា​អ៊ីស្លាម​អ៊ីរ៉ង់​លោក​រូអូឡា ខូមេនី​ដែល​ត្រូវ​បាន​គ្រប់​គ្នា​ចាត់​ទុក​ជា​បិតា​បដិវត្ត​បាន​វិល​ត្រឡប់​ចូល​ស្រុក​វិញ បន្ទាប់​ពី​បាន​ភៀសខ្លួន​រស់នៅ​បរទេស​អស់​រយៈពេល ១៤ឆ្នាំ។

នៅ ២ខែ​ក្រោយ​មក ពោល​ក្នុង​ថ្ងៃទី១ មេសា​ឆ្នាំ ១៩៧៩ ដដែល គឺ​ការ​ប្រសូត្រ​ចេញ​ជា​ផ្លូវការ​នូវ​សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់។ ៤០ឆ្នាំ​ក្រោយ​បដិវត្ត​ដ៏​បង្ហូរ​ឈាម​នេះ​មក សាធារណរដ្ឋ​មួយ​នេះ​មិន​ត្រឹម​បាន​កំពុង​បន្ត​រស់រាន​មាន​ជីវិត​មក​ដល់​សព្វថ្ងៃ​ប៉ុណ្ណោះ​ទេ តែ​បាន​ក្លាយ​ជា​ប្រទេស​មហាអំណាច​ឈីអ៊ីត​ប្រឈម​នឹង​អារ៉ាប៊ីសាអូឌីត​ដែល​ជា​ប្រទេស​មហាអំណាច​ស៊ុយនីត និង​ជា​សត្រូវ​ស៊ូពូជ​របស់​ខ្លួន​នៅ​មជ្ឈិមបូព៌ា៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • អ៊ីរ៉ង់-គ្រាប់មីស៊ីល

    អ៊ីរ៉ង់​បន្ត​ផ្គើន​សហគមន៍​អន្តរជាតិ​តាម​រយៈ​ការ​សាកល្បង​គ្រាប់មីស៊ីល​ថ្មី​ប្រកប​ដោយ​ជោគជ័យ

    ស្វែងយល់បន្ថែម

  • អឺរ៉ុប​បង្កើត​អង្គភាព​ពិសេស ដើម្បី​បន្តធ្វើ​ជំនួញ​ជាមួយ​អ៊ីរ៉ង់ គេចពី​ទណ្ឌកម្ម​របស់​អាមេរិក

    ស្វែងយល់បន្ថែម

  • អ៊ីរ៉ង់-ចិន-សហរដ្ឋអាមេរិក

    មេដឹកនាំ​អ៊ីរ៉ង់​ចោទប្រកាន់​អាមេរិក​ថា ជា​ភេរវនិយម​សេដ្ឋកិច្ច

    ស្វែងយល់បន្ថែម

  • ប្រធានាធិបតី​អ៊ីរ៉ង់ អំពាវនាវ​ឲ្យ​ពិភពអ៊ីស្លាម​ រួមគ្នា​តទល់​នឹង​អាមេរិក

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ