អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

គ្រាប់រ៉ូកែត​បាញ់​​ចេញ​ពី​តំបន់ហ្គាហ្សា​ដែនដី​ប៉ាឡេស្ទីន​កំពុង​ក្លាយ​ជា​ប្រធានបទ​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោតសភា​អ៊ីស្រាអែល?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​យប់​ថ្ងៃ​អាទិត្យ​ឆ្លង​ចូល​ថ្ងៃ​ចន្ទ ទី២៥ មីនា គ្រាប់​រ៉ូកែត​មួយ​គ្រាប់​បាញ់​ចេញ​ពី​តំបន់​ហ្គាហ្សា​ក្នុង​ដែនដី​ប៉ាឡេស្ទីន​បាន​ធ្លាក់​លើ​ដែនដី​អ៊ីស្រាអែល​ដោយ​កម្ទេច​ផ្ទះ​មួយ​របស់​ប្រជាជន​អ៊ីស្រាអែល។ សំណាង​ល្អ គ្រាប់​រ៉ូកែត​នោះ​មិន​បាន​សម្លាប់​ជីវិត​មនុស្ស​ទេ តែ​បាន​ធ្វើ​ឲ្យ​របួស​ធ្ងន់ ស្រាល​ចំនួន ៧នាក់។ ព្រឹត្តិការណ៍​មួយ​នេះ​បាន​កើត​ឡើង ក្នុង​ពេល​ដែល​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​លោក​នេតាន់យ៉ាហ៊ូ​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​អាមេរិក។ ពី​ទីក្រុង​វ៉ាស៊ីនតោន លោក​នេតាន់យ៉ាហ៊ូ​បាន​ប្រកាស​បន្ថយ​ពេល​ទស្សនកិច្ច និង​សន្យា​ចាត់​វិធានការ​ចាស់​ដៃ​ប្រឆាំង​នឹង​ក្រុម​ដែល​បាន​បាញ់​គ្រាប់​រ៉ូកែត។ អ្វី​ទៅ​ជា​ជម្រើស​របស់​លោក​នេតាន់យ៉ាហ៊ូ​នៅ​ចំពោះ​មុខ​ការ​បាញ់ផ្លោង​គ្រាប់រ៉ូកែត​ជា​ថ្មី​ពី​តំបន់​ហ្គាហ្សា ពិសេស​នៅ ២សប្តាហ៍​មុន​ការ​បោះឆ្នោត​សភា​អ៊ីស្រាអែល​ឈាន​មក​ដល់?

កងទ័ព​អ៊ីស្រាអែល​វាយប្រហារ​លើ​តំបន់​ហ្គាហ្សាសងសឹកទល់​នឹង​ការ​បាញ់​គ្រាប់រ៉ូកែត​របស់​ពួក​ហាម៉ាស់
កងទ័ព​អ៊ីស្រាអែល​វាយប្រហារ​លើ​តំបន់​ហ្គាហ្សាសងសឹកទល់​នឹង​ការ​បាញ់​គ្រាប់រ៉ូកែត​របស់​ពួក​ហាម៉ាស់ REUTERS/Mohammed Salem
ផ្សាយពាណិជ្ជកម្ម

នេះ​មិនមែន​ជា​លើកទី១ និង​ប្រហែល​ជា​មិនមែន​លើក​ចុង​ក្រោយ​ទេ​ដែល​ដែនដី​អ៊ីស្រាអែល​បាន​ទទួល​រង​គ្រាប់រ៉ូកែត​បាញ់​ចេញ​ពី​តំបន់​ហ្គាហ្សា​ដែនដី​ប៉ាឡេស្ទីន​ក្បែរ​ខាង។ ទោះ​បី​ជា​ចលនា​ហាម៉ាស់​ដែល​កំពុង​កាន់​អំណាច​នៅ​តំបន់​ហ្គាហ្សា​បាន​បដិសេធ​ពី​ការ​បាញ់​គ្រាប់រ៉ូកែត​នោះ​ក៏​ដោយ​ក៏​កងទ័ព​អ៊ីស្រាអែល​មិន​ញញើត​នឹង​ចោទ​ចលនា​ប៉ាឡេស្ទីន​ជ្រុលនិយម​មួយ​នេះ​ចំ​មុខ​ដែរ។ ចំណែក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​លោក​នេតាន់យ៉ាហ៊ូ​ដែល​កំពុង​បំពេញ​ទស្សនកិច្ច​ក្នុង​ទឹកដី​អាមេរិកាំង​បាន​ត្រឹម​បរិហារ​លើ​ទង្វើ​ឧក្រិដ្ឋ​ប្រឆាំង​អ៊ីស្រាអែល និង​សន្យា​ចាត់​វិធានការ​តប​វិញ​យ៉ាង​ចាស់ដៃ។ តាម​គម្រោង លោក​នេតាន់យ៉ាហ៊ូ​ត្រូវ​ស្ថិត​នៅ​ប៉ុន្មាន​ថ្ងៃ​លើ​ទឹកដី​អាមេរិកាំង តែ​បាន​សម្រេច​ចិត្ត​វិល​ចូល​ស្រុក​វិញ​ជា​បន្ទាន់ បន្ទាប់​ពី​បាន​ជួប​សន្ទនា​ជាមួយ​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ។

ជា​លក្ខណៈ​ស្វ័យប្រវត្តិ ឲ្យ​តែ​មាន​គ្រាប់រ៉ូកែត​បាញ់​ចេញ​ពី​តំបន់​ហ្គាហ្សា​ចូល​ក្នុង​ទឹកដី​អ៊ីស្រាអែល និង​ទោះ​បី​ជា​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ របួស ឬ​ក៏​គ្មាន​ក្តី ទាហ៊ាន​អ៊ីស្រាអែល​តែង​បើក​ការ​វាយប្រហារ​តប​វិញ​យ៉ាង​ទាន់ហន់​លើ​ពួក​ហាម៉ាស់។ គួរ​រម្លឹក​ថា ដែនដី​ប៉ាឡេស្ទីន​សព្វថ្ងៃ​ត្រូវ​បាន​ពុះ​ចែក​ជា​ពីរ នៅ​ម្ខាង គឺ​តំបន់​ស៊ីហ្សកដានី​ដែល​កំពុង​កាន់កាប់​ដោយ​ចលនា​ប៉ាឡេស្ទីន​ហ្វាតា​របស់​លោក​ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន​ម៉ាដមូត អាប៉ាស់​ដែល​ទទួល​ស្គាល់​ដោយ​សហគមន៍​អន្តរជាតិ និង​នៅ​ម្ខាង​ទៀត គឺ​តំបន់​ហ្គាហ្សា​ដែល​កំពុង​កាន់កាប់​ដោយ​ចលនា​ប៉ាឡេស្ទីន​ជ្រុលនិយម​ហាម៉ាស់​ដែល​អ៊ីស្រាអែល ឬ​អាមេរិក​ចាត់​ទុក​ជា​ចលនា​ភេរវនិយម។

តាំង​ពី​ដំបូង ចលនា​ប៉ាឡេស្ទីន​ជ្រុលនិយម​ដែល​បាន​កាន់កាប់​តំបន់​ហ្គាហ្សា​តាំង​ពី​ឆ្នាំ ២០០៧ មួយ​នេះ​មិន​ដែល​ទទួល​ស្គាល់​វត្តមាន​ទឹកដី​អ៊ីស្រាអែល និង​ធ្លាប់​បាន​ផ្ទុះសង្រ្គាម​ទល់​នឹង​អ៊ីស្រាអែល​ចំនួន ៣ដង។ ក្រៅ​ពី​ការ​ប្រើ​កម្លាំងបាយ អ៊ីស្រាអែល​ក៏​បាន​ប្រើ​វិធានការ​មួយ​ចំនួន​ទៀត​ដើម្បី​ខ្ទប់​ដង្ហើម​ពួក​ហាម៉ាស់​តាម​រយៈ​ការ​បិទខ្ទប់ និង​ត្រួតពិនិត្យ​តឹងតែង​លើ​ការ​ដឹក​ទំនិញ​ចេញ​ចូល​រវាង​តំបន់​ហ្គាហ្សា​ជាមួយ​ដែនដី​អ៊ីស្រាអែល និង​ជា​មួយ​ប្រទេស​ផ្សេង​ទៀត។ តែ​បញ្ហា​នៅ​ត្រង់​ថា តំបន់​ហ្គាហ្សា​មិនមែន​​មាន​វត្តមាន​តែ​ពួក​ហាម៉ាស់ និង​ក្រុម​គ្រួសារ​របស់​ពួក​គេ​ឯណា ព្រោះ​នៅ​មាន​ពលរដ្ឋ​ប៉ាឡេស្ទីន​ជិត ២លាននាក់​ផ្សេង​ទៀត​កំពុង​រស់នៅ​ទីនោះ។

គួរ​រម្លឹក​ថា​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ ២០១៨ អ៊ីស្រាអែល និង​ចលនា​ហាម៉ាស់​បាន​ព្រមព្រៀង​គ្នា​លើ​បទ​ឈប់បាញ់​ក្រៅ​ផ្លូវការ​មួយ។ តែ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​កន្លង​ទៅ ភាព​តានតឹង​ហាក់​បាន​ឡើង​កាន់​តែ​ខ្លាំង។ ក្នុង​ថ្ងៃទី១៤ មីនា​ថ្មីៗ​កន្លង​ទៅ មាន​គ្រាប់រ៉ូកែត​ចំនួន​ពីរ​គ្រាប់​បាន​ធ្លាក់​ក្នុង​ទឹកដី​អ៊ីស្រាអែល តែ​រដ្ឋាភិបាល​អ៊ីស្រាអែល​បាន​ទទួល​យក​ការ​សារភាព​របស់​ពួក​ហាម៉ាស់​ដែល​ថា ថា​ជា​ការ​បាញ់​ដោយ​ភាន់ច្រឡំ។ តែ​លើក​នេះ ពួក​ហាម៉ាស់​បាន​ប្រកាស​បដិសេធ​ចោល​ទាំង​ស្រុង​តែ​ម្តង។ ទោះ​ជា​យ៉ាង​នេះ​ក្តី ក្រោម​ភ្នែក ច្រមុះ​របស់​រដ្ឋាភិបាល​ទីក្រុង​តេឡាវី បើ​ពួក​ហាម៉ាស់​មិនមែន​ជា​អ្នកបាញ់​គ្រាប់រ៉ូកែត តើ​ជា​ពួក​ណា?។ អ្វី​ដែល​គ្រប់​គ្នា​កំពុង​រង់ចាំ​មើល​ពេល​នេះ​គឺ​ថា តើ​លោក​នេតាន់យ៉ាហ៊ូ​នឹង​ចាត់​វិធានការ​យ៉ាង​ម៉េច​ទល់​នឹង​ការ​បាញ់​គ្រាប់រ៉ូកែត​ចេញ​ពី​តំបន់​ហ្គាហ្សា​ពេល​នេះ?

អាច​មាន​ជម្រើស​ពីរ ទី១ ជា​ការ​វាយប្រហារ​លើ​ផ្ទាំងស៊ីប ពោល​លើ​មូលដ្ឋាន ឬ​ទីតាំង​របស់​ពួកហាម៉ាស់ និង​ជម្រើស​ទី២ ជា​ការ​វាយប្រហារ​ក្រោម​ទ្រង់ទ្រាយ​ធំ​លើ​តំបន់​ហ្គាហ្សា ពោល​ជា​ការ​ប្រកាស​សង្រ្គាម​ចំហ​ទល់​នឹង​ចលនា​ហាម៉ាស់។ តែ​ទោះ​ក្នុង​ជម្រើស​ណា​មួយ​ក៏​ដោយ វា​ជា​រឿង​ពិបាក​សម្រេច និង​ឈឺក្បាល​ខ្លាំង​ណាស់​សម្រាប់​លោក​នេតាន់យ៉ាហ៊ូ ពិសេស​ចំ​ពេល​ដែល​អ៊ីស្រាអែល​ត្រូវ​រៀបចំ​បោះឆ្នោត​សភា​នៅ ២សប្តាហ៍​ខាង​មុខ និង​ដែល​រូប​លោក​នេតាន់យ៉ាហ៊ូ​បាន​ឈរ​ឈ្មោះ​សម្រាប់​អាណត្តិថ្មី។ បើ​ជ្រើស​យក​ការ​វាយប្រហារ​លើ​ផ្ទាំងស៊ីប​របស់​ពួក​ហាម៉ាស់​ដែល​ជា​ជម្រើស​ធម្មតា លោក​នេតាន់យ៉ាហ៊ូ​ត្រូវ​ប្រឈម​នឹង​ការ​រិះគន់​របស់​ក្រុម​ប្រជែង និង​ក្រុមប្រឆាំង​ពី​កង្វះ​ភាព​ម៉ឺងម៉ាត់​ចំពោះ​ពួក​ហាម៉ាស់។ បើ​ជ្រើស​យក​ការ​វាយប្រហារ​ក្រោម​ទ្រង់ទ្រាយ​ធំ លោក​នេតាន់យ៉ាហ៊ូ​អាច​នឹង​ធ្លាក់​ក្នុង​សង្រ្គាម​មួយ​ដែល​មិន​អាច​គ្រប់គ្រង​បាន និង​គ្មាន​គោលដៅ​ច្បាស់លាស់។

ចង់ ឬ​មិន​ចង់​ពេល​នេះ គ្រាប់រ៉ូកែត​បាញ់​ចេញ​ពី​តំបន់​ហ្គាហ្សា​កំពុង​ក្លាយ​ជា​វិញ្ញាសារ និង​ជា​ប្រធានបទ​ក្តៅ​នៅ​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​សភា​អ៊ីស្រាអែល​របស់​បេក្ខជន​ឈរ​ឈ្មោះ​ម្នាក់ៗ។ សម្រាប់​នាយករដ្ឋមន្រ្តី​ផុតអាណត្តិ​លោក​នេតាន់យ៉ាហ៊ូ​ដែល​កំពុង​ជំពាក់​វាក់វិន​នឹង​រឿង​អាស្រូវ​ពុករលួយ និង​ដែល​ចង់​កាន់​អំណាច​បន្ត លោក​ត្រូវ​តែ​បង្ហាញ​យុទ្ធសាស្រ្ត​ថ្មី​ដើម្បី​ប្រឈម​ទប់​នឹង​ចលនា​ហាម៉ាស់ ក្រៅ​ពី​យុទ្ធសាស្រ្ត​ប្រើ​កម្លាំង​បាយ​ដែល​ទទួល​លទ្ធផល​ដូច​ភ្លើងចំបើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ