អានតួអត្ថបទ
យេម៉ែន

នៅយេម៉ែន ចលនា​ឧទ្ទាមហ៊ូទីស​បញ្ជាក់​ពី​លទ្ធភាព​អាច​សំពង​អារ៉ាប៊ីសាអូឌីត និង​អេមីរ៉ាតអារ៉ាប់រួម

នៅ​ក្នុង​ប្រទេស​យេម៉ែន ក្រុមឧទ្ទាម​ហ៊ូទីស​បាន​ប្រកាស​ព្រមាន​ក្នុង​ថ្ងៃ​អាទិត្យ ទី១៧ មីនា​ថា បើ​ប្រទេស​អារ៉ាប៊ីសាអូឌីត និង​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម​មិន​គោរព​កិច្ចព្រមព្រៀង​ឈប់បាញ់​នៅ​កំពង់ផែ​ហូដីដា​ទេ នោះ​ពួក​គេ​នឹង​បើក​ការ​វាយប្រហារ​ត្រង់​លើ​ទីក្រុង​រីយ៉ាដ និង​ទីក្រុង​អាប៊ូដាប៊ី​ដោយ​ប្រើ​គ្រាប់មីស៊ីលបាលីស្ទិក។ ដើម្បី​អាច​បញ្ជាក់​ពី​ការ​គោរព​បទ​ឈប់​បាញ់​ពី​សំណាក់​អារ៉ាប៊ីសាអូឌីត និង​អេមីរ៉ាតអារ៉ាប់រួម ចលនា​ឧទ្ទាម​ហ៊ូទីស​បាន​ទាមទារ​ឲ្យ​មាន​ការ​ធានា​ពី​អង្គការសហប្រជាជាតិ។

កំពង់ផែ​អូដីដា​ក្នុង​ប្រទេស​យេម៉ែន
កំពង់ផែ​អូដីដា​ក្នុង​ប្រទេស​យេម៉ែន REUTERS/Abduljabbar Zeyad
ផ្សាយពាណិជ្ជកម្ម

ការ​ព្រមាន​ត្រង់​លើ​អារ៉ាប៊ីសាអូឌីត និង​អេមីរ៉ាតអារ៉ាប់រួម​ក៏​ដោយសារ​តែ​ប្រទេស​ទាំង​ពីរ​ជា​សមាជិក​ក្នុង​កម្លាំង​សម្ព័ន្ធអារ៉ាប់​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអូឌីត​ដែល​វាយប្រហារ​លើ​ពួក​ឧទ្ទាម​ហ៊ូទីស​តាំង​ពី​ឆ្នាំ ២០១៥។ អ្នក​នាំពាក្យ​ម្នាក់​របស់​ចលនា​ឧទ្ទាម​ហ៊ូទីស​បាន​បញ្ជាក់​ថា ពួក​គេ​មាន​ស្តុក​គ្រាប់មីស៊ីល​គ្រប់គ្រាន់ និង​កំពុង​ត្រៀមខ្លួន​វាយប្រហារ​លើ​ទីក្រុង​រីយ៉ាដ និង​ទីក្រុង​អាប៊ូដាប៊ី ប្រសិន​បើ​ប្រទេស​ទាំង​ពីរ​មិន​គោរព​កិច្ចព្រមព្រៀង​ឈប់បាញ់​នៅ​កំពង់ផែ​ហូដីដា​នោះ​ទេ។ ចំណែក​វរសេនីយ៍​មា្នក់​របស់​ឧទ្ទាម​ហ៊ូទីស​ឈ្មោះ​យ៉ាយ៉ា សារ៉េអា​បាន​បញ្ជាក់​ពី​ការ​មាន​ព័ត៌មាន​គ្រប់គ្រាន់​ដែល​ថា អារ៉ាប៊ីសាអូឌីត និង​អេមីរ៉ាតអារ៉ាប់រួម​កំពុង​រៀបចំ​ជើងព្រួល​បើក​ការ​វាយប្រហារ​លើ​កំពង់ផែ​ហូដីដា និង​ថា លោក​កំពុង​តាមដាន​ព័ត៌មាន​មួយ​នេះ​យ៉ាង​ជាប់។

វរសេនីយ៍​ឧទ្ទាម​ហ៊ូទីស​រូប​នេះ​ដដែល​មិន​បាន​ប្រាប់​ឈ្មោះ​ប្រទេស​ដែល​បាន​ប្រគល់​គ្រាប់មីស៊ីលបាលីស្ទិក​ឲ្យ​ទេ តែ​បាន​ទទួល​ស្គាល់​ថា រូបភាព​នៃ​ជម្លោះ​នៅ​យេម៉ែន​សព្វថ្ងៃ​ជា​ការ​ប្រឈម​មុខ​ដាក់​គ្នា​ផ្ទាល់​រវាង​អារ៉ាប៊ីសាអូឌីត និង​ប្រទេស​អ៊ីរ៉ង់ ហើយ​ជម្រើស​ប្រើ​គ្រាប់មីស៊ីល និង​ដ្រូន​ជា​ជម្រើស​យុទ្ធសាស្រ្ត។ តាម​វរសេនីយ៍​យ៉ាយ៉ា សារ៉េអា គ្រឿងសព្វាវុធ​នេះ​ជា​ចម្លើយ​ដ៏​មាន​ប្រសិទ្ធិភាព​តប​នឹង​ការ​វាយប្រហារ​ពី​កម្លាំងសម្ព័ន្ធអារ៉ាប់​ក្រោម​មេបញ្ជាការ​អារ៉ាប៊ីសាអូឌីត។ គួរ​រម្លឹក​ថា កិច្ចព្រមព្រៀង​ឈប់បាញ់​នៅ​កំពង់ផែ​ហូដីដា​ត្រូវ​បាន​ចុះ​ហត្ថលេខា​នា​ខែ​ធ្នូ ឆ្នាំ ២០១៨ រវាង​កម្លាំងសម្ព័ន្ធអារ៉ាប់ និង​ចលនា​ឧទ្ទាមហ៊ូទីស​ក្នុង​ទីក្រុង​ស្តុកខុល ប្រទេស​ស៊ុយអែត។

តែ​មក​ទល់​ពេល​នេះ ភាគី​ទាំង​ពីរ​បាន​ចោទ​គ្នា​ទៅ​វិញ ទៅ​មក​ពី​ការ​រំលោភបំពាន​លើ​កិច្ចព្រមព្រៀង។ ភាគី​ឧទ្ទាមហ៊ូទីស​ដែល​បដិសេធ​មិន​ព្រម​ដក​ខ្លួន​ចេញ​ពី​កំពង់ផែ​ហូដីដា​ចង់​ឲ្យ​មាន​ការ​ធានា​បន្ថែម​ពី​អង្គការ​សហប្រជាជាតិ។ ក្តី​បារម្ភ​របស់​ពួក​គេ គឺ​ការ​ធ្លាក់​កំពង់ផែ​ហូដីដា​ទៅ​ក្នុង​កណ្តាប់ដៃ​កម្លាំងសម្ព័ន្ធអារ៉ាប់ ក្រោយ​ពី​ពួក​គេ​ដក​ខ្លួន​ចេញ។ គួរ​រម្លឹក​ថា ហូដីដា​ជា​កំពង់ផែ​យុទ្ធសាស្រ្ត ព្រោះ​វា​ជា​ច្រក​ចូល​ជំនួយមនុស្សធម៌​អន្តរជាតិ​សម្រាប់​ចិញ្ចឹម​ប្រជាជន​យេម៉ែន​ជា​ច្រើន​លាននាក់​ដែល​កំពុង​ជួប​គ្រោះ​ទុរ្ភិក្ស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ