អានតួអត្ថបទ
លីប៊ី

រដ្ឋាភិបាលសហភាពជាតិ​លីប៊ី​បាន​ចោទ​បារាំង​ពី​បទ​គាំទ្រ​ឧត្តមសេនីយ​ហាវតារ តែ​ទីក្រុង​ប៉ារីស​បាន​បដិសេធ

នៅ​ក្នុង​ប្រទេស​លីប៊ី រដ្ឋាភិបាលសហភាពជាតិ​របស់​នាយករដ្ឋមន្រ្តី​លោក​ហ្វាយេ អាល់ សារ៉ា​ដែល​ទទួល​ស្គាល់​ដោយ​សហគមន៍អន្តរជាតិ​បាន​ចោទ​បារាំង​ពី​បទ​បាន​គាំទ្រ​សេនាប្រមុខ​ខាលីហ្វា ហាវតារ។ បទចោទប្រកាន់​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សេចក្តីប្រកាសព័ត៌មាន​មួយ​របស់​ក្រសួង​មហាផ្ទៃ​លីប៊ី​ចេញ​ផ្សាយ​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី១៨ មេសា។ តែ​បារាំង​បាន​ច្រានចោល និង​ទុក​ជា​ការ​ចោទ​ប្រកាន់​គ្មាន​ភស្តុតាង។ គួរ​រម្លឹក​ថា ឧត្តមសេនីយ​ហាវតារ​ដែល​កាន់កាប់​តំបន់​ប៉ែកខាងកើត​បាន​បើក​ការ​វាយប្រហារ​ដណ្តើម​យក​ទីក្រុង​ទ្រីប៉ូលី​តាំង​ពី​ថ្ងៃទី៤ មេសា។ លោក​ហ្កាសសាន សាឡាម៉េ ប្រេសិត​របស់​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សំណុំរឿង​លីប៊ី​បាន​ព្រមាន​ពី​ហានិភ័យ​នៃ​ភាព​វឹកវរ និង​ចលាចល​ទូទៅ​នៅ​ក្នុង​ប្រទេស។ ដោយឡែក លោក​យ៉ាលែល ហារស្ហាវី អ្នកជំនាញ​ប្រទេស​លីប៊ី​បាន​មើល​ឃើញ​ផលវិបាក​ធំ​ចំនួន ៣ ដែល​នឹង​កើត​មាន​ឡើង។

លោក Fayez al-Sarraj នាយករដ្ឋមន្រ្តី​រដ្ឋាភិបាលសហភាពជាតិ​លីប៊ី
លោក Fayez al-Sarraj នាយករដ្ឋមន្រ្តី​រដ្ឋាភិបាលសហភាពជាតិ​លីប៊ី AFP
ផ្សាយពាណិជ្ជកម្ម

« វា​ប្រាកដ​ណាស់​ថា នឹង​មាន​កំណើន​ជនអន្តោប្រវេសន៍​ច្រើន​ជាង​មុន​ទៅ​កាន់​ប្រទេស​ទុយនីស៊ី និង​ប្រទេស​អ៊ីតាលី នឹង​មាន​កំណើន​ពួក​ភេរវជន​អង្គការ​រដ្ឋអ៊ីស្លាម និង​អាល់កៃដា ហើយ​វា​នឹង​ធ្វើ​ឲ្យ​រំខាន​ដល់​ការ​ធ្វើ​អាជីវកម្ម​ប្រេងឆៅ ផលវិបាក​ទាំង ៣ករណី​នេះ​នឹង​កើត​មាន​ឡើង​ដោយ​ចៀស​មិន​រួច។

តែ​ជា​ទូទៅ ផលវិបាក​អស់​ទាំង​នេះ​អាច​នឹង​កើត​មាន​ឡើង​នៅ​ប៉ុន្មាន​ខែ​ទៀត​ខាង​មុខ ពោល​មិនមែន​ភ្លាមៗ​ពេល​នេះ​ទេ។ គេ​អាច​និយាយ​បាន​ថា នេះ​ជា​រូបភាព​មួយ​ដែល​គ្រប់​គ្នា​កំពុង​បាន​រងចាំ រួម​ទាំង​សេនាប្រមុខ​ខាលីហ្វា ហាវតារ​ផង។ ចូរ​កុំ​ភ្លេច​ថា ពេល​ដែល​ឧត្តមសេនីយ​ហាវតារ​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​បរទេស ក្នុង​ទីក្រុង​មូស្គូ ក្នុង​ទីក្រុង​អាប៊ូដាប៊ី ក្នុង​ទីក្រុង​ប៉ារីស ពិសេស​ក្នុង​ទីក្រុង​រីយ៉ាដ គាត់​មិន​បាន​សន្យា​ថា នឹង​ធ្វើ​សង្រ្គាម​ដែល​មាន​រយៈពេល​ដល់​ទៅ ៣ឆ្នាំ​ទេ។

គាត់​បាន​សន្យា​នៅ​ពេល​នោះ​ថា ជា​សង្រ្គាម​មួយ​ងាយស្រួល មិន​ស្មុគស្មាញ មាន​រយៈពេល​ខ្លី និង​មាន​អ្នក​ឈ្នះ​ម្នាក់​ជាក់ច្បាស់​ពិតប្រាកដ។ តែ​អស់​លោក​មាន​បាន​ឃើញ​ទេ​ថា អ្វី​ដែល​សេនាប្រមុខ​ហាវតារ​កំពុង​ធ្វើ​ពេល​នេះ គឺ​ផ្ទុយ​ទាំង​ស្រុង​នឹង​អ្វី​ដែល​គាត់​បាន​សន្យា។ លើស​ពី​នេះ អ្វី​ដែល​គាត់​កំពុង​ធ្វើ​ក៏​កំពុង​ទទួល​បាន​ការ​គាំទ្រ​ពី​ក្រុម​ប្រទេស​មួយ​ចំនួន​ដែរ។

ដូច្នេះ​នា​ពេល​ឆាប់ៗ​ខាង​មុខ វា​នឹង​ផ្ទុះ​ឡើង​នូវ​វិបត្តិ​ធំ​ចំនួន ៣ ដែល​ជា​ក្តី​បារម្ភ​របស់​បស្ចិមលោក។ តែ​គឺ​បស្ចិមលោក​មួយ​ភាគ​ធំ​ដែល​ជា​អ្នក​ដើរ​តួនាទី​ដើម្បី​បង្កើត​ឲ្យ​មាន​វិបត្តិ​ទាំង​នេះ​ឡើង​វិញ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ