អានតួអត្ថបទ

អ៊ីស្រាអែល​ថា​ត្រៀម​ធ្វើ​គ្រប់យ៉ាង​និង​ខ្លាំងៗ​លើ​តំបន់ហ្កាហ្សា​របស់​ប៉ាឡេស្ទីន

នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល នេតាន់យ៉ាហ៊ូ បាន​ព្រមាន​ជា​ថ្មី​នៅ​ថ្ងៃ​អង្គារ​នេះ ថាដើម្បីការពារ​ប្រជាជន​និងប្រទេស​ជាតិ អ៊ីស្រាអែលត្រៀម​ជា​ស្រេច​នឹង​ធ្វើ​សកម្មភាពយោធា​​​ថ្មី ខ្លាំង​និង​ច្រើន​ជាងមុនទៅ​ទៀត ​សង្គ្រប់​​លើ​​​តំបន់​ហ្កាហ្សា។ សេចក្តីព្រមាន​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ អ៊ីស្រាអែល​បាន​បើក​ការ​វាយប្រហារ​ផ្លូវអាកាស​យ៉ាង​សន្ធាប់​ ទៅ​លើ​ដែន​ដីហ្កាហ្សា​របស់​​ប៉ាឡេស្ទីន ដែល​បាន​​បាញ់​រ៉ូកែត​ កាលពី​យប់​ថ្ងៃ​អាទិត្យ​ឆ្លង​ចូល​ថ្ងៃចន្ទ ធ្លាក់​ចំ​លើ​ផ្ទះ​ពលរដ្ឋ​អ៊ីស្រាអែល​ ក្បែរ​ក្រុង​Tel-Aviv​។

លោក​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល Benjamin Netanyahu  ធ្វើ​ថ្លែង​តាម​វីដេអូកុងហ្វេរ៉ង់​ទៅ​កាន់សន្និសីទ AIPAC នៅ​វ៉ាស៊ីនតោន
លោក​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល Benjamin Netanyahu ធ្វើ​ថ្លែង​តាម​វីដេអូកុងហ្វេរ៉ង់​ទៅ​កាន់សន្និសីទ AIPAC នៅ​វ៉ាស៊ីនតោន © Reuters
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​បាន​បាញ់​តប​ត​គ្នារវាង​យោធា​អ៊ីស្រាអែល​និង​កង​ប្រដាប់​អាវុធ​ប៉ាឡេស្ទីន​ ដោយ​ម្ខាង ​ប្រើ​យន្តហោះ ឧទ្ធម្ភាគចក្រវាយប្រហារ​តាម​ផ្លូវ​អាកាស ប្រើ​​រថគ្រោះបាញ់​ផ្លោង​យ៉ាង​សន្ធាប់​ និង​​ម្ខាងទៀត​​ដោយ​ប្រើ​រ៉ុកកែត​ និង​កាំភ្លើង​ត្បាល់ ​ អស់​ពេល​​ស្ទើរ​ពេញ​មួយ​ថ្ងៃ​មួយ​យប់​មក តំបន់​ហ្កាហ្សា​បាន​ស្គាល់​ភាព​ស្ងប់​ស្ងាត់​មក​វិញ នៅថ្ងៃព្រឹក​ថ្ងៃអង្គារ​ទី ២៦​មីនា នេះ។

ប៉ុន្តែនាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ មិន​ស្ងប់​ចិត្ត​ទេ ! លោក នេតាន់យ៉ាហ៊ូ ត្រូវ​សម្រេច​ចិត្ត​ថាតើ​ត្រូវ​បញ្ចប់​ការ​បាញ់​តប​ត ឬ​ត្រូវ​ធ្វើ​សកម្មភាព​យោធា​ថ្មី​​បន្ថែម​ទៀត ? “អ៊ីស្រាអែល​ត្រៀម​ធ្វើ​សកម្មភាព​ខ្លាំង​និង​ច្រើន​ជាង​នេះ ! យើង​នឹង​ធ្វើ​គ្រប់យ៉ាង​ដើម្បី​ការពារប្រជាជន​និង​ពលរដ្ឋ​អ៊ីស្រាអែល !” នេះ​ជា​ចម្លើយ​របស់​លោក​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល ​ទៅ​កាន់​អង្គ​សន្និសីទ​ប្រចាំ​ឆ្នាំ​នៃ​ក្រុម​អ្នក​គាំទ្រ​អ៊ីស្រាអែល​​​នៅ​សហរដ្ឋ​អាមេរិក American Israel Public Affairs Committee (Aipac) តាម​រយៈ​វីដេអូកុងហ្វេរ៉ង់។ តាមការពិត​ ​លោក​នេតាន់យ៉ាហ៊ូ ត្រូវ​ធ្វើ​ជា​អធិបតី​ និង​ថ្លែង​សុន្ទរកថា​ដោយ​ផ្ទាល់​ នៅ​កាន់​​សន្និសីទ​Aipac ​​​ ​តែ​​ដោយ​ហេតុតែមាន​ការ​​បាញ់​រ៉ូកែត​របស់​ប៉ាឡេស្ទីន ទើប​លោក​​ត្រូវ​បង្រួញ​ពេល​បំពេញទ​ស្សនកិច្ច​នៅ​សហរដ្ឋ​អាមេរិក និង​​ត្រលប់​ចូល​មាតុប្រទេស​ដោយ​បន្ទាន់ ដើម្បី​គ្រប់​គ្រង​ស្ថានការណ៍។

នៅ​ចំពោះ​មុខ​អង្គ​សន្និសីទ លោក​នាយក​រដ្ឋមន្ត្រី​​បានឆ្លៀត​​ថ្លែង​អំណរ​គុណ​ជា​ថ្មី​ដល់​ លោក​ប្រធានាធិបតី​អាមេរិក​ ដែល​បាន​ទទួល​ស្វាគមន៍​លោក​នៅ​សេតវិមាន និង​ដែល​បាន​ចេញ​ក្រិត្យ ជា​ប្រវត្តិសាស្ត្រ​ ​ទទួល​ស្គាល់​តំបន់​ខ្ពង់រាប​Golan​ស៊ីរី​ ជារបស់​​អ៊ីស្រាអែល។ សូម​បញ្ជាក់​ថា តំបន់​ខ្ពង់រាប​នេះ ត្រូវ​បាន​​អ៊ីស្រាអែល​បាន​ចូល​ឈ្លាន​ពាន​ធ្វើ​អាណានិគមនៅ​ឆ្នាំ​១៩៦៧ និង​បាន​ក្រសោប​បញ្ចូល​ជា​ដែន​ដី​ខ្លួន នៅ​ក្នុង​ឆ្នាំ​១៩៨១ ប៉ុន្តែ​គ្មាន​សហគមន៍​អន្តរជាតិ​ណា​ទទួល​ស្គាល់​ថា​ជា​របស់​អ៊ីស្រាអែល​ឡើយ។

ការ​ប្រកាស​ទទួល​ស្គាល់​ជា​ឯកតោ​ភាគី​របស់​លោក ត្រាំ បាន​បង្ក​បង្កើត​ឱ្យ​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ពី​សំណាក់​អ៊ីរ៉ង់។ អ៊ីរ៉ង់​បាន​ចោទ​លោក​ត្រាំ​ថា​មនុស្ស​អាណានិគមនិយម។ ចំណែក​អារ៉ាប៊ីសាអូឌីត ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏​ជិត​ស្និទ្ធ​របស់​អាមេរិក​ក៏​បាន​ថ្កោលទោសសេចក្តី​សម្រេច​ចិត្ត​ទទួល​ស្គាល់​តំបន់​ខ្ពង់រាបហ្កូឡាន​ ​លោក​ដូណាល់ត្រាំ ថាជា​ការ​​រំលោភ​ច្បាប់​អន្តរជាតិ។ ស៊ីរី​វិញ បាន​ស្នើ​សុំឱ្យ​មាន​ការ​បើក​ប្រជុំ​បន្ទាន់​មួយ ស្តីពី​ស្ថានភាព​នៅ​តំបន់​ខ្ពង់រាប​ហ្កូឡាន នៅ​​​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ