អានតួអត្ថបទ

Unicef ស្រែក​អាសន្ន​នឹង​ការប្រហារ​ជីវិត​ក្មេង​នៅ​អារ៉ាប៊ីសាអូឌីត និង​អ៊ីរ៉ង់

មូលនិធិ​អង្គការ​សហប្រជាជាតិ​ដើម្បីកុមារ (UNICEF) បាន​ស្រែក​អាសន្ន​នៅពេល​ទទួល​ដំណឹង​ថា​​មាន​ករណី​ប្រហារ​ជីវិត​ក្មេង​មិន​ទាន់​ពេញ​វ័យ​ចំនួន​៥​នាក់ ក្នុង​រយៈ​ពេល​ពីរ​សប្តាហ៍​នេះ នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ និង​ប្រទេស​អារ៉ាប៊ីសាអូឌីត។ ជា​ការ​អនុវត្ត​ទោសប្រហារ​ជីវិត​ ក្រោយ​ពី​សវនាការ​ដែល​ប្រកប​ទៅ​ដោយ​ភាព​មិន​ប្រក្រតី ! នេះ​ជា​ការ​គូស​បញ្ជាក់​យ៉ាង​រន្ធត់​របស់​ឧត្តម​ស្នងការ​ការពារ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ។

ទីស្នាក់ការ​អង្គការ​ UNICEF នៅ​ក្រុង​ហ្សឺណែវ
ទីស្នាក់ការ​អង្គការ​ UNICEF នៅ​ក្រុង​ហ្សឺណែវ REUTERS/Denis Balibouse
ផ្សាយពាណិជ្ជកម្ម

បើ​តាម​ព័ត៌មាន​ដែល​អង្គការ​ការពារ​សិទ្ធិមនុស្ស​និង​អង្គការ​យូនីសេហ្វ​ទទួលបាន សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់ បាន​ប្រហារ​ជីវិត​ក្មេង​ជំទង់​ពីរ​នាក់​ ដែល​មាន​អាយុ​ទើប​តែ​១៧​ឆ្នាំ និង​ដែល​អាជ្ញាធរ​ចាប់​ខ្លួន​បាន​កាលពី​ឆ្នាំ​២០១៧ ពី​បទ​ចាប់​រំលោភ និង​លួច​ប្លន់។ ជាង​នេះ​ទៅ​ទៀត ​អ៊ីរ៉ង់​ មិន​​បាន​ជូន​ដំណឹង​ប្រាប់​ក្រុមគ្រួសារ​និង​មេធាវី​ឱ្យ​បាន​ដឹង​ជាមុន​ទេ អំពី​ថ្ងៃ​ខែ​នៃ​ការ​ប្រហារ​ជីវិត​ទេ។ នេះ​ជាទង្វើ​រំលោភ​សិទ្ធិ​ដ៏ងងើល​មួយ ព្រោះ​អ៊ីរ៉ង់​បាន​ចុះ​ហត្ថលេខា​​លើ​សន្ធិសញ្ញា​អន្តរជាតិ​ស្តី​ពី​សិទ្ធិ​ស៊ីវិល​និង​នយោបាយ និង​សន្ធិសញ្ញា​ស្តី​ពី​សិទ្ធិ​របស់​កុមារ​ ដែល​ហាមដាច់​ខាត​មិន​ឱ្យ​ប្រហារ​ជីវិត​ក្មេង​មិន​ទាន់​ពេញ​វ័យ (ក្រោមអាយុ​១៨ឆ្នាំ)។

ចំណែក​នៅ​អារ៉ាប៊ីសាអូឌីត​វិញ ប្រទេស​នេះ​ទំនង​ជា​បាន​ប្រហារ​ជីវិត​ក្មេង​អស់​បី​នាក់ នៅ​ថ្ងៃទី ២៣​មេសា។ នេះ​បើ​តាម​អង្គការ​យូនីសេហ្វ​ដដែល​ដែល​មិន​បាន​បញ្ជាក់​អំពី​អាយុ​របស់​អ្នក​ទោស​ទាំង​បី​នោះ​ឡើយ តែ​សូម​ធ្វើ​កា​រថ្កោល​ទោស​ទង្វើ​រំលោភ​សិទ្ធិ​កុមារ​របស់​ប្រទេស​ទាំង​ពីរ ដោយ​បាន​រំលឹក​ថា ​សន្ធិសញ្ញា​អង្គការ​សហប្រជាជាតិ ស្តី​ពី​សិទ្ធិ​កុមារ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​គ្មាន​ទេ ទោស​ប្រហារជីវិត​ គ្មាន​ទេ​ការ​ដាក់​ទោស​ក្នុង​ពន្ធនាគារ​អស់​មួយ​ជីវិត​ដោយ​គ្មាន​លទ្ធភាព​បានទទួល​សេរីភាព​ចំពោះ​ក្មេង​ក្រោម​អាយុ​១៨​ឆ្នាំ​។

នេះ​មិនមែនជា​លើក​ទី​មួយ​ទេ ដែល​អង្គការ​យូនីសេហ្វ បាន​ទាញ​សញ្ញា​អាសន្ន​ស្តី​ពី​ការ​ប្រហារ​ជីវិត​ក្មេង​។ អង្គការ​តែង​បាន​ជូន​ដំណឹង​ជា​ញយៗ​ទាក់ទងនឹង​ការ​ប្រហារ​ជីវិត​ក្មេង​នៅ​តំបន់​ដើម​បូព៌ា និង​អាហ្វ្រិក​ខាង​ជើង។

កាលពី​ចុង​ខែ​មេសា​ អារ៉ាប៊ី​សាអូឌីត​បាន​ប្រហារជីវិត​អ្នក​ទោស​ចំនួន​៣៧នាក់ ពី​បទ​ភេរវនិយម ដែល​ជា​ត្រូវ​១០០នាក់​បើ​គិត​តាំង​ពី​ដើម​ឆ្នាំ​២០១៩មក។ នេះ​បើ​តាម​តួលេខ​ផ្លូវការ។ ឯនៅ​ក្នុង​របាយការណ៍​ពិភពលោក ស្តីពី​ទោស​ប្រហារ​ជីវិត​ ប្រចាំ​​ឆ្នាំ​២០១៨​វិញ អង្គការ​ Amnesty International បានបញ្ជាក់​ថា​ បន្ទាប់​ពី​ចិន ដែល​គ្មាន​បង្ហាញ​តួលេខ​សម្លាប់​អ្នក​ទោស​ ប្រទេស​ដែល​ប្រើ​អនុវត្ត​ទោស​ប្រហារ​ជីវិត​ច្រើន​ជាង​គេ​គឺ​អ៊ីរ៉ង់ (២៥៣នាក់) និង​អារ៉ាប៊ីសាអូឌីត (១៤៩នាក់)​នេះ​ឯង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ