អ៊ីស្រាអែលបង្កកលុយជិត ១៤០លានដុល្លារដែលត្រូវប្រគល់ទៅឲ្យប៉ាឡេស្ទីន
នៅថ្ងៃអាទិត្យ ទី១៧ កុម្ភៈ រដ្ឋាភិបាលនៃប្រទេសអ៊ីស្រាអែលបានប្រកាសពីការបង្កកលុយចំនួន ១៣៨លានដុល្លារដែលត្រូវប្រគល់ទៅឲ្យរដ្ឋអំណាចប៉ាឡេស្ទីន។ យោងតាមការិយាល័យនាយករដ្ឋមន្រ្តីអ៊ីស្រាអែល ទឹកប្រាក់ចំនួន ១៣៨លានដុល្លារជាទឹកប្រាក់ដែលរដ្ឋអំណាចប៉ាឡេស្ទីនបានឧបត្ថម្ភដល់ក្រុមអ្នកទោសជាភេរវជន ក្រុមគ្រួសាររបស់ពួកគេ និងក្រុមអតីតអ្នកទោស។ ថ្នាក់ដឹកនាំប៉ាឡេស្ទីនបានបញ្ចេញប្រតិកម្មភ្លាមៗប្រឆាំងនឹងការសម្រេចចិត្តរបស់រដ្ឋាភិបាលអ៊ីស្រាអែល។ លោកសាអ៊ីប អេរីកាត (Saëb Erekat) អនុប្រធានអង្គការរំដោះប៉ាឡេស្ទីនបានយល់ឃើញថា ទង្វើរបស់អ៊ីស្រាអែលរារាំងដល់ដំណើរការស្វែងរកសន្តិភាព បំផ្លាញក្រុមអ្នកកណ្តាលនិយម និងបញ្ឆេះកំហឹងក្រុមជ្រុលនិយម។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៤៤
« នេះគឺជាការសម្រេចចិត្តដ៏ធ្ងន់ធ្ងរមួយដែលត្រូវបានធ្វើឡើងដោយរដ្ឋាភិបាលអ៊ីស្រាអែល។ យើងថ្កោលទោសយ៉ាងចាស់ដៃលើការសម្រេចចិត្តមួយនេះ។ អ្វីដែលរដ្ឋាភិបាលអ៊ីស្រាអែលបានធ្វើគឺជាអំពើប្លន់។ ជាអំពើប្លន់ព្រោះលុយនោះជាលុយរបស់យើង និងជាមូលនិធិរបស់យើង។ គឺគ្រួសាររបស់យើង កូនក្មេងរបស់យើង កូនស្រីរបស់យើង កូនប្រុសរបស់យើង និងម្តាយរបស់យើងដែលអ៊ីស្រាអែលចង់បង្អត់អាហារ។
នៅថ្ងៃពុធ ទី២០ កុម្ភៈ ប្រធានរដ្ឋអំណាចប៉ាឡេស្ទីនលោកម៉ាមូដ អាបាស់នឹងបើកធ្វើអង្គមេទ្ទេញមួយ ហើយសេចក្តីសម្រេចរបស់រដ្ឋាភិបាលអ៊ីស្រាអែលពេលនេះនឹងបង្កឲ្យមានផលវិបាកធ្ងន់ធ្ងរ។ ខ្ញុំយល់ឃើញថា នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោកនេតាន់យ៉ាហ៊ូកំពុងព្យាយាមបំផ្លាញរដ្ឋអំណាចប៉ាឡេស្ទីន។ ខ្ញុំគិតថា លោកនេតាន់យ៉ាហ៊ូចង់ឃើញតំបន់ស៊ីហ្សកដានី និងតំបន់ហ្កាហ្សាបន្តបែកគ្នា ហើយខ្ញុំយល់ឃើញថា ការសម្រេចរបស់អ៊ីស្រាអែលបានរារាំងដល់គ្រប់លទ្ធផលចម្រើនទៅមុខនៃដំណើរការចរចាសន្តិភាព។
ជាអកុសល ការគាំទ្រយ៉ាងពេញទំហឹងពីរដ្ឋបាលអាមេរិករបស់លោកប្រធានាធិបតីត្រាំមិនបានជួយអ្វីទេ។ តើកាយវិការរបៀបនេះឬដែលពួកគេគិតថានឹងសម្រេចបាននូវគោលដៅសហស្សវត្សរ៍?។ ទង្វើរបស់ពួកគេបានត្រឹមអុជអាល បញ្ឆេះកំហឹងរបស់ពួកជ្រុលនិយម ហើយបំផ្លាញពួកកណ្តាលនិយម។ ទាំងអស់នេះជាអ្វីដែលលោកនេតាន់យ៉ាហ៊ូ និងរដ្ឋបាលអាមេរិករបស់លោកត្រាំកំពុងធ្វើ »៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ