ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/10 12h00 GMT
មជ្ឈិមបូព៌ា

Amnesty international៖ កងទ័ព​សម្ព័ន្ធមិត្ត​ដឹកនាំ​ដោយ​អាមេរិក​សម្លាប់​ប្រជាជនស៊ីវិល នៅ​ទីក្រុង​រ៉ាកា

media  
ទីក្រុង​រ៉ាកា​រងការវាយប្រហារ​យ៉ាង​សន្ធឹក​ពី​កងកម្លាំង​សម្ព័ន្ធមិត្ត​អន្តរជាតិ​ដឹកនាំ​ដោយ​អាមេរិក​នៅ​ខែ​តុលា ២០១៧ ©BULENT KILIC / AFP

ការវាយប្រហារ​តាមផ្លូវ​អាកាស​របស់​កងទ័ព​អាមេរិក បារាំង អង់គ្លេស ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត អង្គការ​រដ្ឋអ៊ីស្លាម នៅទីក្រុង​រ៉ាកា ប្រទេស​ស៊ីរី បាន​សម្លាប់​ប្រជាជន​ស៊ីវិល​ច្រើន​ជាង ១៦០០​នាក់។  នេះបើ​តាម​របាយការណ៍​រួមគ្នា​ របស់​អង្គការ​Airwar ​ហើយ​និង​អង្គការ​ការពារ​សិទ្ធិមនុស្ស Amnesty International ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។ ក្រៅតែ​ពី​ចង្អុរមុខ ចោទប្រកាន់ អង្គការ​ការពារ​សិទ្ធិមនុស្ស​ទាមទារ​ផងដែរ ឲ្យ​ប្រទេស​មហាអំណាច ដែល​ចូលរួម​ក្នុង​ប្រតិបត្តិការ វាយប្រហារ​ទៅលើ​ទីក្រុង​រ៉ាក់ការ បង្ហាញ​តម្លាភាព និង​ទទួលខុសត្រូវ​លើ​ទង្វើ​ខុសឆ្គង​របស់ខ្លួន នៅចំពោះមុខ​គ្រួសារ​របស់​ប្រជាជន​ស៊ីវិល ដែល​រងគ្រោះ​ស្លាប់ ក្នុង​ការវាយប្រហារ​របស់​សម្ព័ន្ធ​អន្តរជាតិ ដឹកនាំ​ដោយ​អាមេរិក។

 

ក្នុង​រយៈពេល ៥ខែ នៅ​ឆ្នាំ ២០១៧ ពោល​គឺ​មុន​ឈាន​ទៅ​រំដោះ​ទាំងស្រុង​ទីក្រុង​រ៉ាកា​ចេញពី​ដៃ​របស់ពួកជីហាត អង្គការ​រដ្ឋអ៊ីស្លាម ប្រតិបត្តិការ​វាយប្រហារ​កងកម្លាំង​សម្ព័ន្ធមិត្ត ដឹកនាំ​ដោយអាមេរិក​បាន​សម្លាប់​ប្រជាជន​ស៊ីវិល ដល់​ទៅ​ជាង ១៦០០​នាក់។ តួលេខ​នេះ បានមក​ពី​ការចុះ​ទៅ​ស្រាវជ្រាវ​អង្កេត​នៅ​លើ​ទីតាំង​ផ្ទាល់ ហើយ​និង​ការសិក្សា​លើ​រូបភាព​ផ្កាយរណប​របស់​សកម្មជន​ជាង ៣ពាន់នាក់ របស់​អង្គការ​ពីរ គឺ​អង្គការ​Aiwar ហើយ​និង​អង្គការ​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ Amnesty International។

តាមរបាយការណ៍​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស ការសាកសួរ​សាក្សី ជាច្រើន​រយនាក់ ហើយ​និង​ស្ថានភាព​ផ្ទះសម្បែង នៅទីក្រុង​រ៉ាកា បានធ្វើ​ឲ្យ​គេ​ជឿថា ការវាយប្រហារ​ខាងផ្លូវ​អាកាស​របស់​យន្តហោះចម្បាំង អាមេរិក បារាំង អង់គ្លេស ហើយ​និង​ការបាញ់ផ្លោង​របស់​កងកម្លាំង​គួដស៊ីរី គាំទ្រ​អាមេរិក ធ្វើឡើង​ដោយ​គ្មាន​គោលដៅ​ច្បាស់លាស់។

ភាពថ្លោះធ្លោយ គ្មាន​ការពិនិត្យពិច័យ របស់​ក្រុមស៊ើបការណ៍​សម្ងាត់ ហើយ​និង​ការប្រើប្រាស់​អាវុធ ធុនធ្ងន់ ច្រើនជ្រុល ពី​ខាង​កងកម្លាំង​សម្ព័ន្ធមិត្ត​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម គឺ​ជា​មូលហេតុ​សំខាន់​មួយ ដែល​ធ្វើ​ឲ្យ​មាន​ការបាត់បង់​ជីវិត​ច្រើន ក្នុង​ចំណោម​ប្រជាជន​ស៊ីវិល។ តាម​លោកស្រី Donatella Rovera ទីប្រឹក្សា​ដើម្បី​ឆ្លើយតប​នឹង​វិបត្តិ​របស់​អង្គការ​Amnesty International នៅក្នុង​ករណី​ជាច្រើន ផ្ទះសម្បែង និង​អគារ​ដែល​មាន​ប្រជាជន​ស៊ីវិល ជ្រកកោន បាន​ក្លាយ ជា​គោលដៅ​ទម្លាក់​គ្រាប់បែក ហើយ​និង​គ្រាប់ផ្លោង​របស់​កងកម្លាំង​គួដ​ស៊ីរី។ “បើសិន ក្រុមស៊ើបការណ៍​សម្ងាត់​ធ្វើការ​គ្រប់ជ្រុងជ្រោយ គេ​នឹង​អាច​ជៀស​រួចផុត ពីការបាត់បង់​ជីវិត នៅក្នុង​ចំណោម​ប្រជាជន​ស៊ីវិល។

នៅពេល​វាយដណ្តើម​បាន​ទាំងស្រុង ទីក្រុង​រ៉ាកា ពី​ដៃ​របស់​ពួកអង្គការ​រដ្ឋអ៊ីស្លាម នៅថ្ងៃ ទី ១៧ តុលា ឆ្នាំ ២០១៧ កង​កម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី​បាន​អះអាង​ថា ប្រតិបត្តិសឹក​របស់​កម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី ដែល​មាន​ជំនួយ​ពី​កម្លាំង​សម្ព័ន្ធមិត្ត​អន្តរជាតិ​ដើម្បី​រំដោះ​ទីក្រុង​រ៉ាកា អាច​នឹង​ធ្វើ​ឲ្យ​មាន​​មនុស្ស​ស្លាប់ ៣ ២៥០នាក់ ក្នុង​នោះ​មាន​ជនស៊ីវិល​ចំនួន ១ ១៣០​នាក់។

នៅក្នុង​របាយការណ៍ របស់​Amnesty International កងកម្លាំង​សម្ព័ន្ធមិត្ត​អន្តរជាតិ បាន​ទទួល​ស្គាល់​ត្រឹម​តែ ១០ភាគរយ នៃ​ចំនួន​ប្រជាជន​ស៊ីវិល សរុប​ដែល​អង្គការ​បាន​លើកឡើង។ នៅ​ចុង​ខែ​មីនាមុន សម្ព័ន្ធ​អន្តរជាតិ ដឹកនាំ​ដោយ​អាមេរិក​បាន​ទទួល​ស្គាល់​ដែរ​ថា ក្នុង​រយៈពេល៥​ឆ្នាំ នៃ​ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម នៅ​ស៊ីរី និងនៅអ៊ីរ៉ាក់ ការវាយប្រហារ​ខាងផ្លូវ​អាកាស​របស់​កងកម្លាំង​សម្ព័ន្ធមិត្ត បាន​សម្លាប់​ប្រជាជន​ស៊ីវិល ដោយ​អចេតនា ប្រមាណ ១២៥៧​នាក់។

សម្រាប់​មន្រ្តី​អង្គការ​ការពារ​សិទ្ធិមនុស្ស កងទ័ព​សម្ព័ន្ធមិត្ត​ដឹកនាំ​ដោយអាមេរិក បាន​បណ្តេញ ខ្ចាត់ខ្ចាយ ក្រុមជីហាត​អង្គការរដ្ឋអ៊ីស្លាម និង​បំផ្លាញ ស្ទើរទាំងស្រុង ហេដ្ឋារចនាសម្ព័ន្ធ នៅ​ទីក្រុង​រ៉ាកា ប៉ុន្តែ ពួកគេ​មិនអាច​បំផ្លាញ បិទខ្ទប់​ការពិត​នោះទេ។ អង្គការ​ការពារ​សិទ្ធិមនុស្ស បាន​ទាមទារ​ឲ្យ​ក្រុមប្រទេស​មហាអំណាច​ត្រូវ​តែ​ចេញមុខ​ទទួលខុសត្រូវ និង​អំពាវនាវ​ឲ្យ​គេ​បង្កើត​មូលនិធិ សម្រាប់​ជួយ​គ្រួសារ​របស់​ជនរងគ្រោះ​ស៊ីវិល ដែល​ស្លាប់​នៅក្នុង​ការវាយប្រហារ​របស់​កងទ័ព​សម្ព័ន្ធមិត្ត៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ